ភ្នំពេញៈ ចាប់ពី​ថ្ងៃទី​ ៧ ខែ​មករា រហូតដល់​ថ្ងៃទី ​៤ ខែ​កុម្ភៈ​ក្រសួង​សាធារណការ​បាន​លក់​ស្លាក​លេខ​ពិសេស​ផ្ទាល់ខ្លួន​សម្រាប់​រថយន្ត​ដល់​ប្រជាពលរដ្ឋ​នៅ​ភ្នំពេញ និង​តាម​បណ្ដា​ខេត្ដ​មួយចំនួន​បាន​ចំនួន ៤៦៨ ស្លាក​ គិត​ជា​ប្រាក់​បាន​ប្រមាណ ២ ​លាន​ដុល្លារ​។ នេះ​បើតាម​លោក ឈួន វន់ អគ្គនាយក​ដឹកជញ្ជូន​ផ្លូវគោក​ និង​ជា​អ្នកនាំពាក្យ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​។


លោក ឈួន វន់ បាន​ថ្លែង​កាលពី​ថ្ងៃ​ពុធ​ថា ចាប់តាំងពី​ថ្ងៃ​បើក​ដំណើរការ​លក់​ស្លាក​លេខ​ពិសេស​ផ្ទាល់ខ្លួន​ជូន​ប្រជាពលរដ្ឋ​ដំបូង​នៅ​ពីថ្ងៃ​ទី​ ៧ ខែ​មករា រហូត​ដល់​ថ្ងៃទី​ ៤ ខែ​កុម្ភៈ ពលរដ្ឋ​ដែល​ចង់បាន​លេខ​ពិសេស​ផ្ទាល់ខ្លួន​ភាគច្រើន​នៅ​រាជធានី​ភ្នំពេញ និង​មួយចំនួន​មកពី​តាម​បណ្ដា​ខេត្ដ​បាននាំគ្នា​មក​ទិញ​ស្លាក​លេខ​ផ្ទាល់ខ្លួន​ជា​បន្ដបន្ទាប់​នៅ​អគ្គនាយកដ្ឋាន​ដឹកជញ្ជូន​នៃ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​។

លោក​ថ្លែងថា​៖ «​នេះ​ជា​ផ្នែក​មួយ​នៃ​ការបង្កើន​ថវិកា​ជូន​ជាតិ ហើយ​អ្វី​ដែល​សំខាន់​នោះ​គឺ​យើង​គិតពី​តម្រូវការ​របស់​បងប្អូន​ប្រជាពលរដ្ឋ​តែម្ដង បើ​គាត់​ចង់​បាន​ស្លាក​លេខ​ដែល​អាចដាក់​ឈ្មោះ​បាន ឬ​ចង់​ដាក់​អក្សរ​ និង​លេខ​ផ្ទាល់ខ្លួន​ក៏បាន​គឺ​តម្រូវ​តាម​ដែល​គាត់​ចង់បាន ដោយ​អាច​រក្សា​លេខ​ពិសេស​នេះ​ទុក​ប្រើ​ជា​រៀងរហូត​បាន​»​។

លោក វន់ ឲ្យ​ដឹង​ថា ពលរដ្ឋ​អាច​ទិញ​ស្លាក​លេខ​ពិសេស​ផ្ទាល់ខ្លួន​ក្នុងតម្លៃ​ទាប​បំផុត​ចាប់ពី​ ២ ​លាន​រៀល​ឡើង​ទៅ ខណៈ​បើ​ជ្រើស​យក​លេខ​ពិសេស​ដែល​មាន​លេច​តិច​ ឬ​ខ្លី​នឹងមាន​តម្លៃ​ថ្លៃ ហើយ​លេខ​ពិសេស​ដែល​មាន​លេខ​ ឬ​អក្សរ​វែង​គឺ​មាន​តម្លៃ​ធូរ​ថ្លៃ​ស្រប​ពេល​ដែល​ក្រសួង​បានកំណត់​លេខ​ ឬ​អក្សរ​វែង​បំផុត​គឺ​ត្រឹម ៨ ​ខ្ទង់​ប៉ុណ្ណោះ​។


