ភ្នំពេញៈ អ្នក​នៅ​ក្នុង​វិស័យ​ទេសចរណ៍​បាន​អះអាង​ថា ​គម្រោង​​​​អង្គរ វ៉ាយដ៍ឡាយហ្វ៍ និងអឹឃ្វារៀម (Angkor Wildlife & Aquarium) ដែល​​​ប្រកាស​​​បើក​ដំណើរ​ការ​នៅ​ដើម​ខែ​វិច្ឆិកាខាង​មុខ នឹង​រួម​ចំណែក​​​ទាក់​ទាញ​ភ្ញៀវ​ទេសចរជាតិ និង​អន្តរ​ជាតិ​ឱ្យ​ធ្វើ​ដំណើរ​ទៅ​កម្សាន្ត​នៅ​ខេត្ត​សៀមរាប​កាន់​តែ​ច្រើន ហើយ​រយៈ​ពេល​ស្នាក់​នៅ​ទីនោះ​ក៏​អាច​នឹង​វែង​ជា​មុន​ផង​ដែរ​។


អង្គរ វ៉ាយដ៍ឡាយហ្វ៍ និងអឹឃ្វារៀម (Angkor Wildlife & Aquarium) គឺ​ជាគម្រោងវិនិយោគ​លើ​​សួន​ចិញ្ចឹមសត្វ និង​អាង​ចិញ្ចឹម​ត្រី​លំដាប់​ពិភពលោក​ ​ដែល​​មាន​​ផ្ទៃដី​ប្រមាណ ១០០ ​ហិកតា​​ (​សាងសង់​ជា​ដំណាក់កាល​) ស្ថិត​​​ក្នុងឃុំខ្ចាស់ ​ស្រុកសូទ្រនិគម ខេត្តសៀមរាប ដោយ​បាន​ចំណាយ​ថវិកាសាងសង់​​​​​ប្រមាណ ៧០​​ លាន​ដុល្លារ​។ គម្រោង​នេះ​បាន​ប្រកាស​​​បើកដំណើរការអាងពិព័រណ៍​ត្រីទឹកសាប ទឹកប្រៃ និងសត្វជាច្រើនប្រភេទ ចាប់​ពី​​ថ្ងៃទី​ ១ ខែវិច្ឆិកា ឆ្នាំ ២០២២។ គម្រោង​នេះ​​បានចាប់ផ្ដើមសាងសង់កាល​ពី​ថ្ងៃទី​ ២៩ ខែមេសា ឆ្នាំ​ ២០១៩ ហើយបានបញ្ចប់ជាស្ថាពរ​ដំណាក់កាលទី១ នៅក្នុងខែតុលា ឆ្នាំ​ ២០២២។


បើ​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់ Angkor Wildlife & Aquarium ការ​បើក​ឱ្យ​ចូល​ទស្សនា​​ក្នុង​ដំណាក់កាលទី១ នេះនឹង​មាន​អាងពិព័រណ៍​ត្រីទំហំ​ជាង ១ ម៉ឺនម៉ែត្រគុប ដែល​មាន​​ប្រភេទត្រីទឹកសាប និងត្រីទឹកប្រៃ មាននៅ​ក្នុង​ប្រទេស​​កម្ពុជា និង​មួយ​ចំនួន​នាំចូល​មក​ពី​បរទេស ហើយ​ក៏​មាន​សួនសត្វ ដែល​មាន​សត្វ​​​​ច្រើន​ប្រភេទ​ដូចជា សត្វ​ខ្លា​មក​ពី​ប្រទេស​អាហ្វ្រិកខាងត្បូង ខ្លាឃ្មុំ សត្វភេ អណ្ដើក​ហ្លួង និង​ក្រពើ​ភ្នំ ជាដើម​។​


សត្វភេនៅក្នុង Angkor Wildlife & Aquarium។ រូបថត ក្រសួងទេសចរណ៍


សេចក្តី​ប្រកាស​ព័ត៌មាន​បានឱ្យ​ដឹង​​​ថា​៖ ​«​គម្រោងនេះ​​សង្កត់​ធ្ងន់​លើ​ការ​អភិរក្ស អប់រំ និង​ទេសចរណ៍​ ជាមួយ​នឹង​កន្លែង​កម្សាន្ត​​ប្លែកៗ​សម្រាប់​​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ ដែល​មក​ទស្សនា​ប្រាសាទ​អង្គរវត្ត​ក្នុង​ខេត្ត​សៀមរាប។ ភ្ញៀវ​ទេសចរ​ទាំង​អស់​នឹង​ទទួល​បាន​ផលិតផល​ទេសចរណ៍​ប្លែក​មួយ​ដែល​មិន​ធ្លាប់​មាន​ពី​មុន​មក ជាមួយ​នឹងអង្គរ វ៉ាយដ៍ឡាយហ្វ៍ និង​អឹឃ្វារៀម​។ អង្គរ​វ៉ាយដ៍​ឡាយហ្វ៍ និង​អឹឃ្វារៀម គឺ​ជា​គោលដៅ​ទេសចរណ៍​ដ៏​ល្អ​ប្រណីតដែល​យើង​ទាំង​អស់​គ្នា​ស្រមៃ​ចង់​ឃើញ»។


