​ភ្នំពេញៈ សម្រាប់​អ្នក​មិនសូវមាន​ពេលវេលា​ច្រើន តែ​ចង់​មើល​អ្វី​ប្លែកៗ​នៅ​ជិតបង្កើយ អាច​ឆ្លៀតពេល​កន្លះ​ថ្ងៃ​ធ្វើដំណើរ​ជាង ១០ ​គីឡូម៉ែត្រ​ពី​រាជធានី​ភ្នំពេញ ទៅ​ទស្សនា​ពពួកសត្វ​​ស្លាប​រស់នៅ​តាម​តំបន់ដីសើម បឹង និង​ទន្លេ ក្រោម​ការរៀបចំ​ពី​មគ្គុទេសក៍​ទេសចរណ៍​ដ៏​មាន​បទពិសោធ​។


​ភ្ញៀវទេសចរ​ជាតិ​ជាច្រើន​ប្រហែលជា​មិនទាន់​ដឹង​អំពី​វត្ដ​មាន​សត្វ​ស្លាប​ដ៏​ច្រើនសន្ធឹក​នៅក្បែរ​រាជធានី ខណៈ​អ្នកខ្លះ​មិន​ចង់​ចូលរួម​នៅក្នុង​ដំណើរ​កម្សាន្ដ​ជា​ក្រុម​នេះ​ទេ​។ ប៉ុន្ដែ​ជាមួយ​ការរៀបចំ​របស់​មគ្គុទេសក៍ ពួកគេ​នឹងមាន​ឱកាស​បានឃើញ​បក្សី​ជាច្រើន ក៏ដូចជា ទេសភាព​សម្រស់​បឹង ព្រៃ​​ល្បោះ និង​បឹង​ឈូក​ទៀតផង​។


​លោក ជា ថុង ស្ថាបនិក​ក្រុមហ៊ុន​ទេសចរណ៍ Vana Adventure Travel ដែល​បានរៀបចំ​ដំណើរ​​កម្សាន្ដ​នេះ​បាន​និយាយថា​៖ «​ភ្ញៀវ​ខ្មែរ​យើង​មិនសូវ​ចាប់អារម្មណ៍​ដំណើរ​​កម្សាន្ដ​បែបនេះ​ទេ​។ ប៉ុន្ដែ​ភ្ញៀវ​បរទេស​ពិតជា​ចាប់អារម្មណ៍​ច្រើន​។ ចាប់ពី​ខែ ១១ ​ឆ្នាំមុន នៅពេល​រាជរដ្ឋាភិបាល​ប្រកាស​បើក​ប្រទេស​ឡើងវិញ​មក​យើង​ទទួលភ្ញៀវ​បរទេស​តិចៗ នៅ​មិនទាន់​ដូច​មុនៗ​នោះទេ​។ នេះ​ជា​ដំណើរ​​កម្សាន្ដ​គយគន់​បក្សី​ក្បែរ​ទីក្រុង​ភ្នំពេញ​ជា​លើក​ទី​១ ​សម្រាប់​ការរៀបចំ​របស់​ក្រុមហ៊ុន​ខ្ញុំ​»​។


​លោក ថុង ដែល​បានរៀបចំ​ដំណើរ​​កម្សាន្ដ​ជិះ​កង់ ដើរ​ព្រៃ និង​មើល​បក្សី តាំងពី​មុន​កូ​វីដ បានឱ្យដឹងថា ការ​​ទស្សនា​សត្វ​ស្លាប​នេះ​ ត្រូវបាន​រៀបចំឡើង​សម្រាប់​ភ្ញៀវ​មាន​ពេលវេលា​តិច បែប​កម្សាន្ដ​សប្បាយ ដោយ​ភ្ញៀវ​គ្រាន់​​តែ​ចង់ឃើញ​សត្វ​ស្លាប និង​សត្វ​នៅតាម​តំបន់ដីសើម ឬ​បឹង និង​ទន្លេ​។


