ភ្នំពេញ៖ ​ប្រាសាទ​ស្ដុក​កក់ធំ គឺ​ជា​ប្រាសាទ​ខ្មែរ​បុរាណ ដែល​បច្ចុប្បន្ន​ស្ថិត​នៅ​ក្នុង​ស្រុក​អារញ្ញ ខេត្ត​ស្រះកែវ ប្រទេស​ថៃ ​​មាន​ទីតាំង​ចម្ងាយ​ប្រមាណ ២ គីឡូម៉ែត្រ​​ពី​ព្រំដែន​ខ្មែរ-ថៃ ជាប់​ជាមួយ​នឹង​​​ខេត្ត​បន្ទាយមានជ័យ​នៃ​ប្រទេស​កម្ពុជា​។


សម្រាប់​អ្នក​ស្រាវជ្រាវ​ប្រវត្តិសាស្ត្រ​ខ្មែរ​ភាគ​ច្រើន​បាន​ស្គាល់​ឈ្មោះ​ប្រាសាទ និង​សិលាចារឹក​ស្ដុក​កក់​ធំ​នេះ​ដែរ បើ​ទោះបី​ពួក​គេ​បាន​ទៅ​ដល់ ឬ​មិន​បាន​ទៅ​ដល់​ប្រសាទ​នេះ​ក្ដី។


ពោល​ គឺ​ដោយសារ​ឈ្មោះ​​​ដ៏​ល្បីល្បាញ​​នៃ​សិលាចារឹក​​ ដែល​បាន​រក​ឃើញ​នៅ​ក្នុង​ប្រាសាទ​នេះ នា​ចុង​សតវត្សរ៍​ទី​១៩ គឺ​សិលាចារឹក​ស្ដុក​កក់​ធំ​​​ ដែល​​មាន​​​​ចុះលេខ​ K.235 សម្រាប់​​សម្គាល់ https://www.youtube.com/watch?v=​UdKNucg8-os។​


បណ្ឌិត ធុយ ចាន់ធួន ​បុរាណវិទូខ្មែរ នាពេលចុះ​​ស្រាវជ្រាវ​​ពីប្រាសាទស្តុកកក់ធំ។ រូបថត សហ​ការី


យោង​តាម​លោក​បណ្ឌិត ធុយ ចាន់ធួន ​​​ជា​អនុប្រធាន​វិទ្យាស្ថាន​វប្បធម៌ និង​វិចិត្រសិល្បៈ​នៃ​រាជបណ្ឌិត្យ​​សភា​កម្ពុជា និង​ជា​អនុប្រធាន​សមាគម​អ្នក​ប្រវត្តិសាស្រ្ត​កម្ពុជា​ បាន​បង្ហើប​​ឱ្យ​ដឹង​ត្រួសៗ​ពី​ប្រាសាទ​បុរាណ​ខ្មែរ ​ដែល​កំពុង​តែ​ស្ថិត​នៅ​ប្រទេស​ថៃ​ តាមរយៈ​ការ​ធ្វើ​អធិប្បាយ​ជា​​​វីដេអូ​ គ្រា​លោក​​បាន​​​ទៅ​​ដល់​ទីនោះ​។


បណ្ឌិត ធុយ ចាន់ធួន ​បុរាណវិទូ​​​ខ្មែរ​ដ៏​ល្បី​ម្នាក់ ប្រាប់​ឱ្យ​ដឹង​ថា​៖ «​ប្រាសាទ​​ស្ដុក​​​កក់​ធំ​គឺ​​ជា​ប្រាសាទ​​​របស់​អាណាចក្រ​ខ្មែរ​បុរាណ ឧទ្ទិស​សម្រាប់​ព្រះព្រហ្មញ្ញ​សាសនា​ ក្នុង​និកាយ​​​ព្រះសិវៈ ដែល​តម្កល់​សិវលិង្គ​ជា​​សម្គាល់​។ ប្រាសាទ​ស្ដុក​កក់ធំ​ កសាង​ក្នុង​សតវត្សរ៍​​ទី​១១ នៃ​គ្រិស្ដ​សករាជ​ក្នុង​រាជ្យ​ព្រះបាទ​ឧទ័យ​វរ្ម័នទី២ (ឆ្នាំ​ ១០៥០ ដល់ ឆ្នាំ ១០៦៦)​។​ ប្រាសាទ​នេះ ស្ថិត​​នៅ​ឯ​ទឹក​ដី​ស​សៀម នៅ​ក្នុង​ស្រុក​អារញ្ញ​​ប្រថេត ក្បែរ​​បន្ទាត់​ព្រំដែន​ខ្មែរ-សៀម សព្វ​ថ្ងៃ។​ ​ប្រាសាទ​​សង់​អំពី​​ថ្ម​បាយ​ក្រៀម​ និង​ថ្ម​ភក់ ​នៅ​មុខ​ប្រាសាទ​នេះ មាន​បារាយណ៍​មួយ​ធំ​ នៅ​ទិស​ខាង​កើត​ ឯ​តួ​ប្រាសាទ​ធំ​នៅ​ចំ​កណ្ដាល ​និង​មាន​បណ្ណាល័យ ២ អម​សង​ខាង​។​

