​ភ្នំពេញ: ស្ថិតក្នុង​ចំណោម​យុវជន ២០០ ​ក្រុម មកពី ៦៥ ​ប្រទេស ចូលរួម​ការប្រកួត​រ៉ូ​បូត​អូ​ឡាំ​ព្យ៉ា​ដ​ពិភពលោក (World Robot Olympiad) ក្រុម​កម្ពុជា Energific មាន​សមាជិក ៣ ​នាក់ បានទទួល​ចំណាត់ថ្នាក់​លេខ​ ១២ ក្នុងការ​បង្កើត​រ៉ូ​បូត អនាគត​នៃ​ថាមពល​ស្អាត តាមរយៈ​ការជាន់ ឬ​សង្កត់​ដែល​អាច​បង្កើតជា​អគ្គិសនី​។​

​រ៉ូ​បូត​អូ​ឡាំ​ព្យ៉ា​ដ គឺជា​ការប្រកួត​ជាស​កល​ផ្ដោតលើ​បច្ចេកវិទ្យា​វិទ្យា​សាស្ត្រ និង​ការអប់រំ ដែល​ផ្តល់ឱ្យ​សិស្ស​ចាប់ពី​អាយុ ១២-១៩ ​ឆ្នាំ នូវ​ឱកាស​អភិវឌ្ឍន៍ភាព​ច្នៃប្រឌិត និង​ជំនាញ​ដោះស្រាយ​បញ្ហា​តាមរយៈ​ការ​​បង្កើត​មនុស្ស​យន្ត ដើម្បី​ជំរុញ​អនាគត​នៃ​វិស្វករ និង​អ្នក​ច្នៃ​បង្កើត​ថ្មី​។


​ឆ្នាំនេះ​ការប្រកួត​រ៉ូ​បូត​លំដាប់​ពិភព​លោក​ត្រូវបានធ្វើ​អន​ឡាញ​ចន្លោះ​ថ្ងៃទី​ ១៨ ដល់ ​២១ ខែវិច្ឆិកា​។​


​កញ្ញា សោម តុលា គ្រូបង្វឹក​ក្នុង​កម្មវិធី Juniper និង​អ្នករៀបចំ​ព្រឹត្តិ​​ការណ៍​ក្នុង​ការប្រកួត រ៉ូ​បូត​អូ​ឡាំ​ព្យ៉ា​ដ ប្រាប់ ភ្នំពេញ ប៉ុស្តិ៍ថា សិស្ស​ជាច្រើន​បានទទួល​ជំនាញ​ទាំងនេះ ក្នុងអំឡុង​​ពេល ដែល​ស្ថានទូត​អង់គ្លេស​បាន​បង្កើត​វគ្គ​បណ្ដុះបណ្ដាល រ៉ូ​បូត​ទិ​ក​អន​ឡាញ «​រ៉ូ​បូត អនាគត​នៃ​ថា​ម​​ពល​» ដែល​ធ្វើឡើង​កាលពី​ខែកក្កដា​-​កញ្ញា ឆ្នាំ ​២០២១​។


​គ្រូបង្វឹក និង​អ្នករៀបចំ​ព្រឹត្តិការណ៍​ក្នុងការ​ប្រកួត រ៉ូ​បូត​អូ​ឡាំ​ព្យ៉ា​ដ​រូបនេះ​ក៏បាន​បង្ហាញ​ពី​ភាព​រីករាយ ដែលថា​៖ «​ដំណើរការ​កម្មវិធី​នេះ​ជិត ៤ ​ខែ ខ្ញុំ​បានឃើញ​សិស្ស ចង់​ស្វែងយល់ និង​បង្កើន​ចំណេះដឹង​ផ្នែក​បច្ចេកវិទ្យា​។ បន្ទាប់ពី​ការប្រកួត​នៅ​ជុំ​កម្ពុជា អ្នកចូលរួម​មួយចំនួន​បាន​បង្កើត ក្លិប​សរសេរ​កូដ ហើយ​ចែករំលែក​អ្វី ដែល​ពួកគេ​បាន​រៀន​»​។​