​ដោយ​ប្រមូល​ផ្ដុំគ្នា​នៅ​កំពង់ចម្លង​អរិយ​ក្សត្រ ពួកគេ​ធ្វើដំណើរ​នៅ​ម៉ោង ៥:៣០ ​ព្រឹក តាម​រថយន្ដ​ឆ្ពោះទៅ​ល្វាឯម ចម្ងាយ​ប្រមាណ ៨​ គីឡូម៉ែត្រ ស្ថិតនៅ​ក្រោយ​វត្ដ​ស្វាយ​អណ្ដែត​។​


​លោក ថុង បាន​ប្រាប់ ភ្នំពេញ ប៉ុស្ដិ៍ថា​៖ «​ពួកគេ​ឆ្ពោះទៅកាន់​តំបន់​ព្រំ​​ប្រទល់​ដី​ជាមួយ​ក្រុមហ៊ុន 7NG នៅ​ស្រុក​ល្វាឯម ដែល​ម្ខាង​មាន​ទន្លេ និង​ម្ខាង​ទៀត​មាន​បឹង​ធំ​មួយ​។ បឹង​ធំ​នេះ​សម្បូរ​ទៅដោយ​សត្វ​ស្លាប ដូចជា កុក ទាព្រៃ មាន់ទឹក ប្រវឹក និង​រំពេ​»​។

នារដូវ​នេះ​បឹង​ឈូក​រំលេច​ផ្កា​ពណ៌​ផ្កា​ឈូក​លើ​កម្រាល​ស្លឹកបៃតង​​។ រូបថត សហការី

​ទៅដល់​មាត់ទឹក​នាពេល​ព្រឹក​​ព្រលឹម ភ្ញៀវ​អាច​គយគន់​ទេសភាព​ដ៏​ស្រស់ស្អាត​នៃ​ទិដ្ឋភាព​ថ្ងៃ​រះ​ពណ៌​លឿង​ឆ្អិនឆ្អៅ​។ នៅតាម​តំបន់​ព្រៃ​បឹង ពួកគេ​អាច​មើលឃើញ​សត្វ​ច្រើន​រហូតដល់​រាប់រយ រាប់ពាន់​ក្បាល​។

​លោក ថុង ដែល​រមែង​រៀបចំ​កម្មវិធី​នាំ​ភ្ញៀវ​រុករក​តំបន់​ប្លែកៗ​ទូទាំង​កម្ពុជាបាន​បន្ដថា​៖ «​តែដោយសារ​ការ​​អភិវឌ្ឍ បច្ចុប្បន្ននេះ យើង​មិនអាច​មើលឃើញ​ចំនួន​សត្វ​ច្រើន​ដូច​កាល​មុន​សម័យ​កូ​វីដ​នោះទេ​»​។

​សត្វ​ស្លាប​ខ្លះ ពួកគេ​អាច​មើលឃើញ​នៅ​ជិតៗ​ខ្លួន​។ ប៉ុន្ដែ​សត្វ​ខ្លះទៀត ដូចជា ទាព្រៃ ការ​គយគន់​ត្រូវធ្វើឡើង​តាម​កែវយឹត ដែល​លោក​លោក ថុង បាន​បម្រុង​ទុក​មួយចំនួន​សម្រាប់​ភ្ញៀវ​មើល​ផ្លាស់ប្ដូរ​គ្នា​សម្រាប់​ភ្ញៀវ​អត់​មាន​ឧបករណ៍​ផ្ទាល់ខ្លួន​។

