
ជាទូទៅសិស្សនៅតំបន់ជនបទមិនសូវទទួលបានបច្ចេកវិទ្យាចុងក្រោយដូចសិស្សនៅក្នុងទីក្រុងទេ។
ខណៈជីវិតរស់នៅក៏ដូចជាសកម្មភាពអាជីវកម្មផ្សេងៗកំពុងដំណើរការជាធម្មតា ជំងឺកូវីដ ១៩ បានចូលមកដល់ធ្វើឱ្យពិភពលោកមានភាពច្របូកច្របល់យ៉ាងខ្លាំង។
គិតត្រឹមខែកុម្ភះ វីរ៉ុសដ៏កាចសាហាវមួយនេះ បានរីករាលដាលទៅស្ទើរគ្រប់ទីកន្លែងមិនថាភូមិដាច់ស្រយាល ទីក្រុងទេសចរណ៍ និងរដ្ឋធានីនានានៅគ្រប់ទ្វីប រាប់ចាប់ពីទ្វីបអាស៊ី ដល់ទ្វីបអ៊ឺរ៉ុប និងអាមេរិក ដែលធ្វើឲ្យប៉ះពាល់ដល់ជីវិតប្រជាជន និងសេដ្ឋកិច្ចយ៉ាងធ្ងន់ធ្ងរ។
វីរ៉ុសកូរ៉ូណាដ៏រាតត្បាតនេះ បានគម្រាមកំហែងដល់អាយុជីវិតមនុស្សធ្ងន់ធ្ងរជាងវីរ៉ុសអេបូឡា និងជំងឺសារទៅទៀត ដែលធ្វើឱ្យមានចំណាត់ការបន្ទាន់ពីវិស័យសុខាភិបាលនៅជុំវិញពិភពលោក ដើម្បីឆ្លើយតបទៅនឹងការគំរាមកំហែងពីជំងឺដ៏រាតត្បាតនេះ។
ករណីជំងឺកូវីដ ១៩ នេះ ក៏បានកើតឡើងនៅក្នុងព្រះរាជាណាចក្រកម្ពុជាដែរ។ ប៉ុន្តែកម្ពុជាបានចាត់វិធានការ និងគ្រប់គ្រងជំងឺរាតត្បាតនេះបានយ៉ាងល្អរហូតមកដល់ពេលនេះ។
ការចាត់វិធានការទាន់ពេលវេលារបស់រដ្ឋាភិបាល តាមរយៈការហាមប្រាមមិនឲ្យប្រជាជនបំលាស់ទី រួមជាមួយយុទ្ធនាការបង្កើនការយល់ដឹងនៅទូទាំងប្រទេសអំពីជំងឺកូវីដ ១៩ បានជួយទប់ស្កាត់វីរ៉ុសនេះកុំឲ្យរីករាលដាលយ៉ាងមានប្រសិទ្ធិភាព។ នៅកម្ពុជាមានអ្នកកើតជំងឺកូវីដ ១៩ ចំនួន ១២២ នាក់ ខណៈអ្នកជាសះស្បើយសរុបចំនួន ១២០ នាក់ ចំណែកអ្នកកំពុងសម្រាកព្យាបាលនៅសល់តែ ២ នាក់ប៉ុណ្ណោះ។
ទោះយ៉ាងណា ជំងឺរាតត្បាតសកលនេះបានធ្វើឱ្យប៉ះពាល់ដល់វិស័យជាច្រើន រាប់ចាប់ពីវិស័យកាត់ដេរ រហូតដល់ទេសចរណ៍ និងលក់រាយ។ អាកាសយានដ្ឋាន សណ្ឋាគារ មានសភាពស្ងប់ស្ងាត់ រោងចក្រកាត់ដេរមួយចំនួនបានផ្អាកសកម្មភាពមួយរយៈ ដែលធ្វើឲ្យប៉ះពាល់ដល់សេដ្ឋកិច្ចរបស់កម្ពុជា។
វិស័យអប់រំឯកជនក៏គេចមិនផុតពីផលប៉ះពាល់ដោយសារវិបត្តិជំងឺកូវីដ ១៩ នេះដែរ ដោយសាលារៀនត្រូវបានបិទទ្វារ ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺនេះ។
