ក្រុង​លូសាន៖ ការ​ជជែក​គ្នា​​ពី​អនាគត​នៃ​ក្របខ័ណ្ឌ​ Champions League នៅ​តែ​បន្ត​ធ្វើ​កាល​ពី​ថ្ងៃ​ចន្ទ ​និង​អង្គារ ​នៅ​ពេល​​សមាគម​ក្លិប​បាល់​ទាត់​អឺរ៉ុប​ (ECA) បាន​ជួប​ប្រជុំ​គ្នា​នៅ​ទីក្រុង​ហ្ស៊ឺណែវ ​ប្រទេស​ ស្វ៊ីស​ ខណៈ​ថ្នាក់​ដឹកនាំ​បាន​ប្រឈម​មុខ​ដាក់​គ្នា​ជាមួយ​សមាជិក​របស់​ខ្លួន​​។​


សមាគម ECA ដឹកនាំ​ដោយ​ប្រធាន​ក្លិប Juventus លោក Andrea Agnelli បាន​គាំទ្រ​ពេញ​ទំហឹង​ចំពោះ​ការ​ផ្លាស់ប្ដូរ​​ទម្រង់​​ប្រកួត​តាម​ក្លិប​សំខាន់ៗ​​នៅ​តំបន់​អឺរ៉ុប​​ចាប់​ពី​ឆ្នាំ ​២០២៤​ តទៅ​។​​

សំណើ​នេះ​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​សហភាព​នៃ​សមាគម​បាល់​ទាត់​អឺរ៉ុប​ (UEFA) កាល​ពី​ខែ​ឧសភា ​ប៉ុន្តែ​​ព័ត៌មាន​លម្អិត​ទើប​តែ​​លេច​ឮ​នៅ​ពេល​ថ្មីៗ​នេះ​ប៉ុណ្ណោះ​។​​


កំណែ​ទម្រង់​នេះ​​រួម​​មាន​​ការ​បង្កើត​ការ​ប្រកួត​ចុង​សប្ដាហ៍​ ៤ ​ក្រុម​ក្នុង​ចំណោម ​៨ ​ក្រុម​ និង​ប្រព័ន្ធ​ដែល​កាត់​ចេញ​ និង​ចេញ​ផុត​ពី​បាត​តារាង​ដែល​នឹង​ធ្វើ​ឲ្យ​ក្រុម​កំពូល​ទាំង ​៦ ​​អាច​មាន​ឱកាស​ជា​ស្វ័យ​ប្រវត្តិ​សម្រាប់​ការ​ប្រកួត​តាម​ឆ្នាំ​ជា​បន្ត​បន្ទាប់​។​​


សមាគម ECA មាន «​សមាជិក​ជាង​ ២៣០ ​ក្លិប​​» ​នោះ ​​បាន​ប្រឈម​នឹង​ការ​រិះគន់​ពី​សមាជិក​ក្លិប និង​លីក​ជាតិ​​ជា​ច្រើន ​ដែល​នឹង​រងគ្រោះ​ដោយសារ​​កំណែ​ទម្រង់​ថ្មី​​នេះ​។​​


លោក Javier Tebas ប្រធាន​​ក្របខ័ណ្ឌ​ La Liga បាន​និយាយ​ថា៖ «​លីក​ដែល​មាន​ការ​ប្រកួត​ច្រើន​នោះ​បាន​គំរាម​កំហែង​ដល់​លីក​អេស្ប៉ាញ​នេះ​យ៉ាង​ខ្លាំង​»។​​

ក្របខ័ណ្ឌ Premier League ​របស់​​អង់គ្លេស​បាន​ចេញ​របាយការណ៍​និយាយ​ថា៖ «​ការ​ប្រកួត​ក្នុង​ស្រុក​គួរ​តែ​បន្ត​ជា​អាទិភាព​សម្រាប់​ក្លិប​វិជ្ជាជីវៈ​មួយ​ចំនួន»។​​

ក្រុម​ក្លិប​ជំទាស់​បាន​និយាយ​ថា ផែនការ​នេះ​ត្រូវ​បាន​បង្កើត​ឡើង​ដើម្បី​ធានា​​ឲ្យ​មាន​​ប្រាក់​ចំណូល​កាន់​តែ​ច្រើន​សម្រាប់​ក្លិប​ធំៗ​មួយ​ចំនួន​។​​

