កីឡាករជម្រើសជាតិ​កីឡា​អត្តពលកម្ម វ៉ាន់ ភារ៉ា បានចាត់​ទុក​ការដណ្តើម​បានមេដាយមាស​ពីការ​ប្រកួត​រត់ប្រណាំងម៉ារ៉ាតុងអន្ដរជាតិ ចក្រភពអង្គរ លើកទី៩ (9th Angkor Empire Marathon) ឆ្នាំ២០២៤ នៅមុខប្រាសាទអង្គរ ខេត្តសៀមរាប កាលពី​ព្រឹក​ថ្ងៃទី​៤ ខែសីហា ថាជា​លទ្ធផល​ដ៏​ល្អបំផុត ដែល​បាន​ជួយ​លើក​មុខមាត់​ខ្លួនឯង និង​ប្រទេសជាតិ ខណៈ​ព្រឹត្តិការណ៍​នេះ ​មាន​អ្នក​ចូល​រួម​សរុប​៣០២១នាក់ ​​មកពី ​៥១ប្រទេស។


បើទោះបីជា វ៉ាន់ ភារ៉ា ធ្លាប់បានឈ្នះ​មេដាយមាសជាហូរហែ លើ​វិញ្ញាសា​រត់​ពាក់កណ្តាល​ម៉ារ៉ាតុង (២១​គីឡូម៉ែត្រ)​ កន្លងមក ប៉ុន្តែ​កីឡាករ​កម្ពុជា​រូបនេះ ​អះអាង​ថា នេះជា​លើក​ដំបូងហើយ ដែល​រូបគេ​បាន​ចូលរួម​រត់ម៉ារ៉ាតុង​​ចម្ងាយ​ ៤២គីឡូម៉ែត្រ ក្នុងទិវា​​​រត់ប្រណាំងម៉ារ៉ាតុងអន្ដរជាតិ​ចក្រភពអង្គរ នៅ​ឆ្នាំ​នេះ ហើយ​ទទួល​បាន​លទ្ធផល​យ៉ាង​ល្អ ប៉ុន្តែ​រូបគេ​បាន​ប្រឹង​ប្រែង​ខ្លាំង​បំផុត។

វ៉ាន់ ភារ៉ា បាន​និយាយ​ក្រោយការ​ប្រកួត​ថា៖ ​«ខ្ញុំ​បាន​ហ្វឹក​ហាត់​ធ្ងន់បំផុត ត្រៀម​ការ​ប្រកួត​ម៉ារ៉ាតុង​អន្តរជាតិ​ចក្រភព​អង្គរ​នេះ គឺ​ខ្ញុំ​ផ្តោត​សំខាន់​​ទាំង​ទៅលើ​​របបអាហារ និងការ​ហ្វឹក​ហាត់ខ្លាំង ព្រោះកាល​ប្រកួតស៊ីហ្គេម ឆ្នាំ​២០២៣ កាលពី​ខែឧសភា ខ្ញុំ​ក៏បាន​ប្រកួត​នៅលើ​ទឹក​ដីអច្ឆរិយ​នេះ​ដែរ តែខ្ញុំ​បាន​ត្រឹម​លេខ​៥ ប៉ុន្តែ​ឥឡូវ​នេះ​ខ្ញុំ ​បាន​ឈ្នះមេដាយមាស គឺ​ពិតជាអស្ចារ្យ​ណាស់»។


រំឭក​ទៅ​ដល់​ការ​ប្រកួត​វិញ្ញាសា​៤២គីឡូក្រាម នៅ​ព្រឹត្តិការណ៍​ស៊ីហ្គេម ឆ្នាំ​២០២៣​នោះ វ៉ាន់ ភារ៉ា បានចំណាយ​ថិរវេលា​ ២ម៉ោង និង​ជាង​៤១នាទី​ ដោយបាន​ត្រឹម​លេខ​៥ ប៉ុន្តែ​សម្រាប់​ការ​បង្ហាញ​ខ្លួន​ ក្នុង​ទិវារត់ប្រណាំង Angkor Empire Marathon 2024 នេះ ភារ៉ា បានប្រើពេល ២:៤០.៥១​ម៉ោង ដើម្បី​ទទួល​បាន​លេខ​១ ខណៈ​លេខ​២ បាន​ទៅ​កីឡាករជប៉ុន Yuki Kaneyama ក្នុង​ថិរវេលា ២:៤៧.២៩ម៉ោង​ និង​លេខ៣​កីឡាករវៀតណាម Dai Be Thanh ប្រើ​ពេល​ ២:៥៤.០៥ម៉ោង។


ចំណែក​ការ​រត់ចម្ងាយ​៤២​គីឡូម៉ែត្រ​ ផ្នែកនារីវិញ លេខ១​បាន​ទៅ​កីឡាការិនីអៀរឡង់ Caitriona Jennings ដោយ​ប្រើថិរវេលា ៣ម៉ោង ០៥នាទី និង​៤៣.១៩វិនាទី