​ចប់​ការ​ទស្សនា​សត្វ និង​ការរៀបរាប់​ចំនួន​សត្វ​ស្លាប​ជូន​ភ្ញៀវ​រួចរាល់ ភ្ញៀវ​ត្រូវបាន​ចែក​សៀវភៅ​ម​គ្គុ​ទេស​អំពី​បក្សី​ដើម្បី​ឱ្យបាន​មើលឃើញ​សត្វ​អ្វីខ្លះ​។ បន្ទាប់មក ពួកគេ​ធ្វើដំណើរ​ទៅ​ជ្រុង​ ១​ទៀត​នៃ​បឹង ដើម្បី​ទស្សនា​សត្វ​ចាប​តេត​កម្ពុជា ដែល​ពួកវា​មានខ្លួន​ពណ៌​ប្រផេះ និង​ក្បាល​ពណ៌​ក្បឿង​។

​លោក ថុង បាន​បន្ដថា​៖ «​មុនពេល​ទស្សនា​ពពួក​សត្វ​ចាប​តេត​កម្ពុជា យើង​ត្រូវ​បានរៀបចំ​កៅអីអង្គុយ ជើង​​កាមេរ៉ា និង​ប្រព័ន្ធ​បំពង​សំឡេង​តិចៗ​ដើម្បី​ទាក់ទាញ​ពួកវា​ឱ្យ​ចេញពី​ព្រៃ​​ល្បោះ​ទាបៗ​។ ភ្ញៀវ​អាច​អង្គុយ​ថត​ពេល​ពួកវា​លោត​ទុំ​លើ​ដើមឈើ​​ល្បោះៗ​ចេញមក​បន្ដិច​ម្ដងៗ​»​។

​វេលា​បន្ទាប់ ភ្ញៀវ​ធ្វើដំណើរ​ទៅ​តំបន់​បឹង​ឈូក ដែល​រដូវ​នេះ​វា​រំលេច​សម្រស់​បុប្ផា​ពណ៌​ផ្កាឈូក ក្រាល​លើ​កម្រាលព្រំ​ស្លឹក​ពណ៌​បៃតង​ដ៏​ស្រស់ត្រកាល​។

​ពួកគេ​បានរៀបចំ​កៅអី​នៅក្បែរ​បឹង​​ឈូក ដែល​អាច​គយគន់​ផ្កាឈូក​ផង និង​ទស្សនា​សត្វ​ស្លាប​មួយចំនួនទៀត ដូចជា កុក ទ​ន្ទ្រី​ត រំពេ ជាដើម មុន​វេលា​ស្រស់ស្រូប​អាហារ​ពេលព្រឹក​។

​ក្រោយ​សម្រាក​ក្បែរ​បឹង​ឈូក​មួយសន្ទុះ ពួកគេ​ចាប់ផ្ដើម​ដើរកាត់​វាល​​ឈូក​ទៅ​មើល​ពពួកសត្វ​ទ​ន្ទ្រី​ត​ទន្លេ​។

​ស្ថាបនិក​ក្រុមហ៊ុន​ទេសចរណ៍​រូបនេះ​បាន​និយាយថា​៖ «​ដល់ពេល​រដូវ​ពង​​កូន​នេះ ពួកវា​ហើរ​ចុះ​ហើរ​ឡើង រួច​ពង​នៅ​នឹង​ដី ដែល​យើង​ត្រូវ​ប្រយ័ត្ន​ចំពោះ​ការដើរ​ជាន់​ពង​របស់​ពួកវា​ដែរ​។ ក្មេងៗ​ទៅ​ឃ្វាលគោ ឬ​កាត់​ឈូក ក៏​ដើរ​រើស​ពង​យកមក​ស្ងោរ​ផងដែរ​»​។

