គ្រូ​បង្គោល​ក្រុម​ព្រះខ័នរាជស្វាយរៀង លោក Jose Munoz ​បាន​បង្ហាញមោទនភាព​ទៅលើ​ការ​រៀបចំ​ផែន​ការ​លេង​របស់​ក្រុម​ទាំង​មូល ក្នុង​ការ​ប្រកួត​ជាមួយ​ក្រុម​ម្ចាស់​ផ្ទះ​ BG Pathum United របស់​ថៃ នៅ​ក្នុងការ​ប្រកួត​ជម្រុះ​​ពាន​រង្វាន់ ASEAN Club Championship Shopee Cup កាលពី​យប់មិញ។ 


បើទោះបីជា ការ​ប្រកួត​ជម្រុះ​ប្រចាំពូល​A នៅ​ពហុកីឡដ្ឋាន Pathum Thani កាល​ពី​​យប់​ថ្ងៃ​ពុធ​ម្សិល​មិញ​នេះ ​ក្រុមស្វាយរៀង បានចាញ់​ម្ចាស់​ផ្ទះ BG Pathum ២-១ ប៉ុន្តែ​តាម​រយៈការ​ប្រកួត​ពេញ​៩០នាទី លោក Jose Munoz បាន​មើល​ឃើញ​ថា កូនក្រុម​របស់​លោក​ធ្វើបាន​យ៉ាង​ល្អ ក្នុងការ​បង្ហាញពី​ទម្រង់​លេង ដែល​អ្នក​ខ្លះមិន​ធ្លាប់​បាន​ឃើញ។

គ្រូបង្វឹក​សញ្ជាតិ​អេស្ប៉ាញ​រូប​នេះ បាន​និ​យាយក្រោយ​ការ​ប្រកួត​​ថា៖ ​«យើង​តែង​ចង់​ឈ្នះ​រាល់ការ​ប្រកួតទាំង​អស់​របស់​យើង ហើយ​​ប្រហែលជា​អ្នក​មួយចំនួន​មិនទាន់ស្គាល់​ពីរបៀប​លេង​របស់​យើងទេ ​ពីមុន​មក​ ប៉ុន្តែ​សម្រាប់ការ​ប្រកួត​នេះ ​អ្នក​បានឃើញពី​​របៀប​លេង​របស់​យើង​ហើយ។ ថ្វីដ្បិត​ថា មិនអាច​​មានអ្វី​ផ្សេង​បាន​កើត​ឡើង​ក្នុង​ជំនួបនេះ ប៉ុន្តែរបៀប​លេង​របស់យើង គឺ​ត្រូវ​លេង​បែប​ហ្នឹង​ ដើម្បី​បង្កើត​ឱកាស​ឱ្យ​បានច្រើន»។ 


លោក Jose Munoz បាន​ទទួល​ស្គាល់​ថា ការ​បរាជ័យ​វាតែងតែ​កើតមាន​ឡើង នៅក្នុងការ​ប្រកួត​បាល់​ទាត់ ប៉ុន្តែ​លោកបានអះអាង​ថា ក្រុម​ស្វាយរៀង តែង​​ព្យាយាម​គ្រប់​គ្រង​ការ​ប្រកួត និង​ព្យាយាម​រក្សា​បាល់ ដើម្បី​​បង្កើត​ឱកាស​ឱ្យ​បានច្រើន នៅមុខ​ទី​គូ​ប្រកួត ហើយ​លោក​បាន​បង្ហាញ​ពីមោទនភាព ចំពោះ​ការ​​បង្ហាញ​របៀប​លេង​បែបនេះ ពេលជួបក្រុមខ្លាំង BG Pathum។


