ប្រភេទ​កីឡា​ចំនួន​៣ រួម​មាន​កាយ​សម្ព័ន្ធ កីឡា​លើក​ទម្ងន់ និង​កីឡា​គុនដាវ ក្រោម​ការ​ដឹក​នាំ​របស់​លោក ណយ ផាណា បាន​ធ្វើ​ដំណើរ​ចាក​ចេញ​ពី​មាតុ​ប្រទេស ឆ្ពោះ​ទៅ​កាន់​ប្រទេស​ចិន កាល​ពី​ព្រឹក​ថ្ងៃទី​២ ខែកញ្ញា ដើម្បី​ធ្វើការ​ហ្វឹកហាត់​រយៈពេល​វែង​​នៅមជ្ឈមណ្ឌល​អភិវឌ្ឍ​កីឡា​កម្រិត​ខ្ពស់ នា​ខេត្ត គ័ងទុង ត្រៀម​ការ​ប្រកួត​សំខាន់​ចំនួន​២ ក្នុង​​ឆ្នាំ​២០២៥ខាងមុខ គឺ​​ស៊ីហ្គេម ​នៅប្រទេស​ថៃ និង​ការ​ប្រកួត​កីឡា​យុវជន​អាស៊ី នៅអ៊ូសបេគីស្ថាន។


លោក ណយ ផាណា ដែល​ជា​មន្រ្តី​របស់​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា (NOCC) និងជា​អគ្គលេខាធិការ​សហព័ន្ធ​កីឡាកាយ​សម្ព័ន្ធ​កម្ពុជា​ផង​នោះ បាន​ឱ្យ​ដឹង​ថា ​ការ​ចេញ​ទៅ​ហ្វឹក​ហាត់ នៅ​ប្រទេស​ចិន​លើក​នេះ ជា​គម្រោង​ជំនួយ​ផ្ទាល់​ខ្លួន​របស់​លោក​ ថាង ហ្គោដុន (Tang Gordon) ជាអនុ​ប្រធាន​ NOCC ហើយ​ការ​ចេញ​ទៅ​ហាត់​នេះ មាន​រយៈពេល​ ៤​ខែ ដែល​នឹង​បញ្ចប់​នៅ​ថ្ងៃទី​៣០ ខែធ្នូ ឆ្នាំ​២០២៤។

លោក​បាន​ថ្លែង​នៅ​ព្រលាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ កាល​ពី​ព្រឹក​ថ្ងៃ​ចន្ទ​នេះ​ថា៖ «នេះ ជា​គម្រោង​ផ្ទាល់​ខ្លួន​របស់​លោក​បណ្ឌិត ថាង ហ្គោដុន  ដែល​មាន​រយៈពេល​៤ខែ ហើយ​នៅ​ក្នុងការ​បញ្ជូន​នេះ យើង​មាន​៣​ប្រភេទ​កីឡា រួម​មាន​កាយ​សម្ព័ន្ធ លើក​ទម្ងន់ និង​កីឡាគុន​ដាវ​ ដោយ​មាន​​គោលដៅ​​ផ្តោត​សំខាន់​ទៅ​​លើ​ការ​ត្រៀម​ការ​ប្រកួត​ស៊ីហ្គេម ការ​ប្រកួត​យុវជន​អាស៊ី ឆ្នាំ​២០២៥ ហើយ​សម្រាប់​អត្តពលិក​​អាយុ​ក្រោម​១៥​ឆ្នាំ ក៏ត្រៀម​សម្រាប់ការ​ប្រកួត​កីឡា​យុវជន​អាស៊ី ឆ្នាំ​២០២៩នៅ​កម្ពុជា​ផង​ដែរ»។ 


យ៉ាង​ណាមិញ សម្រាប់ការ​ជ្រើស​រើស​យក​ប្រភេទ​កីឡា​កាយសម្ព័ន្ធ គុនដាវ និង​កីឡាលើក​ទម្ងន់ ឱ្យ​ទៅ​ហ្វឹក​ហាត់​នៅ​ប្រទេស​ចិន ដោយ​មាន​អត្តពលិក​សរុបចំនួន​៦នាក់​នេះ លោក ណយ ផាណា បាន​ឱ្យ​ដឹង​ថា ត្រូវបាន​ធ្វើ​ឡើង​តាមការ​អង្កេត និង​ការចង្អុល​បង្ហាញ​របស់​លោក ថោង ខុន ប្រធាន​ NOCC និង​លោក វ៉ាត់ ចំរើន ជាអគ្គលេខាធិការ​ បន្ទាប់ពី​​ NOCC ទទួល​បាន​គម្រោង​ពី​លោក ថាង ហ្គោដុន។


