
លោក Philip White នាយកសាលា អន្តរជាតិ ហ្សាយអិន ភ្នំពេញ។
ចាប់តាំងពីប្រទេស កម្ពុជា បានបិទសាលារៀន ដោយសារការរីករាលដាលនៃជំងឺកូវីដ ១៩ មក អ្នកផ្តល់ការអប់រំ និងគ្រូក៏កំពុងជួបបញ្ហាប្រឈមដូចសិស្សានុសិស្សដែរ។ ពួកគេតែគិតគួរពីរបៀបទាក់ទងជាមួយសិស្ស ហើយគិតថា តើសម្ភារដែលពួកគេផ្អាកប្រើប្រាស់អាចនៅប្រើការបាន ហើយតើថ្នាក់រៀននៅមានសភាពដើមដែរឬទេ។
កញ្ញា ស្រ៊ុន សុវណ្ណ សហស្ថាបនិកកម្មវិធីផ្តល់ការអប់រំតាមអនឡាញរបស់ក្រុមហ៊ុន Edemy បានឲ្យកាសែតភ្នំពេញ ប៉ុស្តិ៍ ដឹងថា ទោះបីមានបញ្ហាប្រឈមការសិក្សាតាមអនឡាញ (e-learning) នៅតែមានដំណើការដដែល។
ក្រុមហ៊ុនរបស់កញ្ញាកំពុងឆ្លើយតបទៅនឹងការរាតត្បាតជំងឺកូវីដដោយផ្តល់ឲ្យគ្រូ និងសិស្សនូវកម្មវិធីសិក្សាតាមឌីជីថល « Tesdopi តេស្ត ១២»។
«ខ្ញុំគិតថា ការបញ្ចូលបច្ចេកវិទ្យាព័ត៌មានវិទ្យាជាមួយនឹងការអប់រំបានជួយបង្កើនប្រសិទ្ធភាពនៃការបង្រៀនជួយគ្រូឲ្យផ្តោត និងបង្កើនទំនាក់ទំនងរបស់ពួកគេជាមួយសិស្សបានកាន់តែប្រសើរ»។
កញ្ញាបន្ថែមថា៖ «វេទិកាអនឡាញអនុញ្ញាតឱ្យមានក្របខ័ណ្ឌផ្អែកលើសម្ភារ ក៏ដូចជាសិស្សានុសិស្សដែលអាចទទួលបានព័ត៌មាន។ ទោះជាយ៉ាងណា នៅក្នុងថ្នាក់រៀន ជាធម្មតាគ្រូអាចមើលឃើញកាយវិការរបស់សិស្ស ឬអាចសួរសំណួរពួកគេ ដើម្បីធ្វើឲ្យប្រាកដថា វត្ថុបំណងនៃការសិក្សាត្រូវបានឆ្លើយតប»។
កម្មវិធី «Tesdopi តេស្ត ១២» ជួយដោះស្រាយបញ្ហានេះដោយអនុញ្ញាត ឱ្យគ្រូអាចជួយពួកគេក្នុងការដោះស្រាយចន្លោះប្រហោងនៃការរៀនសូត្រ និងផ្តល់ការបង្រៀនមួយទល់មួយតាមរយៈអនឡាញ»។
ចាប់តាំងពីការផ្ទុះឡើងនៃជំងឺកូវីដមក ក្រសួងអប់រំយុវជន និងកីឡាបានផ្សព្វផ្សាយមេរៀនជាង ៧០០ នៅលើទំព័រហ្វេសប៊ុករបស់ខ្លួនសម្រាប់សិស្សានុសិស្សចាប់ពីថ្នាក់បឋមរហូតដល់ថ្នាក់វិទ្យាល័យ។
ដើម្បីបានទៅដល់សហគមន៍នៅតំបន់ជនបទដាច់ស្រយាល ដែលពិបាកទទួលកម្មវិធីបែបឌីជីថល ក្រសួងក៏បានផ្តួចផ្តើម ដើម្បីលើកកម្ពស់កម្មវិធីអប់រំពីចម្ងាយដោយបង្កើតទូរទស្សន៍ជាតិកម្ពុជាទី ២ ឬ TVK2។

