ក្នុង​កាលៈទេសៈ​បច្ចុប្បន្ន​ជំងឺ​កូវីដ ​១៩ ​បាន​រីក​រាលដាល​ពាសពេញ​ពិភព​​លោក ដែល​ធ្វើ​ឲ្យ​មាន​ការ​ប៉ះពាល់​យ៉ាង​ខ្លាំង​ទៅ​លើ​គ្រប់​វិស័យ​។​ទម្លាប់​ជាច្រើន​ក្នុង​ជីវភាព​រស់នៅ​ក្នុង​ធុរកិច្ច និង​ការ​គ្រប់គ្រង​ផ្សេងៗ​ត្រូវ​បាន​ផ្លាស់ប្តូរ​យ៉ាង​រហ័ស ​ដើម្បី​ទប់ស្កាត់​ការពារ​នឹង​ការ​ឆ្លង​រាលដាល​នៃ​វីរុស​ថ្មី​មួយ​នេះ និង​ដើម្បី​ធានា​ឲ្យ​បាន​នូវ​ដំណើរ​ប្រតិបត្តិការ​ការងារ​ផ្សេងៗ​ឲ្យ​មាន​តុល្យភាព ជាពិសេស​វិស័យ​សុខាភិបាល សេដ្ឋកិច្ច និង​ការ​អប់រំ​។ នៅ​ពេល​ដែល​ធនធាន​មនុស្ស គឺ​ជា​កត្តា​ចម្បង​បំផុត សម្រាប់​គ្រប់​វិស័យ និង​គ្រប់​ស្ថានការណ៍​។​

ស្រប​ពេល​នេះ វិស័យ​អប់រំ​របស់​ប្រទេស​កម្ពុជា ​ក៏​ត្រូវ​បាន​រង​ឥទ្ធិពល ដែល​តម្រូវ​ឲ្យ​សាលារៀន និង​វិទ្យាស្ថាន​អប់រំ ទាំង​រដ្ឋ និង​ឯកជន​ធ្វើ​ការ​ផ្លាស់​ប្តូរ​ពី​ការ​អប់រំ​បែប​ប្រពៃណី​មក​ជា​ការ​សិក្សា​ពី​ចម្ងាយ​ដោយ​ពឹង​ផ្អែក​លើ​បច្ចេកវិទ្យា​ជា​ចម្បង​។ ជាមួយ​គ្នា​នេះ សាកល​វិទ្យាល័យ​ន័រតុន​ បាន​ធ្វើ​​ការ​រៀបចំ​នូវ​យន្ដការ​សម្រាប់​អនុវត្ត​ប្រព័ន្ធ​អប់រំ​ពី​ចម្ងាយ​។ យន្ដការ​នេះ​​ត្រូវ​បាន​ផ្សព្វផ្សាយ និង​បក​ស្រាយ ដោយ​លោក​បណ្ឌិត អ៊ុង វ៉ាន់​ធឿន សាកល​វិទ្យាធិការ​រង និង​ជា​ព្រឹទ្ធបុរស​មហាវិទ្យាល័យ​វិទ្យាសាស្ត្រ​សុខាភិបាល ដែល​រួម​មាន​យន្តការ​ធំៗ​ចំនួន ​២ គឺ​៖


១- យន្តការ​ផ្ទាល់​៖ ជា​ថ្នាក់​រៀន​តាម​បែប​បច្ចេកវិទ្យា ដោយ​ធ្វើ​ការ​ផ្សាយ​​​ផ្ទាល់​រវាង​គ្រូ និង​សិស្ស​។​​​ កម្មវិធី​ដែល​គាំទ្រ​យន្តការ​នេះ​គឺ Zoom, Google meet, YouTube និង Facebook ជាដើម​។


២- យន្តការ​មិន​ផ្ទាល់​៖ ជា​ថ្នាក់​រៀន​បន្ទាប់​បន្សំ ដែល​លោកគ្រូ អ្នកគ្រូ ដាក់​ការងារ កិច្ចការ​ស្រាវជ្រាវ ផ្ញើ​ឯកសារ សេចក្តី​ណែនាំ និង​លំហាត់​ផ្សេងៗ​ឲ្យ​សិស្ស​ធ្វើ ក៏​ដូចជា​បញ្ជូន​មក​វិញ​ដើម្បី​ឲ្យ​គ្រូ​ពិនិត្យ​។ កម្មវិធី​ដែល​គាំទ្រ​យន្តការ​នេះ​គឺ Google classroom, Schoology, Wiki school និង Class Dojo​។