បណ្ឌិត ធុយ ចាន់ធួន ​​​ជា​អនុ​ប្រធាន​វិទ្យាស្ថាន​វប្បធម៌ និង​​វិចិត្រសិល្បៈ​នៃ​រាជបណ្ឌិត្យ​សភា​កម្ពុជា​​បាន​បន្ត​ទៀត​ថា៖ «​​ប្រាសាទ​​​ស្ដុកកក់ធំ​ មាន-​​តម្កល់​សិលា​ចារឹក​លេខ​ K-២៣៥ ​ដែល​ចារ​ជា​ភាសា​សំស្ក្រឹត​ និង​​​ភាសា​ខ្មែរ​។ សិលាចារឹក​នេះ​ បាន​បញ្ជាក់​​ពី​កាល​បរិច្ឆេទ​​មួយ​​ច្បាស់លាស់​​ គឺ​ថ្ងៃ​ទី​ ៨ ខែ​ កុម្ភៈ​ ឆ្នាំ ​១០៥៣ ​នៃ​គ្រិស្ដ​សករាជ។​ សិលា​ចារឹក​នេះ​ បាន​បរិយាយ​អំពី​រាជ​ស្ដេច​ ១២ ជំនាន់​ ដែល​បាន​ដឹកនាំ​​​ប្រទេស​ក្នុង​រយៈពេល​ជាង ២ សតវត្សរ៍​កន្លះ។​ សិលាចារឹក​រៀប​រាប់​ឡើង​វិញ​គ្រួសារ​ព្រាហ្ម​ អំពី​រាជកិច្ច​ដែល​រាជ្យ​មុនៗ​បាន​ប្រត្តិបត្តិ​សឹក​សង្គ្រាម ​គុណធម៌។​​ សិលាចារឹក​​​បរិយាយ​​​អំពី​​​ព្រះបាទ​ឧទ័យវរ្ម័ន​ទី២ ដែល​ជា​​រា​ជា​បង្កើត​អាណាចក្រ​ខ្មែរ​ក្នុង​ទសវត្សរ៍​ឆ្នាំ ៨០០ នៃ​គ្រិស្ដ​សករាជ ហើយ​ក៏​បាន​បរិយាយ​អំពី​ការ​ការពារ​កុំ​ឱ្យ​ជ្វា ត្រឡប់​មក​​វាយ​កម្ពុជា​ផង​ដែរ»។

សិលាចារឹក​ស្តុកកក់ធំ មានលេខសម្គាល់ K-២៣៥ និងផ្ទាំង​ក្រដាសផ្តិត​ ដែលបាន​បរិយាយអំពី​ស្រុក​ខ្មែរ​នា​សម័យបុរាណ​កាល​។ រូប YouTube

