​ក្រុង​បា​កដាដ: ទេសចរ​អាមេរិក​ម្នាក់​បាន​បង្ហោះ​រូបភាព​វិស្សមកាល​នៅ​ប្រទេសអ៊ី​រ៉ា​ក់ នៅ​ចំពោះមុខ​របងអ៊ី​ស្ដា ឥដ្ឋ​ពណ៌​ខៀវ ដែល​ត្រូវបាន​កសាងឡើង​វិញ​នៅឯ​បុរាណ​ស្ថាន​ដ៏​ចំណាស់​បំផុត​បា​ប៊ី​ឡូ​ន​។


​ជនបរទេស​ភាគច្រើន​នៅទីនេះ​តាំងពី​ការផ្ដួលរំលំ សា​ដាម ក្នុង​ឆ្នាំ ​២០០៣ តែ​ថ្មីៗ​នេះ​ក៏មាន​ក្រុម​អ្នក​​ចំណូល​ថ្មី ដែល​កាន់​កាមេរ៉ា ពាក់​វែ​៉​នតា និង​ពាក់​ម៉ាស់​ជា​ហូរហែ​។


​អ្នកដំណើរ​ទៅកាន់​បា​ប៊ី​ឡូ​ន​ស្ដ្រី​កាលីហ្វ័រ​នីញ៉ា អ៊ី​លៀ​ណា អូ​វ៉ា​ឡេ អាយុ ៥០ ​ឆ្នាំ ដែលមាន​ក្ដីរំភើប​រីករាយ​បានឃើញ​ទីឋាន Mesopotamian អាយុកាល​រាប់ពាន់​ឆ្នាំ បាន​និយាយថា​៖ «អ៊ី​រ៉ា​ក់ ​គឺជា​ប្រទេស​ក្នុង​បញ្ជី​កំពូល​ទាំង ​៣ របស់ខ្ញុំ​»​។


​អ្នក​និយម​ដើរ​កម្សាន្ដ​រហូតដល់​ប្រមាណ ៤០​ ប្រទេស​រូបនេះ បាន​បន្ដថា​៖ «​នេះ​ជាទី​កន្លែង​ចាប់ផ្ដើម​ភាព​​អរិយធម៌​ស៊ី​វិ​ល័យ​។ ខ្ញុំ​គិតថា មាន​មនុស្ស​តិចតួច​បំផុត​បាន​យល់​ពី​សារៈសំខាន់​នៃ​បុរាណ​ស្ថាន​នេះ​»​។


​រដ្ឋាភិបាល​ភាគច្រើន​នៅ​បន្ដ​ចេញ​សារ​ព្រមាន​ចំពោះ​ការធ្វើដំណើរ​ទៅ​ទឹកដី​អ៊ី​រ៉ា​ក់ ដោយ​បង្ហាញ​ពី​ហានិភ័យ​រាប់​ជំពូក ចាប់ពី​ការចាប់​ជំរិត រហូតដល់​ការ​បំផ្ទុះ​គ្រាប់បែក និង​គ្រាប់​​យុទ្ធភណ្ឌ​សល់​ពី​សម័យ​សង្គ្រាម​។


អ៊ីរ៉ាក់​មាន​តំបន់បេតិកភណ្ឌដ៏​ចំណាស់ ដែលទាក់ទាញភ្ញៀវ​ទេសចរ។ រូបថត AFP

​ប៉ុន្ដែ​សម្រាប់​អ្នក​ត្រាច់ចរ​មិន​ខ្លាច​ការបិទផ្លូវ​ពី​សំណាក់​ទាហាន អ៊ីរ៉ា​ក់​គឺជា​គោលដៅ​ថ្មី​ក្ដៅៗ​ដោយ​តំបន់​បេតិកភណ្ឌ​ជាច្រើន​បើកទ្វារ​ឡើង​បន្ដិច​ម្ដងៗ​ទៅកាន់​ពិភពលោក​។

​អ្នកស្រី អូ​វ៉ា​ឡេ ជាមួយ​ភ្ញៀវទេសចរ ១៤ ​នាក់​ផ្សេងទៀត រីករាយ​ដែល​បាន​ចូលរួម​ដំណើរ​កម្សាន្ត​រៀបចំឡើង​ដោយ​ទីភ្នាក់ងារ​ទេសចរណ៍​បែប​ផ្សងព្រេង កីឡា និង​វប្បធម៌​។

​អ្នកស្រីបាន​បន្ដថា​៖ «​រឿង​សំខាន់ដែល​ខ្ញុំ​សម្គាល់​ឃើញ​ គឺ​ការស្វាគមន៍​ពី​សំណាក់​ពលរដ្ឋ​អ៊ី​រាក់​ដ៏​មានទឹក​ចិ​ត្ដ​ល្អ​។ ពួកគេ​ញញឹម ពួកគេ​ស្វាគមន៍ និង​រួសរាយ​រាក់ទាក់​បំផុត​»​។

​ទិន្នន័យ​អាជ្ញាធរ​ទេសចរណ៍បាន​បង្ហាញថា កាលពី​ឆ្នាំមុន អ៊ីរ៉ា​ក់បាន​ទាក់ទាញ​ភ្ញៀវ ១០៧ ០០០ ​នាក់ រួមទាំង​ភ្ញៀវទេសចរ​មកពី​ចក្រភព​អង់គ្លេស បារាំង អាមេរិក តួ​ក​គី និង​ន័​រ​វែ​ស​។ នោះ​ជា​ចំនួន​លើស ៣ ​ដង ពី​តួលេខ​ក្នុង​ឆ្នាំ ​២០២០​។

​ភ្ញៀវ​ខ្លះ​ចូល​ចិ​ត្ដបទ​ពិសោធ​បែប​អ្នកស្រុក​អ៊ី​រ៉ា​ក់ពិតៗ​។ អ្នកស្រី អេ​ម​ម៉ា វីត​ធើ​ស៍ អាយុ ៥៤​ ឆ្នាំ ដែលមាន​អ្នក​ចូល​ចុះឈ្មោះ​តាមដាន​ជាង ៧​ ម៉ឺន​នាក់​ លើ​ឆា​នែ​ល​យូ​ធូប បាន​និយាយថា​៖ «​ខ្ញុំ​ចូល​ចិ​ត្ដ​ទៅកាន់​ទីកន្លែង​ដែល​មិនសូវមាន​មនុស្ស​ច្រើន​»​។

​អ្នកស្រី​បន្ដថា​៖ «​ក្រោយ​ញាំញី​ពី​សង្គ្រាម និង​ភាព​ឯកា យើង​អាច​គិតថា ពួកគេ​ជា​មនុស្ស​កម្សត់​ទុរគត​។ ប៉ុន្ដែ​តាមពិត​ពួកគេ​ជា​មនុស្ស​រីករាយ​នឹង​ឃើញ​មនុស្សម្នា និង​ជនបរទេស​។ ពួកគេ​ចិ​ត្ដ​ល្អ​ណាស់​»៕ AFP/HR