ភ្នំពេញៈ ​វា​អាច​ជា​សំណង់​ដែល​អ្នក​ភ្នំពេញ​ជា​ម្ចាស់​ស្រុក​ជិះ​កាត់​ទៅវិញ​ទៅ​មក តែ​ក្នុង​ក្រសែ​ភ្នែក​អ្នក​ស្រឡាញ់​ស្នាដៃ​ស្ថាបត្យកម្ម និង​ភ្ញៀវ​ទេសចរ​បរទេស ​អគារ​បន្សល់​ពី​សម័យ​ក្រោយ​អាណា​និគម​និយម​បារាំង​ បង្កប់​នូវ​រឿងរ៉ាវ​ប្រវត្តិសាស្ត្រ​ធ្វើ​ឱ្យ​ពួក​គេ​សម្លឹង​មើល​ជក់​ចិត្ត និង​ស្ដាប់​ការ​បរិយាយ​ពី​មគ្គុទ្ទេស​ក៍​ខ្មែរ​យ៉ាង​ស្លុង​អារម្មណ៍។


នេះ​ជា​កិច្ចការ​របស់​អង្គការ​មិន​គិត​ពី​ប្រាក់​ចំណេញ ​Khmer Architecture Tours (ឬ KA-Tours) ដែល​ត្រូវ​បាន​បង្កើត​នៅ​ឆ្នាំ​ ២០០៣​ ដោយ​អតីត​និស្សិត​ស្ថាបត្យកម្ម​ខ្មែរ និង​បរទេស​ដើម្បី​លើក​កម្ពស់​ការ​យល់ដឹង​ពី​សំណង់​អគារ​ក្រោយ​ឆ្នាំ​ ១៩៥៣ ជា​វេលា​ដែល​ប្រទេស​កម្ពុជា ​ទទួល​បាន​ឯករាជ្យ​។


ដោយ​មាន​ការ​សិក្សា​ស្រាវជ្រាវ​ពី​ទីតាំង​ស្ថាបត្យកម្ម និង​ផ្ដល់​ការ​បណ្ដុះបណ្ដាល​ ការ​រៀបចំ​ទិន្នន័យ និង​បច្ចេកទេស​លើ​សំណង់​អគារ​សំខាន់ៗ​ដំណើរ​ទស្សនា​ស្នាដៃ​ស្ថាបត្យកម្ម​ខ្មែរ​ មាន​មគ្គុទ្ទេស​ក៍​សុទ្ធ​សឹង​ជា​ស្ថាបត្យករ​ជំនាញ​ ឬ​និស្សិត​ស្ថាបត្យកម្ម​ខ្មែរ ដែល​អាច​រៀបរាប់​ពី​ប្រវត្តិ​ជូន​ភ្ញៀវ​ទេសចរ​បាន។


អ្នក​ទេសចរ ឃ្លែរ ហកស៍ ដែល​បាន​ជួយ​ណែនាំ KA-Tours លើ​បណ្ដាញ​សង្គម​បាន​លើក​ឡើង​ថា​៖ «​ខ្ញុំ​បាន​ចូលរួម​ធួរ​ចំនួន​ ២​ លើក​ហើយ​សុទ្ធ​តែ​មាន​មគ្គុទ្ទេសក៍​មាន​ចំណេះ​ដឹង ការ​អត្ថាធិប្បាយ​គួរ​ឱ្យ​ចាប់​អារម្មណ៍ និង​ដំណើរការ​មាន​ប្រសិទ្ធភាព​ក្នុង​ថិរវេលា​ល្អ​បំផុត​ស័ក្ដិសម​នឹង​តម្លៃ និង​ការ​ចំណាយ​ពេល​វេលា​ ១ ​ព្រឹក​»។


រីឯ ល្វីស វ៉​ល​ធើរ ដែល​ជា​អ្នក​ទេសចរ​ចាប់​អារម្មណ៍​នឹង​ស្ថាបត្យកម្ម​កាល​ពី​ខែ​កក្កដា ​ឆ្នាំ ២០១៩ ​ត្រូវ​បាន​នាំ​ទៅ​កាន់​វិទ្យាស្ថាន​ភាសា​បរទេស កេរដំណែល​បុរី​ ១០០​ ខ្នង ​របស់​លោក ​វណ្ណ មូលីវណ្ណ និង​ពហុកីឡដ្ឋាន​ជាតិ​អូឡាំពិក។