លោក​បញ្ជាក់​ថា៖ «​សម្រាប់​ខ្ញុំ​ជា​គ្រូបង្វឹក​ គឺ​ពេល​ឃើញការ​ប្រកួតបែប​​នេះ ខ្ញុំ​មាន​អារម្មណ៍​ថា មាន​មោទនភាព​សម្រាប់​ផែន​ការ​របស់​ពួក​យើង និង​របៀប​លេង​របស់កីឡាករ​ខ្មែរ និង​បរទេស​ គឺខ្ញុំ​មានមោទនភាព​ចំពោះពួកគេ។ កីឡាតែ​ង​មាន​ឈ្នះ មានចាញ់ ប៉ុន្តែ​សម្រាប់​ផែន​ការ​រៀបចំ​របស់​យើង​​នៅដដែល គឺ​យើង​ធ្វើ​តាម​ផែន​ការ ដែល​យើង​បាន​រៀបចំ​ទុក ហើយ​វាជា​ហេតុ​ធ្វើ​ឱ្យ​មាន​មោទនភាព​សម្រាប់​ក្រុម​របស់​យើង»។​


តាម​រយៈ​ការ​ប្រកួត​ កាល​ពី​​យប់​ថ្ងៃ​ពុធ​​នោះ ​ខ្សែ​ប្រយុទ្ធ Raniel Santana De Vasconcelos បានស៊ុត​បាល់​បញ្ចូល​ទីជួយ​ឱ្យក្រុម​ BG Pathum នាំ​មុខ ១-០ នៅនាទីទី​៣១ ប៉ុន្តែ​ការ​ព្យាយាម​វាយ​បកជា​ច្រើន​លើក​​ជាមួយការ​បង្ហាញ​ទម្រង់​លេង​យ៉ាង​ល្អរបស់ ​ក្រុមស្វាយ​រៀង បាន​ផ្តល់​ឱកាស​ឱ្យ​ខ្សែ​ប្រយុទ្ធ​​ប្រេស៊ីល  Pablo Augusto Servo De Carvalho អាច​ស៊ុត​បាល់​ទម្លុះ​ទី​ក្រុម​ម្ចាស់​ផ្ទះ​បាន​១​គ្រាប់​វិញ នៅនាទីទី​៦១។

តែទោះបីជា​យ៉ាង​ណា ភាពរីក​រាយ​ក្រុម​ស្វាយរៀង​នេះ បាន​រលាយ​បាត់ទៅ​វិញ​យ៉ាង​លឿន នៅពេល​ខ្សែ​ប្រយុទ្ធ​របស់​ថៃ Teerasil Dangda បានស៊ុត​បាល់​បញ្ចូល​ទី​បាន​១​គ្រាប់​ទៀត នៅនាទីទី​៦៣ បន្ទាប់ពី​កីឡាករ​របស់​ក្រុម ​ BG Pathum រត់ទៅ​បុក​​ខ្សែ​ប្រយុទ្ធ​របស់​ស្វាយរៀង Christian Roque Silveira Dos Santos ឱ្យ​ដួល​ទាំងជំហរ ដើម្បី​ដណ្តើម​យក​បាល់​​​ពីការ​បញ្ជូន​របស់ មិន រតនៈ ប៉ុន្តែ​លោកអាជ្ញាកណ្តាល Faisal Sulaiman Albalawi មិនបាន​ពិន័យ​​លើ​​ហេតុការណ៍នេះ​ទេ។

ក្រោយ​ការចាញ់​ប្រៀប ២-១ នេះ ក្រុមស្វាយរៀង បានព្យាយាម​វាយលុក​ទៅលើ​ក្រុម​ BG Pathum ជាបន្តបន្ទាប់​ ហើយ​ក៏បាន​បង្កើតឱកាសជា​ច្រើន​លើក​ផងដែរ ប៉ុន្តែ​ពួកគេ​ធ្វើ​មិនបាន​សម្រេច​ និង​បានចាញ់​ ២-១ ដ៏គួរ​ឱ្យ​សោកស្តាយ ខណៈ​ស្ថិតិ​នៃ​ការ​ប្រកួត​នេះបានបង្ហាញ​ថា ក្រុមស្វាយរៀង មានឱកាស​គ្រប់​គ្រងបាល់​ច្រើនជាង​ក្រុម​ម្ចាស់​ផ្ទះ​របស់​ថៃ គឺ​៥៤% ទល់​នឹង​៤៦% និង​មានឱកាសស៊ុតបាល់​ដល់​២០​ដង គឺ​ច្រើនជាង​ BG Pathum ដែល​ស៊ុត​បាន​ត្រឹម​១២​ដង​។

