ក្រុងតូក្យូ៖ លោក មីឈីអុ អ៊ីម៉ៃ ​បាន​ធ្វើ​គារវៈ​ភ្ញៀវ តែ​មិន​មែន​ទល់​មុខ​គ្នា​នោះ​ទេ។ លោក​នៅ​ឆ្ងាយ​រាប់​រយ​គីឡូម៉ែត្រ​ពី​ហាង និង​​សន្ទនា​តាម​ប្រតិបត្ដិការ​រ៉ូបូត​រត់តុ​ ដែល​ជា​ផ្នែក​មួយ​នៃ​ការ​ពិសោធ​​វិស័យ​ការងារ​។

ការ​ដាក់​ដំណើរការ​រ៉ូបូត​នៅ​ហាង​កាហ្វេ​ Dawn ​​ត្រូវ​បាន​ធ្វើ​ឡើង​ដោយ​មាន​បំណង​បង្ហាញ​ភាព​ប៊ិន​ប្រសប់​ ទំនាក់ទំនង និង​​​ឱកាស​ការងារ​ដល់​អ្នក​ដែល​ពិបាក​ធ្វើ​ការ​ក្រៅ​ផ្ទះ​។


រ៉ូបូត​ពណ៌​ស​ ដែល​មាន​រូប​រាង​ស្រដៀង​នឹង​កូន​សត្វ​​ភេនឃ្វីន បាន​ស្រែក​ពី​ច្រក​ចូល​ ដោយ​បែរ​មុខ​រក​ភ្ញៀវ​ និង​លើក​ដៃ​គ្រវី​រាក់ទាក់​ថា​៖ «សួស្ដី! សុខ​សប្បាយ​ជា​ទេ?»។


លោក អ៊ីម៉ៃ ស្ថិត​នៅ​ពី​ក្រោយ​នៃ​ការ​គ្រប់គ្រង​រ៉ូបូត​ពី​ផ្ទះ​របស់​លោក​នៅ​ហ៊ីរ៉ូស៊ីម៉ា ចម្ងាយ​ប្រមាណ ៨០០ ​គីឡូម៉ែត្រ​។ លោក​ជា​បុគ្គលិក​ម្នាក់​ចំណោម ៥០ ​នាក់ ដែល​មាន​ពិការភាព​ទាំង​រាង​កាយ និង​សតិ​ស្មារតី​ ហើយ​អាច​បម្រើ​ការងារ​នៅ​ហាង​កាហ្វេ Dawn បញ្ជា​​រ៉ូបូត​ពី​ផ្ទះ​។


ហាង​កាហ្វេ​នេះ បាន​បើកទ្វារ​នៅ​ក្នុង​ខណ្ឌ​នីហុនបាស៊ិ ភាគ​កណ្ដាល​ក្រុង​តូក្យូ កាល​ពី​ខែ​មិថុនា និង​បាន​ជួល​បុគ្គលិក​នៅ​ទូទាំង​ប្រទេស​ជប៉ុន និង​បរទេស ខ្លះ​ធ្វើ​ការ​ពី​ផ្ទះ​ និង​ខ្លះ​​​ធ្វើ​ការ​នៅ​ហាង​ផ្ទាល់​។


តាម​ពិត ហាង​នេះ​គ្រោង​នឹង​បើក​ទ្វារ​តាំង​ពី​ឆ្នាំ​មុន​ ដើម្បី​ឱ្យ​ត្រូវ​នឹង​ព្រឹត្ដិការណ៍​ប៉ារ៉ាឡាំពិក តែ​ការ​បើក​សម្ពោធ​ត្រូវ​បាន​ពន្យារ​ពេល​ដោយសារ​វិបត្ដិ​កូវីដ មិន​ខុស​ពី​ព្រឹត្ដិការណ៍​កីឡា​ ដែល​ចាប់​ផ្ដើម​នៅ​ថ្ងៃ​អង្គារ។


