កំពង់ឆ្នាំងៈ ស្ថិតនៅ​វាល​​បៃតង​ធំ​ល្វឹងល្វើយ​អមដោយ​ទេសភាព​ជួរ​ភ្នំ ហ្វូង​ចៀម​ពពាក់​​ពពូន​ឆី​ស្មៅ​តាម​ធម្មជាតិ​។ ទិ​ដ្ឋ​ភាព​ដ៏​ស្អាត​ប្លែក​ភ្នែក​នេះ ពុំមែន​នៅ​បរទេស​ឯណា​ឆ្ងាយ​ទេ​។


​កសិដ្ឋាន​កូន​ចៀម ធម្មជាតិ (Organic Sheep Farm) ស្ថិតនៅ​ភូមិ​ខ្វិត​ទួល​ឃ្លាំង ឃុំ​ក្បាល​ទឹក ស្រុក​ទឹកផុស ខេត្តកំពង់ឆ្នាំង តាម​ជួរ​ភ្នំ​ឱ​រ៉ា​ល់​ជាប់​នឹង​ព្រំប្រទល់​ខេត្តកំពង់ស្ពឺ និង​មាន​ចម្ងាយ​ប្រមាណ​ ១១០​ គីឡូម៉ែត្រ​ពី​រាជធានី​ភ្នំពេញ​។​ ហ្វូង​សត្វ​ដូច​ដុំ​ស្ករ​សំឡី រាយប៉ាយ​លើ​វាលស្មៅ កំពុង​ទាក់ទាញ​គូស្នេហ៍​មក​ថត​រូប​អនុស្សាវរីយ៍ ក៏ដូចជា​អ្នក​​ទេសចរ​ប្រាថ្នា​មកលេង​សត្វ​ចៀម​ដ៏​គួរឱ្យ​ស្រឡាញ់​រាប់រយ​ក្បាល​។


​ទោះជា​យ៉ាងណាក្ដី ម្ចាស់​ក​សិ​​ដ្ឋា​ន​លោក ប៊ុន ចាន់​វីរៈ បានឱ្យដឹងថា កន្លែង​របស់លោកត្រៀម​ស្វាគមន៍​កញ្ចប់​ថតរូប​ត្រៀម​អា​​ពា​ហ៍​ពិពាហ៍​ក្នុងតម្លៃ​ ១០០​ ដុល្លារ ​សម្រាប់ ១០ ​គូ​ដំបូង ខណៈ​ការ​​បើកទទួល​ភ្ញៀវទេសច​រទូ​លំ​ទូលាយ​កំពុង​ស្ថិតនៅ​ជា​គម្រោង​នៅឡើយ​។ ម្ចាស់​កសិដ្ឋាន​វ័យ ២៧ ​ឆ្នាំ រូបនេះ​បាន​រៀបរាប់​ប្រាប់ ​ភ្នំពេញ ​ប៉ុស្ដិ៍ថា​៖ «​ដំបូង​ឡើយ ខ្ញុំ​ជាមួយ​ប៉ា​ខ្ញុំ​មាន​គម្រោង​យក​កន្លែង​ដី​ហ្នឹង​សម្រាប់​ដាំ​ដំណាំ ដោយសារ​យើង​ទិញ​ប្រមាណ​ ១០​ហិកតា មាន​ទឹកជ្រោះ ហើយ​ដី​ខ្ញុំ​ជាប់​ទឹកស្ទឹង​ហូរ​ពី​ទឹកជ្រោះ​ហ្នឹង​មក​»​។


លោក​បន្តថា​៖ «​គម្រោង​ចង់​ធ្វើ​រមណីយដ្ឋាន​ដែរ ដោយ​​សារ​កូ​វីដ​ទៅ​ក៏​ពន្យារ​គម្រោង​ហ្នឹង គ្រាន់តែ​ឥឡូវនេះ​ផ្ដោតលើ​កសិកម្ម​ច្រើនជាង​»​។​


​ដំណើរការ​កសិដ្ឋាន​កូន​ចៀម​ធម្មជាតិ​​


លោក វីរៈ បានបញ្ចប់​ការសិក្សា​ទុតិយភូមិ និង​រៀន​ផ្នែក​កសិកម្ម​នៅក្រៅ​ប្រទេស ដោយសារតែ​លោក​មាន​ទំនាក់ទំនង​ជាមួយ​ជនបរទេស​ច្រើន តាមរយៈ​អង្គ​ការ​គ្រី​ស្ទៀ​ន​។