​លេខ​​២ កីឡាការិនីវៀតណាម Nguyen Thi Linh ប្រើពេល ៣ម៉ោង ១៣នាទី និង ៣៥.៥៤វិនាទី និង​លេខ៣ កីឡាការិនីចិន Qi Wang ប្រើថិរវេលា ៣ម៉ោង ៤១នាទី និង ០៧.៨០វិនាទី។

កីឡាករ​​វ័យ ​២៨ឆ្នាំ វ៉ាន់ ភារ៉ា បាន​បញ្ជាក់​ថា៖ ​«​ខ្ញុំ​ពិតជាសប្បាយ​រក​អ្វី​ប្រៀប​ផ្ទឹម​មិនបានទេ ព្រោះ​កីឡាករជប៉ុន និង​វៀតណាម បានឈរនៅលើ​ក្តារឈ្នាន់​លេខ​២ និង​លេខ​៣ ប៉ុន្តែ​ខ្ញុំបាន​ឈរ​នៅលេខ​១​តំណាង​ឱ្យ​កម្ពុជា ខណៈពិធី​បំពាក់មេដាយនេះ ត្រូវបានធ្វើ​នៅ​មុខ​ប្រសាទអង្គរ​វត្តទៅទៀត អ៊ីចឹង​ខ្ញុំ​ឡើងព្រឺរោម គឺ​ពិតជាអស្ចារ្យ ដែលខ្លួនឯង​​អាច​ធ្វើ​រឿង​នេះ​បាន នៅលើ​ទឹក​ដីដ៏អច្ឆរិយ​របស់​ខ្មែរ​យើង»។​

ជាមួយការ​ឈ្នះ​បានមេដាយមាស​ ក្នុង​ការ​ប្រកួត Angkor Empire Marathon 2024 នេះ​ដែរ វ៉ាន់ ភារ៉ា ក៏​បាន​បង្ហាញ​មោទនភាពចំពោះ​ការ​ខិតខំ​របស់​ខ្លួនឯង ដែល​​​អាច​បំបែកឯតទគ្គកម្ម សម្រាប់ថិរវេលា កាល​ប្រកួត​នៅ​ស៊ីហ្គេម ប៉ុន្តែ ភារ៉ា បាន​ទទួល​ស្គាល់​ថា ខ្លួនឯង​នៅតែ​មានចំណុច​ខ្សោយ ដែល​ត្រូវ​ពង្រឹង​បន្ថែម ដើម្បីត្រៀម​ចូលរួមការ​ប្រកួត​ស៊ីហ្គេម ឆ្នាំ​២០២៥ នៅប្រទេស​ថៃ។

កីឡាករមានប្រពន្ធ និងកូន​១ វ៉ាន់ ភារ៉ា បាន​បញ្ជាក់​ថា៖ ​«ឥឡូវនេះ​ខ្ញុំបាន​ដឹងពីចំណុច​ខ្សោយ​​ខ្លួន​ឯង​ថា នៅពេល​រត់​ដល់​រយៈ​ចម្ងាយ​៣០​ទៅ​៣៥គីឡូម៉ែត្រ ខ្ញុំ​ចាប់​ផ្តើម​ទន់​ និង​អស់​ថាមពល ដោយសារ​ការ​ហ្វឹក​ហាត់នូវ​ស្ទើរ អ៊ីចឹងខ្ញុំ​នឹង​យក​ចំណុចខ្សោយ​នេះ​ទៅ​អនុវត្ត​ក្នុងពេល​ហ្វឹក​ហាត់ ហើយខ្ញុំ​គិត​ថា ទម្រាំ​ដល់​ស៊ីហ្គេម នៅថៃ គឺ​ថិរវេលា​របស់ខ្ញុំ អាច​នឹងល្អជាងនេះមួយកម្រិត​ទៀត»។ 

នៅក្នុង​​ទិវា​រត់ប្រណាំង Angkor Empire Marathon 2024 នៅ​មុខ​អង្គរ​វត្ត កាលពី​ព្រលឹម ថ្ងៃអាទិត្យ​នោះ ក៏មានការ​ប្រកួត​លើ​វិញ្ញាសា​ពាក់កណ្តាល​ម៉ារ៉ាតុង​ចម្ងាយ​​ ២១គីឡូម៉ែត្រ ចម្ងាយ ​១០គីឡូម៉ែត្រ និង​រត់​កម្សាន្ត​ចម្ងាយ ​៣គីឡូម៉ែត្រ​ផងដែរ ដោយ​ការប្រកួតនេះ បាន​ធ្វើ​​ក្រោមភ្លៀងរលឹម និងបរិយាកាសដ៏មនោរម្យ ហើយ​កីឡាករ​កីឡាការិនីជាតិ និងអន្ដរជាតិ សុទ្ធតែបានរត់បញ្ចប់ទី​ដោយសុខសុវត្ថិភាព និងទឹកមុខសប្បាយរីករាយ ទៅតាមវិញ្ញាសាប្រកួតរៀងៗខ្លួន។