បច្ចុប្បន្ន​យន្តការ​ទាំង ២ នេះ​កំពុង​ក្លាយ​ជា​កម្មវិធី​សិក្សា​ផ្លូវ​ការ​មួយ និង​ជា​តម្រូវការ​ចាំបាច់​សម្រាប់​និស្សិត​ដែល​សិក្សា​នៅ​សាកលវិទ្យាល័យ​ន័រតុន​។ គន្លឹះ​ដែល​សំខាន់​មួយ​ទៀត​នោះ ​គឺ​កា​រអាន។ ការ​អាន​នឹង​ជួយ​ដល់​ការ​រៀនសូត្រ និង​ការ​ស្រាវជ្រាវ​ដល់​សិស្ស និស្សិត និង​សាស្ត្រាចារ្យ​បាន​យ៉ាង​មាន​ប្រសិទ្ធភាព​។​


ជាមួយ​គ្នា​នេះ​ដែរ គណៈកម្មការ​បច្ចេកទេស​ក៏​បាន​ធ្វើ​ការ​កែ​ទម្រង់​លើ​ប្រព័ន្ធ​ដាក់​ពិន្ទុ​ខ្លះៗ គឺ​យើង​ធ្វើ​ការ​រឹត​បន្តឹង​បន្ថែម​ទៅ​លើ​វត្តមាន និង​ការ​ចូលរួម​ក្នុង​កិច្ចការ​ផ្សេងៗ​របស់​មុខវិជ្ជា​នីមួយៗ​។ សាស្ត្រាចារ្យ​ទាំង​អស់​បាន​ធ្វើ​ការ​អភិវឌ្ឍ​គម្រោង​បង្រៀន​ថ្មី ​ដើម្បី​ឲ្យ​ស្រប​សភាពការណ៍​។ ក្នុង​កិច្ច​ការ​បង្រៀន​ថ្មី​នេះ តម្រូវ​ឲ្យ​សាស្ត្រាចារ្យ​ទាំង​អស់ ភ្ជាប់​ជាមួយ​នឹង​កិច្ចការ ឬ​លំហាត់​ក្រោយ​បញ្ចប់​ម៉ោង​សិក្សា​នីមួយៗ​។ នេះ​ជា​វិធី​ដើម្បី​ធ្វើ​ការ​សាកល្បង​សមត្ថភាព​ភ្លាមៗ និង​ដើម្បី​ជា​ការ​តាមដាន​នូវ​វិន័យ​សិក្សា​របស់​និស្សិត​។​


បុគ្គលិក​អប់រំ ក្នុង​សាកលវិទ្យាល័យ​ន័រតុន​ទាំង​អស់ គឺ​តាម​ដាន​យ៉ាង​យក​ចិត្ត​ដាក់​ចំពោះ​សកម្មភាព​បង្រៀន និង​តែងតែ​នៅ​រង់ចាំ​ផ្តល់​ជំនួយ​ដល់​សាស្ត្រាចារ្យ និង​និស្សិត​ដែល​ជួប​បញ្ហា​បច្ចេកទេស​ផ្សេងៗ​។​

ការ​អប់រំ​បែប​ថ្មី​នេះ​ពិត​ជា​មាន​ផល​លំបាក​មួយ​ចំនួន ហើយ​តម្រូវ​ឲ្យ​ធ្វើ​ការ​រៀនសូត្រ និង​ស្រាវជ្រាវ​លើ​របស់​ថ្មីៗ​ជា​ច្រើន ប៉ុន្តែ​បើ​យើង​អាច​ឆ្លង​កាត់ និង​ទទួល​យក​ប្រព័ន្ធ​អប់រំ​ពី​ចម្ងាយ​នេះ​បាន​ក្នុង​ដំណាក់​កាល​លំបាក​នេះ គឺ​ជា​ទុន​ដ៏​ប្រសើរ​មួយ​ក្នុង​បរិបទ​អប់រំ​នា​ពេល​អនាគត​។

ខណៈ​បច្ចុប្បន្នភាព​រីក​ចម្រើន​នៃ​ឧស្សាហកម្ម ៤.០ កំពុង​រីក​លូតលាស់ និង​ត្រូវ​បាន​ជំរុញ​ឲ្យ​អនុវត្ត​លើ​គ្រប់​វិស័យ​។

នេះ​គឺ​ជា​ឱកាស​សម្រាប់​​​បុគ្គលិក​អប់រំ សាស្ត្រាចារ្យ និង​សិស្ស និស្សិត ដើម្បី​ដុស​ខាត់​សមត្ថភាព​របស់​ពួក​គេ​ឲ្យ​បាន​កាន់​តែ​ល្អ​។ ដូច្នេះ​មិន​ថា ស្ថិត​នៅ​ក្នុង​កាលៈទេសៈ​បែប​ណា​ទេ ត្រូវ​ធានា​​ឲ្យ​បាន​នូវ​និរន្តភាព និង​ស្ថិរភាព​នៃ វិស័យ​អប់រំ និង​បណ្តុះ​បណ្តាល​​ដែល​ប្រកប​ដោយ​គុណភាព​៕