ការអប់រំនៅពេលអនាគតនឹងផ្តោតកាន់តែសំខាន់ ទៅលើជំនាញ និងទេពកោសល្យរបស់និស្សិត
អ្នកផ្តល់ការអប់រំ និងជាសហគ្រិនជនជាតិម៉ាឡេស៊ីដ៏ល្បីល្បាញលោក Lim Kok Wing បានចែករំលែកចក្ខុវិស័យដ៏មានតម្លៃរបស់លោកអំពីអនាគតនៃវិស័យអប់រំនៅក្នុងបទសម្ភាសតាមអ៊ីមែលជាមួយកាសែតភ្នំពេញប៉ុស្តិ៍។
Q. ការច្នៃប្រឌិតត្រូវបានចាត់ទុកថាជាកត្តាជំរុញដ៏សំខាន់សម្រាប់ការអប់រំនៅសតវត្សរ៍ទី ២១ នេះ។ តើលោកយល់ស្របនឹងទស្សនៈនេះដែរឬទេ?
ទស្សនៈដំបូងនៃពាក្យច្នៃប្រឌិតត្រូវតែយល់ឱ្យបានច្បាស់ ដើម្បីដឹងថាតើហេតុអ្វីបានជាវាក្លាយជាកត្តាជំរុញដ៏សំខាន់សម្រាប់ការអប់រំនៅសតវត្សរ៍ទី ២១ នេះ។ ការច្នៃប្រឌិតតែងតែជាធាតុមួយនៃការលូតលាស់របស់មនុស្ស ដែលបានរួមចំណែកដល់របៀបដែលយើងបានរីកចម្រើននៅលើភពផែនដីនេះ។ ការច្នៃប្រឌិតគឺជាទិដ្ឋភាពធម្មជាតិរបស់មនុស្សដែលជំរុញយើងឱ្យអភិវឌ្ឍរបៀបនៃការអនុវត្តបច្ចុប្បន្ន។ ដូច្នេះយើងបានបង្កើត និងច្នៃប្រឌិតជាបន្តបន្ទាប់។
សព្វថ្ងៃយើងបានឈានដល់ចំណុចមួយដែលការរីកចម្រើនរបស់យើងបានកើនឡើងយ៉ាងឆាប់រហ័ស។ រាល់ការជឿនលឿនផ្នែកបច្ចេកវិទ្យាបានពន្លឿនដល់ការផ្លាស់ប្តូរបន្ទាប់ដែលយើងបានឃើញនៅក្នុងជីវិតរស់នៅប្រចាំថ្ងៃរបស់យើង។
អ្វីដែលធ្លាប់ចំណាយពេលរាប់ខែត្រូវបានកាត់បន្ថយមកត្រឹមប៉ុន្មានសប្តាហ៍ ហើយបច្ចុប្បន្នអាចនៅសល់តែប៉ុន្មានវិនាទីប៉ុណ្ណោះ។ ពេលនេះយើងកំពុងឈានដល់ពេលវេលានៃការផ្លាស់ប្តូរដ៏ធំ និងឆាប់រហ័សជាមួយនឹងការច្នៃប្រឌិតថ្មីក្នុងការប្រើប្រាស់បញ្ញានិម្មិត ភាពជឿនលឿននៃប្រព័ន្ធអ៊ីនធឺណិត និងវិទ្យាសាស្ត្រដែលកំពុងនាំពិភពលោកឲ្យឈានដល់យុគថ្មីមួយ។
ច្បាស់ណាស់ឥទ្ធិពលមកលើមនុស្សជាតិពិតជាធំធេងណាស់ដូចគ្នាជាមួយនឹងការអប់រំ និងអាជីពការងារដែរ ខណៈបច្ចេកវិទ្យាកំពុងតែទទួលរ៉ាប់រងការងារធំៗជាច្រើន។ ឧស្សាហកម្មកំពុងផ្លាស់ប្តូរ ដំណើរការរបស់ពួកគេកំពុងឆ្ពោះទៅរកខ្សែចង្វាក់តម្លៃ។ ទោះយ៉ាងណាអ្វីដែលនៅតែជាផ្នែករបស់មនុស្សគឺសមត្ថភាពនៃការច្នៃប្រឌិតរបស់យើង។ ហើយចំណុចនេះយើងត្រូវតែជំរុញនិងលើកកម្ពស់ការអប់រំដល់មនុស្សជំនាន់ក្រោយ។
Q. តើសាកលវិទ្យាល័យ លីមកុកវីង ខុសពីស្ថាប័នឧត្តមសិក្សាដទៃទៀតនៅក្នុងប្រទេសកម្ពុជាដូចម្តេច? ហើយថាតើការអប់រំទំនើបបែបណានៅតែឈរលើគេក្នុងទីផ្សារដ៏ចង្អៀត?
