ភ្នំពេញ: ការប្រកួត​វិលជុំ​សន្សំ​ពិន្ទុ​ខ្សែក្រវាត់​ខារ៉ាបាវ​ទម្ងន់​ ៥៧ ​គីឡូក្រាម​សង្វៀន​អាស៊ីអាគ្នេយ៍​នា​រសៀល​ថ្ងៃ​សៅរ៍ ទី​ ១៩ ខែ​មករា ឆ្នាំ​ ២០១៩ នឹង​តម្រូវ​ទៅលើ​កីឡាករ​វ័យក្មេង​កម្ពុជា​ ២ ​នាក់​រួមមាន លាភ រដ្ឋា មកពី​ក្លិប​ដីឡូត៍​មានរិទ្ធ​ខេត្ត​បន្ទាយមានជ័យ និង​ ធន់ មករា មកពី​សមាគម​ប្រដាល់​ក្រសួង​ការពារ​ជាតិ ខណៈ​ដែល​កីឡាករ​ទាំង​ ២ ​សុទ្ធ​តែ​មាន​ជំនឿ​ចិត្ត​ឈ្នះ​ថៃ ដើម្បី​ទទួល​បាន​ ៣ ​ពិន្ទុ​ក្នុង​វគ្គ​ជម្រុះ​លើក​ដំបូង​។


ជាមួយ​គ្នា​នេះ​គ្រូបង្វឹក​របស់​ថៃ Dek Doeur ដែល​ជា​កីឡាករ​ចំណូល​ថ្មី មិន​ធ្លាប់​ឃើញ​សមត្ថភាព​ប្រកួត​នៅ​ស្រុក​ខ្មែរ​នោះ​បាន​អះអាង​ថា កូនសិស្ស​លោក​ក៏​នឹង​យក​ឈ្នះ​ឲ្យ​បាន​ដូចគ្នា​។

ទោះ​ជា​យ៉ាងណា​កីឡាករ​កម្ពុជា​វ័យក្មេង​ទាំង​ ២ សុទ្ធសឹង​ជា​កីឡាករ​ប្រដាល់​ដែល​មាន​ទឹកចិត្ត​ប្រកួត​វាយ​មិនចេះ​ដកថយ និង​ប្រកួត​អស់​ពី​សមត្ថភាព ដែល​អាច​នឹង​មាន​ប្រៀប​ជាង​កីឡាករ​ថៃ​។


ធន់ មករា នឹង​ត្រូវ​ប៉ះ​ជាមួយ​នឹង​កីឡាករ​ថៃ Banda Sak ចំណែក​កីឡាករ​លាភ រដ្ឋា នឹង​ត្រូវ​ជួប​ជាមួយ Dek Doeur​។


ធន់ មករា ជា​កីឡាករ​ប្រដាល់​មាន​កណ្ដាប់ដៃ​ល្អ រហ័ស និង​ធ្ងន់ ខណៈ​ស្នៀត​ជង្គង់ ទាត់ និង កែង​របស់​គេ​ក៏​វាយ​បាន​យ៉ាង​ល្អ​គ្រប់​ស្ថានភាព​ផងដែរ​។ ចំណែក​លាភ រដ្ឋា មាន​ចិត្ត​ធំ និង​មិន​ញញើត​ដៃគូ​ឡើយ​ក្នុង​ពេល​ប្រកួត ហើយ​ទោះ​ចាញ់​ក្នុង​ការប្រកួត​ក៏​ចាញ់​ក្នុង​ភាពស្វិតស្វាញ​ផង​ដែរ​។


បើ​តាម​គណៈកម្មការ​ផ្គូផ្គង​ប្រចាំ​សង្វៀន​អាស៊ីអាគ្នេយ៍ កីឡាករ​ ធន់ មករា មាន​ប្រវត្តិ​ប្រកួត​ចំនួន​ ៥៣ ​លើក ឈ្នះ​ ៣៩ ​លើក ចាញ់​ ១២ ​លើក និង​ស្មើ​ពិន្ទុ​ ២ ​លើក​។ ចំពោះ​កីឡាករ​ប្រដាល់​ថៃ Banda Sak មាន​ប្រវត្តិ​ប្រកួត​បាន​ចំនួន​ ៥៤​ លើក ឈ្នះ​ ៤៨ ​លើក និង​ចាញ់​ ៦ ​លើក​។

លោក​ ធន់ សុភា គ្រូបង្វឹក​របស់​ ធន់ មករា បាន​ប្រាប់​ថា​៖ «​ការប្រកួត​ក្នុង​ព្រឹត្តិការណ៍​នេះ ធន់ មករា ហ្វឹកហាត់​ត្រៀម​បាន​ល្អ​ដោយ​មាន​សង្ឃឹម​ឈ្នះ​ដល់​ទៅ ​៨០ ​ភាគរយ​»​។

