ភ្នំពេញ៖ ​គ្រូ​បង្វឹក​ក្រុម​ភ្នំពេញ​ក្រោន លោក ស៊ុំ វណ្ណា បាន​លើក​ឡើង​ថា ក្រុម​របស់​លោក​ត្រូវ​ការ​ពេលវេលា​ថែម​ទៀត ដើម្បី​ពង្រឹង​គុណភាព​លេង​នៅ​តំបន់​ប្រយុទ្ធ និង​អភិវឌ្ឍ​កីឡាករ​វ័យ​ក្មេង​ឲ្យ​បាន​កាន់​តែ​ប្រសើរ ចំណែក​​បឹងកេត​បាន​ចេញ​ទៅ​ប្រកួត​ពាន​មិត្តភាព​អន្តរជាតិនៅ​ឥណ្ឌូនេស៊ីកាល​ពី​ម្សិលមិញ ខណៈ​ព្រះ​ខ័នរាជ​ស្វាយរៀង បាន​វិល​ពី​ម៉ាឡេស៊ី ជាមួយ​ការ​ឈ្នះ​គ្រប់​ការ​ប្រកួត។


ការ​មើល​ឃើញ​នូវ​ចំណុច​ខ្វះខាត​របស់​លោក ស៊ុំ វណ្ណា គឺ​បន្ទាប់​ពី​ក្រុម​ភ្នំពេញ​ក្រោន បាន​ចាញ់​ក្រុម​លីក​កំពូល​ម៉ាឡេស៊ី Kedah FA ២-១ ក្នុង​ការ​ប្រកួត​កាត់​សេចក្តី​ចុង​ក្រោយ​ពាន​រង្វាន់ Smart RSN Cup 2020 កាល​ពី​យប់​ថ្ងៃ​អង្គារ។ ប៉ុន្តែ​លោក​បាន​ចាត់​ទុក ការ​ប្រកួត​នេះ ជា​ឱកាស​ដ៏​ល្អ​សម្រាប់​ភ្នំពេញ​ក្រោន ក្នុង​ការ​ទទួល​បាន​បទពិសោធ​បន្ថែម។

លោក ស៊ុំ វណ្ណា បាន​និយាយ​ក្រោយ​ការ​ប្រកួត​ថា៖ «វា​​ជា​ឱកាស​ល្អ​មួយ ​សម្រាប់​យើង​ក្នុង​ការ​លេង​ជាមួយ​ក្រុម​ជម្រើស​ទី១ ដែល​ត្រៀម​លេង​ក្នុង​ពាន​រង្វាន់ AFC Champions League 2020។ អ្វីៗ​ទាំង​អស់ ​​យើង​មាន​ការ​រៀបចំ​ល្អ និង​ទៅ​តាម​គម្រោង​ដែល​​យើង​បាន​ត្រៀម​ទុក ប៉ុន្តែ​អ្វី​ដែល​យើង​ធ្វើ​មិន​បាន​ល្អ​នោះ​ គឺ​ពេលវេលា​នៃ​ការ​ផ្លាស់ប្តូរ​គ្នា​លេង​នៅ​តំបន់​ប្រយុទ្ធ ដោយ​ពួក​គេ​ត្រូវ​តែ​​​ចល័ត​ខ្លួន និង​​បញ្ចប់​ទី​ឲ្យ​បាន​ល្អ​ជាង​នេះ​ ព្រោះ​​ការ​ប្រកួត​នៅ​​តង់ទី ​១ ​ពួក​យើង​ក៏​មាន​ឱកាស​ច្រើន ​ដូច​ក្រុម​ Kedah FA ​ដែរ»។


សម្រាប់​ការ​ប្រកួត​កាត់​សេចក្តី​ចុង​ក្រោយ នៅ​កីឡដ្ឋាន RSN កាល​ពី​យប់​ថ្ងៃ​អង្គារ​នោះ ភ្នំពេញ​ក្រោន និង​ក្រុម Kedah FA ដែល​សុទ្ធ​តែ​បាន​យក​ឈ្នះ​លើ​ក្រុម​អង្គរ​ថាយហ្គឺរ ក្នុង​ការ​ប្រកួត​​បើក​ឆាក​នោះ គឺ​បាន​ប្រកួត​គ្នា​យ៉ាង​ស្វិតស្វាញ​បំផុត ប៉ុន្តែ​ខ្សែ​ប្រយុទ្ធ Kepre Tchetche និង Azman Hadin បាន​ជួយ​​ឲ្យ​ក្រុម Kedah FA យក​ឈ្នះ ២-១ តាមរយៈ​ការ​រក​បាន​ម្នាក់ ​១ ​គ្រាប់ ​របស់​ពួក​គេ​នៅ​នាទីទី ​៦៧ និង​ទី ​៧៦ គឺ​មុន​ពេល​កីឡាករ​វ័យ​ក្មេង លឹម ពិសុទ្ធ រក​បាន ​១ ​គ្រាប់​វិញ ឲ្យ​ភ្នំពេញ​ក្រោន​នៅ​នាទីទី ​៨៧។