​ហ្វូង​ចៀម​នៅ​កសិដ្ឋាន​ក​សិ​ទេសចរណ៍ ក្នុង​ឃុំ​ក្បាលទឹក ស្រុក​ទឹកផុស ខេត្តកំពង់ឆ្នាំង​។ រូបថត សហការី​

លោក​បាន​ប្រាប់ថា​៖ «​ខ្ញុំ​ទៅ​រៀន​នៅក្រៅ​ប្រទេស មាន​គ្រូៗ​ដែល​បង្រៀន​ហ្នឹង ខ្ញុំ​រៀន​ពី​ពួកគាត់ ហើយ​ខ្ញុំ​អញ្ជើញ​ពួក​​គាត់​មក​បង្រៀន​នៅ​កន្លែង​ខ្ញុំ ហើយ​មេរៀន​មួយចំនួន ខ្ញុំ​បានឱ្យ​ពួក​​គាត់​ផ្ញើ​មកឱ្យ​ខ្ញុំ​មើល​ដែរ ទាក់​​ទង​ការ​ចិញ្ចឹមសត្វ ការដាំ​ដំណាំ ការធ្វើ​ជីធម្មជាតិ ខ្ញុំ​រៀន​ពី​ពួក​​គាត់​»​។ ម្ចាស់​កសិដ្ឋាន​ដែល​ស្វ័យ​សិក្សា​បន្ថែម​តាម​ប្រព័ន្ធអ៊ីន​ធឺ​ណិ​ត បានចាប់ផ្ដើម​ដោយ​ប្រើ​ដី ​៥ ​ហិកតា ដាំដូង​ប្រហែល ២​ ពាន់​ដើម ២ ​ហិកតា​ ដាំ​ដំណាំ​ហូបចុក​ចម្រុះ​នៅក្រោយ​ផ្ទះ និង​ ១ ​ហិកតា​ជា​ព្រៃ​អាហារ​ជាមួយ​ដំណាំ​ជាង ២០០ ​មុខ​។​

​លោក​ឱ្យដឹងថា​៖ «​ដំណាំ​ខ្លះ​វា​ត្រូវការ​ពេល​ដាំ​យូរ ៣ ​ឆ្នាំ ខ្លះ ​៤ ​ឆ្នាំ ខ្លះ​ ៥​ ឆ្នាំ​ទើប​ប្រមូល​ផល​។ ដំណាំ​ខ្លះ​ខ្ញុំ​ទើបតែ​ដាំ​។ ដំណាំ​ខ្លះ​ដាំ​បាន​ខ្ទង់​ប្រហែលជា​ ២ ​ឆ្នាំ​ជាង ជិត​ ៣​ ឆ្នាំ ប៉ុន្តែ​ខ្ញុំ​បាន​ផល​ខ្លះៗ​ហើយ​»​។ សព្វថ្ងៃ​លោក​បាន​ពង្រីក​ផ្ទៃដី​កសិដ្ឋាន​ដល់​ខ្ទង់រយ​ហិកតា ដែល​ត្រូវបាន​ប្រើប្រាស់​តែ​ប្រមាណ ៥០​ ហិកតា​។​

​ម្ចាស់​កសិដ្ឋាន​អ្នកក្រុង​ភ្នំពេញ និង​រើ​ទៅ​នៅ​ទឹកដី​ខេត្តកំពង់ឆ្នាំង​ជាង ​៧ ​ឆ្នាំ​មកហើយ​នោះ បាន​ប្រាប់ថា​៖ «​យើង​ដាំ​ដំណាំ ហើយ​ចិញ្ចឹមសត្វ​ផ្គត់ផ្គង់​អ្វីដែល​គ្រួសារ​ត្រូវការ អ្វីដែល​គិតថា​ល្អ ពួក​ខ្ញុំ​ពង្រីក​ឱ្យ​ធំ ដើម្បី​យើង​អាច​លក់បាន​»​។ លោក​មាន​ចិញ្ចឹម​ចៀម​ប្រហែលជា ១​ ពាន់​ក្បាល ពពែ​យក​ទឹកដោះ​ជាង​ ៤០ ​ក្បាល ជ្រូក​ចិញ្ចឹម​បែប​ធម្មជាតិ​មិនមាន​ក្លិនស្អុយ ទា មាន់ ក្រួច និង​ទន្សាយ សម្រាប់​ផ្គត់ផ្គង់​គ្រួសារ​។ លោក វីរៈ ក៏មាន​ចិញ្ចឹម​ជន្លេន និង​ដាំ​ដំណាំ​ចម្រុះ ធ្វើ​ច្រើន​មុខ​ផងដែរ​។​