អ្នក​ទេសចរ​រូប​នេះ​បាន​ថ្លែង​ថា​៖ «​ជា​អ្នក​ចាប់​អារម្មណ៍​ស្ថាបត្យកម្ម ​ពេល​ដែល​បាន​ដឹង​ស៊ីជម្រៅ វា​ពិត​ជា​ការ​ចាប់​ផ្ដើម​មួយ​ដ៏​អស្ចារ្យ​ដែល​បាន​ស្គាល់​សំណង់​ល្បីៗ និង​ប្រវត្តិ​របស់​វា​នៅ​រាជធានី​ភ្នំពេញ ​ជាពិសេស​ការ​បរិយាយ​លម្អិត​ពី​ស្នាដៃ​លោក វណ្ណ មូលីវណ្ណ ដែល​ពុំ​មាន​សរសេរ​ក្នុង​សៀវភៅ​មគ្គុទ្ទេសក៍​ទេសចរណ៍​នានា​​ទេ​»។

រីឯ​អ្នក​ទេសចរ​ម្នាក់​ទៀត​ឈ្មោះ ភេននី ធី មក​ពី​ក្រុង​មែលប៊ន ប្រទេស​អូស្ត្រាលី បាន​ទទួល​បទពិសោធ​ទស្សនា​សំណង់​ស្ថាបត្យកម្ម​ខ្មែរ​ពី​ខែ​មិថុនា ឆ្នាំ ​២០២២ ដោយ​ទទួល​បាន​បដិសណ្ឋារកិច្ច​ពី​មគ្គុទ្ទេសក៍ ហ៊ុន សុកញ្ញា។

អ្នក​ដំណើរ​សូឡូ​រូប​នេះ​បាន​លើក​ឡើង​ថា​៖ «​ស៊ីក្លូ​ គឺ​ជា​មធ្យោបាយ​ធ្វើ​ដំណើរ​ទស្សនា​ទីក្រុង​ដ៏​អស្ចារ្យ​ដោយសារ​ល្បឿន​ដ៏​យឺត​របស់​វា​។ មគ្គុទ្ទេសក៍​ដ៏​រួសរាយ សុកញ្ញា បាន​ផ្ដល់​ព័ត៌មាន​ និង​ការ​សន្ទនា​ដ៏​ល្អជា​បទពិសោធ​ជជែក​លេង​ជាមួយ​ពលរដ្ឋ​ម្ចាស់​ស្រុក​ក៏​ដូចជា​នាំ​ខ្ញុំ​ទៅ​កាន់​អគារ​ដ៏​អស្ចារ្យ​ដែល​ខ្ញុំ​មុខជា​មិន​អាច​មាន​ឱកាស​ទៅ​ទស្សនា​ដោយ​ខ្លួន​ឯង​បានទេ​»។

អ្នកស្រី សុកញ្ញា ជា​ស្ថាបត្យករ​បញ្ចប់​ការសិក្សា​ពី​មហា​វិទ្យាល័យ​ស្ថាបត្យកម្ម និង​នគរោបនីយវិទ្យា​នៃ​សាកល​វិទ្យាល័យ​ភូមិន្ទវិចិត្រ​សិល្បៈ​បាន​ចាប់​ផ្ដើម​បម្រើ​ការ​នៅ KA-Tours តាំង​ពី​ឆ្នាំ ២០១៦​។

ស្ត្រី​មគ្គុទ្ទេសក៍​នៅ​ថ្ងៃ​ចុង​សប្ដាហ៍​បន្ថែម​ពី​លើ​អាជីព​ការងារ​នៅ​សាលា​រាជធានី​ភ្នំពេញ​រូប​នេះ​ប្រាប់​ ភ្នំពេញ​ ប៉ុស្ដិ៍​ថា​៖ «​ខ្ញុំ​ចូល​ចិត្ត​នាំ​ធួរ​ហ្នឹង​ដោយសារ​យើង​អាច​បង្ហាញ​ពី​អ្វី​ដែល​យើង​បាន​ដឹង​ពី​សំណង់​ស្ថាបត្យកម្ម​ជា​សម្បត្តិ​បេតិកភណ្ឌ​ដូចជា​ អគារ​សម័យ​បារាំង ឬ​ក៏​អគារ​របស់​លោកតា វណ្ណ មូលីវណ្ណ ​ហើយ​ខ្ញុំ​ចូលចិត្ត​ជួប​មនុស្ស​ថ្មីៗ​ប្លែកៗ និង​បាន​ចែក​រំលែក​ប្រាប់​គាត់​ពី​អ្វី​ដែល​យើង​ដឹង​ពី​អគារ​ទាំង​អស់​ហ្នឹង​»។

