គួរពិចារណាឡើងវិញ ចំពោះវិធីសាស្ត្រនៃការបង្រៀន
បន្ទាប់ពីបានផ្អាកអស់រយៈពេលជិត ៤ ខែកន្លងមកនេះ ស្ថាប័នអប់រំនានានៅទូទាំងប្រទេសដែលបានបិទទ្វារដោយសារការផ្ទុះឡើងនៃជំងឺកូវីដ-១៩ ពេលនេះកំពុងតែមមាញឹកក្នុងការរៀបចំបើកសាលាឡើងវិញ និងរង់ចាំការអនុញ្ញាតចុងក្រោយពីរាជរដ្ឋាភិបាល។
ការបិទសាលាភ្លាមៗបណ្តាលឱ្យមានបញ្ហាជាច្រើនសម្រាប់អ្នកបង្កើតគោលនយោបាយ សាលារៀន គ្រឹះស្ថានឧត្តមសិក្សា គ្រូបង្រៀន សិស្សានុសិស្ស និងឪពុកម្តាយដែលមិនទាន់ត្រូវបានដោះស្រាយឱ្យបានពេញ លេញនៅឡើយ។ វិបត្តិជំងឺកូវីដបានប៉ះពាល់យ៉ាងខ្លាំងដល់វិស័យអប់រំ និងសុខភាពទាំងនៅក្នុងប្រទេសកម្ពុជា និងប្រទេសដទៃនៅលើពិភពលោក។
លោកបណ្ឌិត ឃៀង សុធី ទីប្រឹក្សានៃមជ្ឈមណ្ឌលសេដ្ឋកិច្ចឌីជីថលប្រកបដោយបរិយាប័ន្ន, វិទ្យាស្ថានចក្ខុវិស័យអាស៊ី ដែលមានស្នាក់ការនៅទីក្រុងភ្នំពេញបានមានប្រសាសន៍ថា៖ «ការបិទសាលារៀនភ្លាមៗបានជះឥទ្ធិពលយ៉ាងខ្លាំងដល់ការអប់រំដែលបានផ្លាស់ប្តូរពីការរៀននៅសាលាទៅជាការរៀនតាមអនឡាញ។ អ្នកសិក្សាដែលមានភាពឯករាជ្យច្រើន និងអ្នកដែលនិយមសិក្សាតាមបែបឌីជីថល និងអ្នកចេះភាសាអង់គ្លេស មិនសូវទទួលរងផលប៉ះពាល់ច្រើនពីការបិទសាលានេះទេ»។
«ការនៅដាច់ឆ្ងាយពីសាលារៀន និងកង្វះទំនាក់ទំនងសង្គមជាមួយមិត្តភក្តិ និងរវាងគ្រូ និងសិស្សបានបង្កើតឲ្យមានភាពតានតឹង និងបញ្ហាផ្លូវចិត្តជាច្រើនទៀតក្នុងចំណោមសិស្សានុសិស្ស។ ហើយទាំងនេះបានជះឥទ្ធិពលដោយផ្ទាល់ និងដោយប្រយោលដល់សមត្ថភាពសិក្សា និងសមិទ្ធផលនៃការសិក្សា»។
ការបិទសាលាបណ្តោះអាសន្នដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ បាននាំមកនូវការផ្លាស់ប្តូរដែលមិននឹកស្មានដល់ ចំពោះវិធីសាស្ត្របង្រៀន និងការវាយតម្លៃការសិក្សានៅតាមសាលារៀន និងសាកលវិទ្យាល័យ។
វិធីសាស្ត្របង្រៀនតាមទម្លាប់ដែលប្រើដីស និងក្តារខៀនត្រូវបានផ្អាក ខណៈការសិក្សាតាមអនឡាញបានក្លាយជាពាក្យដែលគេឮនៅក្នុងវិជ្ជាជីវៈនៃការបង្រៀន ហើយច្បាស់ណាស់ថា ស្ថាប័នជាច្រើនអាចត្រូវបង្ខំចិត្តអនុវត្តទិសដៅនេះសម្រាប់រយៈពេលមិនកំណត់។
សាលារៀន និងស្ថាប័នឯកជនកំពុងរៀបចំថ្នាក់រៀន ហេដ្ឋារចនាសម្ព័ន្ធ និងវិធីសាស្ត្របង្រៀនរបស់ពួកគេឡើងវិញដើម្បីឆ្លើយតបនឹងវិធានការសុវត្ថិភាពថ្មី និងវិធានការអនាម័យដើម្បីបង្កើតបរិយាកាសមានផាសុកភាពសម្រាប់សិស្ស។
លោកបណ្ឌិត សុធី ថ្លែងថា៖ «ការសិក្សាតាមអនឡាញ និងពីចម្ងាយនឹងបន្តនៅដដែល ហើយតួនាទីរបស់គ្រូនឹងត្រូវបានផ្លាស់ប្តូរពីការផ្ទេរចំណេះដឹង និងជំនាញជាទម្លាប់ទៅជាអ្នកសម្របសម្រួល និងជាគ្រូបង្វឹកវិញ»។
«ការសិក្សាតាមប្រព័ន្ធអនឡាញមិនមែនគ្រាន់តែជាការបញ្ចាំងស្លាយ ប៉ុណ្ណោះទេ ប៉ុន្តែវាគឺជាការផ្លាស់ប្តូរការផ្តោតអារម្មណ៍ពីការបង្រៀនទៅជាការរៀន ផ្តោតពីគ្រូទៅសិស្ស ជាវិធីសាស្ត្រមួយដែលមានលក្ខណៈស្តង់ដាអាចទទួលបានគ្រប់គ្នាប្រកបដោយភាពបត់បែន និងមានគុណភាព»។
«ការរួមបញ្ចូលគ្នានៃការសិក្សាក្នុងថ្នាក់ និងតាមប្រព័ន្ធអេឡិចត្រូនិក និងការសិក្សាពីចម្ងាយនឹងធ្វើឲ្យប្រសើរឡើងនូវគុណភាពអប់រំ និងពាក់ព័ន្ធដល់អ្នកសិក្សាវ័យក្មេងជាច្រើន ដែលមានចំណេះដឹងខាងបច្ចេកវិទ្យា និងមានចំណាប់អារម្មណ៍ខ្ពស់»។
លោកបណ្ឌិត សុធី បានបន្ថែមថា៖ «ការសិក្សានៅក្នុងថ្នាក់នៅតាមសាកលវិទ្យាល័យគួរតែត្រូវបានប្រើសម្រាប់ការពិភាក្សា ការជជែកវែកញែក ណែនាំ ឬជាបន្ទប់ពិសោធន៍ជាក់ស្តែង ច្រើនជាងការបង្រៀន»។
លោកបណ្ឌិត សុធី ក៏បានតើនរំឭកផងដែរថាគ្រឹះស្ថានអប់រំឯកជនដែលមិនមានគុណភាព និងមិនវិនិយោគលើការអភិវឌ្ឍសមត្ថភាពគ្រូបង្រៀន និងហេដ្ឋារចនាសម្ព័ន្ធដែលអំណោយផលដល់ការសិក្សារបស់សិស្សនឹងកាន់តែទទួលឥទ្ធិពលអវិជ្ជមាន៕