ក្រុង​ប៉េកាំង៖ ប្រធាន​ក្រុម​អ្នក​រៀបចំ​ព្រឹត្តិការណ៍​កីឡា​អូឡាំពិក​រដូវ​រងា ឆ្នាំ ​២០២២ នា​ទីក្រុង​ប៉េកាំង របស់​ប្រទេស ​ចិន បាន​និយាយ​ថា ​ពួក​គេ​កំពុង​តែ​ប្រឈម​​​​ជាមួយ​នឹង​ស្ថានការណ៍​ដ៏​ពិសេស ក្រោយ​​​​​​ពី​មាន​ការ​ពន្យារ​ពេល​សម្រាប់​កីឡា​អូឡាំពិក​រដូវ​ក្តៅ ឆ្នាំ ​២០២០ នៅ​ទីក្រុង​តូក្យូ ប្រទេស​ ​​ជប៉ុន ដែល​មាន​ន័យ​ថា ​វា​មាន​​រយៈពេល​ឃ្លាត​គ្នា​​តិច​ជាង ​៦ ​ខែ រវាង​ការ​ប្រកួត​កីឡា​រដូវ​ក្ដៅ និង​រងា។​


ដូច​គ្រប់​គ្នា​បាន​ដឹង​ហើយ​ថា ​កីឡា​អូឡាំពិក​ ឆ្នាំ ​២០២០ នេះ ក្រុង​តូក្យូ​របស់​ប្រទេស​ ​ជប៉ុន​ ជា​អ្នក​ដេញ​ថ្លៃ​បាន​សិទ្ធិ​ធ្វើ​ជា​ម្ចាស់​ផ្ទះ ហើយ​ដំបូង​ឡើយ​ ត្រៀម​រៀប​​ចំ​ពី​ថ្ងៃ​ទី ​២៤ ខែ​កក្កដា ដល់​ថ្ងៃ​ទី ​៩ ខែ​សីហា ឆ្នាំ ​២០២០ តែ​ត្រូវ​ប្ដូរ​ទៅ​នៅ​ឆ្នាំ ​២០២១ ​​វិញ ដោយសារ​ការ​រាល​ដាល​នៃ​វីរុស​កូរ៉ូណា ​គឺ​ពន្យារ​ពេល ​១ ឆ្នាំ​ពេញ​។

ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ​ ដោយសារ​តែ​ព្រឹត្តិការណ៍​អូឡាំពិក រដូវរងា ក្នុង​ឆ្នាំ ​២០២២ នា​ទីក្រុង​ប៉េកាំង ចាប់​ផ្ដើម​នៅ​ថ្ងៃទី ៤ ខែ ​កុម្ភៈ ឆ្នាំ ​២០២២ គឺ​បាន​ធ្វើ​ឲ្យ​មាន​បញ្ហា​ប្រឈម​ដ៏​កម្រ​​នៃ​ការ​ប្រកួត​ប្រជែង​កីឡា​អូឡាំពិក ​ដែល​កើត​ឡើង​បន្ត​បន្ទាប់​គ្នា​យ៉ាង​កៀក​បំផុត​។ 


តំណាង​ឲ្យ​ក្រុម​មន្ត្រី​អ្នក​រៀបចំ​ព្រឹត្តិការណ៍​អូឡាំពិក ​Beijing- 2022 បាន​ប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន​ Xinhua ថា​៖ ​«​ការ​កំណត់​កាល​បរិច្ឆេទ​ថ្មី ​សម្រាប់​​កីឡា​អូឡាំពិក និង​ប៉ារ៉ាឡាំពិក នា​​ទីក្រុង​តូក្យូ​ ធ្វើ​ឲ្យ​​ពួក​យើង​ ត្រូវ​ប្រឈម​ជាមួយ​នឹង​ស្ថានការណ៍​ពិសេស​មួយ ដោយ​​ការ​ប្រកួត​កីឡា សម្រាប់​រដូវ​ក្ដៅ និង​រងា ត្រូវ​បាន​រៀបចំ​ឡើង​មាន​គម្លាត​ពី​គ្នា​តែ​កន្លះ​ឆ្នាំ​ប៉ុណ្ណោះ​»​។ ​


មន្ត្រី​តំណាង​រូប​នោះ បាន​និយាយ​បន្ត​ថា​៖ ​«​យើង​នឹង​ធ្វើ​ការ​វាយ​តម្លៃ​លម្អិត​ថ្មី​ពី​ការ​កំណត់​កាល​វេលា​ថ្មី​សម្រាប់​ព្រឹត្តិការណ៍​កីឡា ​Tokyo 2020 ថា​តើ​​នឹង​ជះ​ឥទ្ធិពល​បែប​ណា​ខ្លះ​ដល់ Beijing 2022 Games​។ ពេល​នេះ​ យើង​នឹង​​បន្ត​មាន​ទំនាក់ទំនង​យ៉ាង​ជិត​ដិត ​ជាមួយ​គណៈកម្មាធិការ​កីឡា​អូឡាំពិក​អន្តរជាតិ​ ​(IOC) និង​គ្រួសារ​កីឡា​អូឡាំពិក ដើម្បី​ដោះស្រាយ​ស្ថានការណ៍​នេះ​ឲ្យ​បាន​ត្រឹម​ត្រូវ និង​បន្ត​គម្រោង​រៀបចំ​គ្រប់​រូបភាព​ទាំង​អស់​»​។


ប្រទេស​ ចិន​ ដែល​មាន​លេច​ឡើង​​នូវ​​វីរុស​កូរ៉ូណា កាល​ពី​ខែ​ធ្នូ បាន​និយាយ​ថា ការ​រៀបចំ​ត្រៀម​សម្រាប់​​​ឆ្នាំ​ ២០២២ កំពុង​គ្រោង​ បើ​ទោះបី​ជា​មាន​ប្រទេស​​​​ជា​ច្រើន កំពុង​បិទ​ទ្វារ​តាំង​ពី​ខែ​កុម្ភៈមក ក្នុង​គោល​បំណង​បញ្ឈប់​​ការ​រាល​ដាល​នៃ​ជំងឺ​នេះ​ក៏​ដោយ​។ ​ក្រុង​ប៉េកាំង នឹង​ក្លាយ​ជាទី​ក្រុង​ដំបូង​គេ ដែល​ទទួល​បាន​សិទ្ធិ​​រៀបចំ​ព្រឹត្តិការណ៍​កីឡា​អូឡាំពិក ទាំង​រដូវ​ក្ដៅ និង​រងា បន្ទាប់​​​ពី​ធ្លាប់​ធ្វើ​ជា​ម្ចាស់​ផ្ទះ​ម្ដង​ហើយ កាល​ពី​ឆ្នាំ ២០០៨​​៕​ AFP/VN​