រ៉ូបូត​តូចៗ​ប្រមាណ ២០​ គ្រឿង​ រំលេច​កែវ​ភ្នែក​ដូច​គ្រាប់​ពេជ្រ អង្គុយ​នៅ​លើតុ ហើយ​រ៉ូបូត​ខ្លះ​ទៀត​នៅ​ឈរ​កន្លែង​ផ្សេងៗ​ទៀត​នៃ​ហាង ដែល​គ្មាន​ជណ្ដើរ តែ​មាន​ជម្រាល​រលោង​ ធំល្មម​សម្រាប់​រទេះ​កៅអី​។

លោក ឃេនតារ៉ូ យូស៊ីហ្វីជិ ម្ចាស់ហាងកាហ្វេ Dawn ក្នុងក្រុងតូក្យូ​​។ រូបថត AFP

គ្រឿង​ម៉ាស៊ីន​ឈ្មោះ OriHime បំពាក់​កាមេរ៉ា មីក្រូហ្វូន និង​គ្រឿង​បំពង​សំឡេង ​ដើម្បី​ឱ្យ​អ្នក​បញ្ជា​ធ្វើ​ការ​ទាក់ទង​ជាមួយ​ភ្ញៀវ​ពី​ចម្ងាយ​។

រ៉ូបូត​មួយ​បាន​សាកសួរ​ដោយ​បង្ហាញ​អេក្រង់​ថេប្ល៊ិត​តារាង​ម្ហូប​ប៊ឺហ្គ័រ ការី និង​ញាំ​ថា​៖ «​តើ​ខ្ញុំ​អាច​ទទួល​ការ​កុម្ម៉ង់​ពី​លោក​បាន​ហើយ​ឬនៅ?»។

ពេល​អតិថិជន​ជជែក​ជាមួយ​អ្នក​បញ្ជា​រ៉ូបូត​តូចៗ រ៉ូបូត​ធំៗ​ចំនួន ៣ ​គ្រឿង បំផ្លាស់ទី​តាម​តុ​ភ្ញៀវ​ដើម្បី​បម្រើ​ភេសជ្ជៈ ឬ​ស្វាគមន៍​ភ្ញៀវ​នៅ​ច្រក​ចូល​។ នៅ​មាន​រ៉ូបូតពាក់​អៀម​​ឆុង​កាហ្វេ​​អាច​មាន​សមត្ថភាព​ឆុង​កាហ្វេ​ជាមួយ​ឧបករណ៍​ស្ទីល​បារាំង។

គម្រោង​នេះ ​គឺ​ជា​គំនិត​របស់​ លោក ឃេនតារ៉ូ យូស៊ីហ្វីជិ ជា​សហគ្រិន​ ​​ជា​សហស្ថាបនិក​ក្រុមហ៊ុន Ory Laboratory ក្រោយ​ពី​លោក​រង​នូវ​បញ្ហា​សុខភាព​តាំង​ពី​កុមារភាព​ ដែល​ធ្វើ​ឱ្យរូប​លោក​មិន​អាច​ចូល​សាលារៀន​បាន​។ លោក​ចាប់​ផ្ដើម​គិត​ពី​វិធី​នាំ​មនុស្ស​ទៅ​កាន់​កន្លែង​ការងារ​ បើ​ទោះ​បីជា​ពួក​គេ​មិន​អាច​ចាកចេញ​ពី​ផ្ទះ​។

បុរស​អាយុ ៣៣ ​ឆ្នាំ​រូប​នេះ បាន​និយាយ​ថា​៖ «​ខ្ញុំ​កំពុង​គិត​ពី​វិធី​ដែល​​អ្នក​មាន​ពិការភាព​​អាច​ជ្រើសរើស​ការងារ​ ពេល​ពួក​គេ​ចង់​ធ្វើ​ការ​។ នេះ​ជា​ទីកន្លែង​ដែល​មនុស្ស​អាច​ចូលរួម​ក្នុង​កិច្ចការ​សង្គម​»៕ AFP/HR