ភ្នំពេញ៖ កីឡាករកម្ពុជា មុត ខ្លឹមខ្មៅ និង ថៃ រិទ្ធី សុទ្ធតែប្រើបច្ចេកទេសផ្ទាល់ខ្លួនក្នុងការផ្តួលកីឡាករចិន Lyu Jie និងអ្នកប្រដាល់របស់ស៊ែប៊ី Ahmed Badat ឲ្យសន្លប់ មុនពេលកំណត់ដូចគ្នា ដើម្បីទទួលបានប្រាក់រង្វាន់បន្ថែម នៅក្នុងការប្រកួត Mas Fight នៅលើសង្វៀនថោន ចំណែកជំនួបរវាងម្ចាស់ខ្សែក្រវាត់មកពីអ៊ីតាលី Sabot ជាមួយកីឡាការិនីឆ្នើម អេ យ៉ានុត ព្រមទាំងការប៉ះគ្នារវាង វង្ស វិឆ័យ និងកីឡាករថៃ Lotus SGG បានបញ្ចប់ដោយលទ្ធផលស្មើគ្នាដូចគ្នា។
តាមរយៈការប្រកួតកាលពីយប់ថ្ងៃអាទិត្យនោះ មុត ខ្លឹមខ្មៅ របស់ក្លិបមិត្តប៉ូលិសនៃសមាគមក្រសួងមហាផ្ទៃ បានចំណាយពេលត្រឹមមួយនាទី ក្នុងការផ្តួលចិន Lyu Jie ឲ្យសន្លប់។ ការប្រកាសផ្តល់ប្រាក់រង្វាន់យ៉ាងច្រើន ទៅដល់អ្នកបានផ្តួលដៃគូឲ្យសន្លប់ក្នុងការប្រកួតមានរយៈពេល ៩ នាទី ពេញនោះ បានជំរុញឲ្យ ខ្លឹមខ្មៅ បើកការវាយប្រហារទៅលើ Lyu Jie ភ្លាមៗតែម្តង។
បន្ថែមទៅលើការប្តូរកណ្តាប់ដៃបានយ៉ាងល្អ មុត ខ្លឹមខ្មៅ បានចូលចាប់បុកជង្គង់ ទទួលបានលទ្ធផលល្អ ហើយក្នុងពេលដែលមានប្រៀបផងនោះ ខ្លឹមខ្មៅ បានឆ្មក់វាយកែង ធ្វើឲ្យអាជ្ញាកណ្តាលរាប់ទៅលើ Lyu Jie ចំនួន ៨ ទើបអាចបន្តការប្រកួតបានក្នុងលក្ខណៈលំបាកលំបិន។ ប៉ុន្តែស្របពេលដ៏ល្អនោះ ខ្លឹមខ្មៅ បានបន្ថែមក្បាច់ជង្គង់ និងកែងទៀត ធ្វើឲ្យ Lyu Jie សន្លប់ធំតែម្តង ហើយការផ្តួលគូប្រកួតឲ្យសន្លប់ បានជួយឲ្យ ខ្លឹមខ្មៅ បានប្រាក់រង្វាន់ ៦០០ ដុល្លារទៀត បន្ថែមទៅលើប្រាក់តម្លៃខ្លួន។
ខ្លឹមខ្មៅ ដែលទើបតែឈ្នះខ្សែក្រវាត់ពិភពលោក កាលពីពាក់កណ្តាលខែធ្នូ ឆ្នាំ ២០១៩ នោះ បាននិយាយក្រោយប្រកួតថា៖ «ខ្ញុំរំភើប និងទឹកលុយច្រើន ហើយគិតថា ត្រូវតែវ៉ៃប្តូរ ដើម្បីបានប្រាក់រង្វាន់បន្ថែមលើតម្លៃខ្លួននេះ។ បើសិនខ្ញុំមិនអាចវ៉ៃគេឲ្យសន្លប់លឿនទេនោះ ខ្ញុំគិតថា មានបញ្ហាផ្នែកកម្លាំង មិនអាចទប់ទល់ដល់ ៩ នាទីនោះឡើយ អ៊ីចឹងបើគេមិនសន្លប់ ខ្ញុំអាចជួបការសន្លប់ដូចគ្នា»។
