ភ្នំពេញ៖ លោក វឿន យង់អាន ​ជា​និស្សិត​មក​ពី​ខេត្ត​សៀមរាប​ ដែល​មាន​ចិត្ត​ស្រឡាញ់​ ចង់​ចេះ​ចង់​ដឹង​ពី​ការ​បង្កើត​​មនុស្ស​យន្ត​​មក​រហូត​។

ក្ដី​ស្រមៃ​​ធំ​រុញ​ច្រាន​ឱ្យ​មាន​​​សកម្មភាព​​ធ្វើ​ឱ្យ​លោក​មិន​ត្រឹមតែ​មាន​​ឱកាស​​ជាប់​អាហារូបករណ៍​ទៅ​រៀន​នៅ​រុស្ស៊ី​ផ្នែក​មេកាត្រូនិក​ប៉ុណ្ណោះ​ទេ ប៉ុន្ដែ​ថែម​ទាំង​​ត្រៀម​ហោះហើរ​ទៅ​បន្ត​ថ្នាក់​បណ្ឌិត​នៅ​ប្រទេស​កូរ៉េ​ខាង​ត្បូង​នូវ​ផ្នែក​បច្ចេកវិទ្យា​រ៉ូបូត​សម្រាប់​វេជ្ជសាស្រ្ត​ឆាប់ៗ​នេះ​។


ដោយ​លោក​សង្ឃឹម​ថា​ ក្រោយ​ពី​រៀន​ចប់​ លោក​នឹង​អាច​យក​ចំណេះដឹង​​មក​ចែកចាយ​ ក៏​ដូចជា​បង្កើត​មនុស្សយន្ត​ដូច​ក្តីស្រមៃ​​ជួយ​​​វិស័យ​សុខាភិបាល​នៅ​កម្ពុជា។


លោក វឿន យង់អាន​ បាន​រំឭក​ប្រាប់​​ ភ្នំពេញ​ ប៉ុស្តិ៍​ ពី​ចំណុច​​ដែល​លោក​​បាន​ទៅ​រៀន​នៅ​ប្រទេស​រុស្ស៊ី​ថា៖ «បន្ទាប់​ពី​បញ្ចប់​ថ្នាក់​វិទ្យាល័យ​នៅ​សៀមរាប​ ខ្ញុំ​បាន​មក​រៀន​បន្ត​នៅ​ភ្នំពេញ​ឯ​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា។ ក្រៅ​ពី​រៀន​តាម​​កម្មវិធី​សាលា​ ខ្ញុំ​ក៏​ស្រាវជ្រាវ​រៀន​តាម​អនឡាញ​ទាក់ទង​នឹង​ផ្នែក​អេឡិចត្រូនិក​ក្នុង​ការ​បង្កើត​មនុស្ស​យន្ត»។


យុវជន​វ័យ ២៦ ​ឆ្នាំ​រូប​នេះ​ បន្ត​ថា​៖ «នៅ​កម្ពុជា​ជំនាញ​នេះ​មិន​ទាន់​មាន។ ​តែ​ថ្ងៃ​មួយ​ខ្ញុំ​ប្រទះ​ឃើញ​ក្រសួង​ផ្ដល់​អាហារូបករណ៍​ទៅ​រុស្ស៊ី​ពី​ផ្នែក​មេកាត្រូនិក​​ ដែល​វា​គឺ​ជា​បណ្ដុំ​មុខ​វិជ្ជា​ខ្ញុំ​ស្រឡាញ់​តែ​ម្ដង ​ទាំង​អេឡិចត្រូនិក មេកានិច និង​ការ​បង្កើត​កម្មវិធី​។ បន្ទាប់​ពី​ដាក់​ពាក្យ​ប្រឡង​ជាប់​ខ្ញុំ​បាន​មក​រុស្ស៊ី​នៅ​ឆ្នាំ ២០១៤​»។


មក​ដល់​រុស្ស៊ី​ដំបូង​ អ្វី​ដែល​លំបាក​បំផុត​សម្រាប់​លោក ​គឺ​កត្តា​អាកាសធាតុ​ត្រជាក់​ខ្លាំង​​ពេញ​​ ៨​ ខែ​ ​ក្នុង ១ ​ឆ្នាំ ​ជា​ហេតុ​​ធ្វើ​ឱ្យ​លោក​ពិបាក​សម្រប​ខ្លួន​ក្នុង​ការ​រស់នៅ​។​


មួយ​ទៀត​នោះ​ គឺ​កត្តា​ជីវភាព​ ព្រោះ​ប្រាក់​ឧបត្ថម្ភ​ទាប​ដែល​ចាំបាច់​​ឱ្យ​​ក្រុម​គ្រួសារ​ផ្ញើ​មក​ជា​រឿយៗ​។

