កំពង់ស្ពឺ: ដោយមើលឃើញនូវកំណត់ត្រា ដែលត្រូវបានសរសេរនៅលើអត្ថបទសារព័ត៌មានភាសាអង់គ្លេស ចំពោះអ្នកអះអាងថា បានឡើងភ្នំឱរ៉ាល់ជាមួយនឹងថិរវេលា ៣ម៉ោង ២៧ នាទី និង ៦ វិនាទី បុរសអាមេរិកាំងម្នាក់ និងអូស្ដ្រាលីម្នាក់ទៀតក៏ទទួលយកការប្រកួតនេះ ជាមួយគោលបំណងស្ដារអេកូទេសចរណ៍ឱ្យរស់ឡើងវិញ ក្រោយញាំញីដោយវីរុសរាតត្បាតសកល។
លោក Jacob Sims និងលោក Julien Brewster បានសម្រេចចិត្ដសាកល្បងបំបែកកំណត់ត្រាដែលមានស្រាប់ ដោយអះអាងថា វាមិនមែនជាការប្រកួត ឬប្រណាំងប្រជែងអ្វីឡើយ។
នៅថ្ងៃទី ៣ ខែ មេសា ឆ្នាំ ២០២២ បុរសទាំង ២ បានចាប់ផ្ដើមឡើងភ្នំខ្ពស់បំផុតនៅប្រទេសកម្ពុជា នាវេលាម៉ោង ៥:៥៥ នាទីព្រឹក និងបញ្ចប់បេសកកម្មទៅដល់កំពូលភ្នំឱរ៉ាល់នៅម៉ោង
៨:២១ ព្រឹក។
បុរសអាមេរិកាំងរូបនេះបានប្រាប់ ភ្នំពេញ ប៉ុស្ដិ៍ថា៖ «យើងបានចំណាយពេល ២ ម៉ោង ២៦ នាទី និង ៣៦ វិនាទី។ Julien និងខ្ញុំបានបញ្ចប់ទីនៅថិរវេលាដូចគ្នា។ យើងមិនមែនប្រណាំងគ្នានោះទេ តែយើងធ្វើការជាក្រុម។ មិត្ដភក្ដិយើង ៦ នាក់ ដែលមកពីអគារស្នាក់តែមួយបាននាំគ្នាមកភ្នំឱរ៉ាល់ និងអបអរពួកយើង»។
លោក Jacob ដែលរមែងចូលរួមកម្មវិធីរត់ប្រណាំងតាំងពីរៀននៅសាកលវិទ្យាល័យ ក៏ដូចជាចូលចិត្ដពុះពារឧបសគ្គប្លែកៗ បាននិយាយថា ពេលវេលាឡើងភ្នំនេះត្រូវបានបញ្ជាក់ដោយលោក ឈីម ឈឺន តំណាងសហគមន៍ទេសចរណ៍ភ្នំឱរ៉ាល់ក៏ ដូចជានាឡិកា GPS ផងដែរ។
បុរសអាមេរិកាំង Jacob អាយុ ៣៤ ឆ្នាំ ជាបុគ្គលិកអង្គការក្រៅរដ្ឋាភិបាលដែលបានរស់នៅក្នុងរាជធានីភ្នំពេញតាំងពីចុងឆ្នាំ ២០១៩។
លោកធ្លាប់បានចូលរួមប្រកួតរត់ប្រណាំងម៉ារ៉ាតុង និងរត់ចម្ងាយឆ្ងាយ ឡើងភ្នំអាមេរិកប្រចាំឆ្នាំដ៏ល្បីល្បាញ ក៏ដូចជាដំណើរជិះកង់ឆ្លងកាត់តំបន់អឺរ៉ុប អាហ្វ្រិក អាមេរិកឡាទីន និងអាស៊ីអាគ្នេយ៍។
លោក Julien អាយុ ៣៦ ឆ្នាំ ក៏ជាបុគ្គលិកអង្គការនៅកម្ពុជា ដែលមកពីអូស្ដ្រាលី តាំងពីឆ្នាំ ២០១១ និងជាកីឡាករលេងបាល់ទាត់តាមបែបផែនអូស្ដ្រាលីនៅកម្ពុជាផងដែរ។
