ក្រុងដូហា៖ សមាជិក ៩ នាក់នៃក្រុមរ៉ូបូតនារីអាហ្វហ្កានីស្ថានសុទ្ធ ដែលត្រូវបានជម្លៀសពីទីក្រុងកាប៊ុលទៅកាន់ទីក្រុងដូហា បានកសាងកេរ្ដិ៍ឈ្មោះ និងទាក់ទាញមហាជនបន្ទាប់ពីភៀសខ្លួនពីមាតុភូមិកំណើត។
ពេលនេះ ដោយបានវិលចូលវិស័យអប់រំវិញ និងកំពុងមមាញឹកក្នុងការប្រកួតរ៉ូបូតសកលលោក ក្រុមនារីទាំងនោះបានបារម្ភពីអនាគតរបស់ពួកគេ តែសង្ឃឹមថា ពួកគេអាចវិលទៅកាន់មាតុភូមិវិញនៅថ្ងៃណាមួយ។
ជាសមាជិកម្នាក់ កញ្ញា អាយដា ហេដាពួរ អាយុ ១៧ ឆ្នាំ ដែលចាប់យកជំនាញវិស្វកម្មឌីជីថលពេលលេងហ្គេម Mario តាំងពីកុមារភាព បាននិយាយថា ពិបាកណាស់ក្នុងការចូលរួមកម្មវិធីអ្វីមួយនៅអាហ្វហ្កានីស្ថាន តែរំពឹងថានឹងបានវិលទៅបើកសាលា STEM (វិទ្យាសាស្ដ្រ បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យា) ដំបូងបំផុតក្នុងប្រទេស។
យុវតីរូបនេះ បាននិយាយទាំងទឹកមុខញញឹមញញែមថា៖ «ជីតារបស់ខ្ញុំធ្លាប់សួរខ្ញុំជាច្រើនសំណួរអំពីថេប្លេត និងទូរស័ព្ទ»។
ហេដាពួរ ដែលមានបងប្អូន ៣នាក់រស់នៅក្នុងប្រទេសកំណើត បានបន្ដថា៖ «នៅអាហ្វហ្កានីស្ថាន រ៉ូបូតគឺជាមុខវិទ្យាថ្មីបំផុត ជាពិសេស សម្រាប់ស្ដ្រី»។
ម្ដាយរបស់នាងបានធ្វើជាគ្រូបង្រៀននៅវិទ្យាល័យស្ដ្រីមួយ តែទីឋានអប់រំនេះនៅមិនទាន់បើកទ្វារនៅឡើយទេ ក្រោយការដួលរលំរបស់រដ្ឋាភិបាលក្នុងកណ្ដាប់ដៃក្រុមតាលីបង់កាលពីខែមុន។
តាលីបង់បានហាមឃាត់ស្ដ្រីមិនឱ្យចេញធ្វើការ និងទទួលការអបរំ ដោយបង្ខំពួកគេឱ្យនៅតែផ្ទះអំឡុងពេលកាន់កាប់ប្រទេសអាហ្វហ្កានីស្ថានចន្លោះឆ្នាំ ១៩៩៦ ដល់ឆ្នាំ ២០០១។
កាលពីសប្ដាហ៍មុន ក្រុមតាលីបង់បានប្ដេជ្ញាថា ស្ដ្រីនឹងត្រូវបានអនុញ្ញាតឱ្យចូលរៀនវិញ ថ្វីដ្បិតតែពួកគេបច្ចុប្បន្ននេះត្រូវបានផាត់ចេញពីបញ្ជីសិស្សយ៉ាងណាក៏ដោយ ដោយអ្នកនាំពាក្យម្នាក់បាននិយាយថា ត្រូវការពេលវេលាបន្ថែមទៀត។
ខណៈយុវតី ហេដាពួរ មានក្ដីសុបិនចង់ធ្វើការក្នុងក្រុមហ៊ុនយក្ស Microsoft នៅថ្ងៃណាមួយ កញ្ញាក៏នៅតែចចេសថា កញ្ញាចង់វិលទៅកាន់មាតុភូមិកំណើតវិញ និងធ្វើកិច្ចការបម្រើពលរដ្ឋខ្លួន»។
ក្រុមយុវតីដែលត្រូវបានជម្លៀសទៅកាន់ប្រទេសកាតាទាំងនេះ ត្រូវបានបញ្ជូនទៅសិក្សានៅវិទ្យាស្ថានចំនួន ៣ ទៅតាមបំណងប្រាថ្នាលើមុខវិជ្ជា ជាមួយអាហារូបករណ៍មួយរយភាគរយដែលផ្ដល់ដោយរដ្ឋាភិបាលក្រុងដូហា។
មិត្ដរួមថ្នាក់ខ្លះបន្ដនៅក្នុងប្រទេសអាហ្វហ្កានីស្ថាន ខណៈអ្នកខ្លះទៀតបានទៅដល់ប្រទេសម៉ិកស៊ិក និងអេមីរ៉េត អារ៉ាប់រួម។ ប៉ុន្ដែ កញ្ញា ហេដាពួរ នៅតែបារម្ភអំពីអនាគតរបស់ខ្លួន និងការអប់រំរបស់ស្ដ្រីក្នុងប្រទេសខ្លួន។
យុវតីបានបន្ដថា៖ «តើនឹងមានរឿងអ្វីកើតឡើងចំពោះអាហ្វហ្កានីស្ថាន? វាពិតជាលំបាកណាស់ដែលនឹងមើលឃើញប្រទេសយើងស្ថិតក្នុងស្ថានភាពបែបនេះ»៕ AFP/HR