ប្រជាសហគមន៍អន្លង់ព្រីង រំពឹងទទួលបានភ្ញៀវឡើងវិញនៅឆ្នាំនេះ ដើម្បីបន្តអភិរក្សមុខរបរប្រពៃណី
កំពតៈ តំបន់មួយក្លាយជាគោលដៅទេសចរណ៍បាន ព្រោះវាមានលក្ខណពិសេសអ្វីមួយដែលអាចទាក់ទាញចិត្តអ្នកទៅសម្រាកលម្អែ។ គោលដៅទេសចរណ៍មួយអាចមានលក្ខណពិសេសលើសពី ១ អាស្រ័យលើអំណោយផលពីធម្មជាតិ បូករួមជាមួយនឹងការរៀបចំបន្ថែម។
តំបន់ទេសចរណ៍បែបសហគមន៍ គឺមិនត្រឹមតែជាតំបន់ទេសចរណ៍ ១ មុខនោះទេ វាថែមទាំងជាតំបន់ដែលសម្បូរទៅដោយធនធានធម្មជាតិ និងដែលប្រជាពលរដ្ឋអាស្រ័យផលច្រើនផងដែរ។ ប៉ុន្តែដើម្បីអាចរក្សាការពារធនធានធម្មជាតិទាំងនោះកុំឱ្យបាត់បង់ ក្រសួងបរិស្ថាន ជារឿយៗបានបញ្ចូលតំបន់នានាទៅជាសហគមន៍អេកូទេសចរណ៍ ដោយការធ្វើបែបនេះ គឺប្រជាពលរដ្ឋនឹងមានចំណូលបន្ថែម ហើយមិនសូវពឹងផ្អែកលើធនធានធម្មជាតិច្រើនពេក។
ស្ថិតនៅក្នុងស្រុកកំពង់ត្រាច ខេត្តកំពត សហគមន៍តំបន់ការពារធម្មជាតិអន្លង់ព្រីង គឺជាតំបន់ដែលមានសក្ដានុពលទេសចរណ៍ជាច្រើនប្រភេទចម្រុះគ្នា។ ជាតំបន់មួយនេះភ្ញៀវទេសចរក៏អាចដកស្រង់យកបទពិសោធន៍ និងការកម្សាន្ដខុសៗគ្នាផងដែរ។
អ្នកនាង សាយ អាំ ដែលជាអ្នកទទួលបន្ទុកខាងគណនីរបស់សហគមន៍បានឱ្យដឹងថា កាលពីមុនកូវីដវាយលុក ពោលគឺអំឡុង ឆ្នាំ ២០១៨-២០១៩ សហគមន៍អាចសល់ចំណូលចូលសហគមន៍ក្នុង១ឆ្នាំៗជាង ១ ០០០ ដុល្លារ។
អ្នកនាងបញ្ជាក់ថា៖ «ចំណូលជាង ១ ពាន់ដុល្លារនេះ គឺផាត់អស់ថ្លៃចំណាយផ្សេងៗរួចហើយ និយាយទៅគឺវាជាលុយដែលចូលទៅក្នុងសហគមន៍យើង ហើយយើងយកទៅកសាង កែកុនតំបន់យើងឱ្យកាន់តែមានភាពទាក់ទាញ»។
ប៉ុន្តែដោយឡែក សម្រាប់ឆ្នាំ ២០២០ ដល់ឆ្នាំ ២០២២ កន្លងទៅ អ្នកនាងបានឱ្យដឹងថា នៅតែមិនទាន់មានភ្ញៀវវិលត្រឡប់មកវិញច្រើននៅឡើយទេ ដូច្នេះហើយចំណូលចូលសហគមន៍ក៏មិនទាន់អាចទទួលបានច្រើននោះដែរ។
