​ក្រុង​វ៉ាស៊ីនតោន: ទ្វារ​ចូល​ទីផ្សារ​ទេសចរណ៍​អវកាស​ថ្មី​បាន​សន្យា​ផ្ដល់​ទស្សនីយភាព​កំណោង​ភពផែនដី​ពី​កាប៊ីន​ដ៏​ប្រណីត​បំផុត ដែល​ត្រូវបាន​បង្ហោះ​ទៅ​បរិយាកាស​ខាងលើ​ដោយ​បា​ឡុង​យក្ស​។


Space Perspective សប្ដាហ៍​មុន បាន​លាតត្រដាង​ពី​រូបភាព​កាប៊ីន​ដ៏​ប្រណីត ដែល​ខ្លួន​រំពឹងថា នឹង​ចាប់ផ្ដើម​បង្ហោះ​ចេញពី​មជ្ឈមណ្ឌល​អវកាស​ឃេ​ន​ណេ​ឌី ក្នុង​រដ្ឋ Florida ពី​ចុងឆ្នាំ ​២០២៤ ជាមួយ​គម្រោង​ហោះហើរ​ ២៥ ​ដង​ ក្នុង ​១ ​ឆ្នាំ​ដំបូង​។​


​សំបុត្រ​ជាង ​៦០០ ​សន្លឹក ​ត្រូវបាន​លក់​អស់​ក្នុងតម្លៃ ១២៥ ០០០ ​ដុល្លារ ក្នុង ​១​ សន្លឹក​។ អ្នកដំណើរ​មិន​តម្រូវឱ្យមាន​ការបណ្ដុះបណ្ដាល​នោះទេ​។​


​ដោយមាន​បង្អួច​កម្ពស់ ១,៥ ​ម៉ែត្រ កៅអី​ជ្រៅ បន្ទប់​រំលេច​ដោយ​ពន្លឺ​ភ្លើងពណ៌​ស្វាយ​ដ៏​ស្រទន់ បរិយាកាស​នៅ​ទីនោះ​ផ្ទុយស្រឡះ​ពី​កាប៊ីន​ពណ៌​ស​របស់​ក្រុមហ៊ុន​គូប្រជែង​។


​ការភ្ជាប់​ប្រព័ន្ធអ៊ីន​ធឺ​ណិ​ត WiFi និង​បា​រ៍​បម្រើ​ភេសជ្ជៈ​នៅ​បរិ​វណ «Space Lounge» ខាងក្នុង​កាប៊ីន Neptune របស់​ក្រុមហ៊ុន​។


​បា​ឡុង​ស្ថិតនៅ​រយៈកម្ពស់ ៣០ ​គីឡូម៉ែត្រ នៅ​ទាប​ជាង​សមត្ថភាព​យានអវកាស​របស់​គូប្រជែង Virgin Galactic ដែល​ហោះ​កម្ពស់ ៨០ ​គីឡូម៉ែត្រ ឬ Blue Origin ដែល​ឆ្លង​ខ្សែបន្ទាត់ Karman Line នៅ​រយៈ​​កម្ពស់ ១០០ ​គីឡូម៉ែត្រ ជា​ព្រំដែន​អវកាស​ទទួលស្គាល់​ជា​អន្ដរជាតិ​។

​បា​ឡុង​ហោះ​ក្នុង​ល្បឿន ១៩ ​គីឡូ​​ម៉ែត្រ​ដល់​កម្ពស់ ៣០ ​គីឡូម៉ែត្រ ខណៈ​កម្ពស់​កម្រិត​ការហោះហើរ​របស់​យន្ដហោះ​ពាណិជ្ជកម្ម​ត្រឹម​កម្ពស់ ១០ ​គីឡូម៉ែត្រ​ប៉ុណ្ណោះ​។

​សហ​ស្ថាបនិក Jayne Poynter បាន​ប្រាប់ AFP ថា​៖ «​យើង​មាន​ស្ថិតនៅ​ខ្ពស់ជាង​បរិយាកាស​នៃ​ភពផែនដី ៩៩​ ភាគរយ ដែល​មានន័យថា អ្នក​​ដំណើរ​នឹង​មើលឃើញ​បរិយាកាស​ពណ៌​ខ្មៅ​នៃ​អវកាស​»៕ AFP/HR