កោះកុងៈ បឹង​កា​ឆាង​ជា​សហ​គម​ន៍​មួយ​ស្ថិតនៅក្នុង​ដែនជម្រកសត្វព្រៃ​ពាម​ក្រសោប ក្នុងភូមិ​បឹង​កា​ឆាង ឃុំ​បាក់​ខ្លង ស្រុក​មណ្ឌល​សីមា​។ សហគមន៍​នេះ​មាន​ផ្ទៃដី​សរុប​ចំនួន​ ៧២៨​ ហិកតា​ សម្បូរ​ទៅដោយ​សក្តានុពល​ទេសចរណ៍ ដោយមាន​ព្រៃកោងកាង​ដុះ​ជា​ជួរៗ ជាមួយនឹង​ដៃ​ព្រែក រំលេច​ចេញ​ជា​ទេសភាព​ដ៏​ស្រស់ត្រកាល​គួរ​ជាទី​គយគន់​ក្រៃលែង​។​


​ទោះបីជា​សម្បូរ​ទៅដោយ​សក្តានុពល​ទេសចរណ៍​យ៉ាង​ណា​ក្តី ក៏​សហគមន៍​ទាំងមូល មិនទាន់មាន​លទ្ធភាព​អាច​បង្កើន​ជីវ​ភាព​របស់ខ្លួន ពី​វិស័យ​មួយ​នេះ​បាន​នៅឡើយ​ទេ ដោយសារ​សក្តានុពល​ទាំងនោះ​មិនទាន់​ត្រូវបាន​កែច្នៃ​ទៅជា​ទិសដៅ​ទេសចរ​​ណ៍​ពេញលេញ និង​ម្យ៉ាង​ដោយ​សារ​កង្វះ​ដៃគូ​អភិវឌ្ឍន៍​។​


​លោ​ក ឡន រិ​ទ្ធ ប្រធាន​សហ​គម​ន៍​តំបន់ការពារធម្មជាតិ​បឹង​កា​ឆាង បានឱ្យដឹងថា​៖ «​នៅក្នុង​សហគមន៍​តំបន់ការពារធម្មជាតិ​​បឹង​កា​ឆាង របស់​យើង មាន​សក្ដានុពល​ទេសចរណ៍​ជាច្រើន​ដូចជា ព្រៃកោងកាង​ដុះ​ជា​ជួរៗ មាន​ដៃ​ព្រែក កន្លែង​ស្ទូចត្រី រាវ​​ខ្យង រាវ​ងាវ ហើយ​យើង​មាន​ឆ្នេរ​ខ្សាច់​រហូតដល់ ៦​ គីឡូម៉ែត្រ​ជាង​ឯណោះ​»​។


​សម្រាប់​សកម្មភាព​ទេសចរណ៍​បច្ចុប្បន្ននេះ សហគមន៍​អាច​ទទួលបាន​ភ្ញៀវទេសចរ​មក​ទស្ស​នា​តាមរយៈ​កិច្ចការ​ទស្សនកិច្ច​ប៉ុណ្ណោះ ពោលគឺ​មិនទាន់មាន​ទេសចរ​ដែល​មក​កម្សាន្ត​ជា​លក្ខណៈ​ឯកជន​នៅឡើយ​ទេ ដោយសារ​សហគមន៍​មិនទាន់មាន​លទ្ធភាព​រៀប​ចំ​កន្លែង​ដែល​សមស្រប​នៅឡើយ​។ លោក ឡ​ន រិ​ទ្ធ បន្តថា​៖ «​ដូច្នេះហើយ ខ្ញុំ​ចង់​សំណូមពរ​ស្វែងរក​ដៃគូ​ដើម្បី​អភិវឌ្ឍ​តំបន់​ទេសចរណ៍​របស់​យើង បើ​យើង​មាន​ទេសចរ វា​ជា​ផ្នែក​ ១ ជួយ​បង្កើន​ចំណូល​ដល់​ប្រជាពលរដ្ឋ​របស់​យើង​ថែម ១​ កម្រិត​ទៀត​»​។