​កាលពីមុន កសិដ្ឋាន​ពុំមាន​លទ្ធភាព​គ្រប់គ្រាន់​ផ្គត់ផ្គង់​ហាង​ដែល​ទំនាក់ទំនង​មក​ទេ ដោយ​​សារ​ចំនួន​កសិផល​នៅមាន​តិច​។ ទើបតែ​ជាង​ ២ ទៅ ​៣ ​ខែ​ចុងក្រោយ លោក វីរៈ អាច​លក់​សាច់​ចៀម ជ្រូក និង​ផលដំណាំ​ខ្លះ​ដែរ ដូចជា ត្រយូងចេក និង​ដូងជាដើម​។​

​ដោយ​តេស្ត​សាកល្បង​ការលក់​​រាយ មុននឹង​កសាង​ទំនុកចិត្ត​ជាមួយ​ដៃគូ​អាជីវកម្ម​ណាមួយ លោក វីរៈ លើកឡើងថា​៖ «​ដើម្បី​យក​ជា​គំរូ​មួយ ដល់​អ្នក​ចិញ្ចឹម​ផ្សេង​ទៀតថា ឥឡូវនេះ​ប្រសិនបើ​គាត់​ចិញ្ចឹម​បាន​ហើយ ទាន់​មានលទ្ធភាព​គ្រប់គ្រាន់​ក្នុងការ​ផ្គត់​ផ្គង់​សេវាកម្ម តើ​អាច​លក់រាយ ដោយ​របៀប​ណា​?»​។​

​ផលចំណេញ​បាន​ពី​ចៀម ត្រូវ​​បាន​លោក​យកទៅ​វិនិយោគ​សាកល្បង​ផ្សេងៗ ដូចជា ការ​ចិ​ញ្ចឹ​ម​ពពែ​ទឹកដោះ ជ្រូក រុយ និង​ជន្លេន ព្រមទាំង​ដាំ​ដំណាំ​ចម្រុះ និង​ធ្វើ​ជីធម្មជាតិ​។ លោក ​វីរៈ ថា​៖ «​យើង​ចំណាយ​រាប់ម៉ឺន​ដុល្លារ ធ្វើ​ការងារ​ថ្មី​ទាំងអស់​ហ្នឹង​។ យើង​ត្រូវ​បោះទុន​ចោល​ហើយ យើង​អត់​អាច​ទៅរក​លុយ​បាន​ពី​ហ្នឹង​ទេ​»​។

កសិកម្ម​គិតគូរ​សុខភាព​អ្នក​​ទទួលទាន​​

ម្ចាស់​កសិដ្ឋាន​រូបនេះ​បាន​ទទូច​ដល់ អ្នក​ស្រឡាញ់​វិស័យ​កសិកម្ម និង​អ្នកធ្វើ​កសិកម្ម​ផ្គត់ផ្គង់​ទីផ្សារ គួរតែ​គិតពី​កត្តា​សុខភាព​សំខាន់​ជាងគេ​ក្រៅពី​ផ្ដោតលើ​ចំណូល​។​