ជាមួយស្ថិតិ​ប្រកួត​ និងស្ថានភាពជាក់ស្តែងនេះ បាន​ធ្វើ​ឱ្យ​អ្នកគាំ​ទ្របាល់​ទាត់​របស់​ថៃ​​ភាគ​ច្រើន បាន​បង្ហាញការ​មិន​ពេញ​ចិត្ត និងនាំ​គ្នា​រិះគន់​ទៅលើ​ទម្រង់​លេងរបស់​ក្រុម BG Pathum ទោះបីជា​ក្រុម​នេះ​បាន​ឈ្នះ៣ពិន្ទុ ជា​លើកដំបូង នៅលើ​ទឹកដី​ខ្លួន​ឯង​ក៏​ដោយ ព្រោះ​ការ​ប្រកួត​បើក​ឆាក នៅលើ​ទឹក​ដី​ប្រទេសឥណ្ឌូនេស៊ី កាលពី​ថ្ងៃទី​២១ ខែកញ្ញា ក្រុម BG Pathum បាន​ស្មើ ០-០ ​ជាមួយក្រុម​ម្ចាស់​ផ្ទះ PSM ស្របពេល​ក្រុម​ព្រះខ័នរាជស្វាយរៀង បាន​យក​ឈ្នះក្រុម​ម្ចាស់​ផ្ទះ Terengganu FC របស់​ម៉ាឡេស៊ី ៣-២​។

ចំណែក​លោក Makoto Teguramori គ្រូ​បង្គោល​ក្រុម BG Pathum ក៏បាន​ទទួលស្គាល់​ថា ក្រុមរបស់លោកលេងមិនបានល្អ ដែល​ត្រូវតែ​ត្រឡប់​ទៅ​ធ្វើការងារវិញ ដើម្បី​ត្រឡប់​មក​ខ្លាំង​ជាង​មុន។ រីឯ​​ខ្សែ​ប្រយុទ្ធ Teerasil Dangda ដែល​រកបាន​គ្រាប់បាល់​ជ័យជម្នះ​ឱ្យ​ក្រុម BG Pathum ក៏បាន​លើក​ឡើងស្រដៀង​គ្នា​នេះ​ផងដែរ ប៉ុន្តែ​នេះគ្រាន់ជាភាសាលួងលោម​ផ្លូវ​ចិត្ត​ដល់​អ្នកគាំ​ទ្រប៉ុណ្ណោះ ព្រោះ BG Pathum បាន​ប្រឹង​ប្រែង​អស់ពី​លទ្ធភាព​ហើយ ហើយបាន​យកឈ្នះ​ក្រុមស្វាយរៀង ទាំង​លំបាក​បំផុត។

ម្ចាស់​អាវ​លេខ១០​ Teerasil ​បាន​និយាយ​ថា៖ «ខ្ញុំរីករាយដែលទទួលបាន​៣​ពិន្ទុនៅក្នុងដី ទោះបីជាយើងធ្វើមិនបានល្អក៏ដោយ ប៉ុន្តែវាមិនមែនជារឿងងាយស្រួលទេ ក្នុងការទទួលបាន​៣​ពិន្ទុ​នេះ។ យើងត្រូវតែ​ទទួលស្គាល់ថា គូប្រកួតរបស់យើង គឺធ្វើបានល្អ ហើយ​យើងប្រហែលជាបានលេងក្រោមស្តង់ដារ ឬពេលខ្លះវាពិបាកលេង ប៉ុន្តែខ្ញុំត្រូវ​អរគុណដល់​មិត្តរួមក្រុម ​គឺ​ទោះបីជាពេលវេលាលំបាក ក៏​ពួក​គេ​បាន​ជួយ​គ្នា​ទៅ​វិញ​ទៅ​មក​តាម​ដែល​អាច​ធ្វើ​ទៅ​បាន ហើយ​​ទទួល​​បាន​៣​ពិន្ទុ ​សម្រាប់​ឱកាស​ឡើង​ទៅ​ជុំ​បន្ទាប់»៕