​ក្រុម Energific មាន​សមាជិក ៣ ​នាក់ ក្នុងនោះ​មាន ពុន សូលី​តា​, ហូ ច័ន្ទ​ពន្លឺ​សោភា និង កែប ស្រី​ណា​ច​។​


ក្រុម Energific មាន​សមាជិក ៣​ នាក់គឺ ហូ ច័ន្ទ​ពន្លឺ​សោភា, កែប ស្រីណាច និង ពុន សូលីតា​​។ រូបថត សហ​ការី

​ពួកគេ​បាន​ប្រាប់ ភ្នំពេញ ប៉ុស្តិ៍ ពី​ភាព​រីករាយ និង​មាន​មោទនភាព​ចំពោះ​លទ្ធផល​ល្អ​នៃ​ការងារ​គម្រោង​របស់ខ្លួន​ឈ្មោះថា Energific ដោយ​តាមរយៈ​កម្លាំង​សង្កត់​នៃ​ជំហាន​របស់​ពួកគេ​ទៅលើ​សេន​ស័​រ វា​នឹង​បង្កើតបាន​ថាមពល​អគ្គិសនី​ក្នុងការ​បំភ្លឺ អំពូល​ភ្លើង ២០ ​តូចៗ ​តាម​អគារ​គំរូ​ដែល​ពួកគេ​រចនា​ឡើង​។

​យុវតី​វ័យ ​១៨ ​ឆ្នាំ សូលី​តា បាន​ថ្លែងថា​៖ «​ខ្ញុំ​សប្បាយចិត្ត​ហើយ​រំភើប ព្រោះ​មិនបាន​រំពឹងថា​នឹង​ជាប់​។ ខ្ញុំ​ឃើញ គម្រោង​របស់គេ ល្អ​ជាង​ពួកយើង​ច្រើនណាស់​។ យើង​មិន​រំពឹង​អី​ច្រើន យើង​គ្រាន់តែ​ចង់​បញ្ចប់​អ្វី ដែល​យើង​ចាប់ផ្ដើម​។ ប៉ុន្តែ​នៅពេល យើង​ទទួលលទ្ធផល​លេខ ​១ ជុំ​កម្ពុជា វា​ហាក់​ហួស​ពីអ្វី ដែល​យើង​រំពឹងទុក​»​។​

​ដោយ​សប្បាយ​ចិត្តនឹង​ឱកាស​បានបង្ហាញ​ការប្រឹងប្រែង​នៃ​ក្រុម សូលី​តា បន្តថា​៖ «​សម្រាប់​ជុំ​អន្តរជាតិ យើង​គិតថា​យើង​អាចធ្វើ​បានល្អ​ជាង​ហ្នឹង បើ​យើង​ស្ដាប់​សំណួរ​ពីគណៈ​ក​ម្មា​ធិ​​ការដាក់​ពិន្ទុ​បាន​ច្បាស់​»​។​

​ក្រុម Energific មកពី​សាលារៀន E2stem Education, Cambodia និង​បង្វឹក​ដោយ​លោកគ្រូ រិ​ទ្ធ ឧ​ត្ត​ម ដែល​បាន​តំណាង​ប្រទេស​កម្ពុជា ចូលរួម​ក្នុងការ​ប្រកួត​អន​ឡាញ រ៉ូ​បូត​អូ​ឡាំ​ព្យ៉ា​ដ ជុំ​អន្តរជាតិ​។​

​ក្នុងនាម​ជា​គ្រូបង្វឹក លោក​បាន​ប្រាប់ ភ្នំពេញ ប៉ុស្តិ៍ថា លោក​ផ្ទាល់​ក៏​រំភើប នៅពេលដែល​បានឃើញ​ការ​​ខិតខំ​របស់​កូនសិស្ស​ទទួលបាន​ផល ទាំង​រូបលោក​បាន​ចំណាយពេល​​តិចតួច​ណាស់​ក្នុង​ការជួយ​ពួកគេ​។​