​លោក វីរៈ លើកឡើងថា​៖ «​បើ​យើង​ចូលមកក្នុង​វិស័យ​កសិកម្ម​ហើយ​គួរ​រិះរក​វិធី​ធ្វើឱ្យ​តាម​ធម្ម​ជាតិ ហើយ​ចាត់ទុក​អ្វីដែល​យើង​ធ្វើ​ផ្គត់ផ្គង់​ខ្លួនឯង គ្រួសារ​ខ្លួនឯង​ប៉ុ​ណ្ណាះ​យើង​គិត​អំពី​អ្នកដទៃ​​ប៉ុណ្ណឹង​ដែរ​»​។ អ្នកជំនាញ​កសិកម្ម​ដោយ​ស្វ័យ​សិក្សា និង​ការអនុវត្ត​ជាក់ស្ដែង​រូបនេះ បាន​លើកឡើងថា ទាំង​ការដាំ​ដំណាំ និង​ការ​ចិញ្ចឹមសត្វ ការប្រើ​ពពួក​អង់​ទី​ប៊ី​យ៉ូ​ទិ​ក និង​សារធាតុ​អ័រម៉ូន​ច្រើនពេក អាចធ្វើឱ្យ​ប៉ះពាល់​ដល់​សុខភាព​អ្នក​បរិភោគ​។

លោក​បន្តថា​៖ «​គាត់​បរិភោគ​ទៅធ្វើ​ឱ្យ​ខ្លួនប្រាណ​គាត់​ស៊ាំ​នឹង​អង់​ទី​ប៊ី​យ៉ូ​ទិ​ក​ហ្នឹង​។ អ៊ីចឹង​ពេលដែល​គាត់​ឈឺ គាត់​ប្រើ​ថ្នាំ​អត់​សូវ​ត្រូវ​ទេ​។ អ្នកខ្លះ​លើស​សារធាតុ​អ័រម៉ូន ធ្វើឱ្យ​កែ​​ប្រែ​អត្តចរិត ភេទ​របស់គាត់​។ អ៊ីចឹង​មនុស្ស​ប្រែប្រួល​ទៅតាម​អាហារ សារធាតុ​ដែល​គេ​ដាក់​នៅក្នុង​អាហារ​»​។ ទោះជា​យ៉ាងណាក្ដី លោក​ចាត់ទុក​ការធ្វើ​ក​សិ​ម្ម​របស់លោក​ជាការ​អនុវត្ត​បែប​ធម្មជាតិ ជាជាង​កសិដ្ឋាន​សរីរាង្គ ​(organic)​។

លោក​ថា​៖ «​ពីព្រោះ organic យើង​ត្រូវការ​អង្គការ​ខាង certify គេ​បញ្ជាក់ថា organic​។ អ៊ីចឹង​អ្វីដែល​ខ្ញុំ​ធ្វើ​ខ្ញុំ​អត់​ចង់ឱ្យ​ស្ថិតនៅក្រោម​គំនាប​របស់​ស្ថាប័ន​ណាមួយ ព្រោះ​ខ្ញុំ​គិតថា ខ្ញុំ​អាច​ស្នើសុំ​បាន ប៉ុន្តែ​បងប្អូន​ប្រជាកសិករ​ផ្សេងទៀត​មិន​ងាយ​ស្នើសុំ​ទេ​»​។ ដោយ​លើក​ឧ​ទា​ហ​​រណ៍​ថា ចម្ការ​ដែល​អត់​ប្រើ​ថ្នាំ​នៅតែ​អាច​រង​ឥទ្ធិពល​ការបាញ់​ថ្នាំ​តាម​ខ្យល់​ពី​ចម្ការ​ជិតខាង​នោះ លោក​និយាយថា​៖ «​អ៊ីចឹង​ខ្ញុំ​ជឿ​​ជាក់​ថា ត្រឹមតែ​ដាំ​ដំណាំ​បែប​ធម្មជាតិ ឬក៏​ដាំ​ដំណាំ​សុវត្ថិភាព​ទៅ​ល្អ​ហើយ​»​។​

​ដំណើរការ​លើ​វិស័យ​កសិកម្ម​បែប​ធម្មជាតិ គិតគូរ​ពី​សុវត្ថិភាព និង​សុខភាព​នេះ លោក វីរៈ ធ្លាប់បាន​ឆ្លងកាត់​បញ្ហា​ហិរញ្ញវត្ថុ​ដែលមាន​អភិបាលខេត្ត​កំពង់ឆ្នាំង​ផ្ដល់​ការគាំទ្រ​ផ្នែក​ថវិកា​។ លោក​បាន​និយាយថា​៖ «​ទី​១ ពីមុនមក ខ្ញុំ​ជួប​បញ្ហា​ថវិកា​ម្តង គាត់​បាន​ទាក់​ទង​មក​ឱ្យគេ​ឱ្យប្រាក់​កម្ចី​ខ្ញុំ ដើម្បី​ធ្វើ​កិច្ចការងារ​ហ្នឹង​។ ទី​២ គាត់​ជួយ​សម្របសម្រួល​ច្រើន​មែនទែន ហើយ​គាត់​ថែមទាំង​ធ្វើ​សន្និសីទ​​កាសែត​ទៀតថា សាច់​ចៀម ទឹក​​ដោះ​ពពែ ដែល​ខ្ញុំ​ធ្វើ​ហ្នឹង ជា​អា​ហារ​ប្រចាំខេត្ត​កំពង់ឆ្នាំង​ទៀត​»​។