ក្រៅ​ពី​ការ​ទស្សនា​កម្សាន្ត​​នៅ​ក្នុងឧទ្យាន ​ទីនោះ​ក៏​មាន​​សកម្មភាព​ជា​ច្រើន​ទៀត​ដូចជា ផ្សារ​អណ្តែត​ទឹក ហាង​លក់ទំនិញ ភោជនីយដ្ឋាន​សម្រាប់​ទទួល​ទាន​អាហារ និង​ភេសជ្ជៈ និង​ហាង​លក់​វត្ថុអនុស្សាវរីយ៍​ផងដែរ។ នេះ​បើ​តាមសេចក្តី​ប្រកាស​ព័ត៌មាន​។​

លោក ធួន ស៊ីណាន ប្រធាន​សមាគម​ទេសច​រណ៍​អាស៊ី​ប៉ាស៊ីហ្វិក​កម្ពុជា បាន​ប្រាប់​ ភ្នំពេញ ​ប៉ុស្តិ៍​ ក្នុង​ថ្ងៃ​ទី​ ២៧ ខែ​តុលា​ថា ការ​បង្កើត​ឱ្យ​មាន​ផលិត​ផល​/​សេវា​ទេសចរណ៍ថ្មី​ៗ ​គឺ​ពិត​ជា​មាន​សារៈ​សំខាន់​ណាស់​ក្នុង​ការ​ទាក់​ទាញ​ភ្ញៀវ​ជាតិ និង​អន្តរ​ជាតិ​ឱ្យ​ធ្វើ​ដំណើរ​ទៅ​កម្សាន្ត​នៅ​កន្លែង​ណា​មួយ ព្រោះ​គេ​មិន​អាច​យក​អ្វី​ដែល​មាន​ជា​យូរ​មក​ហើយ​ទៅ​​​ផ្សព្វផ្សាយ​ដដែល​ៗ​​ទេ គឺ​ទាម​ទារ​ឱ្យ​មាន​កាន់​តែ​ច្រើន​​កាន់​តែ​ល្អ​។​ លោក​បន្ត​ថា គំនិត​ក្នុង​ការ​រៀបចំ​ឱ្យ​មាន​កន្លែង​កម្សាន្ត​បែប​នេះ គឺ​ពិត​ជា​មាន​ភាព​ចាំបាច់​ណាស់​ក្នុង​ការ​ជួយ​ស្តារ​វិស័យ​ទេសចរណ៍​ឡើង​វិញ​ពី​វិបត្តិ​ជំងឺ​កូវីដ​ ១៩​។​

លោក​បន្ថែម​ថា៖​ «​នៅ​ពេល​មាន​ផលិត​ផល​ថ្មី វា​នឹង​ធ្វើ​ឱ្យ​មាន​ការ​ផ្លាស់​ប្តូរ និង​ការ​ទាក់​ទាញ​កាន់​តែ​ខ្លាំង។ នេះ​គឺ​ជា​របត់​ថ្មី​ដែល​នឹង​ជួយ​​ខេត្ត​សៀមរាបក្នុង​ការ​ស្តារ​វិស័យ​បទេសចរណ៍​របស់​ខ្លួន​ឡើង​វិញ ជា​ពិសេស​ភ្ញៀវ​ទេសចរ​ក្នុង​ស្រុក»​។

លោក​បន្ថែម​ទៀត​ថា ប្រសិន​បើ​គម្រោង​បែប​នេះ​អាច​កើតមាន​នៅ​តាម​បណ្តា​ខេត្ត​ផ្សេង​ទៀត​នោះ វា​នឹង​ធ្វើ​ឱ្យ​ចរន្ត​នៃ​ការ​ធ្វើ​ដំណើរ​ទេស​ចរណ៍​ក្នុងផ្ទៃ​ប្រទេស​កាន់​តែ​មាន​ភាព​​ល្អប្រសើរ​។​

