វិទ្យាស្ថាន CamEd ជាថ្នាលបណ្តុះបណ្តាលជំនាញគណនេយ្យ និងហិរញ្ញវត្ថុ

វិទ្យាស្ថាន CamEd Business School ដែលមានមូលដ្ឋាននៅភ្នំពេញបានក្លាយជាវិទ្យាស្ថានដែលឈានមុខគេដ៏រឹងមាំនៅក្នុងឧស្សាហកម្មហិរញ្ញវត្ថុ។ ការកសាងកេរ្តិ៍ឈ្មោះល្បីល្បាញនេះ ដោយសារនិស្សិតបញ្ចប់ការសិក្សាជំនាញបានបន្តជម្នះឧបសគ្គនានា និងរួមចំណែកដល់ការរីកលូតលាស់ក្នុងវិស័យសាជីវកម្ម និងសេដ្ឋកិច្ចជាតិ។
សាស្ត្រាចារ្យប្រកបដោយគុណភាព និងមានជំនាញ កម្មវិធីសិក្សាមានការទទួលស្គាល់ជាសកលភាពជាដៃគូជាមួយស្ថាប័នត្រួតពិនិត្យអន្តរជាតិ និងការបំពាក់បំប៉នដល់និស្សិតនូវជំនាញទន់បន្ថែម បានធ្វើឱ្យស្ថាប័នដែលមានអាយុកាល ២០ ឆ្នាំ ក្លាយជាមជ្ឈមណ្ឌលបណ្តុះបណ្តាលជំនាញគណនេយ្យ និងហិរញ្ញវត្ថុដំបូងគេនៅកម្ពុជា។ និស្សិតដែលបញ្ចប់ការសិក្សាផ្នែកហិរញ្ញវត្ថុ គណនេយ្យ និងសវនកម្ម នៅវិទ្យាស្ថាន CamEd មានការទទួលស្គាល់ពីនិយោជកយ៉ាងទូលំទូលាយ សម្រាប់ជំនាញនិស្សិតដ៏មុតស្រួចដែលពួកគេមានរៀងៗខ្លួន។
នាយិការងនៃវិទ្យាស្ថាន CamEd លោកស្រី សំ សុគន្ធារី បានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ ថា “ខ្ញុំអាចនិយាយបានថា ចាប់ពីឆ្នាំ ២០១៩ ដល់ឆ្នាំ ២០២០ អត្រាមានការងាររបស់និស្សិតដែលបញ្ចប់ការសិក្សារបស់យើងមាន ៩៨ ភាគរយ។ ចំណុចខ្លាំងរបស់សាលា គឺមានការទទួលស្គាល់ពីនិយោជកកូនសិស្សរបស់យើងមានសមត្ថភាពចេះសម្របខ្លួននៅកន្លែងធ្វើការមិនពិបាកក្នុងការបណ្តុះបណ្តាលជំនាញបច្ចេកទេស ព្រោះពួកគេមានចំណេះដឹងជ្រៅជ្រះនៃស្តង់ដាគណនេយ្យស្រាប់”។
ទីផ្សារមូលធន ធនាគារ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និងសហគ្រាសធុនតូច និងមធ្យម នឹងបន្តពង្រីកបន្ថែមទៀត នៅពេលដែលក្រុមហ៊ុន ឬអាជីវកម្មកាន់តែច្រើនបានបើកដំណើរការអាជីវកម្ម។ ហើយអ្នកជំនាញត្រូវការជាចាំបាច់ ដើម្បីរៀបចំប្រាក់ខែរៀបចំពន្ធដារៀបចំរបាយការណ៍ហិរញ្ញវត្ថុ និងគណនេយ្យ និងសវនកម្ម។ អស់រយៈពេលជិត ២ ទសវត្សរ៍មកហើយ វិទ្យាស្ថាន CamEd បានបង្កើតគណនេយ្យករឆ្នើមៗ និងជំនាញហិរញ្ញវត្ថុផ្សេងទៀត។
