ភ្នំពេញ៖ ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា (NOCC) ក្រសួង​ទេសចរណ៍ អាជ្ញាធរ​ស្រុក​អន្លង់វែង ខេត្ត​ឧត្តរមានជ័យ​ និង​ភាគី​ពាក់ព័ន្ធ​មួយ​ចំនួន​ទៀត បាន​ឯកភាព​គ្នា​ក្នុង​ការ​ពង្រីក​ព្រឹត្តិការណ៍​ថ្មើរ​ជើង​ប្រវត្តិសាស្រ្ត​នៅ​អន្លង់វែង​លើក​ទី ​២ ឆ្នាំ ​២០២០ កាន់​តែ​ធំ ដោយ​​​បាន​​បញ្ជូល​ឲ្យ​មាន​ការ​​ប្រកួត និង​សម្តែង នៅ​លើ​ប្រភេទ​កីឡា​មួយ​ចំនួន​ទៀត ហើយ​ពេល​វេលា​នៃ​ការ​រៀបចំ​ក៏​ត្រូវ​បាន​បន្ថែម​លើស​មុន​ផង​ដែរ។​


សម្រាប់​ព្រឹត្តិការណ៍​ថ្មើរ​ជើង​ប្រវត្តិសាស្រ្ត​លើក​ទី ​១ កាល​ពី​ឆ្នាំ ​២០១៩ ដែល​ត្រូវ​បាន​ធ្វើ​ឡើង​នៅ​អន្លង់វែង ខេត្ត​ឧត្តរមានជ័យ​​ដែរ​នោះ គឺ​មាន​ត្រឹម​ការ​រត់​ប្រណាំង​កម្សាន្ត​ចម្ងាយ ​៤ ​គីឡូម៉ែត្រ និង​ការ​នាំ​គ្នា​ដើរ​ពី​ច្រក​ជាំសាងាំ ឆ្ពោះ​ទៅ​កាន់​កំពូល​ភ្នំ​ដង​រែក ដែល​ជា​តំបន់​តស៊ូ​ចុង​ក្រោយ​នៃ​របប​ខ្មែរ​ក្រហម ប៉ុន្តែ​​ព្រឹត្តិការណ៍​លើក​មុន​នោះ ​បាន​ធ្វើ​ត្រឹម ​១ ​ព្រឹក​ប៉ុណ្ណោះ។

ទោះបី​ជា​យ៉ាង​ណា សម្រាប់​ព្រឹត្តិការណ៍​​ថ្មើរ​ជើង​ប្រវត្តិសាស្រ្ត​លើក​ទី ​២ ឆ្នាំ ​២០២០ ​នេះ គឺ​បាន​ពង្រីក​ការ​ប្រកួត​កាន់​តែ​ធំ ដោយ​ក្នុង​នោះ ភាគី​ពាក់ព័ន្ធ​ទាំង​អស់​បាន​ឯកភាព​គ្នា​រក្សា​ឲ្យ​មាន​ការ​រត់​ប្រណាំង​កម្សាន្ត​នៅ​ដដែល ហើយ​បាន​បន្ថែម​ឲ្យ​មាន​ការ​ប្រកួត​​ប្រដាល់​មិត្តភាព​ខ្មែរ-ថៃ ជិះ​កង់​កម្សាន្ត ប្រកួត​ចំបាប់​បុរាណ​ខ្មែរ ប្រណាំង​ទូក សម្តែង​ល្បុក្កតោ និង​មាន​​ការ​រៀបចំ​ឲ្យ​មាន​ការ​​ប្រគំ​តន្រ្តី​ផង​ដែរ ហើយ​ព្រឹត្តិការណ៍​នេះ គ្រោង​ធ្វើ​ចំនួន ​៣ ​ថ្ងៃ ដោយ​ចាប់​ផ្តើម​ពី​ថ្ងៃទី ​៧ ដល់​ទី ​៩ ខែ​កុម្ភៈ ខាង​មុខ​នេះ។


