ក្រុម​ព្រះ​ខ័នរាជស្វាយ​រៀង បាន​ធ្វើ​ដំណើរ​ទៅ​កាន់​ទឹក​ដី​ប្រទេស​វៀតណាម កាលពី​ថ្ងៃ​ចន្ទ ដើម្បី​ធ្វើការ​ប្រកួតសន្សំពិន្ទុប្រចាំពូល​A នៃ​​ពានរង្វាន់ ASEAN Club Championship Shopee Cup 2024/2025 ជាមួយក្រុម​ Dong A Thanh Hoa  នៅពហុកីឡដ្ឋាន Thanh Hoa Stadium នា​ល្ងាច​ម៉ោង​៦ ថ្ងៃ​ទី​២២ ខែមករា។

សម្រាប់ការ​​ប្រកួតសន្សំពិន្ទុ ជា​លើក​ទី​៤​​ជាមួយ​ក្រុម​ម្ចាស់​ផ្ទះ​វៀតណាម Dong A Thanh Hoa នេះ គ្រូ​បង្គោល​ក្រុម​ព្រះ​ខ័នរាជស្វាយ​រៀង លោក Pep Munoz បានចាត់ទុក​ជា​ការ​ប្រកួត​ផ្តាច់​ព្រ័ត្រ សម្រាប់​ក្រុម​របស់លោក ដើម្បី​បង្កើត​ឱ្យ​មានឱកាស​ឡើង​វិញ ក្នុង​ការ​ប្រជែងឡើង​ទៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់​ព្រ័ត្រ។

លោក​បានប្រាប់ប្រព័ន្ធ​ផ្សព្វ​ផ្សាយ នៅ​ព្រលាន​យន្ត​ហោះ​អន្តរជាតិ​ភ្នំពេញ កាលពី​ថ្ងៃ​ចន្ទ​ថា៖ «ការ​ជួប​​ក្រុម Dong A Thanh Hoa លើកនេះ វាដូចជា​ការ​ប្រកួត​ផ្តាច់ព្រ័ត្រ ព្រោះ​បើ​យើង​ឈ្នះ យើង​នឹង​មានឱកាស​ប្រជែង​ទៅវគ្គបន្ត ប៉ុន្តែ​បើ​យើងចាញ់ យើង​នឹង​ធ្លាក់ចេញ​ពីការ​ប្រកួតនេះ​ហើយ»។


គួរបញ្ជាក់ថា ការ​ប្រកួត​៣​លើក​កន្លងមក​នេះ ក្រុម​ព្រះខ័នរាជស្វាយ​រៀង ទើបមាន​៣ពិន្ទុ​ទេ ដោយ​ពួកគេ បាន​ឈ្នះក្រុម​ម្ចាស់​ផ្ទះ​របស់ម៉ាឡេស៊ី Terengganu FC ៣-២ កាលពី​ថ្ងៃទី​២១ ខែសីហា ប៉ុន្តែ​បាន​ចាញ់​ក្រុម​ម្ចាស់​ផ្ទះ BG Pathum United របស់​ថៃ ២-១ កាលពី​ថ្ងៃទី​២៥ ខែកញ្ញា ឆ្នាំ​២០២៤ និងបានបន្តចាញ់​ក្រុម​​ PSM Makassar FC របស់​ឥណ្ឌូនេស៊ី ១-០ សម្រាប់​ការ​ប្រកួត​ក្នុង​ដី​ខ្លួនឯង គឺ​នៅ​ពហុកីឡដ្ឋានជាតិ កាលពី​ថ្ងៃទី​៨ ខែមករា។

សម្រាប់​លទ្ធផលជាបណ្តោះ​អាសន្ន​នៅពេល​នេះ​ គឺ​​ក្រុមព្រះខ័នរាជស្វាយរៀង កំពុង​ស្ថិត​នៅលើ​មាត់​ជ្រោះ ដែល​ពួកគេ​ត្រូវយក​ឈ្នះ​លើ​ក្រុម Dong A Thanh Hoa ឱ្យ​បាន​ទើប​អាច​ស្រោច​ស្រង់ឱកាស​វិញ​បាន ប៉ុន្តែ​លោក Pep Munoz បាន​សរសេរ​ពី​កម្រិត​​លេង​របស់​ក្រុម​វៀតណាម​មួយ​នេះ ថា ​មានគុណ​ភាព​​ល្អ ហើយការ​រៀបចំក្រុម​ក៏បាន​ល្អ។