ក្នុងបរិយាកាស​ដ៏រីក​រាយ​​នោះ លោក​ទេសរដ្ឋមន្ដ្រី ថោង ខុន ប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់​របស់​លោក​នាយករដ្ឋមន្ដ្រី ហ៊ុន ម៉ាណែត បានថ្លែងថា៖ «ទិវារត់​ប្រណាំងម៉ារ៉ាតុងអន្ដរជាតិ ចក្រភពអង្គរឆ្នាំនេះ បានស្រូបទាញអ្នកចូលរួមសរុបចំនួន ៣,០២១​នាក់ ក្នុងនោះមានអត្តពលិកខ្មែរចំនួន ​២,២០៦នាក់ និងអត្តពលិកអន្ដរជាតិចំនួន ៨១៥​នាក់ មកពី ​៥១​ប្រទេស ដែលប្រទេសចូលរួមច្រើនជាងគេ រួមមានជប៉ុន ចិន វៀតណាម ចក្រភពអង់គ្លេស និងថៃ»។

លោក​រដ្ឋមន្រ្តី បាន​វាយ​តម្លៃខ្ពស់​ទៅ​គ្រប់ភាគី​ពាក់​ព័ន្ធ ដែលបាន​ប្រឹង​ប្រែង និង​រៀបចំទិវា​​រត់ប្រណាំងម៉ារ៉ាតុងអន្ដរជាតិ ចក្រភពអង្គរ លើកទី៩នេះ បាន​យ៉ាង​ល្អ និងទទួលបាន​ជោគ​ជ័យ​កាន់​តែ​ខ្លាំង បើ​ប្រៀបធៀប​ទៅនឹង​ការ​រៀបចំកន្លងមក ហើយ​លោក ថោង ខុន សង្ឃឹមថា អត្តពលិកទាំងអស់ នឹងបន្ដចូលរួមទិវារត់ប្រណាំងអន្ដរជាតិពាក់កណ្ដាលម៉ារ៉ាតុងអង្គរវត្ត លើកទី២០ នាថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២៤ ខាងមុខ។

ទន្ទឹមជាមួយគ្នានោះ លោក ថោង ខុន បាន​ប្រកាស​នៅចំពោះមុខអ្នក​ចូលរួម​ទាំង​អស់ បែបនេះ​ថា៖ «ឆ្លៀតក្នុងឱកាសដ៏មហោឡារឹកនេះ ខ្ញុំសូមអំពាវនាវដល់ប្រិយមិត្តជាតិ-អន្ដរជាតិទាំងអស់ ចូលរួមអបអរសាទរពិធីបើកការដ្ឋានសាងសង់ផ្លូវការ “ព្រែកជីកហ្វូណនតេជោ” នាថ្ងៃស្អែក (ថ្ងៃអង្គារនេះ) ដែលជាព្រែកជីកប្រវត្តិសាស្ដ្រ ក្រោមគំនិតផ្ដួចផ្ដើមរបស់សម្ដេចតេជោ ហ៊ុន សែន ហើយបន្ដស្នាដៃ និងជំរុញបន្ថែមក្នុងការអភិវឌ្ឍគម្រោងដោយសម្ដេចធិបតី ហ៊ុន ម៉ាណែត ក្រោមស្មារតី “គម្រោងរបស់ខ្មែរទាំងអស់ ដោយខ្មែរ និងដើម្បីខ្មែរគ្រប់រូប”»។

ចំណែក​លោក វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាអគ្គលេខាធិការ NOCC បានឱ្យ​ដឹងថា ទិវារត់ប្រណាំងម៉ារ៉ាតុងអន្ដរជាតិ ចក្រភពអង្គរ ឆ្នាំនេះ រៀបចំឡើងក្នុង​គោល​បំណងសំខាន់ៗ ៣ ទី​១ ផ្ដោតការយកចិត្តទុកដាក់ទៅលើភាពសប្បាយរីករាយរបស់ប្រជាពលរដ្ឋ ក៏ដូចជារាជរដ្ឋាភិបាល ចំពោះព្រឹត្តិការណ៍ប្រវត្តិសាស្ដ្រ​នៃពិធីសម្ពោធបើកការដ្ឋាន​សាង​សង់​គម្រោង «ព្រែកជីកហ្វូណនតេជោ» ទី​២ រត់ដើម្បីជួយដល់មន្ទីរពេទ្យគន្ធបុប្ផា និង​ទី​៣ រត់ដើម្បីថែរក្សាសោភ័ណ្ឌភាព អនាម័យ បរិស្ថាន នៅតំបន់បេតិកភណ្ឌអង្គ និងចូលរួមលើកកម្ពស់ប្រតិបត្តិការទេសចរណ៍ នៅខេត្តសៀមរាប៕