លោក Wanja Greuel ប្រធាន​ក្លិប Young Boys of Berne ជា​ម្ចាស់​ជើង​ឯក​ប្រទេស ​ស្វ៊ីស ​បាន​និយាយ​ថា៖ «​កំណែ​ទម្រង់​នេះ​នឹង​ធ្វើ​ឲ្យ​ប៉ះពាល់​ជា​ពិសេស​​ដល់​ក្លិប​តូច ​និង​មធ្យម​​តែ​ម្ដង​»។​​

លោក Greuel ​បាន​បន្ថែម​ថា៖ «​វា​នឹង​បំបាត់​ឱកាស​ឡើង​ដល់​កម្រិត​កំពូល​នៃ​ការ​ប្រកួត​អឺរ៉ុប​តាមរយៈ​​លីក​ក្នុង​ស្រុក​ ហើយ​អ្នក​គាំទ្រ​នឹង​បាត់​ទំនុក​ចិត្ត​បន្តិច​ម្ដងៗ​​ទៅ​លើ​​លីក​ក្នុង​ស្រុក​ ហើយ​លីក​ទាំង​នោះ​នឹង​​បាត់បង់​សេដ្ឋកិច្ច​ថែម​ទៀត​»។​

កាល​ពី​ខែ​មុន​ សហភាព​ UEFA បាន​ប្រកាស​ថា ខ្លួន​នឹង​លុប​ចោល​កិច្ច​ប្រជុំ​ជាមួយ​សមាគម​ ECA និង​លីក​អឺរ៉ុប​ដែល​ជា​ស្ថាប័ន​ធំ​មួយ​តំណាង​ឲ្យ​ក្លិប​អឺរ៉ុប​ជាង ​៩០០ ​ក្លិប ​ដែល​គ្រោង​នឹង​ធ្វើ​​នៅ​ថ្ងៃទី ​១១​ ខែ ​កញ្ញា​ នេះ​។​

ប្រធាន​​សហភាព​ UEFA លោក Aleksander Ceferin បាន​និយាយ​ថា គាត់​ចង់​ «​ប្រមូល​មតិ​រិះគន់» ​ពី​ សហព័ន្ធ​សមាជិក​​ទាំង​អស់​។​​

លោក Bernard Caiazzo ប្រធាន​ក្លិប​ Saint Etienne លេង​នៅ​ក្របខ័ណ្ឌ​បារាំង​ Ligue 1 ​ដែល​ជំទាស់​នឹង​ផែនការ​នេះ​បាន​និយាយ​ថា ការ​លុប​ចោល​កិច្ច​ប្រជុំ​នេះ​ «​បាន​បង្ហាញ​ឲ្យ​ឃើញ​ពី​ការ​ជំទាស់​ជា​ខ្លាំង​»។​ ​

លោក Caiazzo បាន​​បញ្ជាក់​​ថា៖ «​នៅ​ពេល​អ្នក​បិទ​​ការ​ប្រកួត​ក្របខ័ណ្ឌ​កំពូល​រហូត​ដល់ ​៩០ ​ភាគរយ​​ អ្នក​​នឹង​សម្លាប់​ក្ដី​សុបិន​សម្រាប់​ក្លិប​មធ្យម​ដែល​ឡើង​ដល់​ការ​ប្រកួត​នេះ​»។

លោក Michele Centenaro អគ្គលេខាធិការ​សមាគម​ ECA បាន​និយាយ​ថា៖ «​យើង​ត្រូវ​ពិចារណា​ចំពោះ​មតិ​រិះគន់​របស់​ក្លិប​ព្រោះ​គេ​ត្រូវ​តែ​ការពារ​លីក​ក្នុង​ស្រុក​ ហើយ​យើង​ត្រូវ​តែ​ព្យាយាម​ផ្ដល់​ពាន​រង្វាន់​អឺរ៉ុប​​ឲ្យ​​​កាន់​តែ​ប្រសើរ​​ជាង​មុន​»។

នាយក​រៀបចំ​ការ​ប្រកួត​របស់​សហភាព​ UEFA ​លោក Giorgio Marchetti បាន​និយាយ​ថា គ្មាន​ការ​រង​សម្ពាធ​​ឲ្យ​ធ្វើ​ការ​​សម្រេច​ចិត្ត​នោះ​​ទេ​ ហើយ​ការ​ពិភាក្សា​នឹង​បន្ត​ធ្វើ​រហូត​ចូល​ដល់​ឆ្នាំ ​២០២០​៕ AFP/SN