ជ័យជម្នះ​របស់ សារ៉ាក់ និង​ការ​ចាញ់​របស់ យក្សផ្លែ នាំ​ឲ្យ​មាន​មតិ​រិះគន់

Content image - Phnom Penh Post
មាស សារ៉ាក់ បាន​ទប់​ការ​ទាត់​របស់​ថៃ Kev Tab ទាំងមានឈាមស្រោច​មុខ។ ពន្លក

ភ្នំពេញៈ ​កីឡាករ​កម្ពុជា ​មាស ​សារ៉ាក់​ ​របស់​​ក្លិប​អាណាចក្រ​គុន​ខ្មែរ ​បាន​បន្ត​យក​​ឈ្នះ​​កីឡាករ​ថៃ ​Kev Tab ​ក្នុង​លក្ខណៈ​តឹង​តែង ដើម្បី​ទទួល​បាន ​៣ ពិន្ទុ​បន្ថែម ក្នុង​ការ​ប្រកួត​វគ្គ​ជម្រុះ​សន្សំ​ពិន្ទុ​ដណ្តើម​​ខ្សែ​ក្រវាត់​ Khmer Inter Championship ​(KIC) ទម្ងន់ ​៥៧ ​គីឡូក្រាម​ ​នៅ​​សង្វៀន​ One ​TV​។

ប៉ុន្តែ​សម្រាប់​ការ​ប្រកួត​កាល​ពី​ថ្ងៃ​អាទិត្យ​នោះ​ដែរ ​យុគ យក្ស​ផ្លែ ​មក​ពី​ក្លិប​បុរី​រាជសីហ៍​មាន​រិទ្ធ ​បាន​ចាញ់​ពិន្ទុ​កីឡាករ​ថៃ​ Lafan ក្នុង​ជំនួប​ស្វិតស្វាញ​ដូច​គ្នា​។ ទោះបី​ជា​យ៉ាង​ណា ចំពោះ​​លទ្ធផល ​២ គូ​នេះ ធ្វើ​ឲ្យ​យោបល់​រិះគន់​ខុសៗ​គ្នា ​ដោយ​មាន​អ្នក​ខ្លះ​ថា​ មាស​ សារ៉ាក់​ មិន​គួរ​ឈ្នះ ​និង ​យក្ស​ផ្លែ ​មិន​គួរ​ចាញ់​។​

តាមរយៈ​ការ​ប្រកួត ​៥ ​ទឹក​ពេញ​នោះ មាស​ សារ៉ាក់​ រង​របួស​បែក ​១៥ ​ថ្នេរ​តាំង​ពី​ទឹក​ទី​២ ​និង​មាន​ឈាម​ហូរ​ស្រោច​ខ្លួន​ដោយ​កែង​របស់​កីឡាករ​ថៃ ​ប៉ុន្តែ​ទឹក​ចិត្ត​ប្រកួត​របស់​ ​សារ៉ាក់ ​នៅ​តែ​ស៊ូ​បាន​ល្អ​ និង​វាយ​ចេញ​ដោយ​កណ្តាប់​ដៃ​ បាន​ច្រើន ​និង​ធ្វើ​ឲ្យ​ ​Kev Tab ​វង្វេង​ម្តងម្កាល​សឹង​តែ​សន្លប់​។​ ជា​មួយ​គ្នា​នេះ​គ្រូ​ពេទ្យ​ប្រចាំ​សង្វៀន ​​បាន​ជូត​ឈាម​ញឹកញាប់ ​និង​អនុញ្ញាត​ឲ្យ​បន្ត​ការ​ប្រកួត​រហូត​ដល់​ចប់​ទឹក​ទី ​៥​ ហើយ​ជា​លទ្ធផល​ ចៅ​ក្រម​ទាំង ​៥ ​បាន​ផ្តល់​ឲ្យ ​មាស​ សារ៉ាក់​ ឈ្នះ ​៤ ​ទល់​នឹង ​១​ ខណៈ​ដែល​ភាគី​ថៃ​ឡាំប៉ា​ខ្លាំង និង​​តវ៉ា​ក្រៅ​ផ្លូវ​ការ​។​

ជុំវិញ​បញ្ហា​នេះ លោក​ ចាន់ ​សុទ្ធ ​ប្រធាន​វិនិច្ឆ័យ​ បាន​ពន្យល់​ថា​៖ «​កីឡាករ​ថៃ​មាន​ចំណុច​ចាញ់​ គឺ​វាយ​ដក​ថយ​ទប់ទល់​ ហើយ​ចំណុច​ឈ្នះ​របស់​ មាស​ សារ៉ាក់​ មាន​ភាព​ក្លាហាន​ចូល​វាយ​សម្រុក​ស័ក្តិសម​ជា​គូ​ខ្សែ​ក្រវាត់​ និង​ចេញ​ដោយ​ស្នៀត​កណ្តាប់​ដៃ​បាន​ច្រើន​ និង​ចំ​គោលដៅ​ល្អ​។​ កីឡាករ​​ថៃ ​មាន​ប្រៀប​បាន​តែ​មួយ​កែង​ឲ្យ​បែក​ឈាម​ប៉ុណ្ណោះ​ ​ក្រៅ​ពី​នេះ​វាយ​ថយ​ពេក ​គឺ​ចាញ់​ប្រៀប​ ​មាស ​សារ៉ាក់​ តែ​ម្តង»​។​