​ក្នុង​សន្និសីទ​សារព័ត៌មាន​ស្តីពី «​វឌ្ឍនភាព មូលដ្ឋាន​ឃុំ សង្កាត់ និង​ទិសដៅ​ការងារ​បន្ត​» កាលពី​ខែមករា ឆ្នាំ​ ២០២២ លោក​ ស៊ុន សុវណ្ណ​រិ​ទ្ធិ អភិបាលខេត្ត​កំពង់​​ឆ្នាំង បានលើកឡើង​ពី​មុខរបរ​ចិញ្ចឹមសត្វ​ចៀម ដែល​ពុំ​សូវ​មាន​អ្នក​ចិញ្ចឹម តែ​ជា​សាច់សត្វ​មាន​សក្ដានុពល​ផ្គត់ផ្គង់​ទីផ្សារ​ក្នុងស្រុក​។ លោក​អភិបាលខេត្ត​លើកឡើងថា​៖ «​គោលដៅ​របស់ខ្ញុំ គឺ​ទៅដល់​កំពង់ឆ្នាំង មាន​សាច់​ចៀម​ហូប ដោយ​កាលពីមុន យើង​ថា ​មានតែ​នៅ​អូស្ត្រាលី​ប៉ុណ្ណោះ​ទេ​»​។​

គម្រោង​ក​សិ​ទេសចរណ៍​​

ដោយ​ផ្ដោតលើ​កិច្ចការ​កសិកម្ម​ជា​ចម្បង កសិដ្ឋាន​កូន​ចៀម​ធម្ម​ជាតិ មានការ​ចូលរួម​មើល​ថែ​ពី ឪពុក ភរិយា និង​បងប្អូន​ទាំងអស់គ្នា​នៃ​ក្រុមគ្រួសារ​របស់លោក​។

​អ្វីដែល​លោក វីរៈ កំពុង​ខ្នះខ្នែង ធ្វើឱ្យ​ប្រសើរឡើង​រួមមាន ការ​ផ្លាស់ប្ដូរ​វិធីសាស្ត្រ​ពី​ការចិញ្ចឹម​ចៀម​ក្នុង​រោង​មក​ចិញ្ចឹម​ឱ្យ​ពួកវា​ស៊ី​ចំណី​នៅ​ខាងក្រៅ ដូច​នៅ​អឺរ៉ុប ដោយ​ទើបតែ​ចាប់ផ្ដើមបាន​ជាង​ ២​ សប្ដាហ៍​។ ទោះជា​ការងារ​ឃ្វាល​ចៀម អាច​ប្រឈម​ហានិភ័យ​ច្រើន​ដូចជា ការបាត់ ឬ​ត្រូវ​ឆ្កែ​ខាំ កសិដ្ឋាន​អាច​សម្រាល​បញ្ហា​ប្រឈម​ចម្បង ​គឺ​កម្លាំង​ពលកម្ម​ពី​ជាង ​៣០ ​នាក់ មក​នៅត្រឹមតែ ៦-៧​ នាក់​។ ម្ចាស់​កសិដ្ឋាន​កូន​ចៀម​ធម្មជាតិ​លើកឡើងថា​៖

«​តាមពិត​កត្តា​ដែលជា​បញ្ហា​របស់ខ្ញុំ មិនមែន​បញ្ហា​បច្ចេកទេស បញ្ហា​ដំណាំ បញ្ហា​សត្វ​ទេ គឺ​បញ្ហា​អត់​អាច​រក​បុគ្គលិក​ល្អ​មក​ធ្វើការ​ហ្នឹង បានជា​ធ្វើឱ្យ​ខ្ញុំ​ស្ទះ​ការងារ ដែល​ខ្ញុំ​អត់​អាចធ្វើ​ច្រើន​មុខ​បាន​»​។