​ជាមួយគ្នានេះដែរ លោក ឡ​ន រិ​ទ្ធ បានឱ្យដឹងថា សហគមន៍​តំបន់ការពារធម្មជាតិ​បឹង​កា​ឆាង មាន​ប្រជាពលរដ្ឋ​រស់នៅ​ចំនួន​ ១៤៩​ គ្រួសារ ដោយ​ភាគច្រើន​បាន​ពឹង​ផ្អែកទៅលើ​មុខរបរ​មួយ​ចំនួន​ដូចជា​មុខរបរ​នេសាទ ការ​កែច្នៃ​បង្គា​ក្រៀម ការចិញ្ចឹម​ត្រី​ស្ពុង ការចិញ្ចឹម​ក្ដាម កម្មករ​រោងចក្រ ហើយ​ក្នុងនោះ​ក៏មាន​មន្ត្រីរាជការ​ប្រមាណ​៣​ភាគរយ​ផងដែរ​។​


​លោក ឡ​ន រិ​ទ្ធ បញ្ជាក់ថា​៖ «​សព្វថ្ងៃនេះ ប្រជា​សហគមន៍​យើង​ពឹងផ្អែក​ខ្លាំង​បំផុត​ទៅលើ​ការនេសាទ​ត្រី នៅ​ខាងក្រៅ និង​ក្នុង​ព្រែក បក​ក្ដាម បក​បង្គា និង​ពលរដ្ឋ​មួយចំនួនទៀត គាត់​ធ្វើ​ការ​រោងចក្រ​នៅ​តំបន់​សេដ្ឋកិច្ច​​ពិសេស​ខេត្តកោះកុង ដោយ​ក្នុង​សហគមន៍​នេះ​មាន​យុវជន​ក៏​ដូច​ជា​ស្ត្រី​ដែលមាន​គ្រួសារ​រួច​ចំនួន ៣៧ ​គ្រួសារ ដែល​គាត់​ធ្វើការ​រោងចក្រ​»​។

​បច្ចុប្បន្ន សហគមន៍​តំបន់ការពារធម្មជាតិ​បឹង​កា​ឆាង​មាន​សាលារៀន​ចំនួន ១ ​ខ្នង ដែល​បង្រៀន​ពី​ថ្នាក់​ទី​១ ដល់​ថ្នាក់​ទី​៦ លុះ​ពេល​ចូល​វិទ្យាល័យ​សិ​ស្សា​នុ​សិស្ស​ត្រូវ​បន្តទៅ​រៀន​នៅ​វិទ្យាល័យ​បាក់​ខ្លង ខណៈ​មន្ទីរពេទ្យ​គឺ​មិនទាន់មាន​នៅឡើយ​ទេ​។​

​ក្រៅ​ពីលើ​នេះ លោក ឡ​ន រិ​ទ្ធ ក៏បាន​ថ្លែង​ឱ្យដឹងពី​សកម្មភាព​សំខាន់ៗ​មួយចំនួន​គឺ​ការពង្រឹង​ការការពារ​អភិរក្ស​ធនធាន​ធម្ម​ជាតិ​នៅលើ​ផ្ទៃដី​ ៧២៨ ហិកតា​របស់​សហគម​ន៍​ផងដែរ​។​

​លោក​បញ្ជាក់ថា​៖ «​ក្នុង​សកម្ម​​ភាព​សំខាន់ៗ​ទាំងនោះ​មាន​ដូច​ជា សកម្មភាព​សន្សំ​ប្រាក់​រួមគ្នា​ដែល​សព្វថ្ងៃនេះ​មាន​ទុន​ក្បែរ​ ៥០០ ​លាន​រៀល​ទៅហើយ​ នៅក្នុង​នោះ​ទៀត​មាន​សកម្មភាព​សាក​អាគុយ​សម្រាប់​ប្រជាពលរដ្ឋ​ក្នុងភូមិ​ដែលជា​ជំនួយ​ពី​គម្រោង ADB សកម្មភាព​គម្រោង​ត​ភ្ជាប់​ទឹកស្អាត និង​របរ​ចិញ្ចឹម​ក្ដាមថ្ម​ជា​សហគមន៍ ឬ​ហៅថា​ស្រែ​ក្តាម​»​។

