​ក្រុង​ម៉ា​ណាហ្គា: អាណា មូល​ល័​រ ត្រូវ​ចំណាយពេល​កន្លះ​ម៉ោង​ដើរ​ត្រាច់ចរ​ឡើង​កំពូល​ភ្នំភ្លើង Cerro Negro ជា​ដំណើរ​កម្សាន្ដ​សម្រាប់​ភ្ញៀវ​​ទេសចរ​ទៅកាន់​ទីឋាន​ទេសចរណ៍​ដ៏​ពេញនិយម​របស់​ប្រទេស​នី​កា​រ៉ា​ហ្គា ដើម្បី​ជិះ​ក្ដា​រំអិល​ចុះ​ជម្រាលភ្នំ​។


​ភ្នំភ្លើង Cerro Negro ស្ថិតនៅ​រយៈ​​កម្ពស់​ត្រឹមតែ ៧២៨​ ម៉ែត្រ តែ​ការ​ជិះ​ក្ដារ​រំអិល​តាម​ជម្រាលភ្នំ​លើ​ផេះ​ក​ម្អែ​ភ្នំ ចំណាយពេល​ដើរ​ត្រឹមតែ ៤០ ​នាទី ដែល​អនុញ្ញាតឱ្យ​អ្នកចូលរួម​និយាយថា ពួកគេ​ជិះ​ក្ដារ​រំអិល​ពី​កំពូលភ្នំ​ភ្លើង​។


​កញ្ញា មូល​ល័​រ ជា​ទេសចរ​អាល្លឺម៉ង់ ដែល​រីករាយ​នឹង​សកម្មភាព​ដ៏​រំជើប​​រំជួល​នេះ បាន​និយាយថា​៖ «​វា​ជា​បទពិសោធ​ដ៏​វិសេស​។ មាន​ភ្នំភ្លើង​ជា​ច្រើន​ទៀត​នៅ​តំបន់អាហ្វ្រិ​ក​កណ្ដាល តែ​មានតែ​ភ្នំភ្លើង​នេះ​ អាច​ជិះ​ក្ដារ​រំអិល​បាន​នៅ​នី​កា​រ៉ា​ហ្គា ទីក្រុង​លី​យ៉ុង​»​។


​ទីក្រុង​ធំ​ដែល​នៅក្បែរ​ភ្នំភ្លើង​បំផុត មាន​ប្រតិ​ប​ត្ដិករ​ទេសចរណ៍​យ៉ាងតិច​ចំនួន​ ១២ ដែល​ផ្ដល់​សេវាកម្ម​ជិះ​ក្ដារ​​រំអិល​លើ​ភ្នំភ្លើង Cerro Negro ក្នុងតម្លៃ​ប្រមាណ ៣០ ​ដុល្លារ​។


​យោងតាម​ឆ្មាំ​ឧទ្យាន​ភ្នំភ្លើង​នេះ សហគមន៍​ចំនួន​ ១២ រស់នៅ​ក្បែរ​ភ្នំភ្លើង ដែលមាន​ប្រជាជន​សរុប​កន្លះ​លាន​នាក់ រក​ចំណូល​ដោយផ្ទាល់ និង​ប្រយោជន៍​ពី​វិស័យ​ទេសចរណ៍​។


បទពិសោធ​ដ៏រំជើបរំជួល​នៃការ​ជិះ​ក្ដា​ររំអិលតាមជម្រាលភ្នំភ្លើង​។ រូបថត AFP

​ពលរដ្ឋ​ម្នាក់​ឈ្មោះ ចូ​ស ហ្គូ​ន​ហ្សា​ឡេស បាន​ស្ពាយ​ក្ដារ​រំអិល​ឱ្យ​ភ្ញៀវ​ឡើង​ភ្នំ និង​អាច​រកចំណូលបាន​រហូត​ដល់ ២០ ​ដុល្លារ ​ក្នុង ​១ ​ថ្ងៃ​។

​លោក​បាន​និយាយថា​៖ «​នោះ​ជា​ប្រាក់ខែ​របស់​យើង​។ បើ​យើង​មិន​ស្ពាយ​ក្ដារ​រំអិល​ឡើង​ភ្នំភ្លើង​ទេ យើង​នឹងមិន​អាច​រក​ចំណូល​ចូល​ផ្ទះ​ចិញ្ចឹម​គ្រួសារ​បានឡើយ​»​។

​ថ្វីដ្បិតតែ​នៅ​បន្ដ​យ៉ាងសកម្ម តែ​ភ្នំ​​ភ្លើង Cerro Negro មិន​បញ្ចេញ​ក​ម្អែ​ផ្សែង​ទេ ដោយ​វា​បាន​ផ្ទុះ​លើក​ចុង​​ក្រោយ​បំផុត កាលពី​ឆ្នាំ ​១៩៩៩​។

​ភ្ញៀវទេសចរ​អាមេរិក​លោក អេ​ក្វា​ដូ សាន់ដ្រូ បាន​និយាយថា​៖ «​រាង​ខ្លាច​បន្ដិច តែ​សប្បាយ​។ វា​ពិតជា​ខ្ពស់់​មែនទែន តែ​ខ្ញុំ​គួរ​សាកល្បង​ឱ្យបាន​ម្ដង ក្នុង​ឆាកជីវិត​»​។

​សម្រាប់​ភ្ញៀវទេសចរ​ព័រ​ទុយ​ហ្គា​ល់ កញ្ញា ការី​ណា ម៉ូ​រ៉ា បាន​និយាយថា​៖ «​វា​គឺជា​ការ​ប៉ះ​ផ្ទាល់​នឹង​ផែនដី​។ ខ្ញុំ​គិតថា វា​ជា​បទពិសោធ​ដ៏​ល្អ​បំផុត​សម្រាប់​មនុស្ស ដែល​អាច​ទទួល​អារម្មណ៍​ដឹង​ពី​កម្ដៅ​នៃ​ផែនដី​»​។

​ក្រុមហ៊ុន​ទេសចរណ៍ Bigfoot លោក ឡេ​ស្ទើរ សេន​ធេ​ណូ ប្រធាន គឺជា​អ្នក​បាន​ជិះ​ក្ដារ​រំអិល​ភ្នំភ្លើង​នេះ​ជា​លើកដំបូង​ក្នុង​ឆ្នាំ​ ២០០៦​។

​លោក​បាន​និយាយថា​៖ «​វា​ជាទី​កន្លែង​តែ ​១ ​គត់​ក្នុង​លោក ដែល​យើង​អាច​ជិះ​ក្ដារ​រំអិល​លើ​ភ្នំភ្លើង​កំពុងតែ​សកម្ម​»៕ AFP/HR