ភ្នំពេញៈ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន នា​ថ្ងៃ​សុក្រ​នេះ​ បាន​ប្រកាស​បញ្ចប់​សិទ្ធិ​ធ្វើ​អាជីវកម្មផ្លូវ​ដែក​ របស់​ក្រុមហ៊ុន​ រ៉ូយ៉ាល់ រេល​វេ ខេមបូឌា របស់​លោក គិត ម៉េង ដោយ​បញ្ជាក់​ថា ក្រុមហ៊ុន​នេះ​មិន​បាន​ពង្រីក​សក្តានុពល​របស់​ខ្លួន​បាន​គ្រប់គ្រាន់ ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​ការ​ដឹក​ជញ្ជូន​ទំនិញ​តាម​ផ្លូវ​ដែក​កម្ពុជា​មិន​មាន​ដំណើរការ​ល្អ។

រដ្ឋាភិបាល​បាន​សម្រេច​ប្រគល់​សិទ្ធិ​ប្រតិបត្តិការ​បណ្តុះ​អាសន្នទៅ​ឲ្យ​ក្រសួង​ សាធារណៈការ និង​ដឹក​ជញ្ជូន​វិញ មុន​នឹង​ជ្រើសរើស​បាន​ក្រុមហ៊ុន​ថ្មី​នា​ពេល​ខាង​មុខ តាម​រយៈ​ការ​ដាក់​ឲ្យ​ដេញ​ថ្លៃ​ដោយ​បើក​ចំហរ។


ថ្លែងក្នុង​​វេទិកា​រាជរដ្ឋាភិបាល​ផ្នែក​ឯក​ជន​លើក​ទី ១៨ នា​ថ្ងៃ​សុក្រ​នេះ លោក​ ហ៊ុន​ សែន​បាន​លើក​ឡើង​ថា ក្នុង​រយៈពេល​ជាង ១០ ឆ្នាំ​មកនេះ​ វិស័យ​ដឹក​ជញ្ជូន​តាម​ផ្លូវ​ដែក ហាក់​មិន​បាន​ទទួល​ជោគ​ជ័យ​ប៉ុន្មាន​ទេ បើ​ទោះ​បីជា​ក្រសួង​សាធារណៈ​ការ​ និង​ដឹក​ជញ្ជូន​ខិត​ខំ​លើក​ចិត្ត​ផ្សព្វ​ផ្សាយ​ពី​វិស័យ​នេះ​យ៉ាង​ណា​ក៏​ដោយ។


លោក​បន្ត​ថា ក្រុម​ហ៊ុន​ រ៉ូយ៉ាល់ រេលវេ ខេមបូឌា ដែល​បាន​សិទ្ធិ​ប្រតិបត្តការ​ផ្លូវ​ដែក​កម្ពុជា​ ជា​ទូទៅ​មិន​បាន​ពង្រីក​សក្តានុពល​របស់​ខ្លួន​ និង​មិន​បាន​ដាក់​ទុន​លើ​ក្បាល​រថភ្លើង​ ទូ​រថភ្លើង គ្រឿង​បរិក្ខា​នានា ដើម្បី​បំពេញ​តម្រូវ​ការ​របស់​អតិថិជន​គ្រប់​គ្រាន់​ឡើយ។


លោក​ថ្លែង​ថា៖ «ជារឿយៗ មាន​រថភ្លើង​ខូច គាំង​មិន​ដំណើរការ ដោយ​មិន​មាន​ថវិការ​គ្រប់​គ្រាន់​ក្នុង​ការ​ជួស​ជុល​ថែ​ទាំ និង​ការ​វិនិយោគ​បន្ថែម​ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​ខក​ខាន​ក្នុង​ការ​ដឹក​ទំនិញ​ឲ្យ​បាន​ទាន់​ពេល និង​ធ្វើ​ឲ្យ​មាន​ការ​ផ្តល់​សេវា​មិន​ទៀង​ទាត់​»។


លោក​បន្ត​ថា​៖​ «ហេតុនេះ ដើម្បី​ទទួល​បាន​ជោគ​ជ័យ​ក្នុង​ការ​គ្រប់​គ្រង​ប្រព័ន្ធ​ផ្លូវ​ដែក​របស់​យើង រាជរដ្ឋាភិបាល​សម្រេច​បញ្ឈប់​ការ​ធ្វើ​អាជីវកម្ម​របស់​ក្រុម​ហ៊ុន​ រ៉ូយ៉ាល់ រ៉េ​វេយស៍ ខេមបូឌា ក្នុង​ប្រតិបត្តិ​ការ​ផ្លូវ​ដែក។ រាជ​រដ្ឋា​ភិបាល​សម្រេច​ប្រគល់​ ការ​គ្រប់​គ្រង​ប្រតិបត្តិការ​ផ្លូវ​ដែក​ទៅ​ឲ្យ​ក្រសួង​សាធារណៈ​ការ​ជា​បណ្តុះ​អាសន្ន​ដើម្បី​រៀបចំ​នីតិវិធី​គ្រប់​គ្រង​ដំណើរ​ការ​ឡើង​វិញ មុន​នឹង​ឈាន​ដល់​ការ​ដាក់​ឲ្យ​មាន​ការ​ដាក់​ឲ្យ​ដេញ​ថ្លៃ​ជា​សាធារណៈ​ជ្រើស​រើស​ក្រុមហ៊ុន​ដែល​មាន​សមត្ថភាព​ និង​បទពិសោធ​ច្បាស់​លាស់ មក​សហការ​ជាមួយ​រាជរដ្ឋាភិបាល​សំដៅ​ធ្វើ​ឲ្យ​ប្រព័ន្ធ​ផ្លូវ​ដែក​កម្ពុជា​មាន​លក្ខណៈ​ស្តង់ដារ​អន្តរជាតិ»​។


ទូររថភ្លើងក្រុមហ៊ុន​ រ៉ូយ៉ាល់ រេល​វេ។ហុង មិនា

រដ្ឋាភិបាលកម្ពុជា​ កាល​ពី​ឆ្នាំ ២០០៩ បាន​​ចុះ​កិច្ច​ព្រម​ព្រៀង​សម្បទាន​អភិវឌ្ឍន៍​ផ្លូវ​ដែក​រយៈពេល ៣០ ឆ្នាំ​ទៅ​ឲ្យ​ក្រុមហ៊ុន Toll Cambodia (ឈ្មោះ​នា​ពេល​នោះ) ដែល​ជា​ក្រុមហ៊ុន​សហការ​វិនិយោគ​រវាង​ក្រុមហ៊ុន Toll Holding របស់​ប្រទេស​ អូស្រ្តាលី (កាន់​កាប់​ភាគ​ហ៊ុន ៥៥ ភាគរយ) និង​ក្រុម​ហ៊ុន​ រ៉ូយ៉ាល់​ គ្រុប​ របស់​លោក ឧកញា គិត ម៉េង។

នៅ​ឆ្នាំ ២០១៤​ Toll Holding បាន​សម្រេច​ដក​ខ្លួន​ ហើយ​បាន​បង្វែរ​ភាគ​ហ៊ុន​ទាំង​អស់​ទៅ​ឲ្យ​ក្រុមហ៊ុន​ រ៉ូយ៉ាល់ គ្រុប ហើយ​ក្រុមហ៊ុន​ផ្លូវ​ដែក​នេះ​ក៏​បាន​ប្តូរ​ឈ្មោះ​ទៅ​ជា​ក្រុមហ៊ុន រ៉ូយ៉ាល់ រេលវេ ខេមបូឌា។