
លោកឧកញ៉ាវេជ្ជបណ្ឌិត គួច ម៉េងលី អរគុណលោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងឪពុកម្តាយ ខណៈកម្ពុជាកំពុងប្រយុទ្ធនឹងជំងឺកូវីដ១៩។
លោកឧកញ៉ាវេជ្ជបណ្ឌិត គួច ម៉េងលី ស្ថាបនិក ប្រធានក្រុមប្រឹក្សាភិបាល និងជាអគ្គនាយកប្រតិបត្តិនៃក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន (MJQE) ដែលជាក្រុមហ៊ុនមេនៃមជ្ឈមណ្ឌលភាសា អេ អាយ អាយ (Aii) និងសាលារៀន អន្តរទ្វីប អាមេរិកាំង (AIS) បានថ្លែងអំណរគុណដល់សិស្សានុសិស្ស ឪពុកម្តាយ និងលោកគ្រូ អ្នកគ្រូ ខណៈព្រះរាជាណាចក្រកម្ពុជាកំពុងប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ដែលជាជំងឺរាតត្បាតសកល។
ទោះជាយ៉ាងណាលោកឧកញ៉ាវេជ្ជបណ្ឌិតរូបនេះក៏បានចេញសារព្រមានផងដែរនៅពេលដែលគ្រឹះស្ថានអប់រំកំពុងតស៊ូជាមួយនឹងផលប៉ះពាល់នៃការបិទសាលារៀន ដោយលោកបានបញ្ជូនសញ្ញាយ៉ាងច្បាស់ថា វិស័យអប់រំរបស់ព្រះរាជាណាចក្រកម្ពុជាកំពុងស្ថិតនៅក្នុងដំណាក់កាលមួយដ៏លំបាក។
«មនុស្សភាគច្រើនបានកាន់ដៃរួមគ្នាក្នុងពេលវេលាដ៏លំបាកនេះ។ ខ្ញុំសូមថ្លែងអំណរគុណចំពោះបុគ្គលិករបស់ខ្ញុំ ចំពោះការលះបង់ និងពេលវេលារបស់ពួកគេ។ ពួកគេនៅតែខិតខំធ្វើការ ហើយខ្ញុំពិតជាកោតសរសើរចំពោះការយោគយល់របស់ពួកគេខ្លាំងណាស់»។
«ខ្ញុំក៏សូមថ្លែងអំណរគុណផងដែរដល់ឪពុកម្តាយ និងសិស្សានុសិស្ស។ ខ្ញុំពិតជាសូមកោតសរសើរចំពោះការយោគយល់របស់ពួកគេ និងវិធីដែលពួកគេតស៊ូក្នុងគ្រាក៏លំបាកនេះ»។

លោកវេជ្ជបណ្ឌិត គួច ម៉េងលី អំពាវនាវឲ្យភាគីពាក់ព័ន្ធជួយការពារវិស័យអប់រំ។
ជាមួយនឹងវិស័យអប់រំដែលកាន់តែមានភាពតានតឹងលោកឧកញ៉ាវេជ្ជបណ្ឌិត គួច ម៉េងលី បានធ្វើការអំពាវនាវយ៉ាងអស់ពីចិត្ត សុំការយោគយល់ និងការគាំទ្របន្ថែម។ អំឡុងពេលកំពុងជួបវិបត្តិដែលមិនធ្លាប់មានមកនេះ វាបានធ្វើឱ្យសេដ្ឋកិច្ចពិភពលោកធ្លាក់ចុះ លោកឧកញ៉ាវេជ្ជបណ្ឌិតក៏បានអំពាវនាវដល់ម្ចាស់ផ្ចះជួលអគារ និងឪពុក-ម្តាយឲ្យសម្លឹងទៅ «រូបភាពធំ»។