​សម្រាប់​សកម្មភាព​ចិញ្ចឹម​ក្ដាមថ្ម គឺជា​សកម្មភាព​ចម្បង​មួយ​សម្រាប់​សហគមន៍ ប៉ុន្តែ​ដោយ​​សារ​ការរង់ចាំ​ធ្វើ​ទំនប់​តាម​គម្រោង​ទើប​របរ​សំខាន់​មួយ​នេះ​ត្រូវបាន​ផ្អាក​ក្នុង​រយៈពេល​ខ្លី​។​

​ប្រធាន​សហគមន៍​រូប​នេះ​បាន​បញ្ជាក់ថា​៖ «​ដោយសារ​ថវិកា​គម្រោង​ជិត​ទម្លាក់​មក​ដែរ ទើប​យើង​រង់ចាំ​ជីក​ទំនប់​ទប់ទឹក​ឱ្យបាន​វិញ​យើង​មាន​ទ្វារ​ទឹក យើង​មានអី​ទៅ​អ៊ីចឹង​ទឹក​ដែល​ល្អ​យើង​ទុក ទឹក​មិនល្អ​យើង​បង្ហូរ​ចោល​តែម្ដង ចំពោះ​រាល់ថ្ងៃ​ទឹក​វា​សេរីពេក បើ​យើង​ដាក់​ក្ដាម​ទៅ​វា​មិនជា​ខាត​អី​ទេ ប៉ុន្តែ​វា​ចំណេញ​តិច​ខ្លាំងពេក​»​។​

​ដោយឡែក​សម្រាប់ សកម្មភាព​សន្សំ​ប្រាក់​លោ​កឡន រិ​ទ្ធ បានឱ្យដឹងថា វា​ជាការ​សន្សំ​ដោយ​ស្ម័គ្រចិត្ត​របស់​ប្រជា​សហគមន៍​ពោលគឺ​ទៅតាម​លទ្ធភាព​ហើយ​ក្នុង ​១ ​ឆ្នាំ​សហគមន៍​នឹង​ចែក​ភាគលាភ ឬ​ការប្រាក់​ត្រឡប់​ទៅ​ប្រជា​សហគមន៍​វិញ ក្នុង​រង្វង់ ០,៧​ ភាគរយ​។

​លោក ឡ​ន រិ​ទ្ធ ឱ្យដឹងថា​៖ «​យើង​បាន​ប្រ​យោ​ជន៍​ច្រើនណាស់​ពី​ការ​សន្សំ​ប្រាក់​នេះ​កាលណា​យើង​មាន​ក្រុម​សន្សំ​នេះ​វា​ជួយ​ឱ្យ​សហគមន៍​របស់​យើង​មាន​ភាពរឹងមាំ​ដោយ​សារ​យើង​មាន​ចំណូល​គ្រប់គ្រាន់​ដើម្បី​ពង្រីក​មុខរបរ​ជូន​ដល់​ពួក​គាត់​ម្យ៉ាង​វា​ជួយ​ពង្រឹង​សាមគ្គី​ភាព​ជួយ​គ្នា​ម្នាក់​ម្ដង​»​។​

​មិនតែប៉ុណ្ណោះ​ប្រាក់​សន្សំ​នេះ ក៏​ជួយ​ដល់​សហគមន៍​ក្នុងការ​ល្បាត​ព្រៃ ជួយ​អ្នកក្រីក្រ ជួយ​អ្នក​សម្រាក​នៅ​មន្ទីរពេទ្យ អ្នក​​រងរបួស​ស្នាម និង​ពិធី​បុណ្យសព​ផងដែរ​៕​