ពាក្យចាស់​បុរាណ​តែងតែ​ដំណាល​តៗ​គ្នា «​ចុះ​ទឹក​ក្រពើ ឡើង​លើ​ខ្លា ចូល​ព្រៃ​បន្លា ចូល​ផ្សារ​ប៉ូលិស​!» ឃ្លា​នេះ​យក​មក​ប្រើ​នាពេល​ស្ថានភាព​បច្ចុប្បន្ន​គឺ​ឆ្លើយតប​ទៅនឹង​ការប្រយុទ្ធ​ប្រឆាំង​ជំងឺ​រាតត្បាត​កូវីដ​១៩ និង​ការរឹតបន្តឹង​ច្បាប់​ចរាចរណ៍​រួមទាំង​ការធ្វើ​ឆៀក​ធ្វើ​ស្លាក​លេខ ធ្វើ​បណ្ណ​បើកបរ​ថ្មី និង​ការផាក​ពិន័យ​ជាដើម ដើម្បី​កាត់បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ទូទាំង​ប្រទេស​។

តែ​នៅពេល​អនុវត្ត​ច្បាប់​ចរាចរណ៍​ក្នុង​សប្តាហ៍​ទី​ ១ ​ឃើញ​ថា មាន​ការប្រទាំង​ប្រទើស​គ្នា​មនុស្ស​បែរ​ជា​ខ្លាច​ការផាកពិន័យ​ខុសច្បាប់​ជា​លុយ​ច្រើនៗ​លែង​ខ្លាច​ជំងឺ​កូវីដ​១៩​ដែល​ជា​ជំងឺ​កាចសាហាវ​កំពុង​រាតត្បាត​ជា​សកល​មាន​អ្នក​ឆ្លង​ជំងឺ​នេះ​ដល់​ទៅ​ជាង ៣,៧ ​លាន​នាក់ ហើយ​មាន​អ្នកស្លាប់​ជិត ៣០ ​ម៉ឺន​នាក់​ដែរ​។ តែ​សម្រាប់​ទិន្នន័យ​នៅ​ស្រុក​ខ្មែរ មាន​អ្នក​ឆ្លង​ជំងឺ​កូវីដ​១៩​នេះ​តែ​ ១២២ ​នាក់ ប៉ុន្តែ​បាន​ជាសះស្បើយ​ជិត​អស់​ហើយ ហើយ​ក៏​គ្មាន​អ្នកស្លាប់​ដែរ​។


៣ ​សប្តាហ៍​ហើយ គ្មាន​អ្នកឆ្លង​ថ្មី​ទេ តើ​មកពី​ការគ្រប់គ្រង​ការឆ្លង​ជំងឺ និង​គ្មាន​អ្នកស្លាប់​ដោយសារ​ជំងឺ​កូវីដ​១៩​នេះ​បាន​ល្អ​បាន​ជា​ពលរដ្ឋ​ខ្មែរ​បែរ​ជា​នាំគ្នា​លែង​ខ្លាច​ជំងឺ​កូវីដ​១៩? តែ​ផ្ទុយ​ទៅវិញ​ប្រជាពលរដ្ឋ​នាំគ្នា​ផ្អើល​ភ្លូកទឹកភ្លូកដី​ទៅ​ធ្វើ​ឆៀក​ឡាន ធ្វើ​បណ្ណ​បើកបរ​ថ្មី ទាំង​ស្លាក​លេខ ផ្ទេរកម្មសិទ្ធិ​យានយន្ត​នៅមុន​ថ្ងៃ​ចាប់ផ្តើម​អនុវត្ត​ច្បាប់​ទី​ ១ ខែ​ឧសភា ឆ្នាំ​ ២០២០ ហើយ​មកទល់​ពេល​នេះ​ក៏​នៅតែ​មាន​អ្នកធ្វើ​ច្រើន​បន្តកន្ទុយ​គ្នា​ឥតឈប់ឈរ​។ ការដែល​ទៅធ្វើ​ដូច​ទឹកបាក់​ទំនប់​ដូច្នេះ​គឺ​មាន​ហានិភ័យ​ខ្ពស់​ណាស់ ចំពោះ​ការឆ្លង​តាមផ្លូវ​ដង្ហើម​ជំងឺ​កូវីដ​-១៩ ដែល​មិន​គួរ​បង្កើត​ឲ្យ​មាន​ព្រឹត្តិការណ៍​ ២ ​ក្នុង​ពេល​ដំណាល​គ្នា​នោះទេ​។