បន្ទប់ពិសោធន៍ Infini-D Learning Lab របស់សាលាអន្តរជាតិ ហ្សាយ អិន ភ្នំពេញ។
នៅក្នុងប្រទេស កម្ពុជា ចំនួនទូរស័ព្ទដៃ គឺមានច្រើនជាងចំនួនប្រជាជន ហើយមួយរយៈចុងក្រោយនេះ ទូរស័ព្ទត្រូវបានគេប្រើប្រាស់យ៉ាងទូលំទូលាយ ជាប្រភពផ្តល់ព័ត៌មាននាំមុខទូរទស្សន៍ ប៉ុន្តែនៅតាមជនបទប្រជាជនប្រមាណតែពាក់កណ្តាលប៉ុណ្ណោះដែលប្រើប្រាស់វាជាប្រចាំ។
លោក Philip White នាយកសាលាអន្តរជាតិ ហ្សាយអិន ភ្នំពេញ នៅជិតផ្សារទូលទំពួងថ្លែងថា បរិយាកាសបច្ចុប្បន្នកំពុងបង្កើនល្បឿនការសិក្សាតាមឌីជីថល ប៉ុន្តែលោកសង្កត់ធ្ងន់ថាលោកមិនបានចាត់ទុកវាជា «ដំណោះស្រាយ ដើម្បីបង្កើនការចូលរួមរបស់សិស្សនោះទេ»។
លោកថ្លែងថា៖ «ក្នុងនាមជាអ្នកផ្តល់ការអប់រំ វាតែងតែសំខាន់ក្នុងការស្វែងរកមធ្យោបាយថ្មីៗ ដើម្បីលើកកម្ពស់ការបង្រៀន ការសិក្សារបស់សិស្ស និងការប្រាស្រ័យទាក់ទងរបស់ឪពុកម្តាយ»។
លោក White ដែលបានមកកាន់ប្រទេស កម្ពុជា ក្នុងឆ្នាំ ២០១៣ បានបន្តថា បន្ទាប់ពីសាលាដែលមិនស្វែងរកប្រាក់ចំណេញមួយនេះបានផ្អាកការសិក្សាកាលពីថ្ងៃទី ១៦ ខែមីនា គ្រូរបស់ពួកគេបានផ្លាស់ប្តូរបទពិសោធន៍ការបង្រៀនក្នុងថ្នាក់ មកបង្រៀនបែបឌីជីថលវិញ។
សាលាអន្តរជាតិ ហ្សាយ អិន ភ្នំពេញ មានបន្ទប់ពិសោធន៍ Infini-D Learning Lab តែមួយគត់នៅអាស៊ី។ បច្ចេកវិទ្យាច្នៃប្រឌិតបានផ្លាស់ប្តូរថ្នាក់រៀនទៅជាយានសម្រាប់ទំនាក់ទំនង ខណៈកំពុងកែខៃបទពិសោធ ទៅនឹងវត្ថុបំណងសិក្សាពិសេសៗរបស់គ្រូនីមួយៗ។
«យើងនឹងបន្តរកវិធីដើម្បីបង្កើនគុណភាពអប់រំ និងការចូលរួមរបស់សិស្ស និងឪពុកម្តាយ ប៉ុន្តែខ្ញុំមិនជឿថា ការសម្លឹងមើលអេក្រង់ពេញមួយថ្ងៃ គឺជាមាគ៌ាល្អបំផុតនោះទេ»។
លោក White បានបន្ថែមថា៖ «សិស្សានុសិស្សជាច្រើនកំពុងតែបំពេញការងារបានយ៉ាងល្អជាមួយការសិក្សាតាមអនឡាញ ដោយមានស្មារតីល្អ បើទោះបីសិស្សគ្រប់គ្នាមិនបានចូលរៀននៅក្នុងសាលារៀនក្តី»៕