សៀមរាបៈ ​មាន​ចម្ងាយ​ប្រមាណ​​ ១៦ ​គីឡូ​ម៉ែត្រ ពី​ទី​រួម​ខេត្ត​សៀមរាប «​កំពង់​ភ្លុក​» គឺជា​ឃុំ​មួយ​ចំណុះ​ឱ្យ​រដ្ឋបាល​ស្រុក​ប្រាសាទ​បាគង ដែល​ហ៊ុម​ព័ទ្ធ​ដោយ​ដើម​កោង​កាង​ និង​ដើម​រាំង​ទឹកធំៗ​ដ៏​មាន​អាយុ​កាល​ជាង​ ១០០ ​ឆ្នាំ​។ ​ស្ថិត​ក្នុង​ភូមិ​សាស្ត្រ​នៃ​តំបន់​ព្រៃ​លិច​ទឹក​បឹង​ទន្លេសាប​ កំពង់​ភ្លុក​ជា​តំបន់​ដែល​សម្បូរ​ទៅ​ដោយ​ធន​ធាន​មច្ឆជាតិ​ ជីវ​ចម្រុះ​ និង​សត្វ​ព្រៃ​ជា​ច្រើ​ន​ប្រភេទ​ ដូច​ជា ស្វា ​ទោច​ សំពោច​ ភេ​ រួម​ទាំង​ពពួក​សត្វ​ស្លាប​ទឹក​ និង​សត្វ​ល្មូ​ន​លូន​វារ​ ជា​ច្រើន​ផង​ដែរ។


ដោយ​សារ​ស្ថាន​ភាព​នៃ​កត្តា​ភូមិ​សាស្ត្រ ​ជា​តំបន់​លិច​ទឹក​នៅ​ក្នុង​រដូវ​វស្សា ​ប្រជា​ព​ល​រដ្ឋ​នៅ​ក្នុ​ង​ឃុំ​ដ៏​ដាច់​ស្រយាល​មួយ​នេះ ​បាន​នាំ​គ្នា​សង់​ផ្ទះ​ខ្ពស់ៗ​ដោយ​វាយ​បង់​បាញ់​ពីស​សរ​១​​ទៅ​សសរ​១​ខ្វែង​ខ្វាត់​យ៉ាង​រឹង​មាំ ​ដើម្បី​ការពារ​ទឹក​ជំនន់​និង​ទឹក​រលក​ ហើយ​បាន​ប្រើប្រាស់​ទូក​ កាណូត​ជា​មធ្យោ​បាយ​ក្នុង​ការ​ធ្វើ​ដំណើរ​។​


ខុស​ប្លែក​ពី​ឃុំ​ដទៃ​ទៀត​ក្នុង​ភូមិ​សាស្ត្រ​ស្រុក​ប្រាសាទ​បាគង ប្រជា​ពលរដ្ឋ​នៅ​ទូទាំង​ឃុំ​កំពង់​ភ្លុក​ទាំង​មូល​ ពុំមាន​គ្រួសារ​ណាមួយ​មាន​ដី​កសិកម្ម​សម្រាប់​បង្ក​បង្កើន​ផល​ឡើយ​។ ការ​រស់​នៅ​របស់​ពួក​គេ​ភាគ​ច្រើន​ គឺ​ពឹង​អាស្រ័យ​ទៅ​លើ​មុខ​របរ​នេ​សាទ​ត្រី​។


លោក​ សុខ​ យ៉​ន់​ អាយុ​ ៦២​ ឆ្នាំ ​មាន​លំនៅ​ក្នុង​ភូមិ​គោក​ក្ដុល ឃុំ​កំពង់​ភ្លុក​ ស្រុក​ប្រាសាទ​បាគង​ ខេត្ត​សៀម​រាប​ និង​ជា​អនុ​ប្រធាន​សហ​គមន៍​នេសាទ​កំពង់​ភ្លុក បាន​ប្រាប់ ​ភ្នំពេញ ​ប៉ុស្តិ៍​ថា តាំង​ពី​គាត់​ដឹង​ក្ដី​មក​ អ្នក​ភូមិ​របស់​គាត់​ រស់​នៅ​ពឹង​អាស្រ័យ​តែ​លើ​មុខរបរ​នេសាទ​ត្រី​ប៉ុណ្ណោះ ​ព្រោះ​គ្មាន​គ្រួសារ​ណា​មួយ​មាន​ដីស្រែ​ចម្ការ​ សម្រាប់​ធ្វើ​កសិ​កម្ម​ដាំ​ដុះ​អ្វី​ឡើយ​។ ​