ជាក់ស្តែង​ក្រសួង​មហាផ្ទៃ​បានប្រកាស​ក្នុងការ​ចាប់ផ្តើម​មុន​ការអនុវត្ត​ច្បាប់​ចរាចរណ៍​ថ្មី​ដែល​មាន​ការផាកពិន័យ​គុណ​ ៣ ឬ​គុណ​ ៤ ​នៃ​តម្លៃ​ចាស់​តាំងពី​ជាង​ ១ ​ខែ​មុន ដើម្បី​ឲ្យ​អ្នកបើកបរ​យានយន្ត​ដែល​មិនមាន​លក្ខណសម្បតិ្ត​គ្រប់គ្រាន់​ក្នុង​ការបើកបរ​មាន​ឱកាស​មក​ធ្វើ​ឆៀក​ថ្មី បណ្ណ​បើកបរ​ថ្មី ឬក៏​ធ្វើ​ស្លាក​លេខ​ថ្មី​ទៅ​តាម​ដំណើរ​។ តែ​ឥរិយាបថ​របស់​អ្នកបើកបរ​មួយ​ចំនួន​វិញ មិន​បាន​យកចិត្ត​ទុកដាក់​លើ​ការផ្សព្វផ្សាយ​របស់​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន និង​ក្រសួងមហាផ្ទៃ​ទេ បើ​ទោះបី​ជា​ផ្សព្វផ្សាយ​គ្រប់​រូបភាព​ទាំង​ច្បាប់ និង​ទាំង​សារ​អប់រំ​មាន​តាមរយៈ​កាសែត វិទ្យុ ទូរទស្សន៍ តាម​ព័ត៌មាន​អនឡាញ​បណ្តាញ​សង្គម​ហ្វេសប៊ុក និង Messenger​។


ជាង​នេះ​ទៅ​ទៀត​ក្រសួង​សាធារណការ​ធ្វើការ​ត្រួតពិនិត្យ​លក្ខណៈ​បច្ចេកទេស​យានជំនិះ (​ឆៀក​) ​ចល័ត​ក៏​មាន​ពីថ្ងៃ​ទី​ ៤ ដល់​ថ្ងៃទី​ ៨ ឧសភា ហើយ​ការដាក់​ពាក្យ​ធ្វើ​ឆៀក​ហ្នឹង​ក៏មាន​នៅតាម​អនឡាញ​បាន​ទៀត https://-techinspection.mpwt.gov.kh ។ រីឯ​ពលរដ្ឋ​មួយចំនួន​ដែល​មាន​កាតព្វកិច្ច​ត្រូវបំពេញ​តម្រូវការ​ចាំបាច់​សម្រាប់​យានយន្ត​របស់ខ្លួន​ចាំ​ដល់​ពេល​ទឹក​ជិត​ដល់​ច្រមុះ ជិត​ដល់​កាល​កំណត់ និង​ថ្ងៃ​អនុវត្ត​ច្បាប់​បាន​នាំគ្នា​ស្វះស្វែង​រក​ទៅ​ធ្វើ​ឆៀក ធ្វើ​បណ្ណ​បើកបរ​ថ្មី និង​ធ្វើ​ស្លាកលេខ​ថ្មី កន្លែង​ខ្លះ​ក៏​បាន​ដាក់​គម្លាត​សង្គម​ដូច​នៅ​ផ្សារ​ទំនើប​អ៊ីអន តែ​ក៏​នៅតែ​ណែន​លាយឡំ​គ្នា​ជាមួយ​អ្នក​ទៅ​ផ្សារ​។ រីឯ​កន្លែង​ខ្លះ​គឺ​ឈរ​បញ្ជ្រៀត​គ្នា​តែម្តង លែង​ខ្វល់​ពី​ការឆ្លង​ជំងឺ​កូវីដ​១៩​។


