ក្រោមការប្តេជ្ញាចិត្តចំពោះឧត្តមភាពនៃការអប់រំសាលាអន្តរជាតិ វេសវីយូ កម្ពុជា បានដាក់ឱ្យដំណើរការនៅពាក់កណ្តាលឆ្នាំ ២០១៩ ក្រោមអធិបតីភាពរបស់ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំយុវជន និងកីឡា ហើយបច្ចុប្បន្នបានរីកចម្រើនរហូតដល់ការពង្រីកទៅអគារសិក្សាថ្មីមួយទៀត ដែលនឹងបើកដំណើរការនៅមុនខែសីហាឆ្នាំក្រោយ។
សាលាអន្តរជាតិនេះ និងសាលាអន្តរជាតិ លើននីង ចាំងហ្គល ស្ថិតនៅក្នុងចំណោមសាលាទាំង ២០ ដែលបានទទួលការអនុញ្ញាតដំបូងគេឱ្យបើកដំណើរការឡើងវិញ ក្នុងដំណាក់កាលទី១ នាដើមខែសីហា។ លោក លី វីរៈ ប្រធានក្រុមប្រឹក្សាភិបាលនៃសាលាអន្តរជាតិ វេសវីយូ កម្ពុជា បានមានប្រសាសន៍ថា សាលានេះ បាននាំយកកម្មវិធីសិក្សាដែលមានគុណភាពខ្ពស់ស្តង់ដាសហរដ្ឋអាមេរិក ដើម្បីរៀបចំសិស្សឱ្យក្លាយជាអ្នកដឹកនាំប្រកបដោយការទទួលខុសត្រូវខ្ពស់ និងជាពលរដ្ឋដ៏ជោគជ័យទាំងនៅក្នុងកម្រិតតំបន់ និងពិភពលោក។
«យើងផ្តល់ជូនការអប់រំថ្នាក់មធ្យមសិក្សាដែលមានគុណភាពខ្ពស់ ខណៈ [សាលាសម្រាប់សិស្សតូច] គឺសាលាអន្តរជាតិ លើននីង ចាំងហ្គល ផ្តល់ការអប់រំចាប់ពីថ្នាក់មត្តេយ្យរហូតដល់ថ្នាក់បឋម»។ «សាលាអន្តរជាតិ វេសវីយូ កម្ពុជា មានកម្មវិធីសិក្សាស្របតាមស្តង់ដាអប់រំអន្តរជាតិដ៏ល្បីល្បាញមួយគឺ American Common Core និងកម្មវិធីសិក្សាខ្មែរដែលមានរួមបញ្ចូលមុខវិជា្ជភាសាខ្មែរ ប្រវត្តិសាស្ត្រ ភូមិវិទ្យា និងវប្បធម៌ជាដើម។ រីឯកម្មវិធីសិក្សាបន្ថែមមានដូចជា ព័ត៌មានវិទ្យា ការអប់រំសុខភាព ការអប់រំកាយ សិល្បៈ និងភាសាចិន ដែលជាជម្រើសបន្ថែមផងដែរ»។
លោក វីរៈ ថ្លែងដោយមោទនភាពថា៖ «បេសកកម្មរបស់យើង គឺផ្តល់ការអប់រំដល់យុវជនកម្ពុជាឱ្យមានទំនុកចិត្ត និងសមត្ថភាពកម្រិតសកល ស្របពេលដែលពួកគេប្រកាន់ខ្ជាប់នូវអត្តសញ្ញាណ និងគុណតម្លៃវប្បធម៌របស់ខ្មែរ។
ក្រសួងអប់រំយុវជន និងកីឡា និងឪពុកម្តាយសុទ្ធតែមានទំនុកចិត្តមកលើយើង ពីព្រោះប្រតិបត្តិការរបស់យើងកន្លងមកមានភាពច្បាស់លាស់ និងផ្តោតលើគុណភាពជាចម្បង។ ជាក់ស្តែង ទោះបីជាក្នុងអំឡុងពេលបិទសាលា យើងគឺជាសាលាអន្តរជាតិដំបូងគេដែលបានការទទួលស្គាល់ពីក្រសួងអប់រំ យុវជន និងកីឡា ចំពោះការបង្រៀនតាមអនឡាញប្រកបដោយប្រសិទ្ធភាព។
