បាល់​ទាត់​សហគមន៍​ រដូវកាល​ថ្មី​របស់ ISF ចាប់​ប្រកួត​រក​ក្រុម​ខ្លាំង

Content image - Phnom Penh Post
សកម្ម​ភាព​ប្រកួត​បើក​រដូវកាល​ថ្មី​បាល់​ទាត់សហគមន៍ កាលពី​ថ្ងៃអាទិត្យ​​។

ភ្នំពេញ៖ ​ការ​ប្រកួត​បាល់​ទាត់​សហគមន៍ រដូវកាល​ថ្មី ឆ្នាំ ​២០១៩ ដែល​មាន​លក្ខណៈ​​តម្រង់​ទិស​​ឲ្យ​អត្តពលិក​វ័យ​ក្មេង ​​ឈាន​ទៅ​ចាប់​អាជីព​របស់​អង្គការ​ផ្កាយ​សមុទ្រ ​(ISF) ​បាន​ចាប់​ផ្តើម​ការ​ប្រកួត​ហើយ ខណៈ​ព្រឹត្តិការណ៍​នេះ ​មាន​ទ្រង់ទ្រាយ​ធំ​ជាង​ឆ្នាំ​មុនៗ ​ព្រោះ​​ការ​​ប្រកួត​​ជម្រុះ​វិល​ជុំ​ ក្នុង​សហគមន៍​ មាន​ចំនួន​ក្រុម​ចូលរួម​កើន​ឡើង​ដល់​ទៅ ​១២ ​ក្រុម​ ដែល​ក្រុម​ទាំង​នេះ មក​ពី​សហគមន៍​នៅ​ជិត​ទីលាន​នៃ​មូលដ្ឋាន​​របស់ ISF ផ្ទាល់ គឺ​​នៅ​ឃុំ​រលួស​ ស្រុក​កណ្តាលស្ទឹង ​ខេត្ត​កណ្តាល​។​

កញ្ញា​ រតនៈ ​ទេពី​ អ្នក​សម្របសម្រួល​កម្មវិធី​នេះ ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា​៖​ ​«កម្មវិធី​បាល់​ទាត់​សហគមន៍​នេះ​ បាន​ប្រារព្ធ​ធ្វើ​​ឡើង​​ជា​រៀង​រាល់​ឆ្នាំ​ ដោយ​​ចាប់​ផ្ដើម​តាំង​ពី​ឆ្នាំ ​២០១៧ ​មក​ ក្នុង​គោល​បំណង​ផ្ដល់​ឱកាស​ឲ្យ​ក្មេងៗ​ ជា​កូន​ចៅ​ប្រជាជន ​នៅ​ក្នុង​សហគមន៍​ ដែល​គ្មាន​លទ្ធភាព​បាន​ចូលរួម​លេង​ក្នុង​សកម្មភាព​បាល់​ទាត់​នោះ បាន​ចូលរួម​ប្រកួត​ប្រជែង​ ​ក្នុង​​​លក្ខណៈ​ស្តង់ដា ​និង​តម្រង់​ទិស ​សម្រាប់​អាជីព​របស់​ពួក​គេ ហើយ​ការ​ប្រកួត​នេះ ក៏​ដើម្បី​​បង្កើត​មិត្តភាព ​និង​ទទួល​បាន ភាព​សប្បាយ​រីករាយ​ជាមួយ​គ្នា​​ផង​ដែរ»​។​

តាម កញ្ញា ទេពី​ បាន​ឲ្យ​ដឹង​ទៀត​ថា៖ ​«​​ព្រឹត្តិការណ៍​បាន​បើក​ការ​ប្រកួតត់​ជម្រុះ​វិល​ជុំ​ជា​ផ្លូវ​ការ​ កាល​ពី​​ថ្ងៃ​អាទិត្យ និង​មាន​ ​១២ ​ក្រុម​ចូលរួម ​គឺ​កើន​ជាង​ពាក់​កណ្តាល​ បើ​ធៀប​ជាមួយ​ឆ្នាំ​ចាស់​ ដោយ​យើង​ផ្តល់​ជូន​ក្រុម​ទាំង​អស់​ដើម្បី​ឲ្យ​​ពួក​គេ​ដឹង​ថា​ ពួក​គេ​មិន​ត្រូវ​បាន​គេ​រើសអើង និង​មិន​អើពើ​នោះ​ទេ។ ផ្ទុយ​ពី​នេះ​ពួក​គេ​ត្រូវ​បាន​យក​ចិត្ត​ទុក​ដាក់​ខ្លាំង​ពី​អង្គការ​ផ្កាយ​សមុទ្រ​​តែ​ម្តង ហើយ​ក្រុម​ក្មេងៗ​ទាំង​នេះ មក​ពី​តំបន់​ផ្សេងៗ​គ្នា ​នៅ​ជុំវិញ​កីឡដ្ឋាន​របស់​​អង្គការ​ផ្កាយ​សមុទ្រ​»​។​

ចំណែក​ លោក​ យិន ​សាមឌី ​ប្រធាន​គ្រប់គ្រង​កីឡា​បាល់​ទាត់​ អង្គការ​ផ្កាយ​សមុទ្រ​ ​បាន​ឲ្យ​ដឹង​ថា​ ក្រុម​បាល​ទាត់​ចំនួន ​១២ ​នេះ ​មាន​មក​ពី​​ក្រុម ​Tiger ​Red​ ក្រុម ឥទ្រ្ទីតូច​ ក្រុម​សេះស​ដើម​រីស​ ក្រុម​អធិរាជថ្ម ក្រុម​បាគូ​ ក្រុម​កីឡាករ​គថ្លង់ ​DDP​ ក្រុម​មហា​មិត្ត​វិទ្យាល័យ​ ក្រុម​ត្រពាំង​វែង​ ក្រុម​កីឡា​ដើម្បីសុខភាព ក្រុម​យុវជន​សង្កាត់ទៀន​​ ក្រុម​សមុទ្រខៀវ​ និង​ក្រុម​ខ្លាហោះ។​

លោក​ ​សាម​ឌី បាន​​បន្ថែម​ថា៖ «​​ក្រុម​ទាំង ​១២ ​នេះ ​នឹង​ធ្វើ​ការ​ប្រកួត​ជម្រុះ​វិលជុំ​ក្នុង​រយៈពេល ​៨ ​សប្ដាហ៍​ ដើម្បី​ប្រជែង​យក​ចំណាត់​ថ្នាក់​ និង​ទទួល​ពាន ​ដោយ​គ្មាន​ទឹក​ប្រាក់​រង្វាន់​នោះ​ទេ​។ ​ជាមួយ​គ្នា​នេះ​អង្គការ​ផ្កាយ​សមុទ្រ​ ជួយ​រ៉ាប់រង​នូវ​ការ​ហូប​ចុក ​ព្រម​ទាំង​ផ្តល់​នូវ​សម្ភារ​កីឡា ​មាន​ខោ​អាវ​ និង​សម្ភារ​សិក្សា​ដើម្បី​ជា​ការ​លើក​ទឹក​ចិត្ត»​៕