ជាមួយ​លទ្ធផល​នេះ បាន​ជួយ​ឲ្យ​ក្រុម​លេខ ៤ ​លីក​កំពូល​ម៉ាឡេស៊ី Kedah FA ដែល​មាន​កៅអី​បាន​ទៅ​លើ​នៅ​ពាន AFC Champion League ក្នុង​វគ្គ Preliminary round 2 ដោយ​ស្វ័យ​ប្រវត្តិ​មួយ​នេះ ​ក្លាយ​ជា​ម្ចាស់​ជើងឯក​ការ​ប្រកួត​ពាន​រង្វាន់ Smart RSN Cup 2020 នៅ​លើ​ទឹកដី​កម្ពុជា ដោយ​បាន​ឈ្នះ​ទាំង ​២ ​ប្រកួត ខណៈ​ក្រុម​ភ្នំពេញ​ក្រោន​ឈរ​នៅ​លេខ ​២ ដោយ​ឈ្នះ ​១ ចាញ់ ​១ ​ប្រកួត ហើយ​អង្គរ​ថាយហ្គឺរ​ឈរ​នៅ​លេខ ​៣ ​ក្រោយ​គេ ដោយ​ចាញ់ទាំង ​២ ​ប្រកួត។


យ៉ាង​ណា​ក៏​ដោយ​នៅ​ក្នុង​ការ​ប្រកួត​ជាមួយ​ក្រុម Kedah ​នេះ លោក ស៊ុំ វណ្ណា បាន​ផ្លាស់ប្តូរ​​កីឡាករ​ក្មេងៗ​ ឲ្យ​លេង​មួយ​ចំនួន​ផង​ដែរ។ ​លោក​បាន​បញ្ជាក់​​ថា៖ «​ដោយសារ​តែ​ក្រុម​របស់​យើង​ នៅ​ត្រូវ​ការ​ការ​អភិវឌ្ឍ​ខ្លួន​បន្ថែម​ទៀត ទាក់ទង​ជាមួយ​នឹង​ទម្រង់​លេង​ការ​បំផ្លាស់​ខ្លួន​លើ​ទីលា6ន ដូច្នេះ​ខ្ញុំ​បាន​ដាក់​កីឡាករ​វ័យ​ក្មេងៗ​ឲ្យ​បាន​ចូល​លេង​ជុំ​គ្នា​ នៅ​ចុង​តង់​​ទី ​២ ព្រោះ​ពួក​គេ​ត្រូវ​ការ​ពេលវេលា​ក្នុង​ការ​លេង​ជុំ​គ្នា ​ឲ្យ​បាន​ច្រើន​បន្ថែម​ទៀត»។

វា​មិនមែន​មាន​តែ​ក្រុម​ភ្នំពេញ​ក្រោន និង​អង្គរ​ថាយហ្គឺរ​ប៉ុណ្ណោះ​ទេ ដែល​បាន​ចាញ់​ក្រុម ​Kedah FA ក្នុង​ការ​ប្រកួត​នៅ​លើ​ទឹក​ដី​កម្ពុជា​ ប៉ុន្តែ​ក្រុម​បឹងកេត និង​វិសាខា ក៏​បាន​ចាញ់​ក្រុម​ម៉ាឡេស៊ី​មួយ​នេះ នៅ​ក្នុង​ការ​ប្រកួត​មិត្តភាព​ផង​ដែរ ដោយ​ក្នុង​នោះ​​បឹងកេត​បាន​ចាញ់ ៤-១ ឯ វិសាខា​បាន​ចាញ់ ១-០ គឺ​លើកលែង​តែ​ក្រុម​ណាហ្គាវើល ដែល​បាន​យក​ឈ្នះ Kedah FA ៣-២។

ផ្ទុយ​ពី​នេះ​ក្រុម​ព្រះខ័នរាជ​ស្វាយរៀង ​បាន​បញ្ចប់​ការ​​ប្រកួត​ដក​ស្រង់​បច្ចេកទេស​ទាំង ​៣ ​លើក ក្នុង​ការ​​បោះ​ជំរំ​ហ្វឹកហាត់​នៅ​ប្រទេស ​ម៉ាឡេស៊ី ជាមួយ​ការ​ឈ្នះ​ទាំង​អស់​ក្នុង​នោះ​ពួក​គេ​បាន​ឈ្នះ​ក្រុម​លេខ ​៣ FA Selangor ៤-០ ​ឈ្នះ​ក្រុម​លេខ ​១០ FELDA United ២-១ និង​បន្ត​​ឈ្នះ​ក្រុម​លេខ ៧ ​លីក​ម៉ាឡេស៊ី​ Terengganu FC ៤-៣។

ចំណែក​ក្រុម​បឹងកេត​បាន​ចេញ​ទៅ​ប្រកួត​ពាន​រង្វាន់​មិត្តភាព​អន្ដរជាតិ Edy Rahmayadi Cup 2020 នៅ​ឥណ្ឌូនេស៊ី កាល​ពី​​ថ្ងៃ​អង្គារ ដោយ​ពួក​គេ​ត្រូវ​​ប្រកួត​ជម្រុះ​ជាមួយ​ក្រុម Penang FA របស់​​ម៉ាឡេស៊ី​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ៕