​លោក​ថ្លែង​ថា​៖ «​ក្នុង​ជីវ​ភាព​ជា​អ្នក​នេសាទ​ កន្លង​មក​ពួក​យើង​មិន​ខ្វះខាត​អ្វី​ឡើយ​ ព្រោះ​នៅទី​នេះ [​​កំពង់​ភ្លុក​]​ សម្បូរ​ត្រី ដែល​អាច​ឱ្យ​ពួក​យើង​ចាប់​យក​ទៅ​លក់​ សម្រាប់​ទ្រទ្រង់​ជីវភាព​ប្រចាំ​ថ្ងៃ​បាន​ ប៉ុន្តែ​ឥឡូ​វ​នេះ​ ត្រី​វា​មិន​សម្បូរ​ដូច​កាល​ពីមុន​ទេ​។ ថ្ងៃ​ខ្លះ​ពួក​យើង​ចាប់​ត្រី​បាន​សឹង​តែ​មិន​រួច​ថ្លៃ​ប្រេង​ចាក់​ម៉ាស៊ីន​កា​ណូត​ផង​»​។


បើ​តាម​លោក​ យ៉​ន់ ​ការ​ធ្លាក់​ចុះ​ផល​ត្រី​នៅ​ក្នុង​ស្តុក​នៃ​បឹង​ទន្លេ​សាប​នា​ពេល​បច្ចុ​ប្បន្ន ​គឺ​បណ្ដាល​មក​ពី​ការ​ប្រែ​ប្រួល​អាកាស​ធាតុ​ ការ​កើន​ឡើង​នៃ​សំ​ណង់​វា​រី​អគ្គិស​នី​លើ​ដង​ទន្លេ​មេគង្គ ក្នុង​ប្រទេស​មួយ​ចំនួន​នៅ​ខ្សែទឹ​ក​ខាង​លើ​នៃ​ប្រទេស​កម្ពុជា ដែល​ធ្វើឱ្យ​​របប​ទឹក​ទន្លេ​មេគង្គ​មាន​ការ​ប្រែប្រួល​មិន​ទៀង​ទាត់ ប៉ះពាល់​ដល់​ការ​ធ្វើ​ចរា​ចរណ៍​របស់​ត្រី និង​ការ​កើន​ឡើង​នៃ​បទ​ល្មើស​ធន​ធាន​ជល​ផល​ នៅ​ក្នុង​តំបន់​ជុំវិញ​បឹង​ទន្លេ​សាប​ នា​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​។ ​

រាជ​រដ្ឋាភិ​បាល​កម្ពុជា ​កាល​ពី​ឆ្នាំ​ ២០១១ ​បាន​ចេញ​អនុក្រឹត្យ​ស្ដីពី «​ការ​កំណត់​ដែន​ព្រៃ​លិច​ទឹក​ប្រមាណ ​៦៥ ​ម៉ឺន​ហិក​តា​» ស្ថិត​ក្នុង​ខេត្ត​ចំនួន ​៦ ​ជុំវិញ​បឹង​ទន្លេ​សាប​ រួម​មាន​ខេត្ត​កំពង់​ឆ្នាំង ពោធិ៍​សាត់ បាត់​ដំបង បន្ទាយ​មាន​ជ័យ ​សៀម​រាប​ និង​ខេត្ត​កំព​ង់​ធំ​។ ​ប៉ុន្តែ​ដែន​ព្រៃ​លិច​ទឹក​នេះ​ត្រូវ​បាន​ប្រធាន​រាជ​បណ្ឌិត្យ​សភា​កម្ពុ​ជា លោ​ក សុ​ខ ​ទូច ​កាល​ពី​ចុង​ឆ្នាំ​ ២០២១ រក​ឃើញ​ថា ​មាន​ការ​កាប់​ឆ្ការ​ ឈូស​ឆាយ​ រុករាន​ទន្ទ្រាន ​កាន់​កាប់​ដោយ​ខុស​ច្បាប់​អស់​រាប់​ម៉ឺន​ហិក​តា​។​