នៅ​ក្នុង​កិច្ច​ប្រជុំ ស្តីពី​ការ​ត្រៀម​រៀបចំ​ព្រឹត្តិការណ៍​ថ្មើរ​ជើង​ប្រវត្តិសាស្រ្ត​លើក​ទី ​២ ​នេះ នៅ​ស្រុក​អន្លង់វែង កាល​ពី​ថ្ងៃ​ចន្ទ លោក វ៉ាត់ ចំរើន រដ្ឋលេខាធិការ​ក្រសួង​ទេសចរណ៍ និង​ជា​អគ្គលេខាធិការ NOCC បាន​ថ្លែង​ថា ដើម្បី​បង្កើន​ការ​អភិវឌ្ឍ​បន្ថែម​នៅ​ស្រុក​អន្លង់វែង ក្រសួង​ទេសចរណ៍ អាជ្ញាធរ​ខេត្ត​ឧត្តរមានជ័យ និង ​NOCC បាន​សហការ​គ្នា ដោយ​មាន​ភាគី​ថៃ​​ចូលរួម​ផង​ដែរ គឺ​យើង​​នឹង​រៀបចំ​​ព្រឹត្តិការណ៍​កីឡា​ទេសចរណ៍ នៅ​តំបន់​តស៊ូ​ចុង​ក្រោយ​នៃ​របប​ខ្មែរ​ក្រហម​មួយ​នេះ ឲ្យ​កាន់​តែ​ធំ និង​មាន​ការ​ទាក់ទាញ​​កាន់​តែ​ខ្លាំង។


លោក​បាន​បន្ថែម​ថា៖ ​«សម្រាប់​ព្រឹត្តិការណ៍​ថ្មើរ​ជើង​ប្រវត្តិសាស្រ្ត​លើក​ទី ​១ នៅ​ខេត្ត​ឧត្តរមានជ័យ​នេះ កាល​ពី​ឆ្នាំ​មុន គឺ​មាន​លក្ខណៈ​តូច​ចង្អៀត ដែល​ជា​ការ​ចាប់​ផ្តើម​ដំបូង ប៉ុន្តែ​ឆ្នាំ​ទី ​២ ​នេះ យើង​នឹង​ធ្វើ​ឲ្យ​កាន់​តែ​ធំ និង​មាន​ការ​ទាក់ទាញ ដើម្បី​​ឲ្យ​មាន​អ្នក​ចូលរួម​កាន់​តែ​ច្រើន ហើយ​លើក​នេះ ​ការ​រៀបចំ​របស់​យើង​មាន​​ពេល​វែង​ជាង​មុន ចំណែក​​សកម្មភាព​ប្រកួត​កីឡា​ក៏​មាន​​ច្រើន​ជាង​មុន​ដែរ»។


បើ​តាម​​ការ​គ្រោង​ទុក​ គឺ​ព្រឹត្តិការណ៍​ថ្មើរ​ជើង​ប្រវត្តិសាស្រ្ត​លើក​ទី ​២ ​នេះ នឹង​​មាន​អ្នក​រត់​ចូលរួម​​ប្រមាណ ​១ ៥០០ ​នាក់ ក្នុង​នោះ​អ្នក​រត់​មក​ពី​ប្រទេស ​ថៃ ​មាន ​៧៥០ ​នាក់។ ចំណែក​ការ​ជិះ​កង់​កម្សាន្ត​ចម្ងាយ ​១០ ​គីឡូម៉ែត្រ ​អាច​មាន​អ្នក​ចូលរួម​ចន្លោះ​ពី ​៧០០ ទៅ ​៨០០ ​នាក់ ក្នុង​នោះ​អ្នក​ជិះ​កង់​មក​ពី​ថៃ​ប្រមាណ ​៣០០ ​នាក់​ដែរ ប៉ុន្តែ​​ការ​ប្រកួត​ចំបាប់​បុរាណ​ខ្មែរ ប្រណាំង​ទូក សម្តែង​ល្បុក្កតោ នៅ​មិន​ទាន់​បាន​កំណត់​អ្នក​ចូលរួម​លេង​នៅ​ឡើយ​ទេ ចំណែក​ការ​ប្រកួត​​ប្រដាល់​មិត្តភាព​ខ្មែរ-ថៃ ក៏​នៅ​មិន​ទាន់​បង្ហាញ​ពី​សមាសភាព​កីឡា ដែល​ត្រូវ​ចូលរួម​ប្រកួត​នោះ​ដែរ។