អ្វីដែលសំខាន់ និងត្រូវចងចាំគឺថាសាកលវិទ្យាល័យយើងមានលក្ខណៈអន្តរជាតិ ដូច្នេះនិស្សិតរបស់យើងគ្រប់រូបអាចចូល ទៅក្នុងបណ្តាញសកលយ៉ាងឆាប់រហ័ស។ បណ្តាញនេះមានសហគមន៍និស្សិតសិក្សាតាមអនឡាញ និងអតីតនិស្សិតមកពី ១៦០ ប្រទេស ហើយយើងបានបង្កើត សាកលវិទ្យាល័យនៅ ១៣ ប្រទេសក្នុងនោះ ១ នៅទីក្រុងឡុងដ៍។
បណ្តាញសកលនេះមានតម្លៃយ៉ាងធំធេងសម្រាប់យុវជនក្នុងការស្វែងយល់អំពីវប្បធម៌ដទៃ ហើយទទួលបានព័ត៌មានទីផ្សារតាមរបៀបងាយស្រួល។ សាកលវិទ្យាល័យមានកម្មវិធី Global Campus Programme ដែលលើកទឹកចិត្តនិស្សិតគួរចំណាយពេល ១ ឆមាស ឬ ២ សប្តាហ៍នៅក្រៅប្រទេសនៅតាមសាខារបស់យើង។
ការធ្វើបែបនេះពិតជាជួយពង្រីកគំនិតតាមរយៈបទពិសោធជាក់ស្តែងដែលត្រូវបានផ្សារភ្ជាប់ទៅនឹងកម្មវិធីដែលពួកគេធ្វើការស្រាវជ្រាវ និងមានទំនាក់ទំនងជាមួយយីហោល្បីៗដែលយើងបានបង្កើតជាដៃគូយុទ្ធសាស្ត្រ។
កិច្ចសហការរបស់យើងជាមួយឧស្សាហកម្មផ្តល់ឱ្យនិស្សិតនូវការចូលរួមដោយផ្ទាល់ជាមួយក្រុមហ៊ុននានាដែលអាចជួលពួកគេ ហើយក្នុងពេលតែមួយដែលពួកគេទទួលបានការយល់ដឹងដ៏មានតម្លៃចំពោះអ្វីដែលឧស្សាហកម្មរំពឹងពីពួកគេ។
Q. តើគោលនយោបាយអប់រំរបស់កម្ពុជាបានត្រៀមរួចរាល់ដើម្បីឆ្លើយតបទៅនឹងបរិយាកាសសិក្សា និងបច្ចេកវិទ្យានៅសតវត្សរ៍ទី ២១ ហើយឬនៅ? តើអ្វីខ្លះដែលត្រូវធ្វើដើម្បីពន្លឿនការរៀនសូត្រនៅក្នុងផ្នែកទាំងនេះ?
ប្រទេសកម្ពុជាបានធ្វើឲ្យមានការរីកចម្រើនគួរឱ្យកោតសរសើរនៅក្នុងការប្តេជ្ញាចិត្តលើកកម្ពស់សមត្ថភាពរបស់ប្រជាជនកម្ពុជាក្នុងនាមជាអ្នកជំនាញដើម្បីគ្រប់គ្រងកំណើនសេដ្ឋកិច្ចដែលខ្លួនទទួលបានក្នុងរយៈពេលប៉ុន្មានទសវត្សរ៍ចុងក្រោយនេះ។ គោលនយោបាយស្តីពីការអប់រំគឺស្ថិតនៅលើគន្លងដ៏ត្រឹមត្រូវ ហើយភាពជោគជ័យនៃផែនការរបស់ខ្លួនស្ថិតនៅក្នុងវិធីដែលគោលនយោបាយទាំងនេះត្រូវបានអនុវត្តនៅតាមមូលដ្ឋាន។ កម្លាំងគុណភាពនៃការបង្រៀនគឺពាក់ព័ន្ធគ្នា និងការសម្រេចចិត្តក្នុងការធានាថា យុវជនរបស់ប្រទេសនេះទទួលបានការបណ្តុះបណ្តាល និងអប់រំត្រឹមត្រូវ។