ស្លាក​លេខ​គំរូ ផ្ទាល់​ខ្លួន​ពិសេស​ដែល​ត្រូវ​បានបង្ហាញ​នៅក្នុង​ពិធី​ប្រកាស​លក់​ស្លាក​លេខ​នេះ​កាលពី​ថ្ងៃទី​ ៧ ខែ​មករា​។ រូបថត MPWT


ក្រសួង​សាធារណការ​កាលពី​ថ្ងៃ​ទី​ ៦ ខែ​មករា ឆ្នាំ ២០២០ បាន​ប្រកាស​ការដាក់​ដំណើរការ​ជា​ផ្លូវការ «​ការលក់​លេខ​ចុះបញ្ជី​ពិសេស​ផ្ទាល់ខ្លួន​សម្រាប់​រថយន្ត​» ក្រោយ​ទទួល​បាន​ការអនុញ្ញាត​ពី​លោក​នាយក​រដ្ឋមន្ដ្រី ហ៊ុន សែន​។

ក្រសួង​បញ្ជាក់ថា ការលក់​ស្លាក​លេខ​ចុះបញ្ជី​ពិសេស​នេះ​អនុញ្ញាត​ឲ្យ​សាធារណជន និង​ក្រុមហ៊ុន​សហគ្រាស​ដែល​ជា​ម្ចាស់​រថយន្ត​ទាំងអស់​អាច​ធ្វើការ​ស្វែងរក​លេខ​ដែល​ខ្លួន​ពេញចិត្ដ​រួច​ធ្វើការ​ទិញ​ស្នើ​ទិញ​ ឬ​ដេញថ្លៃ​តាមរយៈ​ប្រព័ន្ធ​ស្វ័យប្រវត្ដិកម្ម​ចុះបញ្ជី​យានយន្ត​របស់​ក្រសួង ខណៈ​ប្រព័ន្ធ​ស្វ័យ​ប្រវត្ដិកម្ម​នេះ​ក៏​នឹង​អនុញ្ញាត​ឲ្យ​ម្ចាស់​រថយន្ត​ធ្វើការ​ដាក់ពាក្យ​ត្រួតពិនិត្យ​លក្ខណៈ​បច្ចេកទេស និង​ចុះបញ្ជី​រថយន្ត អនឡាញ (Online) ដោយ​ខ្លួនឯង​តាមរយៈ​វេបសាយ​របស់​ក្រសួង​ផងដែរ​។

កាលពី​ថ្ងៃទី​ ២៤ ខែ​ធ្នូ ឆ្នាំ ២០១៩ រដ្ឋមន្ដ្រី​ក្រសួង សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​រដ្ឋមន្ដ្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន​បានចេញ​សេចក្ដី​ប្រកាស​អន្តរក្រសួង​ស្ដីពី​ការលក់​ស្លាកលេខ​ចុះបញ្ជី​ពិសេស​ផ្ទាល់ខ្លួន​សម្រាប់​រថយន្ត​នេះ ដោយ​បាន​សម្រេច​អនុញ្ញាត​ឲ្យ​អគ្គនាយកដ្ឋាន​ដឹកជញ្ជូន​ផ្លូវគោក​នៃ​ក្រសួង​សាធារណការ ប្រមូល​ចំណូល​ពី​ការលក់​ស្លាក​លេខ​ចុះបញ្ជី​ពិសេស​ផ្ទាល់ខ្លួន​សម្រាប់​រថយន្ត​ដើម្បី​ប្រមូលប្រាក់​ចូល​ថវិកាជាតិ​។

សេចក្ដី​ប្រកាស​នេះ​បញ្ជាក់ថា ស្លាក​លេខ​ចុះបញ្ជី​ពិសេស​ផ្ទាល់ខ្លួន​សំដៅ​លើ​ប្រភេទ​លេខ​ចុះបញ្ជី​ដែល​ផ្នែក​ខាង​លើ​សរសេរ​អក្សរ​ខ្មែរ «​កម្ពុជា​» ផ្នែក​កណ្ដាល​ជា​លេខ​ចុះបញ្ជី​មាន​លេខ​ ឬ​អក្សរ​ឡាតាំង​មិន​លើសពី ៨ ​ខ្ទង់ និង​ផ្នែក​ខាង​ក្រោម​សរសេរ​អក្សរ​ឡាតាំង «CAMBODIA» នៅ​បន្ទាត់​ផ្ដេក​៕