លោក​បាន​ហៅ​ចៅក្រម ​ដែល​ផ្តល់​ពិន្ទុ​នោះ​ត្រឹមត្រូវ​ ទទួល​យក​បាន​តាម​បច្ចេកទេស​ហើយ​ការ​លើក​ឡើង​របស់​អ្នក​ទស្សនា​ គឺ​បង្ហាញ​ពី​ទស្សនៈ​គាំទ្រ​និយម​ចូលចិត្ត​ មិន​មែន​លក្ខណៈ​តាម​បច្ចេកទេស​ ដែល​យើង​រៀន​សូត្រ​តាម​ច្បាប់​ទេ ​ប៉ុន្តែ​គឺ​ជា​ការ​មើល​ឃើញ​របស់​គាត់​ ក្នុង​នាម​មហាជន ​ដែល​គាត់​មាន​សិទ្ធិ​រិះគន់​ឲ្យ​យោបល់​ តែ​​គ្មាន​សិទ្ធិ​ដាក់​ពិន្ទុ​នោះ​ឡើយ​​។

ចំណែក​អ្នក​លេង​កណ្តាប់​ដៃ ​យុគ យក្សផ្លែ ​វ៉ៃ​បាន​ល្អ​ ប៉ុន្តែ​នៅ​តែ​ចាញ់​ប្រៀប​កីឡាករ​ថៃ​ ​Lafan ​ដោយ​ស្នៀត​ទាត់​។ ​ទោះ​ជា​យ៉ាង​ណា​ជំនួប​តានតឹង​ចំនួន ​៥ ទឹក​ ​​​Lafan ​ទទួល​រង​នូវ​កណ្តាប់​ដៃ​ពី​ យក្សផ្លែ ​សឹង​តែ​វង្វេង​ម្តងៗ​។​

ជាមួយ​​គ្នា​នោះ​ កណ្តាប់​ដៃ​ផ្ទួនៗ ​និង​វាយ ​៣ ​កែង​បន្ថែម​ក្នុង​ទឹក​ទី ​៣​ ដែល​ធ្វើ​ឲ្យ​ Lafan ​សឹង​តែ​អស់​ឱកាស​តដៃ​នោះ ​លោក​អាជ្ញា​កណ្តាល​ សួន​ ប៊ុនសូត្រ​ មិន​ចាប់​រាប់​ ធ្វើ​ឲ្យ ​យក្សផ្លែ​ បាត់​ឱកាស​ឈ្នះ​។

ក្រោយ​ពេល​ Lafan ​ស្តារ​ស្ថានការណ៍​បាន​វិញ ​គឺ​មាន​ប្រៀប​ផ្នែក​ទាត់​បាន​ច្រើន​ ទៅ​លើ​ យក្សផ្លែ​ និង​បាន​​ឈ្នះ​ ជា​ឯកច្ឆន្ទ​ ៥​-០​។ ប៉ុន្តែ​​អ្នក​ទស្សនា​ភាគ​ច្រើន​លាន់​មាត់​ថា​ យក្សផ្លែ​ គួរ​តែ​ឈ្នះ​ ហើយ​ យក្សផ្លែ​ ទទួល​រង​ការ​ចាញ់​ប្រផិត​ប្រផើយ​តាំង​ពី​លើក​ដំបូង​ម្ល៉េះ ​គឺ​ដូច​ជា​មិន​យុត្តិធម៌​។ ​យក្សផ្លែ​ និយាយ​ថា​៖ «ខ្ញុំ​ប្រឹង​អស់​ពី​សមត្ថភាព ​ប៉ុន្តែ​បញ្ហា​ចាញ់​នេះ​មិន​ដឹង​ថា​ យ៉ាង​ម៉េច ​បើ​ចៅ​ក្រម​ឲ្យ​អ៊ីចឹង​នោះ ​ខ្ញុំ​មិន​ហ៊ាន​តវ៉ា​ទេ​»។​

យោង​តាម​លទ្ធផល​ប្រកួត​នេះ បាន​ធ្វើ​ឲ្យ​ មាស សារ៉ាក់ មាន ​៩ ពិន្ទុ​ពេញ ស្មើ​ជាមួយ អេលីត​ ចំរើន​ និង ម៉ន ​សាម៉េត​ ប៉ុន្តែ​បើ​គិត​តាម​នាទី​ផ្តួល​ដៃ​គូ​ឲ្យ​​សន្លប់​គឺ អេលីត​ ចំរើន ឈរ​នៅ​កំពូល លេខ ​១ តាម​ពី​ក្រោយ​ដោយ សាម៉េត​ និង ​សារ៉ាក់ ​ហើយ​ពួក​គេ​នៅ​រង់ចាំ​ការ​ប្រកួត​លើក​ទី ​៤ ​ចុង​ក្រោយ ​ដើម្បី​រក​អ្នក​មាន​ប្រៀប ​២ នាក់ ឡើង​ទៅ​វគ្គ​បន្ត។​

ចំណែក​​ពូល​ថៃ​វិញ ​មាន​តែ ​៣ ​នាក់​ ដែល​ឆ្លង​កាត់ ​៣ ​ប្រកួត​ ឈ្នះ​បាន ​​១​ និង​​មាន ​៤ ​ពិន្ទុ​ស្មើ​គ្នា​ អ៊ីចឹង​មិន​ទាន់​រក​អ្នកមាន​ប្រៀប​ឡើង​ទៅ​វគ្គ​បន្ត​ដូច​គ្នា៕