ធ្មេច​បើកៗ​ ៧ ​ឆ្នាំ​កន្លង​ផុត ​ពេល​នេះ​ និស្សិត​សាកលវិទ្យាល័យ Innopolis University ដែល​ជា​សាលា​ល្បី​ខាង​សិក្សា និង​ស្រាវជ្រាវ​ផ្នែក​ព័ត៌មានវិទ្យា និង​រ៉ូបូត​នៅ​រុស្សី​នោះ បាន​បញ្ចប់​ការ​សិក្សា​​ទាំង​ថ្នាក់​បរិញ្ញាបត្រ​ និង​អនុបណ្ឌិត។ ​

យុវជន យង់អាន​ បាន​រៀបរាប់​អំពី​​បទពិសោធ​​​ជីវិត​ជា​និស្សិត​នេះ​ថា៖ «ខ្ញុំ​រីករាយ​គ្រប់​នាទី​ដែល​នៅ​ទីនេះ​។ ខ្ញុំ​ចូលចិត្ត​ធ្វើ​ដំណើរ​ទៅ​តំបន់​ផ្សេងៗ​ រៀន​អំពី​វប្បធម៌ អាន​អក្សរសិល្ប៍​ និង​ប្រលោម​លោក​ដ៏​អស្ចារ្យ​របស់​ប្រទេស​ពួក​គេ»។

លោក​បាន​បន្ដ​ថា៖ «វា​បាន​បង្កើត​​នូវ​អនុស្សាវរីយ៍​រាប់​មិន​អស់​ ជាពិសេស​​​ពេល​វេលា​ជាមួយ​មិត្តភក្តិ​។ ប្រទេស​រុស្ស៊ី​បាន​ផ្តល់​ឱ្យ​ខ្ញុំ​មិន​ត្រឹម​តែ​ក្រដាស​សញ្ញាបត្រ​ប៉ុណ្ណោះ​ទេ ​ប៉ុន្តែ​ជីវិត​ដ៏​ពោរពេញ​ដោយ​បទពិសោធ​ថែម​ទៀត​​»។

លោក​ យង់អាន​ ក៏​បាន​ជាប់​អាហារូបករណ៍​បន្ត​ថ្នាក់​បណ្ឌិត​ ៤ ​ឆ្នាំ​ទៀត​នៅ​​ប្រទេស​កូរ៉េ​ខាង​ត្បូង​ផ្នែក​បច្ចេកវិទ្យា​រ៉ូបូត​សម្រាប់​វេជ្ជសាស្រ្ត​ ដែល​នឹង​​ចាប់​ផ្ដើម​ការ​សិក្សា​នៅ​ថ្ងៃ​ទី ១ ខែ​កញ្ញា ​​ខាង​មុខ​នេះ។

​លោក វឿន យង់អាន និស្សិត​សាកលវិទ្យាល័យ Innopolis University ចូលរួម​វេទិកា Digital Transformation Forum។ រូបថត សហ​ការី

លោក​បាន​លើក​ឡើង​ថា និយាយ​ឱ្យ​ត្រង់​ទៅ​លោក​មិន​ធ្លាប់​មាន​ចិត្ត​ចង់​បន្ត​មុខ​ជំនាញ​ដោយ​មាន​ការ​ពាក់ព័ន្ធ​ជាមួយ​នឹង​វេជ្ជសាស្រ្ត​ទេ​។

យុវជន​រូប​នេះ​ច្រើន​ផ្ដោត​តែ​ទៅ​លើ​ការ​អភិវឌ្ឍ​រូបមន្ត​ ការ​គ្រប់គ្រង​ចលនា​សម្រាប់​មនុស្សយន្ត​ ជាពិសេស​មនុស្សយន្ត​ឧស្សាហកម្ម​ និង​ជើង-​មនុស្ស​យន្ត​ ដែល​មាន​សណ្ឋាន​ដូច​សត្វ​ និង​មនុស្ស​។

យ៉ាងណាមិញ​ គំនិត​របស់​លោក​ត្រូវ​បាន​ប្ដូរ​នៅ​ពេល​លោក​សិក្សា​​ថ្នាក់​អនុបណ្ឌិត​។

យុវជន យង់អាន បាន​រំឭក​ប្រាប់​ថា៖ «ពេល​មក​ដល់​ឆ្នាំ​ដំបូង​នៅ​ថ្នាក់​អនុបណ្ឌិត ខ្ញុំ​ត្រូវ​ការ​ស្រាវជ្រាវ​អំពី​គំរូ​គណិតវិទ្យា​សម្រាប់​ជើង​មនុស្សយន្ត​ផ្សេងៗ​។ ការ​ស្រាវជ្រាវ​នេះ​ មាន​តំណ​ភ្ជាប់​ជាច្រើន​ទាក់ទង​ជាមួយ​មនុស្សយន្ត​​ក្នុង​វេជ្ជសាស្រ្ត​»។​