លោក​ ធន់ សុភា បាន​បន្ថែម​ថា​៖ «​ធន់ មករា កំពុង​ពេញ​កម្លាំង​ហាត់​បាន​ល្អ ទឹកចិត្ត​មោះមុត​ចូល​វាយ​សន្ធាប់​តែម្តង និង​អាច​ចេញ​គ្រប់​ស្នៀត ហើយ​ខ្ញុំ​គិត​ថា​មិន​អាច​ចាញ់​បាន​ទេ​គឺ​មាន​ទំនុកចិត្ត​ខ្ពស់​ក្នុង​ការដណ្តើម​យក​ ៣ ​ពិន្ទុ​ក្នុង​វគ្គ​ដំបូង​នេះ​»​។

ចំណែក​កីឡាករ​ លាភ រដ្ឋា មាន​ប្រវត្តិ​ប្រកួត​ចំនួន​ ៥៥ ​លើក​ឈ្នះ​ ៤៩ ​លើក ចាញ់​ ៥ ​លើក និង​ស្មើ​ពិន្ទុ​ ១ ​លើក​។ ស្រប​ពេល​ជាមួយ​គ្នា​នេះ​កីឡាករ​ថៃ Dek Doeur មាន​ប្រវត្តិ​ប្រកួត​បាន​ចំនួន​ ៥៧ ​លើក ឈ្នះ​ ៥០ ​លើក និង​ចាញ់​ ៧ ​លើក​។

លោក​ ថៃ អ៊ូ អ្នក​នាំ​កីឡាករ​ថៃ​មក​ប្រកួត​បាន​និយាយ​ថា​៖ «​កីឡាករ​ថៃ Dek Doeur មិន​សូវ​ជា​ខ្លាំង​ប៉ុន្មាន​ទេ​បើ​ធៀប​ជាមួយ​លាភ រដ្ឋា ពោល​គឺ​អាច​និយាយ​បាន​ថា ក្បាច់គុន និង​បទពិសោធ​ប្រហាក់​ប្រហែល​គ្នា ប៉ុន្តែ​បញ្ហា​ចាញ់ ឬ​ឈ្នះ វា​អាស្រ័យ​លើ​ការ​វាយ​សម្រុក ឬ​ភាព​វៃឆ្លាត​ក្នុង​ការវាយ​ដណ្តើម​យក​ពិន្ទុ​ប៉ុណ្ណោះ​»​។

ទោះ​ជា​យ៉ាងណា​លោក​ ថៃ អ៊ូ បាន​បញ្ជាក់​ថា​៖ «​ប្រសិន​បើ​សមត្ថភាព ប្រហែល​គ្នា​អ៊ីចឹង​កីឡាករ​កម្ពុជា​អាច​នឹង​មាន​ប្រៀប​ឈ្នះ​ច្រើន​ជាង ខណៈ​ដែល​អ្នកគាំទ្រ​លើក​ទឹកចិត្ត​គឺជា​ផ្នែក​មួយ​ឲ្យ​ការប្រកួត​របស់​កីឡាករ​កម្ពុជា​ប្រឹង​អស់​ពី​សមត្ថភាព​ដើម្បី​ឈ្នះ​»​។

ការប្រកួត​ដណ្ដើម​ខ្សែក្រវាត់​ខារ៉ាបាវ​រដូវកាល​ទី​ ៨ ​នេះ​អនុវត្តតាម​រូបមន្ត​ចាស់​ដែល​មាន​ប្រាក់​រង្វាន់​ចំនួន​ ៥០០០ ​ដុល្លារ​សម្រាប់​អ្នក​ឈ្នះ​លេខ​ ១ និង​ចំណាត់ថ្នាក់​លេខ​ ២ ​ទទួល​បាន​ ៣០០០ ​ដុល្លារ​អាមេរិក ហើយ​ក្នុង​កីឡាករ​ម្នាក់ៗ​ត្រូវ​ឆ្លងកាត់​ការប្រកួត​វគ្គ​ជម្រុះ​ចំនួន​ ៤ ​លើក​ដោយ​ក្នុង​ ១ ​លើក​ទទួល​បាន​តម្លៃ​ខ្លួន​ចំនួន​ ៤០០ ​ដុល្លារ​។

ក្នុង​ពូល​កីឡាករ​កម្ពុជា និង​កីឡាករ​ថៃ​មាន​ការជ្រើស​យក​តែ​កីឡាករ​ម្នាក់​គត់​ទៅ​ប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ​ដោយ​ចំណាយ​រយៈពេល​ប្រកួត​ចំនួន​ ១១ ​សប្តាហ៍​ទើប​បញ្ចប់​៕