«​ការ​កាប់​រាន​ដីព្រៃ​លិច​ទឹក​ក្នុង​តំបន់​ជុំវិញ​បឹង​ទន្លេសាប​ ​គឺ​ជា​វិនាស​កម្ម​ធនធាន​ជល​ផល​ដ៏​ធំ​បំផុត​នៅ​កម្ពុជា​»​ នេះ​ជា​ការ​លើក​ឡើង​របស់​លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន​ សែន​ កាល​ពី​ថ្ងៃ​ទី​ ២៨​ ខែ វិ​ច្ឆិកា​ ឆ្នាំ​ ២០២១​។ ​ទន្ទឹម​គ្នា​នោះ​ លោក​នាយក​រដ្ឋ​មន្ត្រី​ក៏​បា​ន​ដាក់​ចេញ​បទ​បញ្ជា​យ៉ាង​បន្ទាន់​ដល់​អាជ្ញា​ធរ​ខេត្ត​ទាំង ​៦ ​ជុំវិញ​បឹង​ទន្លេ​សាប ​និង​ក្រសួង​ស្ថាប័ន​ពាក់​ព័ន្ធ​មួយ​ចំនួន​ទៀត​ បើក​យុទ្ធ​នា​ការចុះ​ស្រាវ​ជ្រាវ​ និង​បង្ក្រាប​ទប់​ស្កាត់​បទ​ល្មើស​នេះ ​ដើម្បី​ឈាន​ទៅ​ដល់​ការ​រឹបអូស​នូវ​ដីព្រៃ​លិច​ទឹក ដែល​ត្រូវ​បាន​ទន្ទ្រាន​កាន់​កាប់​ដោយ​ខុស​ច្បាប់​នោះ ត្រឡប់​មក​ដាក់​ជា​ទ្រព្យ​សម្បត្តិ​របស់​រដ្ឋ​វិញ​។​ ជា​លទ្ធ​ផល​អាជ្ញា​ធរ​បាន​ធ្វើ​ការ​ដក​ហូត​ដីព្រៃ​លិច​ទឹក​ជាង​៦​ម៉ឺន​ហិក​តា​ត្រឡប់​មក​វិញ​ ហើយ​ជន​ប្រព្រឹត្ត​បទ​ល្មើស​ជា​ច្រើន​នាក់​ត្រូវ​បាន​ចាត់​វិធាន​ការ​តាម​នីតិ​វិធី​ច្បាប់។​​​

ខណៈ​មន្ត្រី​កំពុង​រៀបចំ​ដាំ​កូន​ឈើ​ស្ដារ​ព្រៃ​លិច​ទឹក​ឡើង​វិញ ក្នុង​ផ្ទៃដី​​ដែល​បាន​រឹបអូស​ត្រឡប់​មក​វិញ​នោះ ​នៅ​ដើម​ឆ្នាំ​ ២០២២ ​លោក ​សុខ​ ទូច​ បាន​រ​ក​ឃើញ​មាន​បទ​ល្មើស​នេសាទ​ បាន​កើត​មាន​យ៉ាង​អនាធិប​តេយ្យ​ ពេញ​ក្នុង​ផ្ទៃ​បឹង​ទន្លេ​សាប​។

លោក​បាន​រាយ​ការណ៍​ថា ​ក្រុម​ប្រព្រឹត្ត​បទ​ល្មើស​នេសាទ​ បាន​ប្រើ​ប្រាស់​កាណូត​ធំៗ​ដែល​មាន​ល្បឿន​លឿន ជាមួយ​នឹង​ការ​ប្រើ​ប្រាស់​ឧប​ករណ៍​នេ​សាទ​ខុស​ច្បាប់​ ដូច​ជា​អួន​ក្រឡា​ល្អិត​ភ្ជាប់​ដោយ​ឧបករ​ណ៍​ឆក់​ អូស​ចាប់​ត្រី​ទាំង​តូច​ទាំង​ធំ​រាប់​សិប​តោន​ក្នុង​ ១ ​ថ្ងៃៗ ​ធ្វើឱ្យ​​ធន​ធាន​មច្ឆជាតិ​មួយ​ចំនួន​នៅ​កម្ពុ​ជា ​ប្រឈម​ការ​បាត់​បង់​ពូជ​។