សត្វ​ចាប​តេត​កម្ពុជា មាន​ខ្លួន​ពណ៌​ប្រផេះ និង​ក្បាល​ពណ៌​ក្បឿង​។ រូបថត សហការី

​លោក​បន្ថែមថា​៖ «​នៅក្នុង​តំបន់​នោះ មាន​ពពួកសត្វ​មួយចំនួនទៀត រួមទាំង ចាប​ក្រុ​ក ដែល​មិនសូវ​បង្ហាញ​វត្ដ​មាន​នោះទេ ក្រៅពី​សំឡេង​ក្រុ​កៗ​។ ពេល​បានឮ​សំឡេង​របស់​ពួកវា យើង​រៀបចំ​កន្លែង រួច​អង្គុយ​រង់ចាំ​មើល​តែម្ដង​។ ចាប​ក្រុ​ក​ពិបាក​មើល​ជាងគេ​។ នៅមាន​សត្វ​ខ្ចា​ត ឬ Kingfisher ដែលមាន​ច្រើន​ប្រភេទ ដូចជា​ពណ៌​ខៀវ​ពភ្លាក់ ពណ៌​ស តូច និង​ធំ​»​។

​ចន្លោះ​ម៉ោង ១០:៣០ ឬ ១១:០០ ភ្ញៀវ​បន្ដដំណើរ​ម្ដុំ​វត្ដ​ពេជ្រ​មកុដ​នៅ​ជិត​អរិយ​ក្សត្រ ដែល​ពួកគេ​អាច​ទស្សនា​ពពួកសត្វ​ ២-៣​ ប្រភេទ ដូចជា អែ​អូត ខ្ចា​ត ដែល​អាច​មើលឃើញ​នៅ​រដូវ​ពង​​កូន​ចន្លោះ​ពី​ខែមិថុនា​ដល់​ខែសីហា​។

​ដោយ​មិនអាច​ប្រើ​គ្រឿង​បំពង​​សំឡេង ឬ​ទស្សនា​តាម​កែវយឹត​បាន ពួកគេ​គ្រាន់តែ​អាច​អង្គុយ​រង់ចាំ​មើល​ពពួក​សត្វ blue winged pitta ហើរ​ចេញមក​នៅ​ម្ដុំ​ពេជ្រ​មកុដ​នេះ​។ អម្បូរ​ចាប​នេះ​មិន​បង្ហាញខ្លួន​ក្នុង​ចំនួន​ច្រើន​នោះទេ ត្រឹម​ ១ ឬ​ ២​ ក្បាល​ប៉ុណ្ណឹង​ទេ ​ដោយសារ​ពួកវា​មិនត្រូវ​បានដឹង​ពី​ទីតាំង​រស់នៅ​ច្បាស់លាស់​។

​វេលា​ថ្ងៃត្រង់​បញ្ចប់​ដំណើរ​កម្សាន្ត ភ្ញៀវ​ទាំងអស់​នឹង​ឡើង​រថយន្ដ​រួច​វិល​មកកាន់​កំពង់ចម្លង​អរិយ​ក្សត្រ​ ដើម្បី​ធ្វើដំណើរ​មក​រាជធានី​ភ្នំពេញ​វិញ​។

​លោក​បានឱ្យដឹងថា​៖ «​ចន្លោះ​ត្រឹម​ម៉ោង​ ១១:៣០ ឬ​ម៉ោង​ ១២:០០ ដំណើរ​របស់​យើង​បានបញ្ចប់​ហើយ​។ ប៉ុន្ដែ​មាន​ភ្ញៀវ​ខ្លះ​គាត់​ចង់​ញ៉ាំ​បាយ​ថ្ងៃ​​ត្រង់​ជុំគ្នា​តទៅ យើង​ក៏​សម្របសម្រួល​រក​ហាង​បាយ​ដើម្បី​ទទួលទាន​ជុំគ្នា​ ១ ​ពេល​ទៀត​»​។

​សម្រាប់​ព័ត៌មាន​លម្អិត​ចំពោះ​ដំណើរ​កម្សាន្ដ​ទស្សនា​សត្វ​ស្លាប​តម្លៃ ៦៥​ ដុល្លារ​ម្នាក់ សូម​ចូលទៅ​មើល Events លើ Facebook ដោយ​វាយ​ពាក្យ Phnom Penh Birding Experience ឬ​ទំនាក់ទំនង​ទូរស័ព្ទ ០១២ ៨៨៣ ៨៩៨៕