​ក្រុង​ហាណូយ: ពេល​ព្រះ​សុរិយា​ចាំង​ជះ​លើ​ផែន​ពសុធា បំ​ភាយ​អ័ព្ទ​ផ្សែង បំភ្លឺ​វាលស្រែ​លើ​ជម្រាលភ្នំ​នៃ​ប្រទេស​វៀតណាម ប្រជាកសិករ​ដឹក​ក្របី​ចុះ​ងូតទឹក​។ ទិដ្ឋភាព​ដ៏​ស្រស់ត្រកាល​នេះ បាន​កន្លងផុតទៅ​ពីមួយថ្ងៃ​ទៅមួយថ្ងៃ ដោយ​គ្មាន​វត្ដ​មាន​ភ្ញៀវទេសចរ​បាន​គយគន់​។


​ស្ថិតនៅ​ចម្ងាយ​ប្រមាណ ៣០០​ គីឡូម៉ែត្រ​ភាគ​ពាយព្យ​ក្រុង​ហាណូយ ស្រុក​មូ​សាង​ឆៃ ភាគ​ខាងជើង​ខេត្ដ​យេន​បៃ បាន​ក្លាយជា​គោលដៅ​ទេសចរណ៍​ពេញនិយម​សម្រាប​ភ្ញៀវ​បរទេស និង​ក្នុងស្រុក​មុនពេល​ជួប​វិបត្ដិ​សុខុមាលភាព​សកល​។

​វាលស្រែ​ជម្រាលភ្នំ​ដ៏​ត្រកាល ដែល​ស្ថិតនៅលើ​កម្ពស់ ១ ​ពាន់​ម៉ែត្រ​នៃ​នីវ៉ូ​ទឹកសមុទ្រ ជា​កម្មសិទ្ធិ​ភាគច្រើន​របស់​កុលសម្ព័ន្ធ​ម៉ុង ដែល​រស់នៅ​យ៉ាងច្រើន​បំផុត​ក្នុង​តំបន់​នោះ​។


​ស្ដ្រី​ម៉ុង​ធ្លាប់ជួល​ឈុត​ប្រពៃណី​ដ៏​ស្រស់​ឆើតឆាយ​ដល់​ភ្ញៀវទេសចរ ខណៈ​កុលសម្ព័ន្ធ​បុរសៗ​អាច​រកចំណូលបាន​ល្បាក់ ៣០ ​ដុល្លារ​ ក្នុង ​១ ​ថ្ងៃ​ ដោយ​ការជូន​ដំណើរ​ភ្ញៀវ​ឡើង​ភ្នំ​។


​វាលស្រែ​វាលស្រូវ​ពិតជា​រំលេច​នូវ​ទស្សនីយភាព​ស្រស់ស្អាត​អំឡុង​ខែកញ្ញា និង​តុលា ពេល​ដំណាំ​ស្រូវ​ប្រែ​ពណ៌​លឿងទុំ​ដូច​កម្រាលព្រំ​មាស​។


​កសិករ ធី ឡូ​ន បាន​ប្រាប់ AFP ថា​៖ «​យើង​ធ្លាប់​ទទួលភ្ញៀវ​យ៉ាងច្រើន​សន្ធឹកសន្ធាប់​។ ប៉ុន្ដែ​ឆ្នាំនេះ វាលស្រែ​ទាំងអស់​មាន​ភាព​ទទេ​ស្អាត ដោយ​សារ​តែ​ការ​រឹតបន្ដឹង​ទប់ស្កាត់​កូ​វីដ​»​។

​អ្នកស្រី​បាន​បន្ថែមថា​៖ «​ជា​ក្ដី​ប្រាថ្នា​របស់​យើង ដែល​ចង់ឱ្យ​វីរុស​តិរច្ឆាន​នេះ​រសាយ​បាត់ទៅ ហើយ​យើង​អាច​បន្ដជីវិត​ប្រចាំថ្ងៃ​យើង​វិញ​»​។

​ថ្មីៗ​នេះ វៀតណាម​ចាប់ផ្ដើម​បើក​ទ្វារ​ប្រទេស​ស្វាគមន៍​ពិភពលោក​ឡើងវិញ ហើយ​ភ្ញៀវ​អន្ដរជាតិ​មួយ​-​ចំនួន​បានមក​ដល់​កោះ​ទេសចរណ៍ ភូ​គុក និង​គោលដៅ​ទេសចរណ៍​មួយចំនួនទៀត​នៅ​ភាគខាងត្បូង​។

​មិន​ច្បាស់​ថា​ពេលណា​វៀតណាម​នឹង​បើកទ្វារ​ពេញលេញ​ ខណៈ​ប្រទេស​នេះ​កំពុង​ប្រឆាំងនឹង​ការផ្ទុះ​ជំងឺ​កូ​វីដ ១៩ ធ្ងន់ធ្ងរ​ផងដែរ​៕ AFP/HR