
កម្មវិធីចាប់ឆ្នោត និងសម្ពោធផ្លូវការបទចម្រៀងកីឡាកាប៉ាឌី នៅសណ្ឋាគារ Oakwood Premier កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៤។ រូបថត សហការី
សហព័ន្ធកីឡាកាប៉ាឌីពិភពលោក (World Kabaddi) បានសម្រេចធ្វើការផ្លាស់ប្ដូរការប្រកួតកីឡាកាប៉ាឌីពានរង្វាន់ពិភពលោក (World Cup Kabaddi) ដែលគ្រោងធ្វើនៅរាជធានីភ្នំពេញនៃព្រះរាជាណាចក្រកម្ពុជា ទៅរៀបចំនៅប្រទេសឥណ្ឌាវិញ។ នេះបើតាមការបញ្ជាក់របស់លោក S.T. Arasu អគ្គលេខាធិការសហព័ន្ធកីឡាកាប៉ាឌីពិភពលោកកាលពីថ្ងៃទី៣១ ខែកក្កដា។
លោក S.T. Arasu បានអះអាងថា ការប្រកួតកីឡាកាប៉ាឌីពានរង្វាន់ពិភពលោក ដែលដើមឡើយត្រូវធ្វើនៅរាជធានីភ្នំពេញពីថ្ងៃទី២០ ដល់ទី២៥ ខែសីហា ឆ្នាំ២០២៤ មានអ្នកចូលរួមប្រមាណ ៤០០នាក់ មកពី១៧ប្រទេស ហើយប្រតិភូប្រទេសមួយចំនួនបានសម្រេចទិញសំបុត្រយន្ដហោះមករាជធានីភ្នំពេញរួចហើយ។
ប៉ុន្ដែឥឡូវនេះ ពួកគេមិនអាចធ្វើដំណើរមកកម្ពុជាទៀតទេ ដោយប្រតិភូជាច្រើននៃគ្រួសារកីឡាកាប៉ាឌី និងអ្នកអង្កេតការណ៍មកពីប្រទេស ដែលបានសម្រេចចូលរួម បានបោះបង់ការធ្វើដំណើររបស់ពួកគាត់មកកម្ពុជាវិញ ព្រោះការប្រកួតកីឡាកាប៉ាឌីពានរង្វាន់ពិភពលោក មិនត្រូវបានអនុញ្ញាតិឱ្យរៀបចំនៅក្នុងប្រទេសកម្ពុជា។
ជាមួយការសម្រេចនេះ លោក Arasu បានឱ្យដឹងថា នឹងធ្វើឱ្យកម្ពុជាបាត់បង់ចំណូលប្រមាណ ៥០ម៉ឺនដុល្លារ ដែលនឹងទទួលបានព្រឹត្តិការណ៍នៃការប្រកួត ក្នុងគោលបំណងកីឡា និងទេសចរណ៍។
ប៉ុន្តែលោកបញ្ជាក់ថា៖«ពួកយើងគ្មានជម្រើសទេ ក្នុងការសម្រេចចិត្តមួយនេះ ដោយយើងរកឃើញមានការលូកដៃចូលក្នុងការងារបច្ចេកទេសរបស់យើងពីភាគីជាច្រើន»។
លោក Arasu ដែលធ្លាប់បំពេញការងារជាមន្រ្តីបច្ចេកទេសដ៏សំខាន់ម្នាក់ក្នុងពេលកម្ពុជា ធ្វើជាម្ចាស់ផ្ទះការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣នោះ បានទម្លាយថា សហព័ន្ធកីឡាកាប៉ាឌីអន្ដរជាតិ International Kabaddi Federation (IKF) គឺជាអ្នកបង្ខំលើការសម្រេចចិត្តឱ្យមានការផ្លាស់ប្តូរការប្រកួត World Cup Kabaddi ពីកម្ពុជាទៅធ្វើនៅប្រទេសឥណ្ឌាវិញ។

ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំនៅកម្ពុជា លោកស្រី Devyani Uttam Khobragade ក្នុងកម្មវិធីចាប់ឆ្នោត និងសម្ពោធផ្លូវការបទចម្រៀងកីឡាកាប៉ាឌី រួចហើយដែរ នៅសណ្ឋាគារ Oakwood Premier កាលពីថ្ងៃទី២៣ ខែកក្កដា។ រូបថត សហការី
អគ្គលេខាធិការ World Kabaddi រូបនេះបានពន្យល់ថា៖ «ប្រធាន IKF លោក Vinod Kumar Tiwari ដែលជាអនុប្រធាននៃក្រុមប្រឹក្សាកីឡាអាស៊ី (OCA) ផងនោះ បានប្រើប្រាស់តួនាទីរបស់ខ្លួនក្នុងក្រុមប្រឹក្សាកីឡាអាស៊ី លើគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា មិនឱ្យគាំទ្រព្រឹត្តិការណ៍នៃការប្រកួតមួយនេះ ដោយសម្អាងលើលិខិតចុះថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៤»។