សាលារៀនឯកជនមានការបារម្ភអំពីការចំណាយសម្រាប់ប្រតិបត្តិការ ខណៈចំណូលថយចុះ។ ការចំណាយលើថ្លៃជួលអគារ ថ្លៃប្រាក់ខែបុគ្គលិក និងការចំណាយផ្សេងៗបានគំរាមកំហែងដល់ការរស់រានមានជីវិតនៃសាលាឯកជនជាច្រើនក្នុងកំឡុងពេលវេលាដ៏លំបាកនេះ ហើយក៏ប៉ះពាល់ដល់ការសិក្សារបស់សិស្សានុសិស្សផងដែរ។
ប៉ុន្តែទោះយ៉ាងណា ខណៈបច្ចេកវិទ្យាកាន់តែរីកចម្រើន ហើយមនុស្សភាគច្រើនអាចប្រើប្រាស់បានវាបានផ្តល់ភាពងាយស្រួលសម្រាប់ការសិក្សាតាមអនឡាញក្នុងនោះមានកម្មវិធី Zoom, YouTube, Google, Classroom និងកម្មវិធីជាច្រើនទៀត ដែលជួយបំពេញបន្ថែមការសិក្សានៅសាលា។
ទោះយ៉ាងណា បច្ចេកវិទ្យាប្រហែលមិនមែនជាដំណោះស្រាយល្អគ្រប់គ្រាន់សម្រាប់វិស័យនេះទេ។ តើការបង្រៀនតាមអនឡាញបែបណា ដើម្បីកុំឲ្យបាត់បង់គុណភាពអប់រំ?
បញ្ហាប្រឈមនៅតែមានច្រើន។ ឧទាហរណ៍ ការប្រើបច្ចេកវិទ្យាឌីជីថល សិស្សានុសិស្សនៅតាមជនបទប្រហែលមិនអាចមានបច្ចេកវិទ្យានោះគ្រប់គ្រាន់ ដូចសិស្សនៅក្នុងទីក្រុងទេ។
ក្រៅពីនេះ នៅមានបញ្ហានៃការភ្ជាប់អ៊ីធឺណិតឲ្យមានស្ថិរភាព ជាពិសេសនៅតាមបណ្តាខេត្តដាច់ស្រយាល។
វិធីសាស្ត្រគរុកោសល្យក៏ត្រូវការផ្លាស់ប្តូរពីរបៀបនៃការបង្រៀននៅក្នុងថ្នាក់ មករបៀបបង្រៀនតាមអនឡាញវិញ ដូច្នេះគ្រូ និងសិស្សត្រូវតែចេះសម្របខ្លួនទៅនឹងកាវិវឌ្ឍន៍ថ្មីនេះ។
អ្វីដែលពិបាកបំផុតនោះ គឺការតាមដានពេលវេលារបស់សិស្ស ដើម្បីពិនិត្យមើលថា តើពួកគេរៀនសូត្រតាមកាលវិភាគកំណត់ និងសិក្សាដោយយកចិត្តទុកដាក់ដែរឬទេ។
ប្រសិនបើសិស្សក្រីក្រនៅក្រៅថ្នាក់រៀនក្នុងរយៈពេលយូរ នោះពួកគេអាចខកខានទទួលបានអាហារពេលព្រឹកដែលផ្តល់ដោយគិតថ្លៃពីអង្គការស្បៀងអាហារពិភពលោក ដែលគាំទ្រដោយរដ្ឋាភិបាលកម្ពុជាក្នុងម៉ោងសិក្សា។
កុមារកម្ពុជាប្រមាណ ២៦០ ០០០ នាក់ នឹងខកខានទទួលបានអាហារពេលព្រឹកដោយឥតគិតថ្លៃនេះ ខណៈសិស្សរាប់លាននាក់ទៀត កំពុងទន្ទឹងរង់ចាំ ដើម្បីបានជួបជុំមិត្តភក្តិ លោកគ្រូអ្នកគ្រូរបស់ពួកគេនៅក្នុងថ្នាក់រៀនវិញ៕