ភ្នំពេញ: សហព័ន្ធកីឡាចំបាប់កម្ពុជាបានអញ្ជើញក្រុមចំបាប់មកពីសាកលវិទ្យាល័យអាណាំនៃប្រទេសកូរ៉េខាងត្បូងឲ្យមកជួយពង្រឹងសមត្ថភាព និងបច្ចេកទេសដល់ក្រុមចំបាប់ជម្រើសជាតិកម្ពុជាដោយរំពឹងថា នឹងជួយឲ្យក្រុមចំបាប់កម្ពុជាដណ្តើមបានមេដាយសម្រាប់ការវិលមកកាន់ការប្រកួតកីឡាស៊ីហ្គេមនៅប្រទេសហ្វីលីពីនឆ្នាំ ២០១៩ នេះ។
លោក Casey Barnett អនុប្រធានសហព័ន្ធកីឡាចំបាប់កម្ពុជាបានថ្លែងប្រាប់ នៅក្រោយពិធីសំណេះសំណាល និងបាយជុំគ្នាជាមួយក្រុមចំបាប់កូរ៉េកាលពីថ្ងៃពុធថា យើងបានអញ្ជើញក្រុមចំបាប់មកពីប្រទេសកូរ៉េខាងត្បូងនៃសាកលវិទ្យាល័យហាណាំហើយក្រុមនេះនឹងចូលរួមហ្វឹកហាត់ជាមួយក្រុមកីឡាករ កីឡាការិនីជម្រើសជាតិកម្ពុជារយៈពេល ១ សប្តាហ៍។
ជនជាតិអាមេរិកលោក Casey បានបន្ថែមថា៖ «គោលបំណងនៃការអញ្ជើញក្រុមចំបាប់កូរ៉េឲ្យមកហ្វឹកហាត់ជាមួយក្រុមជម្រើសជាតិចំបាប់កម្ពុជានេះគឺយើងចង់ឲ្យអត្តពលិកចំបាប់របស់យើងទទួលបានបទពិសោធ និងបច្ចេកទេសបន្ថែមពីក្រុមចំបាប់កូរ៉េសម្រាប់ត្រៀមចូលរួមការប្រកួតស៊ីហ្គេម ឆ្នាំ ២០១៩ នៅហ្វីលីពីន ហើយមួយទៀតយើងចង់ផ្តល់បទពិសោធ និងបច្ចេកទេសដល់ក្រុមចំបាប់ថ្នាល់របស់យើងដែលយើងកំពុងបណ្តុះបណ្តាលដល់ពួកគេ ដើម្បីអាចទទួលបានជ័យជម្នះនៅក្នុងការប្រកួតស៊ីហ្គេមឆ្នាំ ២០២៣»។
នាយកវិទ្យាស្ថានខេមអេដលោក Casey បានបញ្ជាក់ថា៖ «នៅក្នុងការហ្វឹកហាត់រួមគ្នានេះអត្តពលិករបស់យើងនឹងធ្វើការប្រកួតដកស្រង់បច្ចេកទេសជាមួយក្រុមចំបាប់កូរ៉េ អ៊ីចឹងវានឹងជួយឲ្យពួកគាត់អាចវាស់ស្ទង់សមត្ថភាពខ្លួនឯងថា យើងស្ថិតនៅចំណុចណាឲ្យប្រាកដ ហើយនេះជាចំណុចដ៏សំខាន់ ព្រោះមុនយើងចូលរួមប្រកួតនៅស៊ីហ្គេមឆ្នាំ ២០១៩ យើងគួរដឹងពីសមត្ថភាពខ្លួនឯងជាមុនសិនដើម្បីយើងមានផែនការច្បាស់លាស់ក្នុងការបង្កើនសមត្ថភាព និងបច្ចេកទេសឲ្យបានរឹងមាំ»។
លោកបានបញ្ជាក់បន្ថែមថា៖ «ក្នុងរយៈពេលប្រហែល ១០ ខែមុនការប្រកួតស៊ីហ្គេមនៅហ្វីលីពីនឈានចូលមកដល់គឺយើងនឹងជំរុញឲ្យអត្តពលិករបស់យើងបង្កើនការហ្វឹកហាត់ឲ្យដល់កម្រិតមួយ ហើយខ្ញុំមានការជឿជាក់ថាក្រុមចំបាប់របស់យើងនឹងដណ្តើមបានមេដាយដើម្បីជាកិត្តិយស និងមុខមាត់ប្រទេសជាតិ»។
ចំណែកលោក ធិន វិចិត្រ អគ្គលេខាធិការសហព័ន្ធកីឡាចំបាប់កម្ពុជាបានប្រាប់ភ្នំពេញ-ប៉ុស្តិ៍កាលពីម្សិលមិញថាប្រតិភូចំបាប់មកពីកូរ៉េនេះមានកីឡាករ ៩ នាក់ និងគ្រូបង្វឹក ១ នាក់ហើយពួកគេបានចូលរួមហ្វឹកហាត់ជាមួយក្រុមចំបាប់កម្ពុជាកាលពីថ្ងៃពុធគឺ ១ ថ្ងៃហាត់តែ ១ ពេលទេដោយមានរយៈពេល ២ ម៉ោង។
លោក ធិន វិចិត្រ បានបញ្ជាក់ថា៖ «ក្រុមចំបាប់កូរ៉េដែលមកនេះមានកម្រិតសមត្ថភាពខ្ពស់ជាងក្រុមជម្រើសជាតិនៅតាមបណ្តាប្រទេសក្នុងតំបន់អាស៊ាន អ៊ីចឹងការហ្វឹកហាត់ជាមួយអ្នកមានកម្រិតខ្ពស់បែបនេះនឹងជួយឲ្យក្រុមចំបាប់របស់យើងទទួលបានបទពិសោធ និងបច្ចេកទេសថ្មីៗបន្ថែមទៀតដើម្បីជួយឲ្យយើងមានបច្ចេកទេសកាន់តែល្អប្រសើរសម្រាប់ត្រៀមការប្រកួតស៊ីហ្គេម ឆ្នាំ ២០១៩ នៅហ្វីលីពីនដែលយើងរំពឹងថាយើងនឹងទទួលបានលទ្ធផលល្អ»៕