ភ្នំពេញ៖ ​សហព័ន្ធ​កីឡា​វាយសី​កម្ពុជា​ បាន​ត្រៀម​រួច​រាល់​នូវ​កីឡាករ​វ័យ​ក្មេង​កម្រិត​ថ្នាល​ជា​ជម្រើស​ជាតិ​ចំនួន ​៤ ​នាក់ ​ដើម្បី​ទៅ​ចូលរួម​​​ការ​ប្រកួត​​អន្តរជាតិ​កម្រិត​ពិភព​លោក​មួយ ​មាន​ឈ្មោះ​ថា​​ Woncheon ​YONEX ​Korea ​junior Open International ​Challenge ​2019 ដែល​នឹង​ត្រូវ​​ធ្វើ​ឡើង​ នៅ​ទីក្រុង ​Miryang City ​នៃ​សាធារណរដ្ឋ​កូរ៉េ​។


លោក​ឧត្តមសេនីយ៍​ទោ ​ជាម​ សុភា​ អគ្គលេខាធិការ​ស្ដីទី​នៃ​សហព័ន្ធ​កីឡា​វាយ​សី​កម្ពុជា​បាន​​ប្រាប់​​ភ្នំពេញ​ប៉ុស្តិ៍​​ថា ​សហព័ន្ធ​បាន​ត្រៀម​កីឡាករ​រួច​រាល់​ តាម​ការ​អញ្ជើញ​របស់​ម្ចាស់​ផ្ទះ ​គឺ​សម្រេច​បញ្ជូន​ប្រតិភូ​គ្រូ​បង្វឹក ​​និង​កីឡាករ​កម្រិត​ថ្នាល​ចំនួន ​៤ ​នាក់​ ដើម្បី​ឲ្យ​ចូលរួម​ការ​ប្រកួត​អន្តរជាតិ​នៅ​កូរ៉េ ដែល​នឹង​ចាប់​ផ្ដើម​ពី​ថ្ងៃទី ២៥ ​ខែ ​តុលា​ ​ដល់​ថ្ងៃទី ២ ​ខែ ​វិច្ឆិកា ​ឆ្នាំ ​២០១៩​។

លោក​ ​ជាម ​សុភា​ បាន​បន្ថែម​​ថា​៖ ​«ព្រឹត្តិការណ៍​អន្តរជាតិ​កម្រិត​នេះ​ កីឡាវាយ​សី​កម្ពុជា​ធ្លាប់​ចូលរួម​បាន​ម្តង​ដែរ​ នៅ​ប្រទេស ​វៀតណាម ​ហើយ​ព្រឹត្តិការណ៍​បើក​ទូលាយ​បែប​នេះ ​​មាន​ច្រើន​ប្រទេស​ណាស់​ចូលរួម​ ​ព្រោះ​លក្ខណៈ​ Open ​​ចំណែក​ប្រភេទ​វិញ្ញាសា​ប្រកួត គឺ​មាន​ការ​​ពេញ​និយម​សម្រាប់​កម្រិត​ថ្នាល​ ដែល​ប្រទេស​នានា​ នៅ​លើ​ពិភព​លោក ​គេ​ចាប់​អារម្មណ៍​​បញ្ជូន​កីឡាករ​របស់​គេ ​ទៅ​ចូលរួម​ច្រើន ដោយសារ​គេ​ចង់​ឲ្យ​កីឡាករ​វ័យ​ក្មេង ទទួល​បាន​នូវ​បទពិសោធ​នៃ​ការ​ប្រកួត​ជា​លក្ខណៈ​អន្តរជាតិ»​។​


តាម​លោក ជាម សុភា បាន​ឲ្យ​ដឹង​ទៀត​ថា សម្រាប់​ការ​ត្រៀម​ចេញ​ទៅ​ប្រកួត​លើក​នេះ ​គឺ​​ភាគី​ម្ចាស់​ផ្ទះកូរ៉េ ជា​អ្នក​រ៉ាប់​រង​លើ​ការ​ស្នាក់នៅ ​ហូប​ចុក​ដល់​ប្រតិភូ​កីឡា​កម្ពុជា​ ចំណែក​​ទិដ្ឋាការ​សំបុត្រ​យន្ដហោះ​ទៅ​មក ​ព្រម​ទាំង​ប្រាក់​ហោប៉ៅ គឺ​គណៈកម្មាធិការ​ជាតិ​រៀបចំ​កីឡា​ស៊ីហ្គេម​ឆ្នាំ ២០២៣​ ហៅ​កាត់​ថា CAMSOC ​ជា​អ្នក​រាប់​រង​។ ​បន្ថែម​ពី​លើ​នេះ​ សំណុំ​ឯកសារ​ផ្លូវ​ច្បាប់​ទៅ​ប្រកួត​បាន​ទទួល​ការ​យល់​ព្រម​ពី​ក្រសួង​អប់រំ ​យុវជន ​និង​កីឡា​។