មុត ខ្លឹមខ្មៅ បានបង្ហាញការចាប់អារម្មណ៍ថា៖ «ខ្ញុំចង់វ៉ៃនៅសង្វៀន Mas Fight ព្រោះមានប្រាក់រង្វាន់ច្រើន បន្ថែមលើតម្លៃខ្លួន ហើយក៏មិនលំបាកក្នុងការចាំមើលលទ្ធផលនោះដែរ ដោយសារអត់មានចៅក្រម អ៊ីចឹងល្អម៉្យាងដែរ គឺនិយាយទៅមិនចាំបាច់គិតរឿងខ្សែតូច ឬខ្សែធំនោះឡើយ»។
ចំណែក ថៃ រិទ្ធី បានប្រើកណ្តាប់ដៃវាយផ្ទួនៗទៅលើកីឡាករ Ahmed Badat បណ្តាលឲ្យសន្លប់នៅត្រឹមនាទីទី ១ ដើម្បីទទួលប្រាក់រង្វាន់ជាទីគាប់ចិត្តដូចគ្នា។ ថៃ រិទ្ធី និយាយថា៖ «ខ្ញុំខកខានប្រកួតយូរ ដោយជាប់រវល់ធ្វើគ្រូបង្វឹក ឲ្យក្លិបប្រដាល់មួយ ប៉ុន្តែក្រោយពេលដែលខ្ញុំឈានចូលមកប្រកួតក្នុង Mas Fight នេះ ខ្ញុំពេញចិត្តខ្លាំង ត្រង់ថាមានប្រាក់រង្វាន់ច្រើន និងមានយុត្តិធម៌ ព្រោះអ្នកខ្លាំង គឺឈ្នះ មិនអាចយឹតយោងបក្ខពួកបាននោះឡើយ ពិសេសបើសរុបទាំងតម្លៃខ្លួន គឺមានចំនួនច្រើនជិតខ្ទង់ពាន់ដុល្លារឯណោះ»។
ចំណែកគូជក់ចិត្ត ដែលវ៉ៃបាន ៩ នាទីនោះ ទោះលទ្ធផលស្មើតាមច្បាប់ប្រកួតរបស់ MasFight ដែលគ្មានចៅក្រមដាក់ពិន្ទុ ប៉ុន្តែបានបង្ហាញឲ្យអ្នកទស្សនាឃើញថា វង្ស វិឆ័យ មានប្រៀបខ្លាំងទៅលើកីឡាករថៃ Lotus SGG ប៉ុន្តែមិនអាចធ្វើឲ្យដៃគូសន្លប់បាន និងត្រូវបានបញ្ចប់ដោយស្នូរជួងក្នុងរយៈពេល ៩ នាទី។
ផ្ទុយទៅវិញ កីឡាការិនី អេ យ៉ានុត ទោះបីចាញ់ប្រៀបជើងខ្លាំង ដែលគ្រប់គ្រងខ្សែក្រវាត់ ៦ ស្ថាប័ន មកពីអ៊ីតាលី Sabot នៅចុងទឹក ប៉ុន្តែ យ៉ានុត នៅតែមានជំហរវាយបករហូតចប់ ៩ នាទីពេញ ដើម្បីទទួលបានលទ្ធផលស្មើ ក្រោមការគាំទ្រពីទស្សនិកជនខ្លាំងបំផុត។
លោក ស្រ៊ុន កុសល ប្រធានផ្គូផ្គង និងគ្រប់គ្រងកម្មវិធី Mas Fight បាននិយាយថា គិតត្រឹម ១២ សប្តាហ៍ យើងទទួលបានការគាំទ្រខ្លាំង ហើយយើងកំពុងតែស្វែងរកទីផ្សាររៀបចំការប្រកួតខ្សែក្រវាត់នាចុងសប្តាហ៍មួយទៀត ក្នុងពេលឆាប់ៗខាងមុខ៕