​ពេល​រៀបចំ​ប្រព័ន្ធ​កសិកម្ម​ស្រួលបួល មានដំណើរ​ការ​ទៅ​ល្អ ហើយ​ដំណាំ​ពេញ​ផ្ទៃដី​អាច​ប្រមូល​ផល​លើសពី​តម្រូវ​គ្រួសារ លោក ​វីរៈ ថា នោះ​គឺជា​វេលា​អាច​ចាប់ផ្តើម​បើកទទួល​ភ្ញៀវ​ហើយ​។​

​ហ្វូង​ចៀម​នៅ​កសិដ្ឋាន​ក​សិ​ទេសចរណ៍ ក្នុង​ឃុំ​ក្បាលទឹក ស្រុក​ទឹកផុស ខេត្តកំពង់ឆ្នាំង​។ រូបថត សហការី​

​ផ្ទៃដី​ដំណាំ​ ១ ​ហិកតា នៃ​ព្រៃ​​ដំណាំ​ចម្រុះ​ជាង ២០០​ មុខ ស្ថិតក្នុង​គម្រោង​របស់​លោក ក្នុងការ​​ប្រែក្លាយជា​តំបន់​ក​សិ​ទេសចរណ៍​ទៅ​ថ្ងៃ​អនាគត​។ លោក​និយាយថា​៖ «​ខ្ញុំ​ចង់​ធ្វើជា​កន្លែង​ក​សិ​ទេសចរណ៍​ឱ្យ​ភ្ញៀវ​គាត់​មកលេង គាត់​យល់ដឹង​ពី​ដំណាំ ពី​ការ​ចិញ្ចឹមសត្វ​ចម្រុះ ហើយក៏​អាច​រៀបចំ​កន្លែង​ឱ្យ​គាត់​ស្នាក់នៅ បេះ​រុក្ខ​​ជាតិ​អាហារ ផ្លែឈើ បន្លែ សាច់​ទាំង​អស់ហ្នឹង យកមក​ធ្វើ​ម្ហូប​ញ៉ាំ​បាន​។ អាហ្នឹង​ត​ទៅមុខទៀត គម្រោង​ដែល​ខ្ញុំ​ធ្វើ​ហ្នឹង​»​។ ម្ចាស់​កសិដ្ឋាន​ដែលមាន​សរសៃសក់​សណ្ឋាន​ដូច​រោមចៀម​រូបនេះ បញ្ជាក់ទៀតថា​៖ «​ក្នុង ​១ ​ហិកតា​ហ្នឹង​ យើង​អាច​ធ្វើបាន​គ្រប់​ពេលដែល​បាន​ផល​មក​»​។​

​យោងតាម​លោក វីរៈ មនុស្ស​ជាច្រើន​សរសើរ​ពី​ទេសភាព​កន្លែង​ចិញ្ចឹម​ចៀម ទោះជា​លោក​ពុំទាន់​បើកទទួល​ភ្ញៀវ​ទូទៅ ក្រៅ​អំពី​មិត្តភក្ដិ​បងប្អូន​ដែល​លោក​ស្គាល់​។​

​លោក​ប្រាប់ថា​៖ «​មាន​អ្នក​សុំ​មក​ច្រើន​ដែរ ជាពិសេស​ចៀម​គេ​ចាប់អារម្មណ៍​ច្រើន​មែនទែន​។ ខ្ញុំ​គិតថា​តាម​ស្ថានភាព​ខ្ញុំ​ជាក់ស្ដែង​ឥឡូវនេះ ក៏​អាច​ទទួលភ្ញៀវ​មក​បានដែរ ប៉ុន្តែ​ប៉ា​ខ្ញុំ​គាត់​គិត​ផ្សេង​។ គាត់​ថា​ទាល់តែ​យើង​រៀបចំ​ស្រួល​​បួល​ល្អ ពេល​បើកទទួល​ភ្ញៀវ​ឱ្យគេ​ពេញចិត្ត​តែម្ដង​»​។​