ដើម្បី​រក្សា​ការ​ពារ​ឱ្យ​បាន​នូវ​និរន្តរ​ភាព​ធន​ធាន​មច្ឆជា​តិ​នៅ​​កម្ពុជា​ លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន​ សែន​ នៅ​ថ្ងៃទី​ ២៣​ ខែ ​មីនា ឆ្នាំ​ ២០២២​ បាន​ដាក់​បទ​បញ្ជា​ថ្មី​១​ទៀត​ ឱ្យ​កង​ទ័ព​និង​កង​កម្លាំង​នគរ​បាល​ចូល​រួម​ជា​មួយ​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ​ និង​អាជ្ញាធរ​ខេត្ត​ទាំង​ ៦ ​ជុំវិញ​បឹង​ទន្លេ​សាប​ ចុះ​បង្ក្រាប​បទ​ល្មើស​នេសាទ​ខុស​ច្បាប់​នៅ​លើ​បឹង​ទន្លេសា​ប​ជា​ទ្រ​ង់​ទ្រាយ​ធំ​ ដោយ​អ​នុ​ញ្ញាត​ឱ្យ​មាន​ការ​ប្រើប្រាស់​ឧទ្ធម្ភា​គច​ក្រ​ អូប័រ ​និង​អាវុធ​ផង​ដែរ។

អ្នកទេសចរណ៍ធ្វើដំណើរតាមកាណូតកម្សាន្តក្នុងសហគមន៍កំពង់ភ្លុក ឃុំ​កំពង់​ភ្លុក ខេត្តសៀមរាប។ហេង ជីវ័ន

ថ្វី​បើ​យ៉ាង​ដូច្នេះ​ក្ដី ​មក​ទល់​ពេល​នេះ​ ត្រី​នៅ​តែ​មិន​ទាន់​សម្បូរ​ដូច​កាល​ពី​ ២០​-​៣០ ​ឆ្នាំ​មុន​នោះ​ទេ​។​ លោក​ យ៉​ន់​ បាន​និយាយ ​ដោយ​លើក​ឡើង​ពី​ដំណោះ​ស្រាយ​ដ៏​ចាំបាច់​របស់​ប្រជា​នេសាទ​ក្នុង​តំបន់​កំពង់​ភ្លុក​ថា​ អាជ្ញា​ធរ​គួរ​គិត​គូរ​ផ្ដល់​ដី​សម្ប​ទាន​សង្គម​កិច្ច​មួយ​ចំនួន​ ដល់​ពួក​គាត់​សម្រាប់​ធ្វើ​កសិ​កម្ម​ដាំ​ដុះ​ធ្វើ​ស្រែ​ចម្ការ​ ចិញ្ចឹម​សត្វ​ ដើម្បី​បង្កើន​ប្រាក់​ចំណូល​បន្ថែម​ពី​លើ​មុខ​របរ​នេ​សាទ​ត្រី​។​​

ទាក់​ទិន​ទៅ​នឹ​ង​បញ្ហា​នេះ​ លោក​ សុខ​ ប្លង់​ មេឃុំ​កំពង់​ភ្លុក ដែល​ទើប​ជាប់​ឆ្នោត​កាល​ពី​ពេល​ថ្មីៗ​កន្លង​មក​នេះ​ បាន​ប្រាប់ ​ភ្នំពេញ ​ប៉ុស្តិ៍​ ដោយ​ទទួល​ស្គាល់​ថា​ ការ​ពឹង​អាស្រ័យ​ទៅ​លើ​មុខ​របរ​តែ​ ១ ​មុខ​ គឺ​មិន​អាច​លើក​ស្ទួយ​ជីវ​ភាព​គ្រួសារ​ឱ្យ​មាន​ភាព​ល្អ​ប្រ​សើរ​ឡើយ​។​

