
លោក ហុក សុទ្ធិ នាយកអង្គការស៊ីប៉ា។
ការរីកចម្រើនយ៉ាងឆាប់រហ័សនៃសាលាអន្តរជាតិឯកជននៅកម្ពុជាកំពុងផ្លាស់ប្តូរទិដ្ឋភាពអប់រំរបស់កម្ពុជា និងនាំមកនូវឱកាសសិក្សាកាន់តែច្រើនសម្រាប់យុវជនជំនាន់ក្រោយ។
ការចូលរៀននៅសាលាឯកជនដែលភាគច្រើនបើកដំណើរការដោយក្រុមហ៊ុនបរទេស កំពុងចាប់ផ្តើមបង្កើនគុណភាពវិស័យអប់រំ និងបំពេញគម្លាតផ្គត់ផ្គង់នៅក្នុងប្រព័ន្ធអប់រំផងដែរ។
បច្ចុប្បន្នសាលាអន្តរជាតិជាច្រើនកំពុងបង្រៀនកម្មវិធីសិក្សាដែលមានការប្រកួតប្រជែងខ្លាំង ដោយផ្អែកលើគំរូកម្មវិធីសិក្សារបស់ចក្រភពអង់គ្លេស អាមេរិក សិង្ហបុរី ឬបារាំងជាដើមដែលជាកម្មវិធីសិក្សាមានការពេញនិយមខ្លាំងនៅតាមបណ្តាប្រទេសជាច្រើន។
លោក ហុក សុទ្ធិ នាយកអង្គការស៊ីប៉ាបានឲ្យកាសែតភ្នំពេញប៉ុស្តិ៍ដឹងថា ស្ថាប័នអប់រំអន្តរជាតិមានតួនាទីសំខាន់ ពីព្រោះវាជាគំរូមួយសម្រាប់ឲ្យវិស័យអប់រំរបស់យើង ដើម្បីធ្វើយ៉ាងណាឲ្យយើងអភិវឌ្ឍវិស័យអប់រំនៅក្នុងប្រទេសកម្ពុជា។
«ចំពោះសាលាអន្តរជាតិឯកជននៅកម្ពុជាមានកម្រិតខ្ពស់ជាងគុណភាពអប់រំក្នុងស្រុក ដែលគេបង្កើតឡើងដើម្បីឆ្លើយតបទៅនឹងស្តង់ដារបស់ប្រទេសគេ។ ស្តង់ដាទាំងនោះភាគច្រើនគឺលើសស្តង់ដាអប់រំរបស់យើង»។
ស៊ីប៉ាគឺជាអង្គការក្រៅរដ្ឋាភិបាលមួយដែលបានជួយលើកកម្ពស់អក្ខរកម្មនៅក្នុងប្រទេសកម្ពុជាអស់រយៈពេលជាង ២ ទសវត្សរ៍មកហើយ។
សាលាឯកជនអន្តរជាតិជាច្រើនកំពុងទាញយកប្រយោជន៍ពីតម្រូវការអប់រំដែលមានគុណភាពពីឪពុកម្តាយដែលមានក្តីប្រាថ្នាខ្ពស់ និងមានជីវភាពធូរធារ ជាពិសេសអ្នករស់នៅក្នុងទីក្រុងជាកន្លែងដែលសាលាមានគុណភាពមានត្រូវការខ្ពស់។

សាលាឯកជនភាគច្រើនមានបំពាក់ដោយសម្ភារទំនើប បន្ទប់រៀនស្អាតមានហេដ្ឋារចនាសម្ព័ន្ធល្អគ្រូមានសមត្ថភាពខ្ពស់ដែលអាចបង្រៀននូវកម្មវិធីសិក្សាដែលមានតម្រូវការខ្ពស់នៅលើទីផ្សារ ក៏ដូចជាដើម្បីឆ្លើយតបទៅនឹងការចង់បានពីអ្នកដែលមានលទ្ធភាពផងដែរ។
យោងតាមរបាយការណ៍ស្ថិតិ និងសូចនាករអប់រំឯកជនរបស់ក្រសួងអប់រំយុវជន និងកីឡា (ឆ្នាំសិក្សា ២០១៨-២០១៩) បានបង្ហាញថាសិស្សសរុបចំនួន ២១៨,៣៥៧ នាក់ បានចុះឈ្មោះចូលរៀននៅសាលាឯកជនចំនួន ១ ២២២ សាលា នៅទូទាំងប្រទេសចាប់ពីថ្នាក់មត្តេយ្យរហូតដល់ថ្នាក់វិទ្យាល័យ។
លោក សុទ្ធិ បន្ថែមថា៖« សាលាអន្តរជាតិទាំងនោះក៏បានរួមចំណែកតបតាមតម្រូវការរបស់ប្រទេសយើងផងដែរ និងតម្រូវការចង់ចេះចង់ដឹងរបស់កូនខ្មែរ ជាពិសេសសម្រាប់គ្រួសារដែលមានលទ្ធភាព និងជីវភាពធូរធារ»។
«សាលាមួយចំនួនក៏យកកម្មវិធីសិក្សាផ្លូវការរបស់កម្ពុជាទៅអនុវត្តដែរ ដើម្បីរៀបចំឲ្យយុវជនដែលចេញពីសាលាទៅថ្ងៃក្រោយមកធ្វើការនៅក្នុងប្រទេសកម្ពុជាវិញ។ ចំពោះសាលាមួយចំនួនទៀតគាត់ធ្វើយ៉ាងណាបង្រៀនសិស្សដើម្បីតម្រង់ទិសឲ្យពួកគេចូលប្រឡូកទៅក្នុងទីផ្សារអន្តរជាតិដូចជានៅអឺរ៉ុប នៅអាមេរិក ជាដើម»។
ប៉ុន្តែលោកក៏បានលើកឡើងអំពីការរីកដុះដាលយ៉ាងខ្លាំងនៃសាលាអន្តរជាតិទាំងអស់នោះថា វាមានតម្លៃថ្លៃដែលគ្រួសារកម្ពុជាភាគច្រើនគ្មានលទ្ធភាពបង់ ហើយអាទិភាពបង្រៀនជាភាសាខ្មែរមានទាប។
លោកលើកឡើងថា៖ «ចំពោះកូនខ្មែរមួយចំនួនដែលពួកគេទៅរៀននៅសាលាអន្តរជាតិឯកជន ប៉ុន្តែពួកគេអត់ចេះភាសាខ្មែរ ចេះតែភាសាអង់គ្លេស ដូច្នេះបើគាត់អត់ចេះភាសាខ្មែរ វានឹងក្លាយជាឧបសគ្គមួយសម្រាប់គាត់ នៅពេលចូលធ្វើការងារនៅក្នុងសង្គមខ្មែរ»។
លោក សុទ្ធិ បន្ថែមថា៖ «សម្រាប់សាលាអន្តរជាតិឯកជនទាំងនោះគួរតែមានបង្រៀនជាភាសាខ្មែរ យ៉ាងហោចណាស់សម្រាប់កូនសិស្សខ្មែរ។ ពេលខ្លះឪពុកម្តាយចង់ឲ្យកូនរបស់ខ្លួនចេះភាសាអង់គ្លេសខ្លាំងពេក ធ្វើឲ្យពួកគេគ្មានឱកាសរៀនភាសាខ្មែរ។ ពួកគេអាចចេះនិយាយភាសាខ្មែរ ប៉ុន្តែសរសេរអត់ត្រូវ អានអក្សរអត់ដាច់ ថ្ងៃក្រោយវាអាចប៉ះពាល់ដល់អត្តសញ្ញាណរបស់កូន»៕