ភ្នំពេញ៖ ​ក្រុម​មិន​ទាន់​ស្គាល់​ការ​ចាញ់​ដូច​គ្នា គឺ​ណាហ្គាវើល និង​ភ្នំពេញ​ក្រោន នឹង​ត្រូវ​វិល​មក​ជួប​គ្នា​នៅ​ថ្ងៃ​អាទិត្យ ហើយ​នេះ​ជា​ការ​ប្រកួត​ដ៏​ធំ​ប្រចាំ​សប្តាហ៍ទី​៧ ​នេះ​ ចំណែក​​លោក សុក វាសនា នឹង​​ដឹកនាំ​ក្រុម​អាស៊ីអឺរ៉ុប ទៅ​ជួប​ក្រុម​កំពុង​ឈរ​នៅ​លើ​កំពូល​តារាង ព្រះខ័នរាជស្វាយ​រៀង នៅ​ថ្ងៃ​សៅរ៍ ទាំង​មាន​ទុក្ខ​ជាប់​ខ្លួន។


នៅ​ក្នុង​ការ​ប្រកួត​ដ៏​សំខាន់ ជាមួយ​ក្រុម​ទើប​ធ្លាក់​មក​ឈរ​នៅ​លេខ ​២ ភ្នំពេញ​ក្រោន លើក​នេះ ណាហ្គាវើល បាន​ជួប​​ក្តី​កង្វល់​ផង​ដែរ ខណៈ​កីឡាករ​ជម្រើស​ដំបូង​រហូត​ដល់​ទៅ ​៣ ​នាក់ សុទ្ធ​តែ​មិន​អាច​​ជួយ​ក្រុម​បាន​នោះ ​​ក្នុង​នោះ​ខ្សែ​ប្រយុទ្ធ​ជប៉ុន Naruse Yuta នៅ​មាន​របួស​ជាប់​ខ្លួន ឯ​ខ្សែ​ប្រយុទ្ធ វ៉ា ខ្វីនទីន ដែល​ទើប​ចាកចេញ​ពី​ភ្នំពេញ​ក្រោន នៅ​ឈឺ​ត្រគាក ចំណែក​ខ្សែ​ការពារ​កណ្តាល រៀម ស៊ឹង មាន​របួស​ពេល​ហ្វឹកហាត់ ដេរ​អស់ ៥ ថ្នេរ។

លោក មាស ចាន់ណា គ្រូ​បង្វឹក​ក្រុម​ណាហ្គាវើល​បាន​ប្រាប់​ថា៖ ​«ការ​ត្រៀម​លើក​នេះ អាច​ពិបាក​បន្តិច ព្រោះ​កីឡាករ​របស់​ខ្ញុំ​ឈឺ ៣ ​នាក់ ហើយ​​យើង​ក៏​មាន​កីឡាករ​ជំនួស ដែល​មាន​កម្រិត​លេង​ប្រហាក់​​ប្រហែល​​ដែរ។ មួយ​វិញ​ទៀត យើង​មាន​តែម​ក្រោម​គេ​ដែរ ដោយសារ​យើង​មាន​កីឡាករ​បរទេស​តែ ​៤ នាក់​ទេ ហើយ​ដល់​ពេល​ឈឺ ​១ យើង​នៅ​សល់​តែ ​៣ នាក់​ទេ លេង​លើ​ទីលាន»។


គ្រូ​បង្វឹក​រូប​នេះ បាន​បន្ថែម​ថា៖ ​«បើ​សិន​ជា​ខ្ញុំ​អត់​មាន​បាត់បង់​កីឡាករ​ទេ​នោះ ខ្ញុំ​អត់​តាន​តឹង​ទេ ប៉ុន្តែ​ដល់​ពេល​បាត់​កម្លាំង​សំខាន់​ដល់​តែ ​៣ នាក់​បែប​នេះ វា​អាច​នឹង​មាន​ការ​តានតឹង​ដែរ។ ​ចំណែក​ការ​លេង​របស់​ភ្នំពេញ​ក្រោន នៅ​រដូវកាល​នេះ មាន​ការ​ប្លែក​ដែរ ព្រោះ​ពី​មុន​គាត់​ចុះ​ទៅ​ការពារ ដើម្បី​វាយ​បក តែ​ពេល​នេះ​គាត់​ចាប់​លេង​ពី​លើ​​មក​វិញ គឺ​​​លេង​ប្រយុទ្ធ​ច្រើន អ៊ីចឹង​ការ​លេង​របស់​យើង​ អាច​នឹង​មាន​ការ​ប្រែប្រួល​ ទៅ​តាម​ស្ថានភាព​ជាក់​ស្តែង»។