ដើម្បីពន្លឿនការសិក្សាយកល្អគួរសម្លឹងឲ្យលើសពីការសិក្សាបែបប្រពៃណី។ វាតម្រូវឱ្យមានភាពក្លាហាន និងស្វាហាប់ក្នុងការធ្វើដូច្នេះ ពីព្រោះវាជាឧបសគ្គដ៏ធំដើម្បីយកឈ្នះ ខណៈឪពុកម្តាយភាគច្រើនធ្វើតាមរបៀបដែលពួកគេធ្លាប់ធ្វើ។ ប៉ុន្តែអនាគតនឹងទាមទារឱ្យយើងផ្លាស់ប្តូរអ្វីៗទាំងអស់ ដូច្នេះរដ្ឋាភិបាលជាដំបូងប្រហែលជាត្រូវទៅឲ្យដល់ឪពុកម្តាយ ហើយពន្យល់ពួកគាត់ឱ្យទទួលយកនូវការផ្លាស់ប្តូរដែលនឹងកើតឡើង។
មានអ្វីជាច្រើនដែលយើងអាចរៀនបានពីប្រទេសដទៃដូចជាប្រទេសហ្វាំងឡង់ដែលបានបោះជំហានយ៉ាងធំនៅក្នុងការផ្លាស់ប្តូរការអប់រំ។ រៀនសូត្រពីពួកគេ បន្ទាប់មកយើងអាចប្តូរប្លង់គោលដែលត្រូវនឹងវប្បធម៌ និងតម្រូវការសេដ្ឋកិច្ចរបស់ជាតិយើងផ្ទាល់។
Q. ក្នុងនាមជាអ្នកផ្តល់ការអប់រំ និងសហគ្រិនម៉ាឡេស៊ីឈានមុខគេ តើលោកមានយោបល់អ្វីខ្លះសម្រាប់ប្រទេសកម្ពុជា ដែលប្រជាជនយ៉ាងតិច ៦៥ ភាគរយ មានអាយុក្រោម ៣០ ឆ្នាំ? តើពួកគេ គួរមានទិសដៅបែបណាទាក់ទងនឹងការអប់រំ?
កម្ពុជាអាចចាត់ទុកខ្លួនឯងថា មានសំណាងដែលមានយុវជនច្រើនបែបនេះ។ ចង្អុលទៅអនាគតដែលអាចបង្ហាញថា ជារ៉ែមាសសម្រាប់សេដ្ឋកិច្ច ប្រសិនបើទេពកោសល្យរបស់ពួកគេត្រូវបានបណ្តុះបណ្តាលបានត្រឹមត្រូវ។ ការចូលរួមរបស់ឧស្សាហកម្ម ត្រូវតែក្លាយជាអាទិភាពមួយនៅក្នុងការកែលម្អការអប់រំរបស់កម្ពុជា។ ឧស្សាហកម្ម គឺស្ថិតនៅជួរមុខនៃការផ្លាស់ប្តូរ ហើយពួកគេដឹងថា អនាគតស្ថិតនៅកន្លែងណា។ ពួកគេគ្មានជម្រើសក្រៅពីចាប់យកបច្ចេកវិទ្យាថ្មី ឬការអនុវត្តថ្មីៗ ដើម្បីរក្សាការប្រកួតប្រជែងនោះទេ។
ពួកគេដឹងពីជំនាញដែលពួកគេត្រូវការ ហើយតាមរយៈការចូលរួមរបស់ពួកគេ ប្រទេសកម្ពុជា អាចកសាងមូលធនមនុស្សដ៏ខ្លាំងក្លាមួយក្នុងនោះវានឹងទាក់ទាញវិនិយោគិនបរទេសកម្រិតខ្ពស់ឲ្យមកបង្កើតមូលដ្ឋានរបស់ពួកគេនៅកម្ពុជា។ ដូចប្រទេសម៉ាឡេស៊ី ដែរ ប្រទេសកម្ពុជា គួរសម្លឹងទៅមុខ ដើម្បីលើកស្ទួយសេដ្ឋកិច្ចរបស់ខ្លួនឲ្យឈានដល់កម្រិតខ្ពស់ និងមូលធនមនុស្សដែលមានជំនាញខ្ពស់ គឺជាផ្នែកមួយដ៏សំខាន់។
Q. ជាមួយនឹងការផ្ទុះឡើងជំងឺកូវីដ ១៩ ពិភពអាជីវកម្មទាំងមូល និងសូម្បីតែវិស័យអប់រំក៏កំពុងមានការផ្លាស់ប្តូរចម្បងៗនៅក្នុងរបៀបដែលពួកគេធ្វើប្រតិបត្តិការនាពេលអនាគតដែរ។ តើលោកមើលឃើញគំរូនៃការផ្លាស់ប្តូរដ៏ធំនៅក្នុងរបៀបផ្តល់ការអប់រំនៅតាមសាលាមហាវិទ្យាល័យ និងសាកលវិទ្យាល័យដែរឬទេ?