លោកស្រី សុគន្ធារី បានថ្លែងថា ដោយមានកិច្ចសហការជាមួយដៃគូក្រុមហ៊ុននានាដ៏គួរឱ្យទាក់ទាញរួមជាមួយការផ្តល់ប្រាក់ខែខ្ពស់ និងបរិយាកាសការងារល្អ ក្រុមហ៊ុនទាំងនោះ បានបន្តទទួលយកនិស្សិតដែលបញ្ចប់ការសិក្សាថ្មីៗ នៅវិទ្យាស្ថាន CamEd ។ “ចំនួនសិស្សបញ្ចប់ថ្នាក់ទី១២ ដែលបានដាក់ពាក្យសុំបន្តការសិក្សាបរិញ្ញាបត្រនៅ CamEd មានការកើនឡើងពី ១ ឆ្នាំ ទៅ ១ ឆ្នាំ ពីព្រោះសាលានេះផ្តល់នូវកម្មវិធីសិក្សាដ៏គួរឱ្យទាក់ទាញ។
“CamEd ផ្តល់ជូនកម្មវិធីសិក្សាស្តង់ដាអន្តរជាតិដោយនិស្សិតបញ្ចប់ការសិក្សារយៈពេល ៤ ឆ្នាំ ទទួលបានសញ្ញាបត្រ ២ ក្នុងពេលតែ ១ គឺបរិញ្ញាបត្រគណនេយ្យ និងហិរញ្ញវត្ថុ និងសញ្ញាបត្រជំនាញអ្នកបច្ចេកទេសផ្នែកគណនេយ្យ ដែលមានការទទួលស្គាល់ដោយកម្មវិធី សមាគមគណនេយ្យករជំនាញនៅប្រទេសអង់គ្លេស ដែលហៅកាត់ថា (ACCA)”។
លោកស្រី សុគន្ធារី ថ្លែងថា គ្រូបង្រៀននៅវិទ្យាស្ថាន CamEd ភាគច្រើនជាជនជាតិបរទេស ដែលមានសមត្ថភាពពិសេស ហើយឆ្លងកាត់ការជ្រើសរើសយ៉ាងហ្មត់ចត់ មុនពេលគ្រូទាំងនោះត្រូវបានជ្រើសរើសឱ្យចូលបង្រៀន។ “ទាំងគ្រូខ្មែរ និងគ្រូបរទេស ទោះបីមានសញ្ញាបត្របណ្ឌិតក៏ត្រូវការធ្វើតេស្តមុនចូលបម្រើការងារនៅទីនេះដែរ ព្រោះពេលខ្លះគាត់មានសមត្ថភាពហើយ ប៉ុន្តែខ្វះបច្ចេកទេសក្នុងការបង្រៀន។ “មួយវិញទៀត បើសាស្រា្តចារ្យមានជំនាញគណនេយ្យ យើងមិនអាចឱ្យគាត់ទៅបង្រៀនហិរញ្ញវត្ថុបានទេ”។
លោកស្រីបានឱ្យដឹងថា លើសពីនេះទៀត វិទ្យាស្ថាន CamEd ក៏ជាសមាជិកនៃបណ្តាញសាកលវិទ្យាល័យអាស៊ាន ដែលអនុញ្ញាតឱ្យនិស្សិត ដែលបញ្ចប់ការសិក្សានូវឱកាសគ្រប់គ្រាន់ក្នុងការបន្តការសិក្សារបស់ពួកគេនៅក្នុងសាកលវិទ្យាល័យក្នុងតំបន់។ និស្សិតដែលសិក្សានៅ CamEd មិនត្រឹមទទួលបានសញ្ញាបត្រប៉ុណ្ណោះទេ ពួកគេថែមទាំងមានឱកាសទទួលបានវគ្គបណ្តុះបណ្តាលជំនាញទន់បន្ថែមទៀត និងឱកាសការងារត្រៀមចាំសម្រាប់ពួកគេនៅពេលបញ្ចប់ការសិក្សា។
“សកម្មភាពជាក្រុមរួមមានការបោះជំរុំ កម្មវិធីសប្បុរសធម៌ និងវប្បធម៌។ យើងក៏រៀបចំដំណើរកម្សាន្តប្រចាំឆ្នាំ និងដំណើរទស្សនកិច្ចសិក្សាទាំងនៅក្នុងប្រទេសកម្ពុជា និងនៅបរទេស ដើម្បីលើកទឹកចិត្តសិស្សឱ្យបង្កើតមិត្តភាព សម្រេចគោលដៅផ្ទាល់ខ្លួនរបស់ពួកគេ និងបង្កើនបទពិសោធ និងភាពជាអ្នកដឹកនាំ”។
នាយិការង សំ សុគន្ធារី បានមានប្រសាសន៍ថា លើសពីនេះទៅទៀត វិទ្យាស្ថាន CamEd បានបង្កើតនាយកដ្ឋានផ្នែកប្រឹក្សាយោបល់អាជីព ដើម្បីជួយនិស្សិតឆ្នាំទី៣ ស្វែងរកការងារធ្វើឱ្យស៊ាំនឹងការងារ បន្ទាប់ពីបញ្ចប់ការសិក្សា៕