ដូចគ្នា​នេះ​ដែរ​គឺ​នៅពេល​ប្រតិបត្តិការ​របស់​ប៉ូលិស​ផាក​នៅតាម​ដងផ្លូវ​នៅតាម​បណ្តា​ប៉ុស្តិ៍​ផាកពិន័យ​មួយ​ចំនួន​ធំ ទាំង​មន្ត្រីប៉ូលិស​ទាំង​អ្នកបើកបរ​យានយន្ត​ចុះមក​បង់លុយ​នៅ​អង្គុយ និង​ឈរ​នៅ​ជិតៗ​គ្នា​មិនបាន​ពាក់ម៉ាស់​ការពារ​ការឆ្លង​ជំងឺ​កូវីដ​១៩​នោះ​ទេ​ទៅ​តាម​អ្វីដែល​រាជរដ្ឋាភិបាល​បាន​ដាក់​ចេញ​វិធានការ​ណែនាំ​កុំ​ឲ្យ​នៅ​ជុំៗ​គ្នាច្រើន​ដែល​ទាំង​អង្គការ​សុខភាព​ពិភពលោក​ទាំង​ក្រសួង​សុខាភិបាល​កំពុង​តែ​ព្រួយបារម្ភ​ទៅលើ​ការចម្លង​រលក​ថ្មី​របស់​មេរោគ​កូវីដ​-១៩​នេះ ដែល​កម្ពុជា​ងាយ​នឹងរង​គ្រោះ​ដោយសារ​ភាព​ផុយស្រួយ​នៃ​ការចម្លង​ក្នុង​សហគមន៍​ក្នុង​ទ្រង់ទ្រាយ​ធំ​។


គិត​ចាប់ពី​ថ្ងៃទី​ ៣០ ខែមេសា មកដល់​ថ្ងៃនេះ​បើ​តាម​ទិន្នន័យ​របស់​នាយកដ្ឋាន​ដឹកជញ្ជូន​ផ្លូវគោក​នៃ​ក្រសួង​សាធារណការ​បាន​បង្ហាញថា ក្នុង​ ១ ​ថ្ងៃៗ​មាន​យានយន្ត​ពី​ ៣ ​ពាន់ ទៅ​ ៤ ​ពាន់​គ្រឿង​ជា​មធ្យម​បាន​ចូល​ត្រួតពិនិត្យ​លក្ខណៈ​បច្ចេកទេស (​ឆៀក​) នៅ​ទូទាំង​ប្រទេស​។ រីឯ​ម្ចាស់​យានយន្ត​ពី​ ៥៥០ ទៅ ៦០០ ​នាក់​ ជា​មធ្យម​បាន​មក​ធ្វើ​បណ្ណ​បើកបរ​នៅ​ផ្សារ​អ៊ីអន​ ១ និង​អ៊ីអន ​២​។

រីឯ​យានយន្ត​ល្មើស​តាំងពី​ថ្ងៃទី​ ១ ដល់​ ៦ ខែ ឧសភា​មាន​ចំនួន​ ១២ ៧៣២ ​គ្រឿង ​ដែល​មាន​រថយន្ត​ ២ ៨១៧ ​គ្រឿង និង​ម៉ូតូ​ចំនួន​ ៩ ៩១៥ ​គ្រឿង​។ នេះ​បើតាម​របាយការណ៍​របស់​អគ្គស្នងការ​នគរបាល​ជាតិ​។ ការដែល​មន្ត្រី​នរគបាល​ប្រឹងប្រែង​ក៏មាន​រង្វាន់​លើក​ទឹកចិត្ត​ជា​ភាគរយ​នៃ​ទឹកប្រាក់​ផាកពិន័យ​នេះដែរ​គឺ​ ៧០ ​ភាគរយ​ បាន​ទៅ​មន្ត្រីនគរបាល​ចរាចរណ៍​ឈរជើង​ផ្ទាល់ និង​ ២៥ ​ភាគ​បាន​ទៅ​អង្គភាព​នគរបាល​ពាក់ព័ន្ធ និង​មានតែ​ ៥ ​ភាគរយ​ទេ​ចូល​រដ្ឋ​។

