ភ្នំពេញ៖ នាពេលថ្មីៗនេះ ព្រោះតែសេចក្តីស្រឡាញ់លើផ្នែកបច្ចេកវិទ្យា និងគ្រឿងបញ្ជាអេឡិចត្រូនិក តាំងពីតូចគួបផ្សំនឹងមានការបើកចិត្តទូលាយពីសំណាក់ឪពុកម្តាយផង ទើបជំរុញទឹកចិត្តឱ្យយុវជនម្នាក់ ដែលកំពុងតែរៀនថ្នាក់ទី១១ នៅវិទ្យាល័យជាស៊ីមសន្ធរម៉ុក អាចប្រើគំនិតខ្លួនឯងច្នៃ និងបង្កើតបានជារ៉ូបូត ១ គ្រឿង ប្រើតេឡេបញ្ជា ដើរលើផ្លូវក្រាលកៅស៊ូរាបស្មើ សម្រាប់ការសាកល្បងលើកដំបូងដោយជោគជ័យ។
ក្រោយពីប្រើពេលប្រមាណជិត ៣ ខែ យុវជន គា ស៊ុនបញ្ញា អាចបង្កើត និងច្នៃបានជារ៉ូបូត មានកម្ពស់ និងបណ្តោយប្រវែង ៦៥ សង់ទីម៉ែត្រ និងទទឹងប្រវែង ៤៥ សង់ទីម៉ែត្រ ដើរដោយចរន្តអគ្គិសនីបាន និងប្រើតេឡេបញ្ជា https://www.facebook.com/100001907340579/videos/pcb.5670693353004187/5670600943013428។
សម្រាប់ឆ្នាំ ២០២១ នេះ យុវជន គា ស៊ុនបញ្ញា ជាសិស្សរៀនថ្នាក់ទី១១ I2 នៃវិទ្យាល័យជាស៊ីមសន្ធរម៉ុក វ័យ ១៦ ឆ្នាំ ជាកូនពៅ ក្នុងចំណោមកូន ២ នាក់ (មានបងស្រី) នៃគ្រួសារ ដែលមានលោកឪពុកជាជាងធ្វើតុ ទូ ច្នៃពីដែកអ៊ីណុក និងមានម្តាយជាគ្រូបង្រៀនរូបវិទ្យា និងគីមីវិទ្យា ថ្នាក់ទី៧ នៅវិទ្យាល័យជាស៊ីមសន្ធរម៉ុក។
យុវជន គា ស៊ុនបញ្ញា ប្រាប់ភ្នំពេញ ប៉ុស្តិ៍ ពីការចាប់ផ្តើមច្នៃរ៉ូបូតនេះថា៖ «ដោយសារ នេះគឺជាការចាប់ផ្តើមនូវគំនិតច្នៃប្រឌិតដំបូង ទៅលើអ្វីដែលខ្លួនស្រឡាញ់ ក្នុងវ័យក្មេង កំពុងរៀននៅវិទ្យាល័យមានគំនិតខ្ចីនៅឡើយ ដូច្នេះរ៉ូបូតនេះ វាមិនទាន់មានភាពល្អរលូនត្រឹមត្រូវតាមបច្ចេកទេសឡើយ។ ជាពិសេស គឺការច្នៃកង់រត់របស់វានៅមិនទាន់ដើរស្រួលបានល្អដូចជារ៉ូបូតរបស់អ្នកច្នៃដែលជំនាញទេ។ តែវាជាអ្វីដែលខ្ញុំស្រឡាញ់ ទើបខ្ញុំចង់សាកល្បងវាឡើង ហើយការសាកល្បងបានប៉ុននេះ ក៏ចាត់ទុកជាជោគជ័យសម្រាប់ខ្លួនឯង ១ ជំហានផងដែរ នាពេលនេះ»។
យុវជន គា ស៊ុនបញ្ញា ក៏បានប្រាប់ពីរយៈពេល និងការចំណាយប្រាក់ទៅលើការច្នៃរ៉ូបូតរបស់ខ្លួននេះថា៖ «ចំពោះការគិតវិញ គឺខ្ញុំបានគិតវាជាយូរយារមកហើយដែរ តែសម្រាប់ការចាប់ផ្តើមច្នៃតែម្តងនោះ គឺបានប្រើពេលវេលាជិត ៣ ខែ និងបានចំណាយប្រាក់ប្រមាណ ៣០០-៤០០ ដុល្លារ ក្នុងការទិញគ្រឿងនានា ដើម្បីយកមកច្នៃរ៉ូបូតនេះ។ ខ្ញុំគ្រាន់តែចំណាយប្រាក់ទៅទិញម៉ូទ័រ កង់រ៉ូបូត និងខ្សែពានសម្រាប់ភ្ជាប់ពីម៉ូទ័រ និងកង់ ហើយវាជាប្រភេទរ៉ូបូត ដែលប្រើតេឡេបញ្ជាឱ្យដើរ។ ពេលដំបូង គ្រាន់តែគិតថា ចង់ច្នៃវា [រ៉ូបូត] អាចដឹកអ្វីមួយជំនួសការប្រើកម្លាំងមនុស្សបាន»។