​ការបង្កើត​តំបន់​ក​សិ​ទេស​​ចរណ៍ ​គឺ​មិន​ត្រឹមតែ​ទាក់ទាញ​ភ្ញៀវទេសចរ ដើម្បី​បង្កើន​ប្រាក់​​ចំណូល​ដល់​ពលរដ្ឋ​ក្នុង​តំបន់​នោះទេ ប៉ុន្តែ​ក៏បាន​ផ្តល់នូវ​ចំណេះ​​ដឹង​អំពី​របៀប​ដាំ និង​ថែទាំ​ដំណាំ​ផ្សេងៗ​ផងដែរ​។ នេះ​បើ​យោងតាម​រដ្ឋមន្ត្រីក្រសួង​ទេសចរណ៍​លោក ថោង ខុន​។​

​ក​សិ​ទេសចរណ៍ ត្រូវបាន​បញ្ចូល​ក្នុង​គោលនយោបាយ​ជាតិ​អភិ​​វឌ្ឍន៍​សហគមន៍​ទេសចរណ៍ តាម​ស្មារតី​នៃ​កិច្ចប្រជុំ​អន្តរក្រសួង​ កាលពី​ថ្ងៃទី​ ៣១ ខែ មីនា ឆ្នាំ​ ២០២២ នៅ​ទីស្តីការក្រសួង​ទេសចរ​ណ៍​ស្តីពី ​«​ការគ្រប់គ្រង និង​អភិ​​វ​ឌ្ឍ​សហគមន៍​ទេសចរណ៍ និង​អេកូ​ទេសចរណ៍​»​។ លោក ថោង ខុន បាន​លើកឡើងថា​៖ «​សក្តា​​នុព​ល​នៃ​ការបង្កើត​តំបន់​ក​សិ​ទេសចរណ៍​ គឺជា​ការរួមចំណែក​យ៉ាង​ធំធេង សម្រាប់​ជំរុញ​ភ្ញៀវ​​ទេសចរ​ឱ្យមក​កម្សាន្ត​លេង​នៅក្នុង​ស្រុក​»​។​

​ប្រធាន​នាយកដ្ឋាន​អភិវឌ្ឍន៍​ផលិតផល​ទេសចរណ៍ និង​ជា​អ្នកនាំពាក្យ​ក្រសួងទេសចរណ៍ លោក ជុក ជំនោរ​ បានឱ្យដឹងថា ក​សិ​ទេសចរណ៍ គឺជា​ការ​ផ្សារ​ភ្ជាប់​កសិកម្ម ទៅនឹង​វិស័យ​ទេស​​ចរណ៍ តាម​ទម្រង់​បែប​ទាំងស្រុង ឬក៏​ដោយ​ផ្នែក​ណាមួយ​នៃ​ក​សិ​​កម្ម​។ លោក​លើកឡើងថា​៖ «​ដោយ​បងប្អូន​យើង​រៀបចំ​ចម្ការ​ដំណាំ​ហូប​ផ្លែ​មក ​គឺ​ដើម្បី​បម្រើ​ទេស​​ចរ​តែម្ដង​។ រីឯ​ខ្លះទៀត​គាត់​មាន​ចម្ការ​រួចហើយ គ្រាន់តែ​សង់​ភោជនីយដ្ឋាន ឬ​ផ្នែក​ណា​ថែម​ដើម្បី​ទាក់ទាញ​ទេសចរ​»​។​

​ក្រៅពី​ជំរុញ​កសិកម្ម និង​សេដ្ឋ​​កិច្ច​សហគមន៍ ក​សិ​ទេសចរណ៍ ក៏​កំពុងតែ​ក្លាយជា​និន្នាការ​ដ៏​ពេញ​​និយម​មួយ​សម្រាប់​ភ្ញៀវទេសចរ​នៅ​កម្ពុជា​ផងដែរ​។ ទោះជា​មិន​​មាន​តួលេខ​ជាក់លាក់​ពី​ចំនួន​ទិសដៅ​ក​សិ​ទេសចរណ៍ លោក​ប្រធាន​នាយកដ្ឋាន​អភិវឌ្ឍន៍​ផលិតផល​ទេសចរណ៍បាន​បញ្ជាក់ថា​៖ «​គ្រាន់តែ​យើង​អាច​កំណត់ថា ក​សិ​ទេសចរណ៍ គឺមាន​ការកើនឡើង​»៕