លោក Pep បានបញ្ជាក់ថា៖ «Dong A Thanh Hoa ជា​ក្រុម​ដ៏​ល្អមួយ ហើយកំពុងឈរ​នៅ​លេខ​១ ក្នុងលីគ​ប្រទេសរបស់​​គេ និង​ជា​​ក្រុមដែល​មិនទាន់ស្គាល់ការ​ចាញ់សោះ នៅ​ក្នុងការ​ប្រកួត ASEAN Club Championship Shopee Cup ដោយ​ពួកគេ​​ធ្វើ​បាន​ល្អមែនទែន អ៊ីចឹង​យើងបាន​​ផ្តោត​អារម្មណ៍​​ខ្លាំង និង​មានជំរុញ​ទឹក​ចិត្តមែនទែន ដល់​កីឡាករ​របស់​យើង សម្រាប់ជំនួប​នេះ»។

លោក Pep Munoz គ្រូ​បង្គោល​ក្រុម​ព្រះខ័នរាជស្វាយរៀង ពេល​ផ្តល់បទសម្ភាស​ឱ្យប្រព័ន្ធ​ផ្សព្វ​ផ្សាយ នៅព្រលាន​យន្ត​ហោះ​អន្តរជាតិ​ភ្នំពេញ កាលពី​ថ្ងៃ​ចន្ទ។ រូប​ថត ព្រះខ័ន​រាជស្វាយរៀង

សម្រាប់ការ​ប្រកួត​៣​លើក​មកនេះ ក្រុម Dong A Thanh Hoa បាន​យក​ឈ្នះក្រុម​ Shan United របស់មីយ៉ាន់ម៉ា ៣-១ ហើយបាន​ស្មើក្រុម​ម្ចាស់​ផ្ទះ Terengganu FC ២-២ និងស្មើ ១-១ ជាមួយ​ក្រុម​ម្ចាស់​ផ្ទះ​ BG Pathum United ធ្វើ​ឱ្យ​ពួកគេ កំពុង​ឈរ​នៅលេខ​២ ដោយ​មាន៥​ពិន្ទុស្មើ​ជាមួយក្រុម BG Pathum។

ជម្រើស​១១នាក់ដំបូង​របស់​ក្រុម​ព្រះខ័នរាជស្វាយរៀង ពេល​ប្រកួតចាញ់​ក្រុម Terengganu ១-០ នៅពហុកីឡដ្ឋានជាតិអូឡាំពិក កាលពី​ថ្ងៃទី​៨ ខែមករា។ រូប​ថត ព្រះខ័នរាជស្វាយ​រៀង

ចំណែក​ក្រុម PSM Makassar FC ឈរ​នៅកំពូល​តារាង​ មាន៧ពិន្ទុ​ខ្ពស់ជាងគេ ​​ហើយ​ក្រុម​ Terengganu ​មាន​៤ពិន្ទុ តាមពីក្រោយ​ដោយក្រុម​​ស្វាយរៀង មាន​៣ពិន្ទុ តែ​​ក្រុម Shan United របស់មីយ៉ាន់ម៉ា បានចាញ់​ទាំង​៣​ប្រកួត​ ហើយការ​មាន​គ្រាប់បាល់​ប្រដេញគ្នា​យ៉ាងប្រកៀកប្រកិតនេះ ​ធ្វើ​ឱ្យការ​ប្រកួត​ប្រជែង​ដណ្តើម​កៅ​អី ឡើង​ទៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ ប្រចាំ​ពូល​A នេះ កាន់តែ​​ឡើង​កម្តៅ។

កីឡាករ​ជាជម្រើស១១នាក់ដំបូង​របស់​ក្រុម Dong A Thanh Hoa ពេល​ប្រកួត​ស្មើ ១-១ ជាមួយក្រុម​BG Pathum United។ រូប​ថត BG Pathum

លោក Pep Munoz បាន​ធ្វើការ​ប្រៀប​ធៀបបែបនេះ​ថា៖ ​«​ទាំង​​​ក្រុម Dong A Thanh Hoa, BG Pathum និង Terengganu ​សុទ្ធតែជា​ក្រុម​ល្អ​ដូចគ្នា ប៉ុន្តែ​បើ​និយាយ​ពី​របៀប​​លេង គឺ  Thanh Hoa ធ្វើ​បាន​ល្អមែន​ទែន ហើយ​កាល​ប្រកួត​ស្មើ​ជាមួយ BG Pathum និង Terengganu គាត់គួរ​តែ​ឈ្នះ អ៊ីចឹង Thanh Hoa ជា​ក្រុម​ដ៏​អស្ចា្រ​មួយ​​នៅក្នុងពូល​Aនេះ ដែល​យើងត្រូវផ្តោតអារម្មណ៍​ឱ្យបានខ្លាំង​បំផុត ក្នុងការ​ប្រកួត​​ជាមួយ​គាត់»៕