លោក Arasu បានស្រង់យកខ្លឹមសារ នៅក្នុងលិខិតរបស់លោក Vinod Kumar Tiwari ដែលបានផ្ញើទៅគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) ដោយបានសសេរថា៖ «ខ្ញុំសូមជម្រាបជូនឯកឧត្តមថា ការប្រកួត (World Cup Kabaddi) នេះ មិនត្រូវបានសម្រេច ឬទទួលស្គាល់ ដោយសហព័ន្ធកីឡាកាប៉ាឌីអន្ដរជាតិ។ ដូចនេះ ខ្ញុំស្នើសុំបញ្ឈប់សកម្មភាពមួយនេះ និងសូមជួយជូនដំណឹងដល់ស្ថាប័នដែលពាក់ព័ន្ធ»។
ឆ្លើយតបទៅនឹងលិខិត និងចំណារបស់ប្រធាន IKF លោក Vinod Kumar Tiwari នេះ លោក វ៉ាត់ ចំរើន ដែលជាអគ្គលេខាធិការ NOCC និងជារដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា ទទួលបន្ទុកកីឡាផងនោះ បានជូនលិខិតផ្ដល់ដំណឹងទៅលោក S.T. Arsu ក្នុងការមិនអនុញ្ញាតឱ្យរៀបចំព្រឹត្តិការណ៍ប្រកួត World Cup Kabaddi នេះនៅកម្ពុជា។
តាមលិខិតចុះថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៤របស់ក្រសួងអប់រំ បានបញ្ជាក់លើកត្តា៤ចំណុច គឺ១ ក្រសួងមិនគាំទ្រ និងមិនអនុញ្ញាតឱ្យមានការរៀបចំប្រកួតកីឡា World Cup Kabaddi នៅកម្ពុជាទេ ពីព្រោះប្រភេទកីឡានេះមិនទាន់បង្កើតជាសហព័ន្ធកីឡាជាតិជាផ្លូវការនៅឡើយ។
ចំណែកចំណុចទី២ បើមិនទាន់មានសហព័ន្ធកីឡាជាតិទេ ការធ្វើសកម្មភាពកីឡាណាមួយនៅកម្ពុជា គឺ«ជាអំពើខុសច្បាប់» រីឯទី៣ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ក៏មិនគាំទ្រការរៀបចំប្រកួតនេះដែរ និងទី៤ «រាជរដ្ឋាភិបាល ក៏មិនទាន់អនុញ្ញាតឱ្យរៀបចំការប្រកួតនៅឡើយ ដូច្នេះការត្រៀមរៀបចំការប្រកួតខាងលើ មិនស្របច្បាប់ទេ» ហើយការបដិសេធរបស់ក្រសួងនេះ គឺយោងទៅលើលិខិតអញ្ជើញលេខ wcx/003 ចុះថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៤ របស់លោក S.T Arsu។

យ៉ាងណាក៏ដោយលោក Arasu បានឱ្យដឹងថា NOCC មិនបានទំនាក់ទំនងមកក្រុមការងាររបស់លោក ដើម្បីពិភាក្សាគ្នាលើបញ្ហានៃការដាក់បន្ទុករបស់ IKF នេះទេ គឺក្រសួងអប់រំ បានធ្វើឡើងតាមរយៈសម្ដីរបស់លោក វ៉ាត់ ចំរើន ប៉ុន្ដែមិនមែនគាំទ្រព្រឹត្តិការណ៍នេះលើមូលហេតុបច្ចេកទេសទេ ព្រោះលិខិតបដិសេធនេះ ត្រូវបានផ្សព្វផ្សាយតាមរយៈបណ្ដាញសង្គមទៅវិញ ហើយគិតត្រឹមពេលបច្ចប្បន្ន សហព័ន្ធកីឡាកាប៉ាឌីពិភពលោក នៅតែមិនបានទទួលបានការទំនាក់ទំនងណាមួយពាក់ព័ន្ធនឹងរឿងនេះ។
លោកបានបន្ថែមថា៖ «យើងសប្បាយចិត្តប្រសិនបើមានការទំនាក់ទំនង ដើម្បីពិភាក្សាមុននឹងការសម្រេចចិត្តដោយឯកត្តោភាគីបែបនេះ។ ខ្ញុំជឿជាក់ថា ក្រោយពិភាក្សាយើងនឹងទទួលបានដំណោះស្រាយឈ្នះ-ឈ្នះ ដើម្បីចូលរួមដោះស្រាយបញ្ហាមួយនេះ។ យើងត្រូវការដំណោះស្រាយជាងការដាក់បន្ទុកលើគ្នា»។