បើតាមការរៀបរាប់ និងការតាំងចិត្តចំពោះមហិច្ឆតា ចង់បង្កើតឱ្យបានសម្រេចជារ៉ូបូត https://www.facebook.com/100000607842901/videos/pcb.4403347903028761/4403340829696135 តាមស្តង់ដានៃបច្ចេកទេសវិស្វកម្មនោះ យុវជន គា ស៊ុនបញ្ញា ក៏ត្រូវតែរង់ចាំពេលខ្លួនមានចំណេះដឹងបន្ថែមទៀតសិន ដ្បិតអី រូបខ្លួននៅមានចំណេះដឹងក្មេងខ្ចីនៅឡើយ និងម្យ៉ាងទៀតខ្លួន ក៏ត្រូវត្រៀមសម្រាប់ការសិក្សាបញ្ចប់ថ្នាក់ទី ១២ ឆ្នាំក្រោយ [ឆ្នាំ ២០២២] សិនដែរ ទើបបន្តគិតពីច្នៃរ៉ូបូតនេះ។
យុវជន គា ស៊ុនបញ្ញា មានគំនិតសុទិដ្ឋិនិយមសម្រាប់ក្តីសង្ឃឹមបន្តការច្នៃរ៉ូបូតខ្លួននៅពេលខាងមុខដែរថា៖ «ចំពោះពេលទៅថ្ងៃខាងមុខ អាចបន្ទាប់ពីខ្ញុំរៀនចប់វិទ្យាល័យ និងបន្តការសិក្សានៅមហាវិទ្យាល័យលើជំនាញនេះបន្ថែមសិន ដើម្បីធ្វើយ៉ាងណាឱ្យខ្លួនឯងអាចមានចំណេះដឹងច្រើនទៅលើផ្នែកវិស្វកម្ម។ ខ្ញុំគិតថា នឹងបន្តការច្នៃរ៉ូបូតរបស់ខ្ញុំឱ្យបានសម្រេចជារ៉ូបូតមួយ ដែលអាចប្រើប្រាស់បាន និងអាចដើរដោយរលូនបាន គឺអាចរត់ដើរនៅលើផ្លូវរាបស្មើសម្រាប់ការដឹកអីវ៉ាន់ពីផ្សារទំនើបតូចៗ នៅក្នុងតំបន់នានានៅក្នុងតំបន់នៃផ្ទះបុរីរបស់យើងរស់នៅបាន ដើម្បីជួយសម្រួលកម្លាំងមនុស្សពេលយួរ ឬដឹកទំនិញក៏ដូចជាអីវ៉ាន់ជាដើម»។
ក្រោយពីអាចសម្រេចបាននូវក្តីស្រមៃជាលើកដំបូងនៅក្នុងគ្រាចាប់ផ្តើមកិច្ចការដែលខ្លួនស្រឡាញ់ បើទោះបីជាយើងមានវ័យក្មេងខ្ចី និងរៀននៅកម្រិតសិក្សាថ្នាក់វិទ្យាល័យក្តី ក៏យុវជន គា ស៊ុនបញ្ញា មានសំណូមពរ និងចង់ឃើញយុវជនផ្សេងពីខ្លួនអាចសម្រេចក្តីសុបិនតាមចំណូលចិត្តដូចជារូបខ្លួនផងដែរ https://www.facebook.com/100000607842901/videos/pcb.4403347903028761/4403340566362828។
សិស្សវិទ្យាល័យ ជាស៊ីមសន្ធរម៉ុក ថ្នាក់ទី១១ E2 គា ស៊ុនបញ្ញា ក៏បានបង្ហើបជាសារផ្តាំផ្ញើទៅដល់ក្រុមយុវជនខ្មែរ ដែលមានវ័យស្របាលៗខ្លួនថា៖ «ខ្ញុំគិតថា ទោះបីជាយើងក្មេងមែន តែប្រសិនបើយើងមានគំនិតគិតចង់ច្នៃអ្វីមួយ ឬចង់បង្កើតអ្វីមួយតាមក្តីស្រឡាញ់យើងនោះ គឺយើងអាចសាកល្បងវាទៅ ហើយកុំគិតថា ខ្លាចខ្លួនឯងធ្វើវាមិនបានឱ្យសោះ។ ហើយការសាកល្បងនេះ ទោះបីជាវាបានសម្រេច ឬមិនបានសម្រេចក្តី គឺយើងត្រូវចាត់ទុកវាថា គឺជាការបង្កើតបាននូវបទពិសោធ៍សម្រាប់ទុកឱ្យខ្លួនឯងផងដែរ»។
ចំពោះភាពភ្ញាក់ផ្អើលលើការច្នៃជារ៉ូបូត ដែលដើរដោយចរន្តអគ្គិសនី ប្រើតេឡេបញ្ជាជាលើកដំបូងពីសំណាក់យុវជន គា ស៊ុនបញ្ញា ជាសិស្សកំពុងតែរៀនថ្នាក់ទី១១ នៅវិទ្យាល័យជាស៊ីមសន្ធរម៉ុក បានផុសចេញបណ្តាញសង្គមហ្វេសប៊ុកមួយ ដែលមានឈ្មោះថា Sunrangsey Kea កាលពីដើមខែមិថុនា ឆ្នាំ ២០២១ កន្លងមកថ្មីៗនេះ៕