បើទោះបីជាយ៉ាងនេះក៏ដោយ ១ ខែដំបូងនៃឆ្នាំ ២០២៣ នេះ អ្នកនាង សាយ អាំ បានឱ្យដឹងថា៖ «១ ខែនេះ សហគមន៍យើងទទួលបានភ្ញៀវជាង ៥០ នាក់ ដែលចំនួននេះបើទោះជាមិនច្រើនពេក ប៉ុន្តែក៏គ្រាន់បើជាងឆ្នាំមុនដែរ»។
តាមរយៈសញ្ញាល្អនេះ អ្នកនាងបង្ហាញក្ដីរំពឹងថា ភ្ញៀវនឹងវិលត្រឡប់មកវិញកាន់តែច្រើន យ៉ាងហោចណាស់ក៏ប្រហាក់ប្រហែលនឹងឆ្នាំ ២០១៩ ដែរ។ ប្រសិនបើដូច្នេះមែន សហគមន៍ទាំងមូលនឹងបន្តពង្រឹងសេវាកម្មទេសចរណ៍ ថែមទាំងអាចរក្សាទុកនូវមុខរបរប្រពៃណីរបស់សហគមន៍ឱ្យគង់វង្ស។
ទន្ទឹមនឹងនេះ លោក សូត ឡាន់ ដែលជាប្រធានក្រុមទេសចរណ៍នៅក្នុងសហគមន៍អន្លង់ព្រីងឱ្យដឹងថា សហគមន៍របស់លោកមានសេវាកម្មជាច្រើនសម្រាប់ទទួលភ្ញៀវទេសចរ ដែលមានលក្ខណៈប្លែក និងជាបទពិសោធន៍ថ្មីសម្រាប់អ្នកទេសចរទាំងក្នុង និងក្រៅស្រុកអាចទៅសាកល្បងបាន។
លោក សូត ឡាន់ បានថ្លែងថា៖ «សហគមន៍យើងមានសេវាកម្មម្ហូបអាហារ ផ្ទះស្នាក់បែបសហគមន៍ ទស្សនាការធ្វើនំបញ្ចុក ទស្សនាការបិទស្រា ការត្បាញចចូត ទៅមើលសត្វក្រៀល និងចូលទៅរូងភ្នំជាដើម»។
ការធ្វើនំបញ្ចុក ការត្បាញចចូត និងការបិទស្រា សុទ្ធសឹងតែជាសកម្មភាពដែលប្រជាជនក្នុងតំបន់បានធ្វើតាំងពីដូនតាមក ដែលបច្ចុប្បន្ននេះគេមិនងាយនឹងបានឃើញឡើយ។ មិនត្រឹមតែទៅទស្សនា អ្នកទេសចរថែមទាំងអាចរៀនសាកធ្វើដោយខ្លួនឯង និងរៀនស្វែងយល់ពីប្រជាជនផ្ទាល់ផងដែរ។
លោក សូត ឡាន់ បានឱ្យដឹងថា៖ «សហគមន៍ព្យាយាមផ្ដល់ឱ្យនូវជម្រើសជាច្រើន ដើម្បីអាចឱ្យភ្ញៀវសម្រាកបានដោយពេញចិត្ត ព្រមទាំងមិនចំណាយថវិកាច្រើន...ម្យ៉ាងទៀត ពេលធ្វើបែបនេះ ប្រជាជនគាត់នឹងមិនផ្លាស់ប្ដូររបរពីដូនតាគាត់ទៅធ្វើអីផ្សេងទៀត ហើយអ៊ីចឹងទៅ អត្តសញ្ញាណយើងក៏មិនបាត់បង់»។
សហគមន៍អន្លង់ព្រីងត្រូវបានបង្កើតឡើងកាលពីឆ្នាំ ២០១៦ ក្នុងបំណងរក្សាវប្បធម៌ទំនៀមទម្លាប់របស់ប្រជាសហគមន៍ និងជាពិសេសថែរក្សាសត្វក្រៀល ដែលជាប្រភេទសត្វកម្រឱ្យបានស្ថិតស្ថេរតរៀងទៅ៕