ដោយឡែក ក្រុមការងាររបស់សហព័ន្ធកីឡាកាប៉ាឌីពិភពលោក បានជួបពិភាក្សាគ្នាយ៉ាងលម្អិតជាមួយភាគីដែលពាក់ព័ន្ធ រួមមានប្រទេសជាសមាជិកទាំងអស់ ម្ចាស់ឧបត្ថម្ភ និងឥណ្ឌា ដែលជាបេក្ខភាពបម្រុងនាប៉ុន្មានថ្ងៃមុននេះ ប៉ុន្តែនៅតែមិនអាចរកច្រក ដើម្បីរៀបចំការប្រកួតកីឡា កាប៉ាឌីពានរង្វាន់ពិភពលោក នៅកម្ពុជាបាន។
លោក Arasu បានសង្កត់ធ្ងន់ថា៖ «យើងបានឯកភាពគ្នា ដោយយល់ថា ដើម្បីរក្សាតម្លៃនៃការប្រកួតពានរង្វាន់កម្រិតពិភពលោកមួយនេះ និងតម្លៃកីឡា គឺយើងរៀបចំនៅប្រទេសឥណ្ឌាវិញ។ ម្ចាស់ឧបត្ថម្ភក្នុងស្រុកជាច្រើន បានសម្រេចចិត្តដកការសម្រេចចិត្តក្នុងការគាំទ្រ ខណៈពេលដែលម្ចាស់ឧបត្ថម្ភអន្ដរជាតិជាច្រើន នៅបន្ដគាំទ្រការសម្រេចចិត្តក្នុងការផ្លាស់ប្ដូរទីកន្លែងប្រកួត»។
ជាមួយការសម្រេចចិត្តយ៉ាងទាន់ហន់ ក្នុងការផ្លាស់ប្តូរការប្រកួត World Cup Kabaddi ពីប្រទេសកម្ពុជា ទៅប្រទេសឥណ្ឌានេះ វាបានធ្វើឱ្យអត្តពលិកកីឡាកាប៉ាឌីកម្ពុជា ដែលខិតខំហ្វឹកហាត់ជាមួយគ្រូឥណ្ឌាអស់រយៈពេល ២ខែ សម្រាប់ត្រៀមការប្រកួតកម្រិតពិភពលោកនេះ មានការបាក់ទឹកចិត្តខ្លាំង។

ជាមួយគ្នានេះ គណៈកម្មការប្រកួត World Cup Kabaddi ក៏បានរៀបចំកម្មវិធីចាប់ឆ្នោត និងសម្ពោធផ្លូវការបទចម្រៀងកីឡាកាប៉ាឌី រួចហើយដែរ នៅសណ្ឋាគារ Oakwood Premier កាលពីថ្ងៃទី២៣ ខែកក្កដា ក្រោមអធិបតីភាពឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំនៅកម្ពុជា លោកស្រី Devyani Uttam Khobragade និងលោក Mogen Selvaraja លេខាទី២ តំណាងឯកអគ្គរាជទូតម៉ាឡេស៊ី ប្រចាំនៅកម្ពុជា។
យ៉ាងណាក៏ដោយ សហព័ន្ធកីឡាកាប៉ាឌីពិភពលោក នៅតែទន្ទឹងរង់ចាំការឆ្លើយតបពីក្រសួងអប់រំ យុវជន និងកីឡា និង NOCC ក្នុងការឈានទៅបង្កើតឱ្យមានសហព័ន្ធកីឡាកាប៉ាឌីកម្ពុជា ដើម្បីបើកច្រកសម្រាប់អត្តពលិកកម្ពុជា អាចទទួលបានឱកាសចូលរួមការប្រកួតពានរង្វាន់ពិភពលោកនេះ នៅប្រទេសឥណ្ឌា បន្ទាប់ពីព្រឹត្តិការណ៍នេះ កំណត់កាលបរិច្ឆេទប្រកួតជាថ្មីឡើងវិញ ខាងមុខនេះ។
លោក Arasu បានបញ្ជាក់ថា៖ «យើងរង់ចាំ និងមើលថា ការស្នើសុំបង្កើតសហព័ន្ធកីឡាកាប៉ាឌីកម្ពុជា អាចទទួលបានការអនុញ្ញាត ដើម្បីជាឱកាសសម្រាប់អត្តពលិកកម្ពុជាមានលទ្ធភាពគ្រប់គ្រាន់ក្នុងការចូលរួមប្រកួតពានរង្វាន់ពិភពលោកមួយនេះ ព្រោះយើងរំពឹងថា ការប្រកួតនេះនឹងរៀបចំកាន់តែធំជាង និងល្អជាង ហើយក៏ជាពេលវេលាដ៏ស័ក្តិសមសម្រាប់ប្រទេសឥណ្ឌាក្នុងការដាក់ប្រភេទកីឡាប្រពៃណីនេះ ក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិក ឆ្នាំ២០៣៦ ដែលឥណ្ឌាកំពុងជាបេក្ខភាពក្នុងការធ្វើជាម្ចាស់ផ្ទះ»៕