ចំពោះ​សមាសភាព​ដឹកនាំ​ទៅ​ប្រកួត​​ខាង​មុខ​នេះ គឺ​លោក​ឧត្តមសេនីយ៍​ កែវ​ រស់​ សមាជិក​ប្រតិបត្តិ​របស់​សហព័ន្ធ​កីឡា​វាយ​សី​កម្ពុជា​ ​ជា​ប្រធាន​ប្រតិភូ​ដឹកនាំ​ និង​មាន​លោក​ ព្រំ​ សារ៉ាវុធ ​ជា​គ្រូបង្វឹក ​ចំណែក​​កីឡាករ​ទាំង​ ​៤ ​នាក់​នោះ ​មាន​កីឡាករ ​ភា ​សុថៃ​ អាយុ ​១៧ ​ឆ្នាំ​ កីឡាករ ​វ៉ាត់ ​វណ្ណធុន​ អាយុ ​១៨ ​ឆ្នាំ​ កីឡាករ ​ហេង ​ម៉េងលាភ​ អាយុ ​១៦ ​ឆ្នាំ ​និង​កីឡាករ ​យ៉ាំ​ សំណាង ​អាយុ ​១៤ ​ឆ្នាំ​។​


លោក​ ជាម​ សុភា​ បាន​និយាយ​ថា៖ «​នេះ​ជា​ការ​ប្រកួត​​កម្រិត​ពិភព​លោក​ ដែល​មាន​ការ​ចូលរួម​ច្រើន​ប្រទេស ​ហើយ​ព្រឹត្តិការណ៍​នេះ​មាន​គោល​បំណង​ផ្តល់​ឱកាស​ឲ្យ​​យុវជន ​ឬ​ថ្នាល​ បាន​ប្រកួត​ប្រជែង​គ្នា ​ដើម្បី​​ឆ្ពោះ​ទៅ​រក​កម្រិត​ខ្ពស់​ ហេតុ​នេះ​តប​តាម​ការ​អញ្ជើញ​ និង​ដើម្បី​ពង្រឹង​សមត្ថភាព​កម្រិត​ថ្នាល​របស់​យើង ត្រៀម​​ឆ្ពោះ​ទៅ​ស៊ី​ហ្គេម​ ឆ្នាំ ​២០២៣​ ដែល​កម្ពុជា​ធ្វើ​ម្ចាស់​ផ្ទះ​ គឺ​យើង​ខិតខំ​ជំរុញ និង​ប្រឹងប្រែង​ឲ្យ​អស់​លទ្ធភាព​បាន​ចូលរួម​ខាង​តែ​បាន»​។​

នៅ​ពេល​សួរ​ពី​ការ​ប្តេជ្ញា​ចិត្ត​ និង​ក្តី​​រំពឹង ថា​នឹង​អាច​បាន​​លទ្ធផល​​កម្រិត​ណា​ពី​ការ​ប្រកួត​បើក​ទូលាយ​កម្រិត​ពិភព​លោក​នេះ លោក​បាន​​ឆ្លើយ​តប​ថា​៖ «​ចំពោះ​លទ្ធផល​វិញ​ មិន​ទាន់​ហ៊ាន​ថា ​បាន​កម្រិត​ណា​ទេ​ គឺ​អាស្រ័យ​​លើក​ការ​ចាប់​គូ​ប្រកួត​ជាក់​ស្តែង ​ឬ​រូបមន្ត​ប្រកួត​របស់​កម្មវិធី​គេ​ថា វា​យ៉ាង​ដូច​ម្តេច ​លេង​ប៉ុន្មាន​ប្រកួត​ទើប​អាច​​ឈាន​ទៅ​ដល់​​ផ្តាច់​ព្រ័ត្រ​»​៕​