​កោះកុង: វេលា​ព្រឹក​ព្រលឹម​ស្រាងៗ លោក នៅ វាសនា ជា​ទេសចរ​និយម​ដើរ​ត្រាច់ចរ​តាម​តំបន់​អេកូ​ទេសចរណ៍ បាន​ក្រោកពីដំណេក និង​រូត​តង់​ចេញ​គយគន់​ទេសភាព​នៃ​សម្រស់​ធម្មជាតិ​លើ​ជ្រោះ​អូរ​កី ស្ថិតនៅ​ចន្លោះ​សហ​​គម​ន៍​ជី​ផាត់ និង​អា​រ៉ែ​ង​។


​លោក វាសនា បាន​និយាយថា បរិយាកាស​នៅ​ទីនោះ​ល្អ​មែនទែន​។ បើសិនជា​ខែខ្នើត នៅពេល​យប់ មាន​ព្រះ​ចន្ទ​បំភ្លឺ​មេ​ឃា ខណៈពេល​រនោច ក៏មាន​ហ្វូង​តារា​រះ​បញ្ចេញ​សម្រស់​។ ពេលព្រឹក​ព្រហាម ងើប​មក​ញ៉ាំ​កាហ្វេ មើល​សត្វ​កេងកង​ហើរ និង​ចុះ​លេង​ទឹក​នៅ​ខាងក្រោម​។

ភ្ញៀវថត​រូបអនុស្សាវរីយ៍​នៅរានហាលសំណង់ឈើ​ឯភូមិតង់អូរកី​។ រូបថត សហការី


​ភូមិ​តង់​អូរ​កី ជា​ឈ្មោះ​រី​សត​ទើប​បង្កើត​ថ្មី ដែលមាន​សំណង់​ភោជនីយ​​ដ្ឋា​ន​ធ្វើ​ពី​ឈើ សម្រាប់​គន់​ទេសភាព​ភ្នំ​អូរ​កី​នៃ​ជួរ​ភ្នំក្រវាញ និង​ចំទើត​លើ​ជ្រោះ​អូរ​កី គឺជា​ចំណុច​ទាក់ទាញ​ដំបូង​។


​ដោយសារតែ​ស្ថានភាព​ទីតាំងនៅ​ឆ្ងាយ​ពី​ទីប្រជុំជន ការកសាង​ផ្ទះ​លម្ហែ​ក្នុង​រី​សត​ភូមិ​តង់​អូរ​កី នៅ​មិនទាន់​ចេញ​ជា​រូបរាង ដោយមាន​សេវាកម្ម​ត្រឹមតែ​ការបោះ​តង់​ស្នាក់​ប៉ុណ្ណោះ​។


​ជាមួយ​គម្រោង​សមិទ្ធផល​ផ្ទះ​លម្ហែ​នៅ​រយៈពេល ៦ ​ខែ​ទៀត ចំពោះ​ភូមិ​​តង់​អូរ​កី ដែលមាន​ផ្ទះបាយ កន្លែង​អង្គុយលេង​មើល​ទេសភាព និង​កូន​​អាង​ហែល​ទឹក​មួយ​អាចមាន​តម្លៃ​ពី ១៥០ ​ទៅ ២០០​ ដុល្លារ សម្រាប់​ការ​​ស្នាក់នៅ​រហូតដល់​ភ្ញៀវ ១០ ​នាក់​។

​លោក ទុយ វណ្ណៈ អាយុ ៣១ ​ឆ្នាំ បានឱ្យដឹងថា រី​សត​មាន​ចម្ងាយ​ប្រមាណ ១២ ​គីឡូម៉ែត្រ​ពី​ទីប្រជុំជន​ជី​ផាត់ ដែល​អាច​បររថ​យន្ដ​ទៅដល់​រី​សត​លម្ហែ​យ៉ាង​ងាយស្រួល​។​

​បច្ចុប្បន្ននេះ រី​សត​ទទួលភ្ញៀវ​ស្នាក់​​នៅ​ជា​របៀបការ​បោះតង់​សិន តម្លៃ ១៥ ​ដុល្លារ​សម្រាប់​មនុស្ស ​២ ​នាក់ ដែលមាន​បរិក្ខារ​ពូក ខ្នើយ កង្ហារ និង​ទឹក​សុទ្ធ ២ ​ដប​។​

​លោក ទុយ វណ្ណៈ ជា​ម្ចាស់​រី​សត​ភូមិ​តង់​អូរ​កី បានបង្ហាញ​ផែនការ​ដើរ​​កម្សាន្ដ​នៅ​ជី​ផាត់ និង​អា​រ៉ែ​ង​ត្រួសៗ​ថា បើសិនជា​ល្អ​សម្រាប់​ការដើរ​កម្សាន្ដ ភ្ញៀវ​គួរតែ​ចំណាយពេល​ ២​ យប់​នៅ​ជី​ផាត់ ឬ​ភូមិ​តង់​នេះ​។ ពេល​ភ្ញៀវ​មកដល់​ជី​ផាត់​ខ្ទង់​ម៉ោង​ប្រមាណ ១១ ឬ ១២ ​ថ្ងៃត្រង់ ពួកគេ​អាច​លេង​ទឹក​ជ្រោះ​លើ​ជី​ផាត់​នោះ ដែលមាន​ឆាយ​​ច្រេះ និង​ឆាយ​ខ្ពស់​។ នៅពេល​ល្ងាច ភ្ញៀវ​អាច​សម្រាក​នៅ​ភូមិ​តង់​អូរ​កី​។