លោក Jacob បាននិយាយថា៖ «យើងមានគំនិតបែបនេះ ដោយសារមិត្ដភក្ដិរបស់យើងឈ្មោះ Luke Weatherson បានរកឃើញអត្ថបទព័ត៌មានមួយចុះផ្សាយអំពីកំណត់ត្រាចាស់ និងបានប្រាប់យើងថា គាត់គិតថា យើងមានកម្លាំងខ្សោយ ធាត់ខ្លាញ់ និងស្ទក់ៗ ហើយគ្មានផ្លូវណា យើងអាចប្រជែងបានឡើយ។ ដូច្នេះ យើងត្រូវបញ្ជាក់ប្រាប់គាត់ថា គាត់គិតខុសហើយ»។
អ្នកនាំផ្លូវដែលហៅថា សហគមន៍ទេសចរណ៍ភ្នំឱរ៉ាល់ និងដឹកនាំដោយលោក ឈីម ឈឺន មកពីភូមិស្រែកិន ៣។ អ្នកនាំផ្លូវ ២ នាក់ ធ្វើការឱ្យភ្នាក់ងារ គឺ ស សំបូរ និង ស វ៉ុត ដែលជួយធ្វើកិច្ចការពួកគេ ១ ផ្នែក។
លោក វ៉ុត បានចាប់ផ្ដើមស្ពាយសម្ពាយឱ្យយើងរយៈពេល ៤៥ នាទីដំបូង មុនពេលសម្ទុះល្បឿនរបស់លោកបានថមថយ។
បន្ទាប់មក វាជាកិច្ចការរបស់លោក សំបូរ ដែលចាប់ផ្ដើមបន្ដពីប៉ុស្ដិ៍សម្រាក និងជូនដំណើររហូតដល់កំពូលភ្នំខ្ពស់ជាងគេនៅកម្ពុជា។
លោកបានបន្ថែមថា៖ «យើងពិតជាចង់ជួយលោក ឈីម និងភ្នាក់ងាររបស់លោកឱ្យមានគេស្គាល់ទូលំទូលាយ។ ដោយសារវិបត្ដិកូវីដ ១៩ អ្នកនាំផ្លូវបានជួបការលំបាកខ្លាំងចំពោះជីវភាពរបស់ពួកគេ។ យើងសង្ឃឹមថា កំណត់ត្រានេះនឹងជួយបង្កើនប្រាក់ចំណូល និងកៀរគរភ្ញៀវទេសចរបន្ថែមសម្រាប់សហគមន៍ទេសចរណ៍ភ្នំឱរ៉ាល់»។
លោក Jacob បានឱ្យដឹងថា ការដើរឡើងភ្នំមានចម្ងាយ ១០ គីឡូម៉ែត្រ និងការឡើងចំណោតមានប្រវែង ២២៥ ម៉ែត្រទៅកាន់កំពូលកម្ពស់ ១ ៨១៣ ម៉ែត្រ។
ក្រៅពីចម្ងាយ និងចំណោត នៅមានបញ្ហាមួយចំនួនទៀត ដែលធ្វើឱ្យអ្នកឡើងភ្នំជួបឧបសគ្គ។
លោកបាននិយាយថា៖ «កម្ដៅ និងសំណើម គឺជាកត្ដាចម្បង។ យ៉ាងណាមិញ នៅមានចំណុចខ្លះ ដែលមានលក្ខណៈចោតខ្លាំង និងតម្រូវឱ្យប្រើប្រាស់ខ្សែពួរតោង។ ផ្នែកខ្លះមិនអាចឆ្លងកាត់បាន ដោយសារតែមានដើមឈើដួលរលំ ដែលទាមទារមានការត្រួសត្រាយ»។
លោកបានបន្ថែមថា នៅចំណុចខ្លះទៀត ក៏មានភក់ និងដីឥដ្ឋស្អិតជើង។ ប៉ុន្ដែសម្រាប់អ្នកឡើងភ្នំអាជីព វាជាកិច្ចការមិនលំបាកនោះទេ។