ក្នុង​ចំណោម​អគារ​ស្ថាបត្យកម្ម​ដ៏​ចំណាស់​នៅ​រាជធានី​ភ្នំពេញ អ្នកស្រី​ពេញ​ចិត្ត​ស្នាដៃ​ស្ថាបត្យករ​ល្បី​លោក​ វណ្ណ មូលីវណ្ណ ដោយសារ​អគារ​របស់​លោក​ជាក់​ស្ដែង​ធ្វើ​ឱ្យ​អ្នក​ប្រើប្រាស់​មាន​អារម្ម​ណ៍​ផាសុកភាព។

អ្នកស្រី​បាន​លើក​ឡើង​ថា​៖ «​ខ្ញុំ​ចូលចិត្ត​អគារ​នៅ​សាលា​វិទ្យាស្ថាន​ភាសា​បរទេស​ជាង​គេ ព្រោះ​វា​នៅ​សល់​គូ​ទឹក​ នៅ​សល់​សួន​ច្បារ ហើយ​នៅ​ពេល​យើង​នៅ​ក្នុង​អគារ​ហ្នឹង​មាន​អារម្មណ៍​ថា វា​ត្រជាក់​ស្រួល​ខ្លួន​។ ទាំង​ប្រព័ន្ធ​ទឹក ​ប្រព័ន្ធ​ខ្យល់​អី​គឺ​ល្អ​នៅ​ក្នុង​ហ្នឹង ​ព្រោះ​គាត់​បាន​គិតគូរ​រួច​ហើយ​មុន​ពេល​​សង់​»។

អ្នក​នាង ជីប ចាន់ធី អ្នក​សម្របសម្រួល​រៀបចំ និង​កក់​ដំណើរ​ទស្សនា​មរតក​ស្ថាបត្យកម្ម​នៅ​ភ្នំពេញ​មាន​បទពិសោធ​ជាង​ ១ ​ទសវត្សរ៍​ ក្នុង​វិស័យ​សណ្ឋាគារ និង​បដិសណ្ឋារកិច្ច​នៅ​សៀមរាប និង​ភ្នំពេញ​បាន​បញ្ចប់​វគ្គ​មគ្គុទ្ទេសក៍​និយាយ​ភាសា​អង់គ្លេស​ កាល​ពី​ឆ្នាំ​ ២០១៣ ​និង​ចូលរួម KA-Tours ក្នុង​ឆ្នាំ​ដដែល​។

អ្នកនាង​បាន​ប្រាប់ ភ្នំពេញ ​ប៉ុស្ដិ៍​ថា​៖ «​ធួរ​ហ្នឹង​ត្រូវ​បាន​បង្កើត​តាំង​ពី​ឆ្នាំ​ ២០០៣ ​ដោយ​ប្រូម៉ូត​ទាក់ទង​នឹង​សំណង់​ស្ថាបត្យកម្ម​ដោយ​ពួក​គាត់​ស្រឡាញ់​ខាង​ហ្នឹង​ដើរ​ស្រាវជ្រាវ​អគារ​ចាស់ៗ​។ ក្រុម​យើង​ជា​សិស្ស​ស្ថាបត្យកម្ម​មាន​គ្នា​ប្រហែល​ ៥-៦ ​នាក់ ស្រី​ស្ទើរ​ទាំង​អស់ ប្រុស​សល់​ម្នាក់​។ ពួក​យើង​សុទ្ធ​តែ​រៀន​ចប់​មាន​ការងារ​អស់​ហើយ​»​។