​ម្ចាស់​រី​សត ដែល​សម្បូរ​ផ្លែ​ផ្ញៀវ​សម្រាប់​ទទួលភ្ញៀវបាន​បន្ដថា​៖ «​នៅ​ថ្ងៃទី​២ ពួកគាត់​អាច​ទៅលេង​នៅ​ជ្រោះ​អូរ​ម្លូ អា​រ៉ែ​ង ដោយ​ពី​អូរ​កី​ទៅ​អា​រ៉ែ​ង​មាន​ចម្ងាយ​ប្រហែល ៣០ ​គីឡូម៉ែត្រ ដែល​ប្រើ​ថេរវេលា​ ១ ​ម៉ោង​។ យើង​មាន​ម៉ូតូ​ជួល​ដែលមាន​តម្លៃ ៤ ​ម៉ឺន​រៀល (១០​ ដុល្លារ​) សម្រាប់ ​១ ​ថ្ងៃ​។ បើ​ពួកគាត់​ត្រូវការ​អ្នក​ជូន គាត់​គិត​ ១ ថ្ងៃ ៦ ​ម៉ឺន​រៀល (១៥ ​ដុល្លារ​)»​។

ពេលយប់​ភ្ញៀវ​អាច​ដុត​ដំឡូង ស្ទូច​ត្រី អាំង​សាច់ និង​គ្រឿង​សមុទ្រ។ រូបថត សហការី

​ភ្ញៀវ​ចេញដំណើរ​ពី​ភូមិ​តង់​អូរ​កី ម៉ោង ៧:៣០ ​ព្រឹក ភ្ញៀវ​ទៅដល់​អា​រ៉ែ​ង​ល្បាក់​ម៉ោងជាង ​៨ រួច​ដើរលេង​ជុំវិញ​ភូមិ ហើយ​ខ្ទង់​ម៉ោង​ ៣ ឬ ៤ ​រសៀល ពួកគេ​មកដល់​ភូមិ​តង់​វិញ នៅ​ម៉ោង ៥​ ល្ងាច និង​ត្រៀម​ទទួលទាន​អាហារ និង​ការ​ស្នាក់នៅ​ ១​ យប់​ទៀត​ល្មម​។

​លោក​បន្ថែមថា​៖ «​នៅពេល​យប់ យើង​អាចមាន​កម្មវិធី​ដុត​ដំឡូង​ញ៉ាំ​ជុំគ្នា ឬ​ស្ទូចត្រី ដោយ​យើង​មាន​អន្លង់ ​១ ​ដែល​យើង​អាច​ស្ទូចត្រី​បាន​»​។

​សម្រាប់​អ្នក​មិន​ចង់​បោះតង់​នៅ​បរិវេណ​ភូមិ​តង់​អូរ​កី ពួកគេ​អាចធ្វើ​​ដំណើរ​ថយក្រោយ​បន្ដិច មកកាន់​ទី​​ប្រជុំជន​ឃុំ​ជី​ផាត់ និង​ស្នាក់​នៅក្នុង​រី​សត Sunbear Ecolodge ដែល​លោក វណ្ណៈ បាន​បើក​ដំណើរការ​អស់​រយៈពេល ៧​ ឆ្នាំ​មកហើយ​។

​ស្ថិតនៅលើ​ផ្ទៃដី ២​ ហិកតា Sunbear Ecolodge មាន ​១០ ​បាង​ហ្គា​ឡូ ដែលមាន​ចម្ងាយ​ឃ្លាត​ពីគ្នា ដោយ​សង់​ពី​ឫស្សី​ប្រក់​ស្បូវ នៅ​កណ្ដាល​ភូមិ​ជី​ផាត់ ឃុំ​ជី​ផាត់​។

​ផ្ទះ​គ្រែ ​១ មានតម្លៃ ២០ ​ដុល្លារ គ្រែ ​២ ២៥​ ដុល្លារ និង​ ៣ លក្ខណៈ​គ្រួសារ ៤០ ​ដុល្លារ ដោយ​បំពាក់​កង្ហារ បន្ទប់ទឹក ទឹក​ក្ដៅ ទឹក​ត្រជាក់ ដែល​មិន​ខុសពី​បាង​ហ្គា​ឡូ​ទូទៅ​នោះទេ​។

​លោក វណ្ណៈ បាន​ប្រាប់ថា​៖ «​យើង​ធ្វើ​ផ្ទះ​នីមួយៗ​ដាច់​ឆ្ងាយ​ពីគ្នា ជា​លក្ខណៈ​ឯកជន​ដោយមាន​គម្លាត​ពីគ្នា​ចន្លោះ​ពី ​១០ ទៅ ១៥ ​ម៉ែត្រ និង​ភ្ជាប់​ដោយ​ស្ពានឈើ​ទាបៗ​។ អ្វីដែល​កាន់តែ​ពិសេស ផ្ទះ​បាង​ហ្គា​ឡូ​ទាំង​​នេះ​ សង់​ជ្រក​ក្នុង​ចម្ការ​ចន្ទន៍​ក្រស្នា និង​ព័ទ្ធជុំវិញ​ដោយ​ចម្ការ​ទុរេន តាមបែប​ក​សិ​ទេសចរណ៍​»​។

​ភូមិ​តង់​អូរ​កី ស្ថិតនៅ​ក្នុងភូមិ​ជី​ផាត់ ឃុំ​ជី​ផាត់ ស្រុក​ថ្មបាំង ខេត្ដ​កោះកុង ទំព័រ​ហ្វេ​ស​ប៊ុ​ក O''Key Camping ភូមិ​តង់​អូរ​កី និង​ទំនាក់ទំនង​ទូរស័ព្ទ​លេខ ០៧៧ ៨៣៤ ៣៣៣៕

បច្ចុប្បន្ន​នេះ រីសត​ទទួល​ភ្ញៀវ​ស្នាក់​នៅ​ជា​របៀប​ការ​បោះតង់​សិន​។ រូបថត សហការី