«សម្រាប់អ្នកដែលមិនទាន់បានចូលរួមដោះស្រាយស្ថានការណ៍នេះរួមគ្នា ខ្ញុំសូមអំពាវនាវឱ្យពួកគេក្រឡេកមើលរូបភាពធំជាងនេះ ហើយថាតើអ្វីនឹងរងផលប៉ះពាល់ប្រសិនបើគ្មានសាលារៀនសម្រាប់កូនៗរបស់យើងនោះ។ វានឹងមានផលប៉ះពាល់យ៉ាងខ្លាំងទៅលើកូនៗ និងសេដ្ឋកិច្ចរបស់យើង លុះត្រាតែប្រជាជនយល់ដឹងអំពីស្ថានភាពនេះកាន់តែទូលំទូលាយ»។
«វាត្រូវការពេលវេលា ៣០ ឆ្នាំសម្រាប់ប្រព័ន្ធអប់រំនៅកម្ពុជាដើម្បីមកដល់ចំណុចនេះដូចសព្វថ្ងៃ ប៉ុន្តែប្រសិនបើវាដួលរលំនោះវានឹងមិនអាចស្ទុះងើបឡើងវិញឆាប់រហ័សនោះទេ។ ខ្ញុំប៉ាន់ស្មានថា ៨០ ភាគរយនៃសាលាឯកជននៅកម្ពុជា អាចនឹងបិទទ្វារប្រសិនបើស្ថានការណ៍នេះនៅតែបន្តរយៈពេល ២ ខែទៀត»។
លោកព្រមានថា៖ «សាលារៀនភាគច្រើនជួលអគារគេ ហើយពួកគេពឹងផ្អែកច្រើនទៅលើប្រាក់បង់ថ្លៃការសិក្សាដើម្បីបន្តដំណើរការ។ ប្រសិនបើម្ចាស់អគារមិនអើពើនឹងស្ថានភាពដ៏ធ្ងន់ធ្ងរនេះ ហើយបដិសេធមិនជួយទាក់ទងនឹងតម្លៃជួល ហើយឪពុកម្តាយទាមទារការបញ្ចុះតម្លៃ ឬសូម្បីតែមិនបង់ថ្លៃការសិក្សា នោះសាលានឹងមិនអាចរស់នៅបានយូរនោះទេ»។

សាលា Aii និង AIS មានសិស្សប្រមាណ ១៤៥០០ នាក់ចាប់តាំងពីបើកក្នុងឆ្នាំ ២០០៥។
ក្នុងនាមជាសាស្ត្រាចារ្យ ជាវេជ្ជបណ្ឌិត សហគ្រិន និងជាសប្បុរសជនផងដែរនោះ បុរសសញ្ជាតិខ្មែរ-អាមេរិចកាំងរូបនេះបានលើកឡើងថា ប្រសិនបើការព្យាកររបស់គាត់ក្លាយជាការពិតនោះនឹងពិបាកដោះស្រាយលើបញ្ហានេះ។
«តើនឹងមានអ្វីកើតឡើងចំពោះសិស្សានុសិស្ស ប្រសិនបើសាលាឯកជនទាំងអស់ត្រូវបិទទ្វារ? តាមស្ថានភាពនាពេលកន្លងមក សូម្បីតែសាលារៀន ១ ត្រូវបិទទ្វារ ក៏មានបញ្ហាប្រឈមជាច្រើន ទាំងរដ្ឋាភិបាល ក្រសួងអប់រំយុវជន និងកីឡា ស្ថាប័នអប់រំកម្រិតឧត្តមសិក្សា សមាគមសាលារៀន គឺយើងទាំងអស់គ្នាបានតស៊ូដើម្បីដោះស្រាយស្ថានភាពនោះ»។
«ឥឡូវសាកស្រមៃមើល ប្រសិនបើសាលារៀនឯកជនភាគច្រើនត្រូវបានបិទទ្វារ សួរថា តើរដ្ឋាភិបាលអាចដោះស្រាយជាមួយសិស្សទាំងអស់ដែលរងផលប៉ះពាល់ដោយរបៀបណា? ខ្ញុំគិតថា នេះជាពេលវេលាដ៏លំបាកមួយសម្រាប់រដ្ឋាភិបាល ឪពុកម្តាយ និងវិស័យឯកជន»។