​លោកគ្រូ ឧ​ត្ត​ម បាន​លើកឡើងថា​៖ «​ពួកគេ​មាន​ភាព​ឯករាជ្យ និង​មាន​សមត្ថភាព​ធ្វើការ និង​ដោះស្រាយ​បញ្ហា​ដោយ​ខ្លួនឯងបាន​។ ពួកគេ​មករក​ខ្ញុំ​តែ​នៅពេល​ពួកគេ​ជួប​បញ្ហា ឬ​ត្រូវការ​យោបល់​ទិញ​ឧបករណ៍​សម្រាប់​គម្រោង​ប៉ុណ្ណោះ​»​។​

​នៅ​ពីក្រោយ​ភាពជោគជ័យ គឺជា​គំនិត​ផ្តួចផ្តើម​គម្រោង​ក្រៅ​រដ្ឋាភិបាល STEMEOC ដែលមាន​គោលបំណង​ជួយ​យុវជន​កម្ពុជា ក្នុង​ការចាប់​អាជីព​ផ្នែក​វិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និង​គណិតវិទ្យា បាន​ចូលរួម​សហការ​នឹង​រ៉ូ​បូត​អូ​ឡាំ​ព្យ៉ា​ដ ពី​ឆ្នាំ ​២០១៨​។​

​លោក អ៊ុ ចាន់​ចំណាន នាយក STEMEOC បានឱ្យដឹងថា វា​គឺជា​កម្មវិធី​មួយ ដើម្បី​លើកទឹកចិត្ត​យុវជន​ឱ្យប្រើ​ជំនាញ​មនុស្ស​យន្ត​របស់​ពួកគេ ដើម្បី​ដោះស្រាយ​បញ្ហា​ពិភពលោក​ពិតប្រាកដ ដែល​កើតចេញពី​ការប្រើ​ប្រាស់​ថាមពល​កកើត​ឡើងវិញ​។​

​សមាជិក​ទាំងអស់​ក៏​គិតពី​អ្វី ដែល​គេ​បញ្ចេញ​រាល់ថ្ងៃ​ឱ្យចេញ​ជា​កម្លាំង ឬ​សម្ពាធ​យកមកប្រើ​ប្រាស់ ដើម្បី​បង្កើត​ថាមពល​មិន​ប៉ះពាល់​បរិស្ថាន​។

​ជាមួយ​មោទនភាព​ដែល​យុវជន​បាន​បំផុសគំនិត​គួរឱ្យ​ចាប់អារម្មណ៍​ជាច្រើន​ទាក់ទង​ការបង្កើត​ថាមពល​ក្នុង​សហគមន៍​ពួកគេ លោក​បាន​រៀបរាប់ថា​៖ «​ពួកគេ​ផ្ដោតលើ​ការជួយ​ដល់ទី​ជនបទ​ឆ្ងាយៗ ជាមួយនឹង​ថាមពល​សូ​ឡា ដើម្បី​សម្រួល​សិស្ស ដែល​រៀន​អន​ឡាញ​។ បង្កើត​ចរន្ត​ពី​ជំហាន ឆ្លងផ្លូវ​មមាញឹក​ដោយ​សុវត្ថិ​ភាព ជាមួយនឹង​ដំណោះស្រាយ ដែល​ចំណាយ​តិច និង​ប៉ះពាល់​តិច​បំផុត​ដល់​បរិស្ថាន​»​។​

​សមាជិក​ក្រុម Energific ស្រី​ណា​ច មាន​តួនាទី​ខាង​សាងសង់ និង​ឌី​ហ្សា​ញ​អគារ​នៃ​គម្រោង​។​

​យុវតី​អាយុ ១៧​ ឆ្នាំ​រូបនេះ​លើក​​ឡើង​ថា​៖ «​យើង​ក៏​នឹកឃើញដល់​ជំហាន ក៏​សម្រេចយក​វាដើម្បី​បង្កើត​ថាមពល​។ ការ​បំផុសគំនិត​យើង​បាន​ពី វីដេអូ​របស់​ជប៉ុន​មួយ ដែល​គេ​ប្រើប្រាស់​ជំហាន​ដែរ តែ​គេ​ប្រើ​ម៉ូ​ទ័​រ ខណៈដែល​យើង​ប្រើ​សេន​ស័​រ​»​។​