មហោស្របទន្លេបាសាក់ កាលពីឆ្នាំ ២០០៧។

ជាមួយ​ជម្រើស​ភាសា​អង់គ្លេស បារាំង និង​ចិន KA-Tours ត្រូវ​បាន​ផ្ដល់​មធ្យោបាយ​ធ្វើ​ដំណើរ​ស៊ីក្លូ​ ១ ​សម្រាប់​ភ្ញៀវ​ម្នាក់ ខណៈ​រ៉ឺម៉ក​ម៉ូតូ​អាច​ដឹក​បាន​ភ្ញៀវ ៣ នាក់ និង​មគ្គុទ្ទេសក៍​​ម្នាក់​។​ រថយន្ត និង​មីនីប៊ើស ក៏​អាច​រៀបចំ​សម្រាប់​ក្រុម​ធំ​។

អ្នកនាង​បាន​ឱ្យ​ដឹង​ថា​៖ «​ដំណើរ​ដោយ​ជិះ​ស៊ីក្លូ​ទទួល​បាន​ការ​ពេញ​និយម​ជាង​គេ​។ ភាគ​ច្រើន​យើង​ប្រើ​ស៊ីក្លូ​ដើម្បី​ដឹក​ភ្ញៀវគឺ​យើង​ប្រូម៉ូត​ស៊ីក្លូ ដើម្បី​ជួយ​ដល់​ខាង​អ៊ំៗ​គាត់​ធាក់​ស៊ីក្លូ និង​តុកតុក​អ៊ីចឹង​ទៅ​»។

ប្រាក់​​ចំណូល​ទាំង​អស់​នៅ KA-Tours ត្រូវ​បាន​ផ្ដល់​ទៅ​ខាង​ដឹក​ជញ្ជូន និង​មគ្គុទ្ទេសក៍។

អ្នកនាង​បញ្ជាក់​ថា​៖ «​និយាយ​ទៅ​យើង​ដូច​ជូន​ភ្ញៀវ​ទៅ​មើល​ឱ្យ​ស្គាល់​ស្នាដៃ​ស្ថាបត្យកម្ម យើង​មិន​ស្វែងរក​ប្រាក់​ចំណេញ​ទេ​»​។ កន្លង​មក KA-Tours ទទួល​បាន​ភ្ញៀវ​បរទេស​​ជាង​ ៦០ ​ភាគរយ​ ខណៈ​ភ្ញៀវ​ខ្មែរ​ភាគ​ច្រើន​ជា​សិស្ស​បញ្ចប់​ការ​សិក្សា។

អគារ​ប្រមាណ​ជាង​ ១០ ​កន្លែង​ ​ត្រូវ​បាន​រៀបចំ​ជា​គោលដៅ​នាំ​ភ្ញៀវ​ទៅ​ទស្សនា ក្នុង​នោះ​តំបន់​អគារ​ប្រៃសណីយ៍​កម្ពុជា​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ជាង​គេ​។​

អ្នក​សម្របសម្រួល​រៀបចំ និង​កក់​ដំណើរ​ទស្សនា​រូប​នេះ​ឱ្យ​ដឹង​ថា​៖ «​ទៅ​ដល់​ទីតាំង​យើង​ឱ្យ​ពួក​គាត់​ជា​ភ្ញៀវ​ទេសចរ​ចុះ​ដើរ​ចូល​ក្នុង​អគារ ​ហើយ​យើង​ដើរ​រៀបរាប់​ពី​ប្រវត្តិ​អគារ និង​រចនា​ប័ទ្ម​របស់​អគារ​ហ្នឹង​»។

កញ្ចប់​ដំណើរ​ទស្សនា​ស្ថាបត្យកម្ម​ចែក​ចេញ​ជា ៣ គឺ​ការ​ជិះ​ស៊ីក្លូ​នៅ​កណ្ដាល​ទីក្រុង, ការ​ទស្សនា​ស្ថាបត្យកម្ម​ខ្មែរ​ទសវត្សរ៍​ឆ្នាំ ១៩៦០ និង​ស្ថាបត្យកម្ម​សាសនា​ទាំង​ ៤ ​នៅ​ភ្នំពេញ ដែល​ត្រូវ​បាន​បិទមុន​ឆ្នាំ​ ២០១៨។

អ្នក​នាង ចាន់ធី ​បញ្ជាក់​ថា​៖ «​ធួរ​សាសនា​ទាំង ​៤ ​នៅ​ទីក្រុង​ភ្នំពេញ​ហ្នឹង​ យើង​បិទ​ហើយ ​ដោយសារ​តែ​សំណង់​អគារ​សាសនា​ត្រូវ​បាន​វ៉ៃ​ចោល នៅ​សល់​តែ​អគារ ​១-២ ​ដែល​យើង​អត់​អាច​រៀប​ដំណើរ​ដើរ​មើល​បាន​»។