អ្នកជំនាញរូបនេះថា នៅទីនោះមានជំរំសម្រាក ២ កន្លែង ដោយ ១ ស្ថិតនៅចម្ងាយ ២ គីឡូម៉ែត្រ និង ១ ទៀត នៅចម្ងាយ ៧ គីឡូម៉ែត្រ។
ក្រុមអ្នកឡើងភ្នំភាគច្រើនតែងតែជ្រើសរើសដំណើរឡើងភ្នំរយៈពេល ២ យប់ ៣ ថ្ងៃ និងចំណាយពេលកម្សាន្ដបន្ថែមទៀត បើពួកគេចង់លុកលុយភ្នំឱរ៉ាល់ច្រើនទៀត។
បើទោះបីជាបុរសបរទេស ២ នាក់នេះ មកពីអង្គការក្រៅរដ្ឋាភិបាលយ៉ាងណាក៏ដោយ ក៏ការឡើងភ្នំបំបែកកំណត់ត្រាក្រៅផ្លូវការនេះ គឺជារឿងឯកជនសុទ្ធសាធ។
លោក Jacob ដែលមានជំនាញខាងកីឡារូបនេះ បានឱ្យដឹងថា៖ «វាគ្រាន់តែជាគំនិតផ្ដួចផ្ដើមរបស់មិត្ដភក្ដិ ១ ក្រុមដើម្បីបង្វឹក និងព្យាយាមបំបែកកំណត់ត្រាមានស្រាប់។ ភ្នំឱរ៉ាល់ស្ថិតនៅកណ្ដាលឧទ្យានជាតិ។ សូមអញ្ជើញនាំគ្នាទៅបង្កើតកំណត់ត្រាថ្មីៗបានគ្រប់ពេលវេលា»។
លោកបានលើកឡើងថា៖ «យើងចង់លើកទឹកចិត្ដឱ្យអត្ដពលិកខ្មែរមកពីសហគមន៍ឡើងភ្នំ និងរត់ប្រណាំងកម្ពុជា ចេញមកបំបែកកំណត់ត្រារបស់យើង»។
លោកអះអាងថា៖ «យើងគិតថា វាជាកំណត់ត្រាខ្ពស់ដែរ ដែលនឹងតម្រូវឱ្យអ្នកឡើងត្រៀមខ្លួន និងមានការបង្វឹក ក៏ដូចជាសិក្សាអំពីអាកាសធាតុ តែកំណត់ត្រាក៏អាចផ្ដួលបាន។ យើងសង្ឃឹមថា ប្រជាជននឹងទៅកាន់ទីនោះ និងរុករកទីកន្លែងស្រស់ស្អាតរបស់កម្ពុជា។ ថ្វីដ្បិតតែឱរ៉ាល់ស្ថិតក្នុងតំបន់អភិរក្សយ៉ាងណាក៏ដោយ ក៏យើងនៅឮសំឡេងរណារយក្សម្ដងម្កាលដែរ»។
កំណត់ត្រាចាស់ជាង ៣ ម៉ោង ត្រូវបានធ្វើឡើងកាលពីថ្ងៃទី ១៧ ខែ កុម្ភៈ ឆ្នាំ ២០២០ ដោយអ្នករត់ និងឡើងភ្នំជនជាតិអាមេរិក Fred Zalokar និងលោក David Minetti អតីតកងកម្លាំងពិសេសបារាំង និងជាសហស្ថាបនិក C4 Adventures។
លោក Jacob បានបញ្ជាក់ថា៖ «យោងតាមអ្នកនាំផ្លូវ គ្មាននរណាមានកំណត់ត្រាលឿនជាងនេះទៀតនាពេលបច្ចុប្បន្ននេះទេ។ ដូច្នេះ យើងមានជំនឿចិត្ដថា មុនយើងសម្រេចលទ្ធផលជាង ២ ម៉ោងនេះ លោក Zalokar និងលោក Minetti គ្មាននរណាផ្ដួលបានឡើយ»៕