ចំណែក​លោក ស៊ុំ វណ្ណា គ្រូ​បង្គោល​ក្រុម​ភ្នំពេញ​ក្រោន មិន​អាច​សុំ​ការ​ពន្យល់​ពី​ការ​រៀបចំ​ក្រុម ដើម្បី​ត្រៀម​ជួប​ណាហ្គា​វើល លើក​នេះ​បាន​ទេ ដោយ​លោក​បាន​ប្រាប់​ថា លោក​ជាប់​រវល់។ យ៉ាង​ណា​ក៏​ដោយ ក្រុម​ភ្នំពេញ​ក្រោន ដែល​ទើប​ធ្លាក់​ពី​កំពូល​តារាង មក​ឈរ​នៅលេខ ​២ មាន ​១៤ ​ពិន្ទុ ក្រោយ​ស្មើ ២-២​​ ជាមួយ​ក្រុម​វិសាខា កាល​ពី​សប្តាហ៍​មុន​នោះ ត្រូវ​ការ​ឈ្នះ​ខ្លាំង​បំផុត។


បើ​សិន​ជា ភ្នំពេញ​ក្រោន ចាញ់​ក្រុម​ណាហ្គាវើល លើក​នេះ គឺ​ពួក​គេ អាច​នឹង​ធ្លាក់​ទៅ​ឈរ​នៅ​លេខ ​៤ ជា​បន្ត​ទៀត ព្រោះ​មិនមែន​តែ ណាហ្គាវើល ទេ ដែល​មាន ​១១ ពិន្ទុ ប៉ុន្តែ​ក្រុម​កំពុង​ឈរ​នៅ​លេខ ​៣ បឹងកេត ក៏​មាន ​១១ ពិន្ទុ​ដែរ ហើយ​លើក​នេះ បឹងកេត ក៏​មាន​ភាគរយ​ខ្ពស់​ក្នុង​ការ​ឈ្នះ ​៣ ពិន្ទុ ពី​ក្រុម​គិរីវង់​សុខសែនជ័យ ផង​ដែរ។

ដោយ​ឡែក លោក សុក វាសនា ដែល​មាន​ទុក្ខ​ក្រៀម​ក្រំ ​ព្រោះ​ជីដូន​លោក​ឈ្មោះ លឹម ហៀង បាន​ទទួល​អនិច្ចកម្ម​ដោយ​រោគា​ពាធ ក្នុង​អាយុ ​៩៣ ​ឆ្នាំ ហើយ​បាន​បូជា​កាល​ពី​ម្សិលមិញ​នោះ នឹង​ត្រូវ​ដឹកនាំ​ក្រុម​អាស៊ីអឺរ៉ុប ទៅ​ជួប​ក្រុម​ម្ចាស់​ជើងឯក ​ស្វាយរៀង ខណៈ​ការ​ប្រកួត​នេះ ស្វាយរៀង មាន​ការ​ជឿ​ជាក់​ខ្លាំង ក្នុង​ការ​ឈ្នះ ​៣ ពិន្ទុ ដើម្បី​ការពារ​ទីតាំង​លេខ ​១ ដែល​ពួក​គេ ទើប​ដណ្តើម​មក​វិញ​ពី​ក្រុម​ភ្នំពេញ​ក្រោន។

លោក ជូ សារឿន គ្រូ​ជំនួយ​ក្រុម​ស្វាយរៀង​បាន​ប្រាប់​ថា៖​ «ទិសដៅ​សំខាន់​របស់​យើង គឺ​ត្រូវ​ខំ​ប្រឹង​ដណ្តើម​ឲ្យ​បាន ​៣ ពិន្ទុ ពី​ក្រុម​អាស៊ី​អឺរ៉ុប ហើយ​ខ្ញុំ​គិតថា យើង​ដូចជា​មិន​ពិបាក​ក្នុង​ការ​សម្រេច​ទិសដៅ​នេះ​ទេ ព្រោះ​ក្រុម​អាស៊ី​អឺរ៉ុប ក៏​មិន​ទាន់​ស្ថិត​នៅ​ក្នុង​ក្រុម​លំដាប់ ដែល​យើង​គិត​ថា លំបាក​នោះ​ទេ ប៉ុន្តែ​យើង​ក៏​មិន​មើល​ស្រាល​ទៅ​លើ​គូ​ប្រកួត​បាន​នោះ​ទេ គឺ​យើង​ត្រូវ​លេង​ដោយ​​​ប្រុងប្រយ័ត្ន»៕

កម្មវិធី​ប្រកួត​នៅ​ថ្ងៃសៅរ៍

-អង្គរថាយហ្គឺរ v យុវជន​បាល់ទាត់​បាទី កីឡ.​អេសអយូ ៣:៣០

-ទ័ព v នគរបាលជាតិ កីឡដ្ឋាន​ស្តាតចាស់ ៦:០០

-ស្វាយរៀង v អាស៊ីអឺរ៉ុប កីឡ.ខេត្ត​ស្វាយរៀង ៦:០០

៣ ​ប្រកួត នៅ​ថ្ងៃ​អាទិត្យ

-គិរីវង់ v បឹងកេត នៅកីឡដ្ឋាន​គិរីវង់សុខសែនជ័យ ៣:៣០

-វិសាខា v អគ្គិសនី​កម្ពុជា កីឡដ្ឋាន​ព្រីសន៍ ៦:០០

-ណាហ្គាវើល v ភ្នំពេញ​ក្រោន កីឡដ្ឋានស្តាតចាស់ ៦:០០