ស្ថាបត្យករ និង​មគ្គុទ្ទេសក៍ ហ៊ុន សុកញ្ញា បាន​លើក​ឡើង​ថា ភ្ញៀវ​ទេសចរ​អាច​ទស្សនា​ស្វែងយល់​ពី​អគារ​ចាស់ៗ​នៅ​សេសសល់​ថ្ងៃ​នេះ​ ដោយ​ពុំ​ដឹង​ថា​ វា​អាច​ស្ថិតស្ថេរ​បាន​ដល់​ពេល​ណា​ឡើយ។

អ្នកស្រី​បាន​និយាយ​ថា​៖ «​ប្រសិន​បើ​អគារ​ចាស់ៗ​ទាំង​អស់​ហ្នឹង​ត្រូវ​បាន​ប្ដូរ​ជា​សំណង់​ខ្ពស់ៗ​វិញ ខ្ញុំ​អត់​មាន​អ្វី​និយាយ​ច្រើន​ក្រៅ​តែ​អំពី​ពាក្យ​ថា ​សោកស្ដាយ​ ហើយ​រាល់​ថ្ងៃ​ខ្ញុំ​ក៏​ព្យាយាម​ចង​ក្រង​ឯកសារ​ខ្លះៗ​ហើយ​ខ្ញុំ​ធ្វើ​ការ​នៅ​សាលា​រាជធានី​ភ្នំពេញ​ដែរ ​ទាក់ទង​ជា​មួយ​គម្រោង​ឆ្នាំ​ ២០១៩ លើ​អគារ​បេតិកភណ្ឌ​ហ្នឹង​»។

ប៉ុន្តែ​អ្នកស្រី​លើក​ឡើង​ថា ការ​ថែរក្សា​អភិរក្ស​ពុំ​មាន​ទាំង​ស្រុង​ទេ ដោយសារ​អគារ​ចាស់ៗ​សុទ្ធ​តែ​មាន​កម្មសិទ្ធិ​ឯកជន ​និង​អាស្រ័យ​លើ​ឆន្ទៈ​ម្ចាស់​អគារ​រៀងៗ​ខ្លួន​។

អ្នកស្រី សុកញ្ញា បាន​បន្ត​ថា​៖ «​ប៉ុន្តែ​យ៉ាង​ហោច​ណាស់​ក៏​នៅ​ក្នុង​ទីក្រុង​គាត់​មាន​ការ​ថែរក្សា​អគារ​ចាស់ៗ​មួយ​ចំនួន​ អត់​អនុញ្ញាត​ឱ្យ​វ៉ៃចោល​ងាយ​ស្រួល​ទេ លុះ​ត្រាតែ​អគារ​នេះ​វា​បង្ក​ហានិភ័យ​ដល់​មនុស្ស ​បាន​គេ​អាច​វ៉ៃ​ចោល ​អាហ្នឹង​តាម​ដែល​ខ្ញុំ​ដឹង​»។

ដោយ​អគារ​ចាស់ៗ​ប្រឈម​នឹង​ការ​បាត់​បង់​បណ្ដើរៗ KA-Tours ក៏​មាន​គម្រោង​ពង្រីក​ដំណើរ​កម្សាន្ត​ទស្សនា​អគារ​សម័យ​ទំនើប​។​

សាលាភាសាបរទេស កាលពីឆ្នាំ ២០០៧។ហេង ជីវ័ន

មគ្គុទ្ទេសក៍​ស្ថាបត្យកម្ម​រូប​នេះ​ប្រាប់ថា​៖ «​ពួក​ខ្ញុំ​កំពុង​តែ​គិត​ថា​ នឹង​បង្កើត​កម្មវិធី​អ្វី​ថ្មី​ផ្សេងៗ​ទៀត ​បង្កើត​ទីតាំង​អគារ​ថ្មី​ទៀត វា​កំពុង​ស្ថិត​នៅ​ក្នុង​គម្រោង​ពិចារណា​»។