លោក​បន្ត​ថា៖ ​«វា​មាន​ន័យ​ថា​ ខ្ញុំ​អាច​ពង្រីក​ការ​ស្រាវជ្រាវ​របស់​ខ្ញុំ​ ដើម្បី​អភិវឌ្ឍ​មនុស្សយន្ត​ និង​ឧបករណ៍​ដើម្បី​ជួយ​មនុស្ស ​និង​អ្នក​ជំងឺ​។ ដូច​នេះ​​ហើយ​មូលហេតុ​ចម្បង​ដែល​ខ្ញុំ​សម្រេច​ចិត្ត​ជ្រើសរើស​មនុស្សយន្ត​វេជ្ជសាស្ត្រ​ គឺ​ព្រោះ​វា​នឹង​ជួយ​ផ្ទាល់​ដល់​​មនុស្ស​»។

ថ្វី​ដ្បិត​ថា​ផ្លូវ​នៅ​វែង​ឆ្ងាយ​ទៀត​ក្នុង​ការ​បង្កើត​ឱ្យ​មនុស្សយន្ត​វេជ្ជសាស្រ្ត​ ដែល​យុវជន ​​​វឿន យង់អាន ​កំពុង​តែ​ធ្វើ​គម្រោង​ និង​​ធ្វើ​ការ​ស្រាវជ្រាវ​ឱ្យ​លេច​​ជា​រូបរាង តែ​លោក​បាន​បង្ហើប​ឱ្យ​ដឹង​​ពី​គំនិត​ស្រាវជ្រាវ ២ ​ក្នុង​ការ​បង្កើត​ឱ្យ​វា​ជួយ​មនុស្ស​។

លោក​រៀប​រាប់​ថា ទី១ ​លោក​នឹង​ផ្ដោត​ទៅលើ​ការ​ធ្វើ​ឱ្យ​មនុស្សយន្ត ​ឬ​ប្រព័ន្ធ​បច្ចេកវិទ្យា​វៃឆ្លាត​ជួយ​ក្នុង​ការ​វះកាត់​។ ទី២ ​លោក​មាន​បំណង​អនុវត្ត​បច្ចេកវិទ្យា​នៃ​ជើង​មនុស្សយន្ត​ ដែល​អាច​ពាក់​បាន​សម្រាប់​អ្នក​ពិការ​។

យុវជន​សិក្សា​ជំនាញ​នៃ​អនាគត​​ដ៏​ជឿនលឿន​រូប​នេះ បាន​បញ្ជាក់​ប្រាប់​​​ថា​៖ «បន្ទាប់​ពី​បញ្ចប់ការ​សិក្សា​នៅ​កូរ៉េ​ ខ្ញុំ​នឹង​វិលត្រឡប់​មក​ប្រទេស​កម្ពុជា​វិញ ​និង​សង្ឃឹម​ថា ​អាច​នាំ​យក​តិចណូឡូជី​ទំនើប​ថ្មី​មក​ជួយ​ក្នុង​វិស័យ​សុខាភិបាល។ ខ្ញុំ​លើក​ទឹកចិត្ត​ឱ្យ​បងប្អូន​​រៀន​មុខ​ជំនាញ​មនុស្សយន្ត​ ព្រោះ​វា​ជា​មុខ​វិជ្ជា​ដ៏​រីករាយ​មួយ​ និង​ជា​សក្ដានុពល​ក្នុង​ការ​អភិវឌ្ឍ​ប្រទេស​យើង​​ជាច្រើន​ផ្នែក ​ដូចជា​លើ​វិស័យ​កសិកម្ម ការ​ផលិត និង​វេជ្ជសាស្រ្ត​ជាដើម​»។

យុវជន​មក​ពី​ខេត្ដ​សៀមរាប លោក​ វឿន យង់អាន ក៏​បាន​​ផ្ដាំ​ផ្ញើ​ទៀត​ដែរ​ថា​៖ «ខ្ញុំ​ចង់​ឱ្យ​គ្រប់​គ្នា​មាន​ក្ដី​សុបិន​ធំ​ ពី​ព្រោះ​មិន​ថា​វា​ធំ​ប៉ុនណា វាហាក់​មិន​អាច​​ទៅ​រួច​យ៉ាងណា បើ​អ្នក​ដើរ​ទៅ​រក​វា​ អ្នក​នឹង​រក​ឃើញ​ផ្លូវ​»៕