លោក វ៉ាត់ ចំរើន បាន​បន្ថែម​ទៀត​ថា៖​ «យើង​នឹង​រៀបចំ​ព្រឹត្តិការណ៍​ឆ្នាំ​នេះ​ធំ​ជាង​ឆ្នាំ​មុន ដោយ​យើង​នឹង​​អំពាវនាវ​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​ជាតិ និង​អន្តរជាតិ ជា​ពិសេស​គឺ​យើង​នឹង​បញ្រ្ជាប​ការ​ផ្សព្វផ្សាយ​ទៅ​តាម​ស្ថានទូត​នានា តាមរយៈ​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា ដើម្បី​ទទួល​បាន​ការ​គាំទ្រ និង​ការ​ចូលរួម​ផង​ដែរ»។

លោក វ៉ាត់ ចំរើន បាន​បញ្ជាក់​ថា៖​ «ព្រឹត្តិការណ៍​ថ្មើរ​ជើង​ប្រវត្តិសាស្រ្ត​លើក​នេះ យើង​នឹង​ធ្វើ​ចំនួន​ ​៣ ​ថ្ងៃ ព្រោះ​ព្រឹត្តិការណ៍​នេះ​មាន​ការ​គាំទ្រ និង​ចូលរួម​កាន់​តែ​ច្រើន​ជាពិសេស យើង​ចង់​ធ្វើ​ឲ្យ​ព្រឹត្តិការណ៍​នេះ ​មាន​ភាព​ប្លែក និង​កាន់​តែ​អស្ចារ្យ។ ​ជាមួយ​គ្នា​នេះ ក្រៅ​ពី​ការ​ឧបត្ថម្ភ​គាំទ្រ​ពី​ក្រសួង​ទេសចរណ៍ និង​អាជ្ញាធរ​ខេត្ត​ឧត្តរមានជ័យ ដែល​ជា​ម្ចាស់​ផ្ទះ​យើង​ក៏​ស្វែងរក​ដៃ​គូ​ឧបត្ថម្ភ​គាំទ្រ​បន្ថែម តាមរយៈ​ការ​រៀបចំ​ទីតាំង​លក់​ដូ​ផលិតផល​ការ​រៀបចំ​សិល្បៈ​កម្សាន្ត​ជា​ដើម ហើយ​នៅ​ថ្ងៃ​ចុង​ក្រោយ យើង​នឹង​មាន​ការ​បាញ់​កាំជ្រួច​ ដើម្បី​អបអរ​ទិវា​នេះ​ឲ្យ​កាន់​តែ​មាន​ភាព​គគ្រឹកគគ្រេង​ផង​ដែរ»។

បន្ថែម​លើ​នេះ លោក វ៉ាត់ ចំរើន បាន​អះអាង​ថា តាម​គោលដៅ​របស់​គណៈកម្មការ​ នឹង​ពង្រីក​ព្រឹត្តិការណ៍​នេះ​ឲ្យ​កាន់​តែ​ធំ​ឡើង​បន្ថែម​ទៀត នា​ឆ្នាំ​បន្ត​បន្ទាប់ ដោយ​គ្រោង​នឹង​ពង្រីក​វិញ្ញាសា ​ថ្មើរ​ជើង​ប្រវត្តិសាស្រ្ត​នេះ​ពី​ ៤ ​គីឡូម៉ែត្រ ទៅ​​ ១០ ​គីឡូម៉ែត្រ ឬ​ពាក់​កណ្តាល​ម៉ារ៉ាតុង ២១ គីឡូម៉ែត្រ ហើយ​​នៅ​ក្នុង​ស្រុក​អន្លង់វែង​ខេត្ត​ឧត្តរមានជ័យ​នេះ​ ក៏​មាន​តំបន់​ទាក់ទាញ​ជាច្រើន ដែល​អាច​រៀបចំ​ទិវា​រត់​ចម្ងាយ​ឆ្ងាយ​ ១២៨ ​គីឡូម៉ែត្រ (Ultra Trail) ជា​លក្ខណៈ​ផ្សង​ព្រេង​ពី​ខាង​ក្រោម​មក​ដល់​លើ​កំពូល​ភ្នំ​ដង​រែក​ផង​ដែរ៕