​រីឯ​សមាជិក ច័ន្ទ​ពន្លឺ​សោភា បានឱ្យដឹងថា ពួកគេ​មាន​ពេល ៣​ សប្ដាហ៍​ ដើម្បីឱ្យ​រ៉ូ​បូត​ចេញ​ជា​រូបរាង ហើយ​ពេល​ជាប់​ពី​ថ្នាក់ជាតិ ពួកគេ​បាន​ព្យាយាម​ដំឡើង​រូប​ឱ្យ​ធំ​ជាង​មុន​។​

​យុវជន​រូបនេះ​ថា​៖ «​ឥឡូវ​អ្វី ដែល​យើង​អាចធ្វើ​បាន​គឺ​បង្កើត​ចរន្តអគ្គិសនី ពេល​ជាន់ ឬ​សង្កត់​លើ​វា​។ ថ្ងៃ​អនាគត យើង​មាន​គម្រោង​ដាក់​ថាមពល ដែល​យើង​បង្កើតបាន​នៅក្នុង​ថ្ម ឬ​អាគុយ​ដូចជា សូ​ឡា ដើម្បី​ស្ដុក​ទុក​»​។​

​បញ្ហា​ដែល​ក្រុម Energific ជួប​ច្រើន​បំផុត គឺ​កូដ ដោយ​ពួកគេ​ត្រូវ​រក​ដំណោះស្រាយ ដើម្បី​ទាញយក​ថាមពល​អគ្គិសនី​ចេញពី​សេន​ស័​រ និង​បញ្ជា​ឱ្យ​សេន​ស័​រ ធ្វើការ​ដូច​អ្វី ដែល​ពួកគេ​ចង់បាន​។ យ៉ាងណាមិញ ដោយមាន​ការឱ្យយោបល់​ពី លោកគ្រូ ជាមួយ​សិស្ស​ច្បង និង​ស្រាវជ្រាវ​តាម​អ៊ី​ន​ធឺ​ណិ​ត ពួកគេ​ក៏​អាច​ជម្នះ​កិច្ចការ​ស្មុគស្មាញ​នេះ​បាន​។​

​លោកគ្រូ ឧ​ត្ត​ម សរសើរ​ថា ពួកគេ​ខ្លាំង​ក្នុងការ​ធ្វើការ​រួមគ្នា ដោះស្រាយ​បញ្ហា​បាន​រហ័ស ធ្វើ​បទ​បង្ហាញ​ងាយ​​យល់ និង​មានគំនិត​ច្នៃប្រឌិត​។ ប៉ុន្តែ​លោក​ក៏​សម្គាល់​ពី​ចំណុចខ្សោយ​នៃ​ក្រុម ដែល​ទាមទារ​ការស្រាវជ្រាវ​ថែមទៀត​លើ​គ្រឿង​អេឡិចត្រូនិក​ទំនើប ដើម្បីឱ្យ​គម្រោង​នេះ​កាន់តែ​ប្រសើរ​។​

​លោក ចាន់​ចំណាន នាយក​កម្មវិធី STEMEOC ដែល​ជំរុញ​យុវជន​ប្រើ​ជំនាញ​មនុស្ស​យន្ត បង្ហាញ​ទស្សនៈ​ថា ប្រជាជន​កម្ពុជា​ទាំងអស់​មាន STEM ក្នុង​ហ្សែ​៊​ន​រួចហើយ​។

​លោក​បាន​បញ្ជាក់ថា​៖ «STEMEOC នឹង​ព្យាយាម​អស់ពី​សមត្ថ​​ភាព ដើម្បី​ដោះ​សោ​សក្តានុពល​នោះ​នៅក្នុង​ប្រជាជន​ខ្មែរ​។ ក្នុងនាម​ជា​អង្គ​ការមិន​រកប្រាក់​កម្រៃ​អព្យាក្រឹត​របស់​កម្ពុជា យើង​រីករាយ​ក្នុងការ​​សហការ​ជាមួយ​គ្រប់គ្នា ដែល​អាច​បើក និង​នាំយក​បច្ចេកវិទ្យា​ទំនើប ជឿនលឿន​មក​កម្ពុជា​»​។​

​ព័ត៌មាន​បន្ថែម​មាននៅ​ទំព័រ​ហ្វេ​ស​​ប៊ុ​ក @STEMCambodia៕