លោក ខៀវ ធី ប្រធានសមាគមមគ្គុទ្ទេសក៍ទេ​​សចរអង្គរ បាន​និយាយ​ថា ទោះបី​​ផលិត​ផល​ទេសចរណ៍​ប្រភេទ​​នេះ​មាន​នៅ​តាមបណ្តា​​ប្រទេស​ជា​ច្រើន​ហើយ​ក៏​ដោយ ប៉ុន្តែ​វា​ក៏​ជា​ផ្នែក​មួយ​ក្នុង​ការជួយ​​បង្កើត​ឱ្យ​មាន​កន្លែង​ទៅ​ទស្សនា​កាន់​តែ​ច្រើន​នៅ​ខេត្ត​សៀមរាប​។ ផលិត​ផល​នេះ​នឹង​ទាក់​ទាញ​បាន​ភ្ញៀវ​ទេសចរ​ផ្ទៃក្នុង​ជាច្រើន ហើយ​ការ​ចំណាយ​ពេល​ស្នាក់​នៅ​ក្នុង​ខេត្ត​សៀមរាប ក៏​អាច​កើន​ឡើង​ផង​ដែរ​។

លោក​បញ្ជាក់​ថា៖​ «​ក្នុង​នាម​អ្នក​នៅ​ក្នុង​វិស័យ​ទេសចរណ៍ គឺ​យើងពិត​ជា​ចង់ឃើញ​មាន​កន្លែង​កម្សាន្ត​សម្រាប់​ភ្ញៀវកាន់​តែ​ច្រើន ព្រោះ​វា​នឹង​ធ្វើ​ឱ្យ​ការ​ផ្សព្វផ្សាយ​កាន់​តែ​ងាយ​ស្រួល និងផ្តល់​ជម្រើស​កាន់​តែ​ច្រើន​សម្រាប់​ភ្ញៀវ​»។​

អភិបាលស្រុក​សូទ្រនិគម លោក ម៉ក់ ប្រុស បាន​ប្រាប់ ​ភ្នំពេញ​​ ប៉ុស្តិ៍​ កាល​ពី​ខែ​​កញ្ញា​ថា Angkor Wildlife and Aquarium ត្រូវបាន​វិនិយោគ​ដោយ​វិនិយោគិន​ក្នុងស្រុក និង​បរទេស​ (​អាមេរិក និង​ជប៉ុន​) ក្នុង​គោលបំណង​ ដើម្បី​រួមចំណែក​ជំរុញ​កំណើន​សេដ្ឋកិច្ច​ជាតិ ពិសេស​ក្នុង​ស្រុក​សូទ្រនិគម តាមរយៈ​ការបង្កើត​ឱ្យ​មាន​កន្លែង​កម្សាន្ត​លំដាប់​ពិភពលោក​ សម្រាប់​ទទួល​ភ្ញៀវទេសចរ​ពី​គ្រប់​ទិសទី ព្រម​ទាំង​បង្កើត​ឱកាស​ការងារ​ជាច្រើន​ សម្រាប់​ប្រជាជន​ក្នុង​តំបន់​។

លោក​បន្តថា គម្រោងដែល​មាន​ចម្ងាយ​ប្រមាណ ៣០​ គីឡូម៉ែត្រ​ពី​ក្រុង​សៀមរាប​នេះ ​នេះ​ត្រូវ​បាន​សាងសង់​ឡើង​យ៉ាង​ពិសេស​ដោយ​មាន​ការនាំយក​ពូជ​ត្រី និង​សត្វ​ចិញ្ចឹម​កម្រៗ​ជាច្រើន​មក​ដាក់​ក្នុង​ទីនោះ​។

លោក​បាន​ថ្លែងថា​៖ «​គម្រោង​នេះ​នឹង​ចូលរួម​ចំណែក​យ៉ាងច្រើន​ក្នុង​ការ​លើកកម្ពស់​កិត្យានុភាព​តំបន់​ទេសចរណ៍​ក្នុង​ខេត្ត​សៀមរាប​ឱ្យ​កាន់តែ​មាន​ភាព​សម្បូរបែប និង​ចម្រុះ​កាន់តែច្រើន​។ តាមរយៈ​គម្រោង​នេះ​ខ្ញុំ​រំពឹង​ថា នឹងមាន​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ​កាន់តែ​ច្រើន​បាន​ទៅ​ទស្សនា​ក្នុង​ទឹកដី​ស្រុក​សូទ្រនិគម​។ វា​ជា​កន្លែង​ទស្សនា​សត្វ​ចម្រុះ​ដ៏ច្រើន​»​៕