ភ្នំពេញៈ អ្នក​ប្រដាល់ យ៉េន ឌីណា (​ឈ្មោះ​ពិត ប៉ោ ភារិទ្ធ​) របស់​សមាគម​ប្រដាល់​ក្រសួង​កសិកម្ម​បាន​លេចមុខ​ជាថ្មី​ដោយ​រូបគេ​ត្រូវ​ប្រកួត​មិត្តភាព​អន្តរជាតិ​ជាមួយ​ជើង​ខ្លាំង​ថៃ Loom Leng អម​កម្មវិធី TV5 Boxing Knock Out Serie នៃ​សង្វៀន​ប៉ុស្តិ៍​លេខ​ ៥ ក្នុង​ប្រភេទ​ទម្ងន់​ ៦៣,៥ ​គីឡូក្រាម​នា​ថ្ងៃ​សៅរ៍ ប៉ុន្តែ​អ្នកដឹកនាំ​កីឡាករ​ថៃ​មក​ប្រកួត​បាន​បង្ហើប​ថា Loom Leng មិន​អាច​ចាញ់ យ៉េន ឌីណា បាន​នោះ​ទេ​។


កីឡាករ​មកពី​ខេត្ត​កោះកុង យ៉េន ឌីណា បាន​ខកខាន​ប្រកួត​យូរ​នេះ​ហើយ​ប្រិយភាព​របស់​គេ​ក៏​បាន​ធ្លាក់ចុះ ដោយសារ​ប្រកួត​មួយរយៈ​ចុងក្រោយ​ចាញ់​ញឹក និង​វ៉ៃ​មិន​សូវ​ទាក់ទាញ​។ យ៉េន ឌីណា ធ្លាប់​មាន​ប្រជាប្រិយ​ខ្លាំង​ក្នុងអំឡុង​ការប្រកួត​ដែល​រៀបចំ​នៅ​សង្វៀន​អប្សរា ព្រោះ​មាន​លោក យុទ្ធ ភូថង ជា​អ្នកគ្រប់គ្រង និង​លើកតម្កើង​សមត្ថភាព យ៉េន ឌីណា ​ដោយ​ផ្គូផ្គង​ប្រកួត​ជាមួយ​កីឡាករ​មកពី​ប្រទេស​ថៃ​ដែល​មាន​សមត្ថភាព​ខ្សោយ​ជាង ដើម្បី​ងាយ​នឹង​ឈ្នះ​បាន​ខ្សែក្រវាត់​ស្រួលៗ ប៉ុន្តែ​នៅពេល​ដែល យ៉េន ឌីណា ទៅ​ប្រកួត​នៅ​សង្វៀន​ដទៃ​ដូចជា​អាស៊ីអាគ្នេយ៍​វិញ​គឺ​ចាញ់​កីឡាករ​ថៃ​ងើប​មុខ​មិន​រួច​រហូត​ដល់​កម្មវិធី​បណ្តេញចេញ​ពី​ការប្រកួត​។

ចំណែក Loom Leng ជា​ជើង​ខ្លាំង​ម្នាក់​ដែល​ធ្លាប់​ឈ្នះ​បាន​ខ្សែក្រវាត់​នៅ​កម្ពុជា ហើយ​កីឡាករ​កម្ពុជា​មួយ​ចំនួន​លំបាក​ទប់ទល់​ជាមួយ​គេ​ណាស់​។ ប្រភពពី​អ្នក​តាមដាន​ប្រដាល់​ដ៏ច្រើន​លើសលប់​សុទ្ធ​តែ​បញ្ចេញមតិ​ថា យ៉េន ឌីណា ឡើង​ប្រកួត​ជាមួយ Loom Leng គឺ គេ​អាច​ទស្សន៍ទាយ​ពី​លទ្ធផល​មុន​បាន​គឺ​ឡើង​ដើម្បី​ប្រកួត​ចាញ់​ប៉ុណ្ណោះ​។