បើ​​​យោង​តាម​សំណៅ​ឯកសារ​​ស្រង់​ចេញ​ពី​គេហទំព័រ​កំណត់ត្រា​ប្រវត្តិសាស្រ្ត​ខ្មែរ​បាន​​​ឱ្យ​ដឹង​បន្ថែម​ថា​ ប្រាសាទ​​ស្តុក​កក់​ធំ មិនមែន​ព្រះរាជា​ជា​អ្នក​​​កសាង​ទេ​ ប៉ុន្តែ​អ្នក​កសាង​ជា​​គ្រួសារ​មន្ត្រី​ម្នាក់​ ដែល​បាន​​​​អះអាង​ថា គេ​ជា​កូន​​ចៅ​ជំនាន់​ក្រោយ​​របស់​ព្រាហ្មណ៍​ឈ្មោះ​​ថា​ «​សិវកៃវល្យ:» ​​ជា​ព្រាហ្មណ៍​​​ដ៏​​​ល្បី​ល្បាញ​​ម្នាក់ (កាល​ពី​ ២៥០ ឆ្នាំ​មុន) ធ្លាប់​​​​ធ្វើ​ពិធី​ទេវរាជ​ ថ្វាយ​ដល់​ព្រះបាទជ័យ​វរ្ម័ន​ទី២ ​ក្នុង​ឆ្នាំ​ ៨០២ នៃ​គ.ស​ នៅ​​លើ​​​ភ្នំ​មហេន្ទ្រ​បព៌ត​ (បច្ចុប្បនុ្ន​ភ្នំ​គូលេន​)​​។ ប្រាសាទ​​នេះ​ធ្វើ​ពី​ថ្ម​ភក់ និង​ថ្ម​បាយ​ក្រៀម កសាង​​ឡើង​​​នៅ​ពាក់​កណ្តាល ស.វ ​ទី​១១ ពោល​ឆ្នាំ ១០៥២ គ.ស ​សម្រាប់​​ឧទ្ទិស​​ដល់​ព្រះឥសូរ ​​​ស្ថិត​ក្នុង​រាជ្យ​​ព្រះបាទឧទ័យាទិត្យវរ្ម័ន​ទី២ (ឆ្នាំ ១០៥០-ឆ្នាំ​ ១០៦៦)។

ដោយសារ​ឈ្មោះ​ដ៏​ល្បី​នៃ​សិលាចារឹក​មួយ​ដែល​បាន​រក​ឃើញ​​ក្នុង​ប្រាសាទ​នេះ នា​ចុង​សតវត្សរ៍​ទី១៩ គឺ​ ​«​សិលាចារឹក​​​​ស្ដុកកក់ធំ»​ K.២៣៥ ​បច្ចុប្បន្ន​​សិលាចារឹក​នេះ​ ត្រូវ​បាន​​​យក​ទៅ​ដាក់​​​តាំង​​នៅ​សារមន្ទីរជាតិ​​ក្រុង​បាងកក​ ប្រទេស​ថៃ​។ សិលាចារឹក​នេះ អាច​ចាត់​ទុក​​​ជា​សិលា​ចារឹក​ ដែល​​វែង​ជាង​គេ ​និង​បាន​ផ្តល់​ទិន្នន័យ​ជាច្រើន​ជាង​​គេ​ដល់​ប្រវត្តិវិទូ​បុរាណវិទូ​ និង​សិលាចារឹក​ក្នុង​ការ​​សិក្សា ​វិភាគ និង​​ចងក្រង​​ប្រវត្តិសាស្ត្រ​​របស់​ខ្មែរ ​នៅ​​សម័យ​​មហានគរ​​ ដែល​​មាន​​ ៣៤០ បន្ទាត់​ ចារ​​នៅ​ក្នុង​ឆ្នាំ ១០៥២ គ.ស ជា ២ ភាសា គឺ​ភាសា​សំស្ក្រឹត និង​ភាសា​ខ្មែរ ដែល​​រៀបរាប់​អំពី​ព្រះនាម​របស់​ព្រះមហាក្សត្រ​ខ្មែរ ដែល​បាន​សោយរាជ្យ​​ជា​បន្តបន្ទាប់​គ្នា​អស់​រយៈកាល​ជាង ២៥០ ឆ្នាំ ពោល​​គឺ​ចាប់​ពី​ព្រះបាទ​ជ័យវរ្ម័ន​ទី២​ នៅ​ ស.វ ទី៩ រហូត​ដល់​រាជ្យ​ព្រះបាទ​ឧទ័យាទិត្យវរ្ម័ន​ទី២ នៅ​​ពាក់​​កណ្តាល​​សតវត្សរ៍​ទី១១៕​

សិលាចារឹក​ស្តុកកក់ធំ មានលេខសម្គាល់ K-២៣៥ និងផ្ទាំង​ក្រដាសផ្តិត​ ដែលបាន​បរិយាយអំពី​ស្រុក​ខ្មែរ​នា​សម័យបុរាណ​កាល​។ រូប YouTube

ផែនទី​បង្ហាញ​ផ្លូវ​ឆ្ពោះ​ទៅ​កាន់​ប្រាសាទស្តុកកក់ធំ ដែលស្ថិត​​នៅ​ប្រទេសថៃ។ រូប YouTube