គ្រូបង្រៀនទាំងជនជាតិបរទេស និងខ្មែរ គឺសុទ្ធតែមានអាជ្ញាប័ណ្ណបង្រៀន លើមុខវិជ្ជាបង្រៀនរបស់ពួកគេយ៉ាងជាក់លាក់។ យើងក៏មានបុគ្គលិកសិក្សាដែលមានលក្ខណសម្បត្តិគ្រប់គ្រាន់ ដែលពួកគាត់មានការលះបង់ និងប្តេជ្ញាចិត្តខ្ពស់ក្នុងការផ្តល់សេវាកម្ម និងការគាំទ្រដល់សិស្សគ្រប់រូប ដើម្បីឱ្យពួកគេសម្រេចបាននូវសក្តានុពលពេញលេញរបស់ពួកគេ»។ លោកក៏បានរៀបរាប់ពីប្រតិបត្តិការរបស់សាលា និងដំណើរការសិក្សានៅក្នុងអំឡុងពេលរីករាលដាលជំងឺកូវីដផងដែរ។
នៅក្នុងពេលផ្អាកដំណើរការសិក្សានៅក្នុងសាលាដំបូង សាលាបានទិញកុំព្យូទ័រថ្មី និងបានដំឡើងបន្ថែមសេវាអ៊ីនធើណិតនៅសាលា និងនៅផ្ទះរបស់បុគ្គលិកបរទេស និងខ្មែរគ្រប់គ្នាក្នុងករណីដែលតម្រូវឱ្យត្រូវធ្វើការពីផ្ទះ។ ការសិក្សាតាមអនឡាញរបស់យើង គឺមានបង្រៀនតាមកម្មវិធី live zoom ប្រមាណ ៤ ទៅ ៥ ដង ក្នុង ១ ថ្ងៃ ហើយក្នុងម្តងមានរយៈពេលយ៉ាងតិច ៤៥ នាទី។
សាលាក៏បានទិញកម្មវិធីសិក្សាតាមអនឡាញថ្មីៗបន្ថែម ដើម្បីលើកកម្ពស់ការសិក្សារបស់សិស្សឱ្យកាន់តែល្អប្រសើរមានដូចជាកម្មវិធីសិក្សាគណិតវិទ្យា វិទ្យាសាស្ត្រ និងកម្មវិធីអាន ដើម្បីអនុញ្ញាតឱ្យសិស្សរៀននូវប្រធានបទទាំងនោះពោរពេញដោយភាពរីករាយ។
យ៉ាងណាមិញ លោកបានបញ្ជាក់បន្ថែមទៀតថា កម្មវិធីសិក្សារបស់សាលាបានរួមបញ្ចូលកម្មវិធីសិក្សាតាមអនឡាញតាំងតែពីមុនពេលជំងឺកូវីដ ១៩ ផ្ទុះឡើងមកម្ល៉េះ ហើយសិស្សានុសិស្សរបស់យើងធ្លាប់បានធ្វើកិច្ចការសាលាតាមកម្មវិធីអនឡាញដែលមានស្រាប់រួចមកហើយ។
នេះ គឺជាមូលដ្ឋានគ្រឹះដែលធ្វើឱ្យការបង្រៀនតាមអនឡាញរបស់យើងទទួលបានជោគជ័យ។ លោក វីរៈ ថ្លែងបន្តថា៖ «លើសពីនេះទៀត អ្វីដែលធ្វើឱ្យយើងពិសេសប្លែកពីសាលាដទៃ គឺយើងមានក្រុមការងារ បុគ្គលិកសិក្សា និងបុគ្គលិកផ្តល់ព័ត៌មានដែលខិតខំបំពេញការងារយ៉ាងខ្លាំងក្លា សូម្បីតែក្រៅម៉ោងធ្វើការធម្មតា។
យើងបានបង្កើត telegram ១ ទល់នឹង ១ ជាមួយនឹងឪពុកម្តាយ និងសិស្សម្នាក់ៗសម្រាប់គាំទ្រពួកគេលើបញ្ហាបច្ចេកទេស ពន្យល់មេរៀន និងលើកទឹកចិត្តបន្ថែមដល់សិស្ស ដើម្បីឱ្យពួកគាត់អាចសម្របខ្លួនទៅនឹងកម្មវិធីសិក្សាថ្មី និងមានភាពឯករាជ្យក្នុងការសិក្សា។ នេះ គឺជាកត្តាជំរុញបន្ថែមដែលធ្វើឱ្យកម្មវិធីសិក្សាតាមអនឡាញរបស់យើងទទួលជោគជ័យផងដែរ»។
ជាចុងក្រោយ លោក វីរៈ បានមានប្រសាសន៍ជារួមថា៖ «គោលបំណងរបស់យើង គឺធ្វើឱ្យសិស្សរបស់យើងឱ្យចេះដោះស្រាយបញ្ហាប្រឈមនៅក្នុងពិភពលោកដែលកំពុងផ្លាស់ប្តូរនាពេលបច្ចុប្បន្ន ខណៈដែលពួកគាត់អាចរក្សាបាននូវគុណតម្លៃវប្បធម៌របស់ខ្លួន និងមានមោទនភាពជាជនជាតិខ្មែរ»៕