ភ្នំពេញៈ ក្រសួង​អប់រំ យុវជន និង​កីឡា​បាន​ទទួល​ស្គាល់​កីឡា​ទំនើប Esports ជា​ផ្លូវការ​ហើយ​ ខណៈ​សហព័ន្ធ​កីឡា​អេឡិចត្រូនិក​កម្ពុជា​មួយ​នេះ​បានចាប់ផ្តើម​ធ្វើ​សកម្មភាព និង​ចេញ​ទៅ​ប្រកួត​នៅលើ​ឆាក​អន្តរជាតិ​តាំងពី​ឆ្នាំ​ ២០១៤ មក​ម្ល៉េះ​។


សហព័ន្ធ​កីឡា​អេឡិចត្រូនិក​កម្ពុជា​ដែល​មាន​លោក ជា ច័ន្ទបរិបូណ៍ រដ្ឋលេខាធិការ​ក្រសួង​ព័ត៌មាន​ជា​ប្រធាន និង​មាន​លោក ជី សីលា ជា​អនុប្រធាន​នោះ​បាន​ប្រឹងប្រែង​ឲ្យ​មាន​សក្តានុពល​ដោយ​ចំណាយ​ថវិកា​ផ្ទាល់ខ្លួន​ក្នុង​សកម្មភាព​មួយរយៈ​កន្លង​មក ហើយ​លទ្ធផល​កីឡា​មួយ​នេះ​ត្រូវបាន​គេ​ឃើញ​ថា កំពុង​រីកចម្រើន​គួរ​ឲ្យ​កត់សម្គាល់​នៅក្នុង​ប្រទេស​កម្ពុជា​ក្នុង​តំបន់ និង​ពិភពលោក​។

ជាមួយ​គ្នា​នេះ​សម្រាប់​ការប្រកួត​ស៊ីហ្គេម​នៅ​ប្រទេស​ហ្វីលីពីន​នា​ឆ្នាំ​ ២០១៩ ​នេះ​ក្រុម Esports ក៏​បាន​ត្រៀមខ្លួន​រួចរាល់​សម្រាប់​ចូលរួម​ប្រកួត​ប្រជែង​ជា​លើកដំបូង​ផងដែរ​។ លោក លន់ សាមឌី មន្ត្រី NOCC និង​ជា​អគ្គលេខាធិការ​សហព័ន្ធ​កីឡា​អេឡិចត្រូនិក​កម្ពុជា​បាន​ថ្លែង​ថា៖ «​ក្រោយ​ពេល​ដែល​ក្រសួង​អប់រំ យុវជន និង​កីឡា ទទួល​ស្គាល់​តាម​សេចក្តី​ប្រកាស​របស់​ក្រសួង​លេខ​ ៥៨៥ ចុះ​ថ្ងៃទី​ ៦ ខែ​ឧសភា ឆ្នាំ​ ២០១៩ ​នេះ​គឺ​ស្រប​ទៅ​នឹង​ភាព​រីកចម្រើន​របស់​Esports សម្រាប់ SEA Games 2019»​។


លោក​ សាមឌី បាន​ប្រាប់​បន្ត​ថា​៖ «​សមាសភាព​កីឡាករ ឬ​ក្រុម​ដែល​ទៅ​ចូលរួម​ការប្រកួត​ស៊ីហ្គេម​ឆ្នាំ​ ២០១៩ នេះ​គឺ​មិន​ទាន់​ប្រកាស​បាន​នៅ​ឡើយ ដោយ​ត្រូវ​រង់ចាំ​ការប្រកួត​ជម្រុះ​ក្នុង​ប្រទេស និង​លទ្ធផល​ប្រកួត​ក្នុង​ព្រឹត្តិការណ៍ Mobile Legends: Bang Bang Southeast Asia Cup 2019 (MSC) នៅ​ហ្វីលីពីន​មួយ​ទៀត​ដែល​គ្រោង​បញ្ចប់​ត្រឹម​ខែ​កញ្ញា ឆ្នាំ​ ២០១៩ គឺ​មុន​នឹង​ស៊ីហ្គេម​នៅ​ខែ​វិច្ឆិកា ខណៈ​ម្ចាស់​ផ្ទះ​ហ្វីលីពីន​ដាក់ Esports ចំនួន​ ៦ ​វិញ្ញាសា ប៉ុន្តែ​យើង​មិន​ទាន់​ដឹងថា Esports កម្ពុជា​នឹង​ជ្រើសរើស​វិញ្ញាសា​ប៉ុន្មាន​ឲ្យ​ចូលរួម​នៅ​ឡើយ​ទេ ព្រោះ​យើង​រង់ចាំ​លទ្ធផល​វគ្គ​ជម្រុះ​ថ្នាក់ជាតិ​»​។


សហព័ន្ធ​កីឡា​អេឡិចត្រូនិក​កម្ពុជា​ត្រូវ​បាន​បង្កើត​ឡើង​ជា​ផ្លូវការ​កាលពី​ចុង​ឆ្នាំ​ ២០១៤ ​ដែល​ទទួលស្គាល់​ដោយ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា (NOCC) ប៉ុន្តែ​សហព័ន្ធ​នេះ​បាន​ធ្វើ​សកម្មភាព​របស់​ខ្លួន និង​រៀបចំ​ការប្រកួត​ជម្រុះ​ថ្នាក់ជាតិ​ជាច្រើន​លើក​ដើម្បី​ស្វែងរក​ក្រុម​មាន​ចំណាត់ថ្នាក់​ល្អ ដើម្បី​មាន​សមត្ថភាព​ទៅ​ចូលរួម​ការប្រកួត​ស៊ីហ្គេម​នៅ​ហ្វីលីពីន​ឆ្នាំ​ ២០១៩ ​នេះ​។


កីឡា Esports ត្រូវ​បាន​អនុញ្ញាត​ឲ្យ​វិស័យ​ឯកជន​ចូលរួម​លើកស្ទួយ និង​ឧបត្ថម្ភ ហើយ​កន្លងមក​មាន​ក្រុមហ៊ុន GENTEC WORK Co., Ltd បាន​ជួយ​រៀបចំ​ការប្រកួត​ដើម្បី​អភិវឌ្ឍ Mobile Legends នេះ​ព្រោះ​វា​ជា​វិញ្ញាសា​ដែល​ត្រូវ​បាន​គណៈកម្មការ​រៀបចំ​ការប្រកួត​ស៊ីហ្គេម​នៅ​ហ្វីលីពីន​បាន​ដាក់​បញ្ចូល​ក្នុង​កម្មវិធី​រួចហើយ​។

លោក សាមឌី បាន​បញ្ជាក់​ថា​៖ «​ទោះបី​យ៉ាង​ណា​ក្រុម​ដែល​ទទួល​បាន​លេខ​ ១ នៅក្នុង​ការប្រកួត​នេះ​ដែល​មាន​គ្នា​ ៥ ​នាក់​នឹង​មាន​ឱកាស​ទៅ​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​ស៊ីហ្គេម​ក្នុង​ឆ្នាំ​ ២០១៩ ​នេះ នៅឯ​ប្រទេស​ហ្វីលីពីន​តំណាង​ឲ្យ​កម្ពុជា​ហើយ​ក្រុម​ផ្សេង​ទៀត​នឹង​ជ្រើស​តាម​លទ្ធផល​ដែល​យើង​ធ្វើ​តេស្ត​»៕