ចំពោះ​​កីឡាករ កីឡាការិនី​ទាំង​៦នាក់ ដែល​ចេញ​ទៅ​ហ្វឹក​ហាត់នេះ សុទ្ធតែ​ផ្តោត​លើ​វិញ្ញាសាឯកត្តជនដូចគ្នា ចំណែក​បែប​បទ និង​ក្រឹត្យក្រម​នៃ​ការ​ហ្វឹកហាត់ នៅមជ្ឈមណ្ឌលអភិវឌ្ឍកីឡាកម្រិតខ្ពស់ នាខេត្តគ័ងទុង ត្រូវបាន​លោក ណយ ផាណា អះអាង​​ថា មាន​ភាពតឹង​តាំង​ខ្លាំង ដោយ​អត្តពលិកទាំង​អស់ ត្រូវ​គោរព​វិន័យ​ឱ្យ​បាន​ដាច់ខាត ព្រោះ​អ្នក​ល្មើស​បម្រាម​ក្នុងការ​ហ្វឹក​ហាត់ នឹងត្រូវ​បញ្ជូន​ត្រឡប់មក​វិញ។


កីឡាករ កីឡាការិនីបាន​ធ្វើ​ដំណើរ​ចាក​ចេញ​ពី​មាតុ​ប្រទេស ឆ្ពោះ​ទៅ​កាន់​ប្រទេស​ចិន កាល​ពី​ព្រឹក​ថ្ងៃទី​២ ខែកញ្ញា ដើម្បី​ធ្វើការ​ហ្វឹកហាត់​រយៈពេល​វែង​​នៅមជ្ឈមណ្ឌល​អភិវឌ្ឍ​កីឡា​កម្រិត​ខ្ពស់ នា​ខេត្ត គ័ងទុង។ រូបថត ឈន ណន

លោក ផាណា បញ្ជាក់​ថា៖ «សហព័ន្ធកីឡា​​នីមួយៗ​ត្រូវ​មាន​ការទទួល​ខុស​ត្រូវ​ មាន​ន័យ​ថា ការ​ទៅ​ហ្វឹក​ហាត់នេះ ត្រូវ​មាន​វិន័យ មិន​ឱ្យ​ប្រាសចាក​ពី​ក្រមសីល​ធម៌​នោះ​ទេ ព្រោះ​មជ្ឈមណ្ឌល​កីឡា​​នៅ​ខេត្ត​​គ័ង​ទុង ជាមជ្ឈមណ្ឌល​​មួយ​មានកម្រិតខ្ពស់​មែន​ទែន សូម្បី​ខាង​​អឺរ៉ុបក៏មក​ហាត់​នៅ​ទី​នោះ​​ ហើយ​ខេត្ត​ផ្សេងៗ​ទៀត​នៅ​សាធារណរដ្ឋ​ប្រជាមានិត​ចិន ​ក៏​មក​ហាត់​ទី​នោះ​ដូចគ្នា ហេតុ​នេះ​បើ​យើងគោរព​វិន័យ​មិន​បាន គេ​នឹង​បញ្ជូន​យើងមក​វិញ​ហើយ»។

យ៉ាង​ណា​ក៏​ដោយ លោក ណយ ផាណា ដែល​ធ្លាប់បាន​ដឹកនាំ​ក្រុម​កីឡាកាយសម្ព័ន្ធកម្ពុជា ទៅ​ហ្វឹក​ហាត់​នៅប្រទេសចិន​កន្លងមក បាន​អះអាង​ថា មជ្ឈមណ្ឌលអភិវឌ្ឍកីឡាកម្រិតខ្ពស់ នាខេត្តគ័ងទុង មាន​ការ​​ហ្វឹក​ហាត់​ល្អ មាន​គ្រូ​បង្វឹក​ល្អ មាន​សម្ភារល្អ ហេតុនេះ​ក្រុម​អត្តពលិក​កម្ពុជា នឹង​អាច​អភិវឌ្ឍ​ជំនាញ​របស់ពួកគេ​បាន​ល្អ ឱ្យ​តែ​អ្នកទាំង​អស់នេះ ​​អាច​គោរព​វិន័យក្នុងការ​ហ្វឹក​ហាត់​បាន​ខ្ជាប់​ខ្ជួន។