លោកបន្តថា៖ «វាពិតជាពិបាកណាស់ នៅពេលរដ្ឋាភិបាល និងស្ថាប័នអប់រំស្នើសុំជំនួយ ប៉ុន្តែមានអ្នកខ្លះបដិសេធមិនជួយ។ វាជាពេលវេលាដ៏លំបាកសម្រាប់យើង និងអាជីវកម្មតូចតាចដទៃទៀត ហើយនៅពេលបញ្ហានេះកាន់តែអាក្រក់ទៅៗ នោះមនុស្សខ្លះសម្លឹងមិនវែងឆ្ងាយ ហើយមិនបានមើលទៅរូបភាពធំជាងនេះ»។

លោកវេជ្ជបណ្ឌិត ម៉េងលី បានព្រមានថា វិបត្តិបែបនេះនៅក្នុងវិស័យអប់រំនឹងធ្វើឲ្យមានផលប៉ះពាល់ធ្ងន់ធ្ងរដល់សេដ្ឋកិច្ចរបស់ប្រទេសកម្ពុជាទាំងមូល។
លោកបញ្ជាក់ថា៖ «វានឹងប៉ះពាល់យ៉ាងខ្លាំងទៅលើសេដ្ឋកិច្ចទាំងមូល។ តើនឹងមានអ្វីកើតឡើងចំពោះបុគ្គលិកដ៏ច្រើនដែលនឹងបាត់បង់ការងាររបស់ពួកគេ និងសិស្សានុសិស្សដែលមិនអាចបញ្ចប់ការសិក្សារបស់ពួកគេបាន»?
ដើម្បីដោះស្រាយបញ្ហានេះលោកបានអំពាវនាវឱ្យមានការខិតខំប្រឹងប្រែងរួមគ្នាពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ដើម្បីធានាដល់វិស័យអប់រំឯកជនឲ្យអាចទប់ទល់នឹងព្យុះភ្លៀងនេះបាន។
លោកវេជ្ជបណ្ឌិតបន្ថែមថា៖ «វាចាំបាច់ណាស់ដែលម្ចាស់អគារ និងឪពុកម្តាយត្រូវយល់អំពីស្ថានភាពធ្ងន់ធ្ងរនេះ និងត្រូវឆ្លើយតបតាមការជាក់ស្តែង។ វាជារឿងល្អប្រសិនបើរដ្ឋាភិបាលធ្វើអន្តរាគមន៍ ហើយប្រហែលអាចស្នើសុំថវិកាមួយចំនួនជាការការពារដើម្បីឱ្យប្រាក់កម្ចីទៅស្ថាប័នអប់រំទាំងនេះដើម្បីធានាថាសាលារៀនទាំងនេះអាចនៅរស់រានមានជីវិតបាន»។
ស្ថាបនិកនៃមជ្ឈមណ្ឌលភាសា អេ អាយ អាយ (Aii) និងសាលារៀន អន្តរទ្វីប អាមេរិកាំង (AIS) ដែលមានសិស្សប្រមាណ ១៤៥០០ នាក់ចាប់តាំងពីបើកដំណើរការតាំងពីឆ្នាំ ២០០៥ មកនោះបានលើកឡើងថា ចំណង់ចំណូលចិត្តគឺជាអាថ៌កំបាំងនៃភាពជោគជ័យនៃសាលារៀនរបស់គាត់។
លោកថ្លែងថា៖ «អ្នកមិនមែនធ្វើការនៅក្នុងវិស័យអប់រំដើម្បីស្វែងរកលុយនោះទេ អ្នកត្រូវតែមានទឹកចិត្តស្រលាញ់អ្វីៗគឺជាការស្រលាញ់។ តើអ្នកស្រលាញ់វិស័យនេះដោយរបៀបណា តើអ្នកជួយសិស្សានុសិស្សឲ្យរីកចម្រើនដោយរបៀបណា? តើអ្នកចង់ជួយប្រជាជនកម្ពុជាឱ្យប្រសើរឡើងដោយរបៀបណា? វាគួរឲ្យសោកស្តាយណាស់ដែលពេលខ្លះមនុស្សមួយចំនួនមិនយល់ពីទឹកចិត្តដែលយើងមានចំពោះការអប់រំ»៕