មុន​វិបត្តិ​កូវីដ​សកល KA-Tours ទទួល​បាន​ការ​កក់​ដំណើរ​កម្សាន្ត ៤ ទៅ ១០ ​ក្រុម​ក្នុង ១ ​ខែ ជា​លក្ខណៈ​ឯកជន​ ជា​ក្រុម​គ្រួសារ ជា​ដៃគូ​។

តែ​ពេល​នេះ អ្នកស្រី​ឱ្យ​ដឹង​ថា​៖ «​ធួរ​រាល់ថ្ងៃ​សម្រាប់​ឆ្នាំ​ ២០២២ ​នេះ​ នៅ​មាន​មក​ខ្លះៗ ១ ​ខែ​ អ៊ីចឹង​មាន​ភ្ញៀវ​ប្រហែល​ ៣-៤ ធួរ​អី​ អ៊ីចឹង​គេ​នៅ​ចាប់​អារម្មណ៍​។ សម្រាប់​ពេល​មាន​កូវីដ​ឆ្នាំ​ ២០២០-​២០២១ អី​ គឺ​សឹងតែ​អត់​មាន​ភ្ញៀវ​សោះ​តែ​ម្ដង​»។

ទោះ​ជា​ប្រឈម​នឹង​ការ​ខ្សត់ខ្សោយ​ភ្ញៀវ ក៏​សមាជិក KA-Tours នៅ​តែ​មាន​ឆន្ទៈ​បន្ត​កិច្ចការ​នេះ​ក្នុង​បំណង​រួម​ចំណែក​អភិរក្ស ​និង​លើក​តម្កើង​ស្ថាបត្យកម្ម​ខ្មែរ​ទៅ​កាន់​ភ្ញៀវ​ទេសចរ។

អ្នក​សម្របសម្រួល​រៀបចំ ​និង​កក់​ដំណើរ​កម្សាន្ត ​អ្នកនាង ​ចាន់​ធី បាន​រំឭក​ថា​៖ «​សម្ដី​ភ្ញៀវ​ដែល​ធ្វើ​ឱ្យ​ខ្ញុំ​ចងចាំ​នោះ​ គឺ​ពួក​គាត់​ឱ្យ​យើង​ខំ​រក្សា​អគារ​ចាស់ៗ​។ យើង​គួរ​តែ​ថែ​រក្សា ប៉ុន្តែ​យើង​ធ្វើ​ទៅ​តាម​លទ្ធភាព យើង​នៅ​តែ​បន្ត​ធ្វើ​ធួរ​នេះ​ទៀត​»​។

KA-Tours ក៏​នៅតែ​ប្រើ​យាន​កង់​ ៣​ ដំណើរការ​ដោយ​កម្លាំង​ជើង​ធាក់​ឈ្នាន់​នាំ​ភ្ញៀវ​ទៅ​កាន់​តំបន់​ប្រៃសណីយ៍ ​រួច​បន្ត​ទៅ​ភាគ​និរតី​នៃ​ផ្សារ​ធំថ្មី​សន្សឹមៗ។

អ្នក​ទេសចរ​គូស្នេហ៍​មក​ពី​ក្រុង​ឡុងដ៍ ចក្រភព​អង់គ្លេស លោក ចន អេនឌ្រូ ក៏​ពេញ​ចិត្ត​នឹង​បទពិសោធ​ ដែល​លោក​ទទួល​បាន​កាល​ពី​ខែ​មិថុនា ឆ្នាំ​ ២០១៩ ​ផង​ដែរ​។

ក្រៅ​ពី​សរសើរ​មគ្គុទ្ទេសក៍​មាន​ចំណេះដឹង​ជ្រៅជ្រះ​ពី​ស្ថាបត្យកម្ម​ប្រវត្តិសាស្ត្រ​ពី​សតវត្សរ៍​ទី​២០ នៅ​រាជធានី​ភ្នំពេញ​លោក​ ចន អេនឌ្រូ និយាយ​ថា​៖ «​យើង​ទស្សនា​គម្រោង​ស្ថាបត្យកម្ម​ចំនួន ​៤ ​ស្នាដៃ​របស់​លោក​ វណ្ណ មូលីវណ្ណ ពី​ទសវត្សរ៍​ឆ្នាំ​ ១៩៦០​។ យើង​ពិត​ជា​ស្ញប់ស្ញែង​នឹង​ទីក្រុង​លើស​ពី​អ្វី​ដែល​ទេសចរ​ទូទៅ​មើល​ឃើញ​»​៕