ចំណែក​លោក ថៃ អ៊ូ អ្នក​នាំ​កីឡាករ​ថៃ​មក​ប្រកួត​បាន​និយាយ​ថា​៖ «​សមត្ថភាព​ក្បាច់គុន​របស់​កីឡាករ​ថៃ Loom Leng មិន​អាច​ចាញ់ យ៉េន ឌីណា បាន​ទេ គឺ​សង្ឃឹម​ឈ្នះ​ ១០០ ​ភាគរយ​គឺ​សូម្បី​អ្នកទស្សនា​ធម្មតា​មិនមែន​អ្នក​បច្ចេកទេស​ក៏​ហ៊ាន​វាយតម្លៃ​ថា យ៉េន ឌីណា ឡើង​ប្រកួត​មិន​អាច​គេច​ពី​បរាជ័យ​បាន​នោះ​ដែរ បើ​កីឡាករ​ថៃ Loom Leng វ៉ៃ​អស់ពី​សមត្ថភាព​នោះ ប៉ុន្តែ​ខ្ញុំ​មិនមែន​អ្នក​ផ្គូផ្គង​ទេ​គឺ​គ្រាន់តែ​ជា​អ្នក​នាំ​កីឡាករ​ថៃ​មក​ប្រកួត​ប៉ុណ្ណោះ​»​។


ចំណែក យ៉េន ឌីណា មិនអាច​សុំ​ការសម្ភាស​បាន​ទេ ប៉ុន្តែ​តាម​ប្រភព​សុំ​មិន​បញ្ចេញ​ឈ្មោះ​បង្ហើប​ថា ពេល​នេះ យ៉េន ឌីណា កំពុង​ទៅ​ហ្វឹកហាត់​ជាមួយ​ក្លិប អេភូថង ដោយ​នៅ​តែ​ប្រើ​ឈ្មោះ​សមាគម​ប្រដាល់​ក្រសួងកសិកម្ម​ដដែល​។


ជាមួយ​គ្នា​នេះ​ការប្រកួត​ជម្រុះ​ពាន TV5 Boxing Knock Out Serie បាន​ឈានដល់​ជុំ​ទី​ ៣ ដែល​ក្នុង​សប្តាហ៍​នេះ​តម្រូវ​ទៅលើ​អ្នក​ប្រដាល់​ ៤ ​រូប​ក្នុង​នោះ កីឡាករ អេ ហនុមាន ក្លិប​អេភូថង​កីឡា​ត្រូវ​ប្រកួត​ជាមួយ ផាន់ សុផាត ក្លិប​ពុទ្ធសេរីវង្ស ខណៈ​កាលពី​ប្រកួត​នៅ​ជុំ​ទី​ ១ ​អេ ហនុមាន បាន​ឈ្នះ រិន ដេវីដ ក្លិប​នាគរាជ​ចតុមុខ ដោយ​ពិន្ទុ ហើយ ផាន់ សុផាត បាន​ឈ្នះ​អ្នក​ប្រដាល់ សំរាំង ភក្ដី​ក្លិប​ព្រៃទទឹង​កីឡា​នៅ​ទឹក​ទី​ ១​។

ចំណែក គឿម សុវណ្ណឌឿត ក្លិប​មោងឫស្សី​មរតក​គុន​ខ្មែរ ត្រូវ ខេម ចាន់ របស់​ក្លិប​ទ័ព​ឆត្រយោង​ ៩១១ ហើយ​តាម​បទពិសោធ និង​សមត្ថភាព ខេម ចាន់ មាន​ប្រៀប​ជាង គឺ​អាច​ឈ្នះ​ក្នុង​ភាគរយ​ខ្ពស់​។ រីឯ​ការប្រកួត​ជម្រុះ​ជុំ​ទី​ ១ សុវណ្ណឌឿត ឈ្នះ អេលីត ប៊ុនសិទ្ធ ក្លិប​ឆ្មាសសែនសុខ​ដោយ​ពិន្ទុ ខណៈ ខេម ចាន់ បាន​ផ្ដួល​អ្នក​ប្រដាល់ សំណាង សុខនឿន ឲ្យ​សន្លប់​នៅ​ទឹក​ទី​ ២៕