ខ្ញុំគិតថា មនុស្សជំនាន់ថ្មីជាអ្នកដែលធ្វើឲ្យការអប់រំមានការផ្លាស់ប្តូរ។ ប៉ុន្តែរោគរាតត្បាតពេលនេះបានពន្លឿនការផ្លាស់ប្តូរកាន់តែលឿន។ យើងមានអ្វីដែលគេស្គាល់ថា មនុស្សជំនាន់ Z (Gen Z) ជាជំនាន់ដែលកើតឡើងចំសម័យអ៊ីនធឺណិត។ ពួកគេចាប់យកបច្ចេកវិទ្យាតាមរបៀបដែលគ្មានជំនាន់ណាធ្លាប់មាន។ ការផ្លាស់ប្តូរដោយកូវីដ ១៩ មានមិនច្រើនទេ ដែលកំពុងបង្ខំឱ្យមានការផ្លាស់ប្តូរ។ ជំនាន់នេះដែលនឹងកំណត់របៀប និងអ្វីដែលពួកគេចង់រៀន។
ដូចខ្ញុំមើលឃើញ ការអប់រំនឹងផ្តោតលើជំនាញ និងទេពកោសល្យ។ យុវជនមិនចង់ចំណាយពេលច្រើនពេកលើការសិក្សាទ្រឹស្តីនោះទេ។ ពួកគេចង់បានការសិក្សារបៀបជាក់ស្តែង និងពីរបៀបដែលពួកគេទទួលបានព័ត៌មាន។
Q. និយោជកត្អូញត្អែរថា ស្ថាប័នធំៗមិនបានបង្កើតបេក្ខជនបានសមស្របសម្រាប់ទីផ្សារការងារដែលមានការផ្លាស់ប្តូរដ៏លឿននេះទេ។ តើស្ថាប័នអប់រំអាចដោះស្រាយបញ្ហានេះដោយរបៀបណា ដើម្បីធ្វើឱ្យការងារកាន់តែប្រសើរឡើង និងបង្កើនផលិតភាពនៅកន្លែងធ្វើការ?
ចំណុចនេះ នាំខ្ញុំត្រឡប់ទៅកាន់ចម្លើយពីមុនវិញគឺថា ឧស្សាហកម្មត្រូវតែមានការចូលរួមឲ្យបានខ្លាំងក្លាថា តើមនុស្សត្រូវបានទទួលការអប់រំ និងបណ្តុះបណ្តាលកម្រិតណា? របៀបវាស់ស្ទង់ការសិក្សាត្រូវផ្លាស់ប្តូរ។ ប្រព័ន្ធបទប្បញ្ញត្តិត្រូវតែធ្វើការជាមួយឧស្សាហកម្ម ដើម្បីបង្កើតអ្វីដែលពិតជាចាំបាច់។
គ្រប់ស្ថាប័នទាំងអស់ ត្រូវតែគោរពតាមតម្រូវការនៃបទប្បញ្ញត្តិ ដូច្នេះការផ្លាស់ប្តូរពិតជាអាចកើតឡើងបាន ប្រសិនបើភាគីពាក់ព័ន្ធទាំងអស់អាចឯកភាពគ្នាលើវិធីសាស្ត្រ ដើម្បីវិនិច្ឆ័យពីសមត្ថភាព។ ជំនាញទន់ចាំបាច់ត្រូវផ្តល់ឱ្យកាន់តែមានសារៈសំខាន់។
សមត្ថភាពក្នុងការគិត និងដោះស្រាយបញ្ហាណាមួយគួរតែត្រូវបានគិតគូរឲ្យបានខ្លាំង។ យុវជនដឹងពីរបៀបទទួលជំនាញដែលពួកគេត្រូវការ ប៉ុន្តែភាគច្រើនពួកគេខ្វះជំនាញជីវិត។ ពួកគេមិនដឹងពីរបៀបដោះស្រាយបញ្ហាជីវិត។ តាមរយៈការដោះស្រាយភាពឆ្លាតវៃផ្នែកអារម្មណ៍របស់ពួកគេ យើងធ្វើឱ្យពួកគេមានទំនុកចិត្តជាមួយនឹងសមត្ថភាពក្នុងការដោះស្រាយភាពតានតឹង និងសម្ពាធការងារ។
ផលិតភាព និងប្រសិទ្ធភាពអាចកើតឡើងបានលុះត្រាតែអ្នកធ្វើការងារនោះពេញចិត្តនឹងអ្វីដែលពួកគេកំពុងធ្វើ។ វាតម្រូវឱ្យមានការផ្លាស់ប្តូរគំរូក្នុងការអនុវត្តការគ្រប់គ្រង ដើម្បីចូលរួមក្នុងការបណ្តុះបណ្តាល ដើម្បីបង្កើនជំនាញនិយោជិតរបស់ពួកគេជំនួសឱ្យការផ្លាស់ប្តូរកម្លាំងពលកម្មមិនចាំបាច់ជាមួយនឹងបុគ្គលិកដែលមានជំនាញថ្មី៕