អគ្គលេខាធិការសហព័ន្ធ​កីឡាកាយសម្ព័ន្ធ​កម្ពុជា លោក ណយ ផាណា និយាយ​​ថា៖ «បើ​ក្រុម​អត្តពលិក​​​យើង​មាន​ការ​ខិតខំ និង​ប្តេជ្ញា​ចិត្ត​ក្នុងការ​ហ្វឹក​ហាត់ នោះ​​កម្រិត​បច្ចេកទេស​របស់​ពួក​គេ នឹង​មានការ​កើន​ឡើង ហើយ​ដោយសារ​យើង​មាន​មូល​ដ្ឋាន​ហ្វឹក​ហាត់​ខ្លះ​ហើយនោះ វាងាយ​ស្រួល​ដែរ​ទេ»។

លោក​បន្ថែម​ថា៖ «ក្តី​សង្ឃឹម​របស់​យើង ​គឺការ​​​បង្កើន​គុណ​ផល​របស់​កីឡាករ កីឡាការិ​នី​ឆ្ពោះ​ទៅ​​ឆ្នាំ​២០២៥ ហើយ​​យើងនឹង​បន្តកិច្ចសន្យានៃ​​គម្រោង​នេះ​ទៀត  ដែល​​អាច​ត្រៀម​រហូត​ដល់​ស៊ីហ្គេម ចុង​ឆ្នាំ​២០២៥​នៅប្រទេស​ថៃ អ៊ីចឹង​ខ្ញុំ​មានជំនឿ​ថា បើ​ក្រុម​គាត់​មានការ​ខិតខំ​ជាក់លាក់ ច្បាស់លាស់​ ប្តេជ្ញាចិត្ត​ធ្វើ​អ្វីៗដើម្បី​ខ្លួនឯង និងដើម្បីជាតិ​ គឺពួកគាត់​នឹង​មាន​គុណ​ផល​ល្អ ហើយ​អាច​បាន​លទ្ធផល​ល្អ»។

ជាមួយគ្នា​នេះ​កីឡាការិនី​ ទ្រី សុភ័ក្រ្តរាជ ដែល​ជាបេក្ខភាព​តែម្នាក់​គត់ បាន​ឈ្នះ​មេដាយសំរឹទ្ធ​លើ​ប្រភេទ​កីឡា​លើក​ទម្ងន់ ក្នុង​ព្រឹត្តិការណ៍​ស៊ីហ្គេម លើក​ទី​៣២ ឆ្នាំ​២០២៣ នៅ​កម្ពុជា បាន​តាំង​ចិត្តជម្នះ​ការលំបាក ​សម្រាប់ការ​ទទួលបានឱកាស​ចេញ​ទៅ​ហ្វឹក​ហាត់​នៅ​ប្រទេសចិនជា​លើក​ទី​២​នេះ ដើម្បីពង្រឹង​សមត្ថ​ភាពឱ្យកាន់តែ​ល្អ ក្នុងការ​​ឈាន​ទៅដណ្តើម​​យក​មេដាយ​ជូនជាតិ ក្នុងការ​ប្រកួត​ស៊ីហ្គេម ឆ្នាំ​២០២៥ម្តង​ទៀត។

ម្ចាស់មេដាយ​សំរឹទ្ធ​ស៊ីហ្គេម ទម្ងន់​៥៥គីឡូក្រាម សុភ័ក្ត្ររាជ បាន​បញ្ជាក់​ថា៖​ «សម្រាប់ការ​ចេញ​ទៅ​ហ្វឹកហាត់នៅប្រទេសចិនជា​លើក​ទី​២​នេះ ខ្ញុំ​សង្ឃឹម​ថា នឹង​នាំ​យកនូវគុណផល​កីឡាកម្រិត​​ល្អ​​ត្រឡប់មក​វិញ ​ ហើយខ្ញុំ​រំពឹង​ថា ខ្ញុំ​នឹង​ដណ្តើម​​បានមេដាយ សម្រាប់​ការ​ប្រកួត​​ស៊ីហ្គេម ឆ្នាំ​២០២៥ម្តង​ទៀត»៕