សុទិដ្ឋិនិយមកំពុងវិលត្រឡប់មកកាន់វិស័យអប់រំវិញ បន្ទាប់ពីជំងឺរាតត្បាតបានធ្វើឱ្យប៉ះពាល់ដល់សេដ្ឋកិច្ច និងវិស័យជាច្រើន ប៉ុន្តែពេលនេះសិស្សានុសិស្ស និងលោកគ្រូ-អ្នកគ្រូបានវិលត្រឡប់ទៅកាន់សាលារៀនវិញហើយ។ អត្ថបទពិសេសស្តីពីការសិក្សាអប់រំរបស់កាសែត ភ្នំពេញ ប៉ុស្តិ៍ ដែលចេញផ្សាយនៅចុងឆ្នាំនេះ គឺរៀបរាប់អំពីរបៀបដែលសាលារៀនឯកជនកំពុងវិលត្រឡប់ទៅរកសភាពធម្មតាសាជាថ្មី ក្នុងអំឡុងពេលវិបត្តិជំងឺកូវីដ ១៩ នេះ។
មានវិស័យសំខាន់ៗជាច្រើន ដូចជាវិស័យទេសចរណ៍ ការលក់រាយ និងកន្លែងកម្សាន្ត រហូតដល់វិស័យផលិតកម្ម និងក្រុមហ៊ុនអាកាសចរណ៍ គឺសុទ្ធតែបានរងផលប៉ះពាល់បន្ទាប់ពីការផ្ទុះឡើងនៃជំងឺកូវីដ ១៩ ប៉ុន្តែគ្រឹះស្ថានអប់រំនៅកម្ពុជាខិតខំដោះស្រាយបញ្ហាវិបត្តិនៃការសិក្សាដែលបង្កឡើងដោយជំងឺរាតត្បាត ហើយនៅពេលនេះ បានផ្តល់ការសិក្សាអប់រំដល់សិស្សានុសិស្សរបស់ពួកគេឡើងវិញបាន។
នៅក្នុងវិស័យអប់រំ មិនថានៅតាមសាលារៀន សាកលវិទ្យាល័យ និងគ្រឹះស្ថានឧត្តមសិក្សាដទៃទៀតទេ គឺសុទ្ធតែត្រូវបានផ្អាកជាបណ្តោះអាសន្នអស់រយៈពេលជាច្រើនខែ ដើម្បីចៀសវាងការប្រាស្រ័យទាក់ទងគ្នាក្នុងចំណោមសិស្សានុសិស្សក្នុងហេតុផល ដើម្បីកាត់បន្ថយហានិភ័យនៃការឆ្លងជំងឺកូវីដ។
ទាំងគ្រឹះស្ថានអប់រំសាធារណៈ និងឯកជននៅទូទាំងប្រទេស ត្រូវបានបិទទ្វារ គិតចាប់តាំងពីពាក់កណ្តាលខែមីនា មក ដោយសារវិធានការប្រយុទ្ធប្រឆាំងនឹងការផ្ទុះឡើងនៃជំងឺកូវីដ ប៉ុន្តែសាលាមួយចំនួនដែលបានប្រកាន់ខ្ជាប់នូវគោលការណ៍សុវត្ថិភាពរបស់រដ្ឋាភិបាលបានល្អបំផុត ត្រូវបានអនុញ្ញាតឱ្យបើកដំណើរការឡើងវិញជាដំណាក់កាលៗ គិតចាប់ពីដើមខែកញ្ញា។
សាលាអន្តរជាតិ SCIA និង សាលារៀនអូស្ត្រាលីអន្តរជាតិភ្នំពេញ (AISPP) និងសាលាអន្តរជាតិ វេសវីយូ កម្ពុជា សុទ្ធតែបានអនុវត្តតាមគោលការណ៍ប្រតិបត្តិស្តង់ដាសុវត្ថិភាពរបស់ក្រសួងអប់រំយុវជន និងកីឡា បានយ៉ាងល្អ ដើម្បីធានាថាសិស្សានុសិស្សអាចសិក្សានៅក្នុងសាលា ដែលមានបរិស្ថានល្អប្រកបដោយសុវត្ថិភាពខ្ពស់ក្នុងចំណោមសាលារៀន ២០ ដំបូងគេ ដែលត្រូវបានអនុញ្ញាតឱ្យបើកសាលារៀនជាថ្មី។
ក្រសួង និងភាគីពាក់ព័ន្ធដទៃទៀតបានខិតខំធ្វើការដោយមិនខ្លាចនឿយហត់ ដើម្បីរៀបចំគោលនយោបាយ និងបទប្បញ្ញត្តិនានា ឱ្យបានឆាប់រហ័ស ដើម្បីឆ្លើយតបនឹងបញ្ហាប្រឈមដែលបង្កឡើងដោយរោគរាតត្បាតកូវីដ ១៩។
វិធានការណែនាំ រួមមានគម្លាតសង្គម ការនៅឃ្លាតឆ្ងាយពីគ្នារវាងសិស្សានុសិស្ស ការត្រួតពិនិត្យសីតុណ្ហភាព ការលាងដៃឱ្យបានញឹកញាប់ ត្រូវពាក់ម៉ាស់ការពារឱ្យបានទៀងទាត់ និងការណែនាំអំពីរបៀបសិក្សាតាមអនឡាញ ដែលត្រូវបានអនុវត្តប្រកបដោយប្រសិទ្ធភាព។
កិច្ចខិតខំប្រឹងប្រែងដែលត្រូវបានអនុវត្តយ៉ាងខ្ជាប់ខ្ជួនទាំងនេះ គឺបានអនុញ្ញាតឱ្យសិស្សានុសិស្សត្រឡប់ទៅថ្នាក់រៀនរបស់ពួកគេវិញ ខណៈដែលគ្រូបង្រៀនបានបន្តអាជីពរបស់ពួកគេជាមួយការផ្តល់ទំនុកចិត្តពីឪពុកម្តាយ។
វិស័យអប់រំ គឺជាសសរស្តម្ភនៃសេដ្ឋកិច្ច ជាមួយនឹងការចូលរួមចំណែកក្នុងការអភិវឌ្ឍធនធានមនុស្សដែលជាកត្តាចាំបាច់សម្រាប់វឌ្ឍនភាពសេដ្ឋកិច្ច និងការកសាងប្រទេសជាតិ ហើយការរៀនសូត្រត្រូវបន្តទៅមុខជានិច្ច។
ការបើកសាលារៀនឡើងវិញ គឺជាជំហានមួយដ៏សំខាន់ ពីព្រោះវាបង្ហាញពីទំនុកចិត្តលើប្រព័ន្ធអប់រំ និងឆ្លុះបញ្ចាំងពីភាពរឹងមាំនៃវិស័យនេះ។ នៅពេលដែលយើងជិតឈានចូលដល់ឆ្នាំ ២០២១ គឺរាល់បទប្បញ្ញត្តិសុវត្ថិភាពចាំបាច់ត្រូវតែរក្សាឱ្យបានគ្រប់ពេលវេលា និងគ្រប់ទីកន្លែង។ យើងប្រឈមមុខនឹងបញ្ហាជាច្រើន ដែលទាមទារការខិតខំប្រឹងប្រែងរួមគ្នា និងការប្តេជ្ញាចិត្តពីអ្នកពាក់ព័ន្ធទាំងអស់នៅក្នុងវិស័យអប់រំ ដោយត្រូវយកចិត្តទុកដាក់ចំពោះសុខមាលភាពរបស់សិស្សានុសិស្សឱ្យបានខ្ពស់ជាងពេលណាៗទាំងអស់៕