លោក​បាន​បញ្ជាក់​ថា​៖ «​ដើម្បី​ឱ្យ​ជីវ​ភាព​គ្រួសារ​ធូរធារ​ វា​ចាំ​បាច់​ណាស់​ដែល​ពល​រដ្ឋ​នៃ​គ្រួសារ​នីមួយៗ​ ត្រូវ​មាន​មុខ​របរ​ប​ន្ទា​ប់​បន្សំ​ផ្សេង​ទៀត​ ដូច​ជា​មុខ​របរ​ធ្វើ​ស្រែ​ចម្ការ​ ចិញ្ចឹម​សត្វ​ និង​ការ​ប្រកប​មុខ​ជំនួញ​អាជីវ​កម្ម​សេវា​កម្ម​ខ្នាត​តូច​មួយ​ចំនួន​បន្ថែ​ម​ទៀត ​អា​ស្រ័យ​ទៅ​លើ​សក្ដា​នុ​ពល​នៃ​ភូមិ​សាស្ត្រ​ក្នុង​តំបន់​ដែល​ពួក​គេ​រស់​នៅ​»​។

ដោយ​សារ​ឃុំ​កំពង់​ភ្លុក​ ជា​តំបន់​ដែល​មាន​សក្ដានុ​ពល​ដ៏​ទាក់​ទាញ​បំផុត​សម្រាប់​វិស័យ​ទេស​ចរណ៍ ​លោក​ សុខ​ ប្លង់​ បាន​និយាយ​ថា ​អាជ្ញា​ធរ​បាន​រៀប​ចំ​ប​ង្កើ​ត​សហ​គមន៍​​ទេស​ចរណ៍​វប្ប​ធម៌​ធម្ម​ជាតិ​ ដោយ​មាន​ការ​បម្រើ​សេវា​ទូក​អុំ កា​ណូត​ដឹក​ភ្ញៀវ​ទេស​ចរ​ ដើម្បី​ឱ្យ​ពលរ​ដ្ឋ​មាន​ការ​ងារ​ធ្វើ ​និង​រក​ប្រាក់​ចំណូល​ប​ន្ថែ​ម​ពី​លើ​មុខ​របរ​នេសាទ​ត្រី​របស់​ពួក​គេ​។​

បើ​តាម​លោក ​សុខ ​ប្លង់ ​បច្ចុប្បន្ន​ ឃុំ​កំពង់​ភ្លុក​ មាន​ភូមិ​ចំនួន​ ៣ រួម​មាន​ភូមិ​គោក​ក្ដុល ​ភូមិ​ត្នោត​កំបុត ​និង​ភូមិ​ដី​ក្រហម​។ ​ឃុំ​នេះ​មាន​ប្រជា​ពលរដ្ឋ​សរុប​ ៩៩៨​ គ្រួសារ​ គិត​ទាំង​ក្មេង​ទាំ​ង​ចាស់​មាន​ចំនួន​ ៣ ៨៧៥​ នាក់​ ក្នុង​នោះ​ ៦៥​ ភាគ​រយ​ ជា​អ្នក​ប្រកប​មុខ​របរ​នេ​សាទ​ត្រី ​២៥​ ភាគ​រយ ​ជា​អ្នក​ប្រកប​មុខ​របរ​ដឹក​ជញ្ជូន​ភ្ញៀវ​ទេស​ចរ​ ខណៈ ​១០ ​ភាគ​រយ​ទៀត​ ជា​អ្នក​លក់​ដូរ ​និងជា​ជាង​ជួស​ជុល​ទូក​និង​កា​ណូត​។​