ការអនុវត្ត​ច្បាប់​ចរាចរណ៍​នេះ​មាន​ផលប៉ះពាល់​មួយផ្នែក​ទៅលើ​វិធានការ​នៃ​ការទប់ស្កាត់​ការចម្លង​ជំងឺ​កូវីដ​ ១៩ ​ដ៏​កាចសាហាវ​ដែល​កំពុងតែ​រឹតបន្តឹង​ទៅលើ​ការជួបជុំ​គ្នា​ដូចជា​ការធ្វើ​ឆៀករថយន្ត ស្លាក​លេខ បណ្ណ​បើកបរ​ថ្មី និង​កន្លែង​ប៉ុស្តិ៍​គោលដៅ​ផាកពិន័យ​ជាដើម ព្រោះ​រដ្ឋ​មាន​ការចំណាយ​ថវិកាជាតិ​ច្រើន​ទៅលើ​អ្នកជំងឺ​កូវីដ​ ១៩ ដែល​ក្រសួង​សុខាភិបាល​បាន​ថ្លែង​ក្នុង​សន្និសីទ​កាសែត​ពី​ជំងឺ​កូវីដ​១៩​ថា ក្នុង​អ្នកជំងឺ​កូវីដ ​១៩ ​ម្នាក់​ ចំណាយ​ពី​ដើម​ដល់​ចប់​ទៅផ្ទះ​វិញ​នៃ​ការព្យាបាល​ជា​មធ្យម​ ២ ០០០ ​ដុល្លារ ហើយ​បរទេស​វិញ​គឺ​ឡើងដល់​ ២ ៥០០ ​ដុល្លារ​ជា​មធ្យម អាស្រ័យ​ទៅ​លើ​រយៈពេល​ការស្នាក់នៅ​ហូបចុក និង​ចំណាយ​ធ្វើតេស្ត​រក​មេរោគ​កូវីដ​១៩​។

ហេតុ​ដូច្នេះ​ហើយ​ដំណោះស្រាយ​អន្តរកាល​រក្សា​គម្លាត​សង្គម​ប្រឆាំង​នឹង​ជំងឺ​កូវីដ​ ១៩​ នេះ​ការអនុវត្ត​ច្បាប់​គួរតែ​មាន​លក្ខខណ្ឌ​បន្ធូរបន្ថយ​ចំណុច​ខ្លះ កុំ​ឲ្យ​ជាន់​គ្នា​ទៅ​នឹង​វិធានការ​ឆ្លើយតប​ជំងឺ​កូវីដ​១៩ ដែល​រាជរដ្ឋាភិបាល​បាន​ដាក់ចេញ​រួចហើយ​នោះ​គឺ ទី​១- រាល់​ការផាកពិន័យ​នៅនឹង​កន្លែង​ទាំង​មន្ត្រី​សមត្ថកិច្ច​អនុវត្ត​ច្បាប់​ទាំង​អ្នក​ត្រូវ​បង់ពិន័យ​គឺ​ត្រូវ​ពាក់​ម៉ាស់​ទាំងអស់​គ្នា​។ ទី​២- ​ពន្យារ​ការផាកពិន័យ​នៅ​នឹង​កន្លែង​ប៉ុស្តិ៍​គោលដៅ​ចំពោះ​បណ្ណ​ឆៀក​ឡាន និង​បណ្ណ​បើកបរ ដើម្បី​ផ្តល់​ឱកាស​ឲ្យ​អ្នកបើក​ធ្វើ​បណ្ណ​ទាំងនេះ​រយៈ​ ១ ​ខែ​កុំ​ឲ្យ​ប្រជ្រៀត​គ្នា​ទៀត​។ ទី​៣- ​ក្រសួង​សាធារណការ​គួរតែ​បង្កើត​ការដាក់​ពាក្យ​ណាត់​ជួប​តាម​អនឡាញ ឬក៏​ចាប់យក​លេខ​រៀង​ដើម្បី​កំណត់​ម៉ោង​ពេល​ជាក់លាក់​ឲ្យ​សាមីខ្លួន​ម្ចាស់​យានយន្ត​ទៅ​ធ្វើ​កុំ​ឲ្យ​ជាន់​ពេល​គ្នា ឬ ក៏​សម្រុក​ទៅធ្វើ​ដំណាល​គ្នា​ដូច​ការ​ណាត់ជួប​ទៅ​ធ្វើ​វីសា​ទៅ​បរទេស​ដែរ​។ ទី​៤- ក្រសួង​សាធារណការ​បង្កើត​កន្លែង​ធ្វើ​បណ្ណ​ទាំងនេះ​ឲ្យ​បាន​ច្រើន​កន្លែង​ជាង​ហ្នឹង ដើម្បី​រក្សា​គម្លាត​សង្គម​នាពេល​បច្ចុប្បន្ននេះ​៕

ចូលរួម​ផ្តល់​យោបល់​តាមរយៈ soprach.tong@phnompenhpost.com