លោក​ សាង ​គង់​ ប្រធាន​សហ​គមន៍​ទេស​ចរណ៍ធ​​ម្ម​ជាតិ​កំពង់​ភ្លុក​ បាន​ប្រាប់ ​ភ្នំពេញ​ ប៉ុស្តិ៍​ថា ​ឃុំ​កំពង់​ភ្លុក បាន​ក្លាយ​ជា​គោល​ដៅ​ទេស​ចរណ៍​សម្រាប់​ភ្ញៀវ​ជាតិ ​និង​អន្តរ​ជាតិ ​តាំង​ពី​អំឡុង​ឆ្នាំ​ ២០១៣ ​មក​ម្ល៉េះ ​ដោយ​សារ​ទី​នេះ​មាន​ដើម​កោង​កាង​ និង​ដើម​រាំង​ទឹកធំៗ​ ដ៏​មាន​អាយុ​កាល​ជាង​ ១០០ ​ឆ្នាំ​ ដុះ​​គ្រប​លើ​ផ្ទៃ​ទឹក​ក្នុង​ទំហំ​ ៤៨​ ហិកតា​ មាន​ម្លប់​ត្រឈឹង​ត្រឈៃ​គួរ​ជា​ទីរ​មនា​ ហើយ​លំនៅ​ឋាន​ប្រជា​ពល​រដ្ឋ​ក៏​ខ្ពស់ៗ​ផុត​ពី​ទឹក​គួរ​ចង់​គយ​គន់។​​

លោក​ គង់ ​បាន​បន្ត​ថា​៖ «​ឥឡូវ​នេះ​ ជា​រដូវ​ត្រី​ពង​កូន ការ​នេសាទ​ត្រូវ​បាន​ផ្អាក​ ដូច្នេះ​ពួក​យើង​បាន​នាំ​គ្នា​មក​បើក​កាណូត​ដឹក​ជញ្ជូន​ភ្ញៀវ​ទេសចរ​ ដើម្បី​បាន​ប្រាក់​ចំណូល​បន្ថែម​»​។

បើ​តាម​លោក​គង់ ​នៅ​ក្នុ​ង​រដូវ​វ​ស្សា​នេះ​ ចំនួន​ទេស​ចរ​ដែល​ទៅ​ទស្សនា​តំបន់​អេកូ​ទេស​ចរណ៍​កំពង់​ភ្លុក ​មាន​ការ​កើន​ឡើង​ជាង​រដូវ​ប្រាំង​ ព្រោះ​ទឹក​បាន​ជន់​ឡើង​លិច​បឹង​ ស្ទឹ​ក​ព្រែក​ នា​នា​ងាយ​ស្រួល​ក្នុង​ការ​ធ្វើ​ដំណើរ​ ដោយ​ក្នុង​ ១​ ថ្ងៃ​មាន​ទេសចរ​ជាង​​ ១០០ ​នាក់​។​

លោក​បាន​ថ្លែង​ថា​​៖ «​​អ្នក​ទេស​ចរ​ដែល​មក​កម្សាន្ត​សហ​គមន៍​កំពង់​ភ្លុក​យើង​ខ្ញុំ ​នា​រដូវ​វស្សា​នេះ​ គឺ​អាច​ទស្សនា​ ផ្ទះ​និង​អាហារ​ដ្ឋា​ន​បណ្ដែត​ទឹក​ ព្រៃ​កោង​កាង​ ឬ​ព្រៃ​គុក​ មាន​ទំហំ​ផ្ទៃ​ដី​ ៤៨​​ ហិក​តា ​និង​ស្វែង​យល់​ពី​ជីវ​ភាព​រស់​នៅ​របស់​អ្នក​ភូមិ​យើង​ខ្ញុំ​ ព្រម​ទាំង​អាច​ទស្សនា​ថ្ងៃ​លិច​ក្នុង​ផ្ទៃ​បឹង​ទន្លេ​សាប​ និង​សត្វ​ស្លាប​ទឹក​ផង​ដែរ​»​​។

សម្រាប់​ទេស​ចរ​លក្ខ​ណៈ​គ្រួសារ​ ដែល​មាន​សមា​ជិក​ត្រឹម ​៥ ​នាក់ ​ពួក​គេ​អាច​ចំណាយ​ប្រាក់​ប្រមាណ​ត្រឹមតែ​ ៣០ ​ដុល្លារ​ សម្រាប់​ថ្លៃ​ឈ្នួល​កាណូត​តូច​ល្មម​ ជិះ​កម្សាន្ត​ ក្នុង​រយៈ​ពេល​ ៣ ​ម៉ោ​ង​​៕​